ទីផ្សារ​ខុន​ដូហាក់​ស្ងប់ស្ងាត់​តែ​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​នៅ​ឆ្នាំ​បន្ទាប់

ស្រប​ពេលដែល​ការផ្គត់ផ្គង់​ខុនដូ មាន​កំណើន​កាន់តែច្រើនឡើងៗ បានធ្វើឱ្យ​តម្រូវការ​ទីផ្សារ​ហាក់​មានការ​ថយចុះ​នៅ​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​ទោះជា​ដូច្នេះ​អ្នកជំនាញ​នៅតែមាន​សុ​ទិដ្ឋិ​យម​ថា ទីផ្សារ​ខុនដូ​នឹងមាន​តម្រូវការ​កើនឡើង​វិញ​នៅ​ឆ្នាំ​ខាងមុខ ខណៈដែល​វិនិយោគិន​បរទេស ចូលមក​បណ្តាក់ទុនរ​ក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើង។

លោក ប៉ូ អ៊ាង​គង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ADVANCE REAL ESTATE មានប្រសាសន៍ថា បើ​រំឭក​ទៅដល់​រយៈពេល2ឆ្នាំមុន សកម្មភាព​ទិញ​លក់​បន្ទប់​ខុនដូ​មានការ​កើនឡើង​ខ្លាំង​នៅ​ឡើ​យទីផ្សារ ប៉ុន្តែ​នៅ​រយៈពេល2ចុងក្រោយ​នេះ តម្រូវ​ការទិញ​ខុនដូ​ហាក់​មានការ​ថយ​ថុះ ដោយសារ​ការសាងសង់​សំណង់​ខុនដូ​ឬ​ការ​ផ្គង់​ផ្គង់​អគារ​ខុនដូ មានការ​កើនឡើង​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​បន្ទប់​ខុនដូ​មានតម្លៃ​ថ្លៃ​ចាប់ពី2,500ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ម្យ៉ាងទៀត​សកម្មភាព​ស្ងាត់​នេះ គឺ​ដោយសារ​អ្នករកស៊ី​ទិញ​បន្ទប់​ខុនដូ ដើម្បី​ទុក​លក់​យកប្រាក់​ចំណេញ​ត្រឡប់មកវិញ អាច​ជួប​បញ្ហា​រាំងស្ទះ​ទីផ្សារខ្លះៗ ខណៈដែល​ការ​ផ្គត់ផ្គង់​សំណង់​អគារ​ខុនដូ​នេះ​ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់។

លោ​កថា​ កាលពី​អំឡុង​2​ឆ្នាំមុន ​វិនិយោគិន​ជា​ជនជាតិ​សឹង្ហ​បុរី និង​ជនជាតិ​ម៉ាឡេស៊ី​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​សហការ​ជាមួយ​វិនិយោគិន​ខ្មែរ ភាគច្រើន​សាងសង់​សំណង់​ខុនដូ មានតម្លៃ​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ​មានតម្លៃ​ប្រហែល 1,500ដុល្លារ ដែលជា​ហេតុ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុងស្រុក ក៍​ដូចជា​ជនបរទេស​មួយចំនួន មាន​ល​ទ្ធភាព​ក្នុង​ការទិញ​សម្រាប់​ស្នាក់នៅ​ឬ​ទុក​ជួល-លក់​បន្ត ប៉ុន្តែ​ស្របពេល​ដែល​វិនិយោគិន​ចូលមក​វិនិយោគ​លើ​វិស័យនេះ ពួកគេ​សាងសង់​សំណង់​ខុនដូប្រណីតៗ សម្រាប់​លក់​ក្នុងតម្លៃ​ខ្ពស់​មួយ​ម៉ែត្រការ៉េ​តម្លៃ​ជា​មធ្យម​ប្រម​ណ​ជា 2,500ដុល្លារ ជា​កត្តា​ធ្វើឱ្យ​ប្រជាជន​ខ្មែរ ក៍​ដូចជា​ជនបរទេស​មួយចំនួន​ជួប​ការលំបាក ក្នុង​ការទិញ​សម្រាប់​រស់នៅ​ឬ​សម្រាប់​លក់​យកប្រាក់​ចំណេញ​បន្ត។ តែ​ទោះជា​យ៉ាងណា ការសាងសង់​សំណង់​ខុនដូ​របស់​វិនិយោគិន​ចិន គេ​រំពឹងថា​នឹងមាន​តម្រូវការ​ទីផ្សារ​នៅ​ឆ្នាំ​បន្ទាប់ ខណៈ​អ្នកវិនិយោគ​បរទេស ពិសេស​ជនជាតិ​ចិន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើង។

