H.I Micro Insurance ចាយទុនរាប់សិបលាន ដើម្បីផ្ដល់សេវារ៉ាប់រងលើដងផ្លូវ

ជាគោលដៅគិតគូរចំពោះបញ្ហាអាយុជីវិតប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅតាមដងផ្លូវដោយចៃដន្យ ក្រុមហ៊ុន អេច.អាយ ម៉ៃក្រូ អិនស៊ូរេន (H.I Micro Insurance) បានប្រើទុនសរុបរង្វង់ 30លានដុល្លារ ដើម្បីផ្ដល់សេវាកម្មធានារ៉ាបរងលើបញ្ហានេះ។

លោកសារិន រ៉ាត់ណាត់ដាណៃ នាយកនៃក្រុមហ៊ុន H.I Micro Insurance បានបញ្ជាក់ថាវត្ដមានរបស់ក្រុមហ៊ុនH.I Micro Insurance ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីកិច្ចសហការរវាងអ្នកវិនិយោគមកពីប្រទេសកម្ពុជា ថៃ និង អូស្រ្តាលី ដោយផ្ដោតការយកចិត្ដទុកដាក់លើសុវត្ថិភាពតាមដងផ្លូវនៅកម្ពុជាព្រោះបញ្ហាសុវត្ថិភាពចរាចរណ៍នៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ដថា RVI ជាសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ គ្របដណ្តប់លើជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ ជនរងគ្រោះទាំងអស់នឹងទទួលបានការព្យាបាលភ្លាមៗ និងសេវាហិរញ្ញវត្ថុក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ដើម្បីធ្វើយ៉ាងណាធានាឱ្យបានការថែរក្សាអាយុជីវិតប្រជាជនកម្ពុជា។

លោក សារិន រ៉ាត់ណាត់ដាណៃ បានបញ្ជាក់ថា៖”ការសម្រេចចិត្តបង្កើត RVI នេះឡើង គឺដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅមានកម្រិតខ្ពស់ ដែលជាមូលហេតុសំខាន់ ធ្វើឲ្យមានអត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុក ផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ និងសង្គមជាតិ”។

គួរបញ្ជាក់ថា សេវាកម្ម RVI មានលក្ខណៈពិសេសមួយ គឺជនរងគ្រោះទាំងសងខាង រួមទាំងអ្នកថ្មើរជើង ឬភាគីពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗមុនអ្វីទាំងអស់។ ជនរងគ្រោះទាំងអស់ មិនចាំបាច់ចំណាយពេលឈ្លោះប្រកែកគ្នា រកខុសត្រូវឡើយ ពោលគឺខាងក្រុមហ៊ុននេះ នឹងធានារ៉ាប់រង នឹងចេញថ្លៃសំណងលើការព្យាបាល និងហរិញ្ញវត្ថុផ្សេងៗ ដោយទុកការស្វែងរកខុសត្រូវជាបន្ទុករបស់សមត្ថកិច្ចស៊ើបអង្កេតពេលក្រោយ៕

Advertisement