កិច្ចប្រជុំអាស៊ានលើកទី33 សំដៅលើការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ

បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន ទោះជាមានកំណត់គោលដៅរួម “សហគមន៍តែមួយ វាសនាតែមួយ” ក៏ដោយ ប៉ុន្តែគម្លាតនៃការអភិវឌ្ឍហាក់មានភាពខុសគ្នាខ្លាំងនៅឡើយនៅក្នុងសហគមន៍មួយនេះ ដូចជាប្រទេសសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ជាដើម ត្រូវបានគេមើលឃើញថា ការអភិវឌ្ឍហាក់មានភាពលេចធ្លោខ្លាំងជាងប្រទេសមួយចំនួនទៀត ដូចជាប្រទេសភូមា ឡាវ និងកម្ពុជាជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី33 កាលពីសប្តាហ៍មុនបានឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗដែលជាសមាជិកអាស៊ានបានផ្លាស់ប្តូរយោបល់ទៅលើបញ្ហាសំខាន់ៗជាច្រើនដូចជា ការតភ្ជាប់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ បណ្តាញទីក្រុងឆ្លាតអាស៊ាន បដិវត្តន៍ឌីជីថល និងបញ្ហាផ្សេងៗទៀតដែលជាកង្វល់រួមដែលប៉ះពាល់ដល់តំបន់ និងពិភពលោក។ ក្រឡេកមើលទិដ្ឋភាពសេដ្ឋកិច្ចវិញ ថ្នាក់ដឹកនាំបានកត់សម្គាល់ដោយការពេញចិត្តដែលតំបន់សម្រេចបាន GDP រួមគ្នា 2.8ទ្រីលានរៀលនៅក្នុងឆ្នាំ2017 និងបានកត់សម្គាល់កំណើនដែលរំពឹងថានឹងរក្សាស្ថិរភាពក្នុងអត្រា5.1ភាគរយ និង5.2ភាគរយនៅក្នុងឆ្នាំ2018 និងឆ្នាំ2019ខាងមុខ។ វឌ្ឍនភាពដែលសម្រេចបានប្រកបដោយខ្លឹមសារនៅក្នុងការចរចាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ2018 និងបានប្តេជ្ញាចិត្តសាជាថ្មីក្នុងការបញ្ចប់ (RCEP) ដែលមានលក្ខណៈទំនើបមានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅក្នុងឆ្នាំ2019។

សម្រាប់ការអភិវឌ្ឍផ្នែកសង្គម និងវប្បធម៌ បណ្តាមេដឹកនាំប្រទេសក្នុងសហគមន៍បានស្វែងរកដំណោះស្រាយរួមគ្នាក្នុងការធ្វើឱ្យស្គាល់អត្តសញ្ញាណអាស៊ាន និងអាស៊ានរួម និងបានស្វែងរកមធ្យោបាយនវានុវត្តន៍ក្នុងការផ្តល់នូវជំនាញដល់ប្រជាជន ដែលអាចជួយឱ្យអាស៊ាននៅតែរក្សាបាននូវភាពរស់រវើក បរិយាប័ន្ន និងជាកន្លែងប្រកបដោយថាមវន្តសម្រាប់ប្រជាជនរស់នៅ ធ្វើការ និងកម្សាន្តជាដើម។

ក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីជំហរសំខាន់ៗមួយចំនួនដូចជា៖
1.ស្នើឱ្យគ្រប់ភាគីបន្ត ពិភាក្សាស្តីពីការអនុវត្តក្របខ័ណ្ឌទីក្រុងឆ្លាតឆ្នាំ2018 និងរិះរកមធ្យោបាយដើម្បីធ្វើសមាហរណកម្ម និងធ្វើសុខដុមនីយកម្មផែនការមេស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតរបស់ខ្លួនទៅក្នុងយន្តការតំបន់រួមមួយដែលអាចសម្របសម្រួល និងមានតុល្យភាព។

2.គូសបញ្ជាក់ពីសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពក្នុងតំបន់ និងបានស្នើដល់ប្រទេសថៃដែលជាប្រធានអាស៊ានឆ្នាំ2019ខាងមុខ ដាក់បញ្ហានេះទៅក្នុងរបៀបវារៈចម្បងរបស់កិច្ចប្រជុំអាស៊ានលើកក្រោយ។

3.ទំនាក់ទំនងក្រៅតំបន់អាស៊ាន ប្រមុខរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដល់ផលប្រយោជន៍ដល់ការតភ្ជាប់តំបន់ ការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានព្រមទាំងលក្ខណៈបើកចំហបរិយាប័ន្ន និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

លទ្ធផលនៃកិច្ចប្រជុំលើកទី33នេះ បណ្តាមេដឹកនាំអាស៊ានបានអនុម័តឯកសារសំខាន់ៗចំនួន7 រួមមាន៖
1.ក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន។

2. សេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍ណែនាំ ស្តីពីជំនួយផ្នែកកុងស៊ុលដោយស្ថានបេសកកម្មការទូតនានានៃបណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងបណ្តាប្រទេសទី3 ដល់ជនជាតិនៃប្រទេសសមាជិកអាស៊ានដទៃទៀត។

3. ផែនការសម្រាប់ការជំរុញអាស៊ានឆ្នាំ2025 ការបញ្ជ្រាបចំណេះដឹងជនពិការ។

4. សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់ការងារបៃតង សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងសមធម៌ក្នុងសហគមន៍អាស៊ាន។

5. សេចក្តីប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុជូនសន្និសីទលើកទី24 នៃភាគីពាក់ព័ន្ធ (COP 24) ចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)​ និង6.សម្រាប់សេចក្តីប្រកាសរួម អាស៊ាននឹងដាក់ជូនកិច្ចប្រជុំលើកទី14 នៃសន្និសីទរបស់ភាគីអនុ-សញ្ញាស្តីពីពិពិធភាពជីវចម្រុះ (CBD COP 14)។

គួរបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំកំពូលលើកទី33 បណ្តាមេដឹកនាំប្រទេសអាស៊ានក៏បានជួបប្រជុំកំពូលក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំអាស៊ាន-អូស្រ្តាលី កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី21 កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី20 ក្នុងការជំរុញសេដ្ឋកិច្ចដែលបើកចំហប្រកបដោយថាមពល និងដែលអាចប្រកួតប្រជែងបានសម្រាប់ប្រយោជន៍រួមរបស់តំបន់ ហើយបានប្តេជ្ញាបង្កើនពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការលើការវិនិយោគដើម្បីឱ្យមានកំណើនការភ្ជាប់ទំនាក់ទំនងប្រជាជននឹងប្រជាជន និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀត៕

Advertisement