ជាមួយគ្នានេះ​អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ថា គ្មានអ្វី​គួរឱ្យកត់សម្គាល់​នោះទេ ជាធម្មតា​បច្ចុប្បន្ន​សំណ​ង់​ខុនដូ​ជាច្រើន​នៅ​មិនទាន់​បញ្ចប់​ការសាងសង់​របស់ខ្លួន​នៅឡើយហើយ​ខ្លះ​ក៍​មិនទាន់​ដាក់លក់​នៅលើ​ទីផ្សារ​ពេញលេញ​នៅឡើយ ដែលជា​ទូទៅ នៅពេលណា​សំណង់​កំពុងសាងសង់ តម្រូវការ​ទីផ្សារ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច។ អ្នកនាង​បន្តថា​ តម្រូវការ​បន្ទប់​ខុនដូ​នឹងមាន​សម្ទុះ​កើនឡើង ឬ​មាន​សញ្ញា​វិជ្ជមាន​ឡើងវិញ ចាប់ពី​ដើមឆ្នាំ2019ខាងមុខ​តទៅ បន្ទាប់ពី​គម្រោង​សាងសង់​បច្ចុប្បន្ន​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។

បន្ទប់​ខុនដូ​ដែល​បាន​សាងសង់​រួច​មួយចំនួន កាលពី​ឆ្នាំ​កន្លងទៅ ត្រូវបាន​លក់​ទៅឱ្យ​វិនិយោគិន​បរទេស​ និងប្រជាជន​ខ្មែរ​បាន​មួយចំនួនធំ​ទៅហើយ ហើយ​ពួកគេ​បាន​ចូលមក​រស់នៅ ឬ​អ្នកខ្លះ​បាន​ជួល​បន្ត​ទទួលបាន​ប្រាក់ចំណូល​មួយផ្នែក​ដែរ​ពី​ការវិនិយោគ​លើ​វិស័យ​ខុនដូ​នៅ​កម្ពុជា។

ផ្អែក​តាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ផងដែរ​ថា ខុនដូ218គម្រោង ត្រូវបាន​ដាក់ចូល​ក្នុង​ទីផ្សារ​នៅ​ត្រីមាស​ទី3 ឆ្នាំ2018 ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ កើនឡើង​ដល់12,048យូ​នី​ត។ ក្នុង​ត្រីមាស​ទី3 កន្លងមក​មាន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ចំនួន2 បានបញ្ចប់​ការសាងសង់​ដែល​រួមមាន គម្រោង Skylar Meridian ក្នុង​ខណ្ឌចំការមន និង​គម្រោង Apenines ក្នុង​ខណ្ឌទួលគោក។

របាយការណ៍​ខាងលើ​បានបង្ហាញ​ដែរ​ថា 80ភាគរយ​នៃ​ខុន​ដូ​ប្រណីត ដែល​ទើប​បញ្ចប់​ការសាងសង់​ស្ថិតក្នុង​ខណ្ឌចំការមន ជាមួយគ្នានេះ​កាលពី​ត្រីមាស​ទី3 កន្លងទៅ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូចំនួន6 ដែល​ស្មើនឹង​បន្ទប់​សរុប2,374យូ​នី​ត បានប្រកាស​ពី​ការចាប់ផ្តើម​សាងសង់​បន្ថែមទៀត ធ្វើឱ្យ​ចំនួន​សាងសង់​ខុនដូ កើនឡើង5.2ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​ទី2កន្លងទៅ៕

Advertisement