ខណ្ឌ​ណាខ្លះ​ដែល​ដី​មានតម្លៃ​ថ្លៃ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ?

បច្ចុប្បន្ន​គេ​សង្កេតឃើញថា សំណង់​លំនៅឋាន និង​អគារខ្ពស់ៗបាន​កើនឡើង​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ខ្ពស់កប់ពពក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Key Real Estate បាន​បង្ហាញថា នៅ​ឆមាស​ទី1 ឆ្នាំ2018នេះ ដីធ្លី​នៅក្នុង​ខណ្ឌ​ចំនួន3 ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​មានដូចជា1.ខណ្ឌដូនពេញ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​ដី​មានតម្លៃ​ថ្លៃ​បំផុត ដោយ​ដី​លំនៅឋាន​ត្រូវបាន​លក់​ក្នុងតម្លៃ 3,500ដុល្លារ​ក្នុង​ម៉ែត្រការ៉េ និង​ដី​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​មានតម្លៃ​ជា​មធ្យម​គឺ 6,100ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ក្នុងនោះ​សង្កាត់​ផ្សារ​ថ្មី1 ផ្សារ​ថ្មី2 និង​ផ្សារ​ថ្មី3 ក្នុង​ខណ្ឌដូនពេញ​ដែលជា​ដី​ពាណិជ្ជកម្ម​មានតម្លៃ​ថ្លៃ​បំផុត​ដែល​អាច​លក់បាន​ដល់​ទៅ 9,000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ រីឯ​ដី​លំនៅឋាន​ក្នុង​សង្កាត់​ផ្សារ​ចាស់​វិញ​មានតម្លៃ 4,000ដុល្លារ​ក្នុង​ម៉ែត្រការ៉េ។

លោក សន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Key Real Estate បាន​ពន្យល់ថា ហេតុផល​សំខាន់បំផុត​ដែលនាំឱ្យ​ដី​ក្នុង​ខណ្ឌ​នេះ​មានតម្លៃ​ថ្លៃ​ជាងគេ​នោះ គឺ​ទីផ្សារ​អចលនទ្រព្យ​ដែលមាន​ភាពចាស់ទុំ វា​ជា​តំបន់​អភិវឌ្ឍន៍​ដែល​ចាស់​ជាងគេ ហើយ​មាន​ទីផ្សារធំៗ និង​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម ដូចជា​ព្រះបរមរាជវាំង និង​តំបន់​មាត់ទន្លេ​ផងដែរ​នៅក្នុង​តំបន់​នោះ។

លោក សន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Key Real Estate

បន្ទាប់ពី​ខណ្ឌដូនពេញ គឺ​ខណ្ឌ7មករា ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយទៀត​ដែល​ដី​មានតម្លៃ​ថ្លៃ​បំផុត​លំដាប់​លេខ2 នៅ​រាជធានី​ភ្នំពេញ គឺ​ដី​សម្រាប់​សង់​លំនៅឋាន​ក្នុង​តំបន់​នេះ​ត្រូវបាន​លក់​ក្នុងតម្លៃ 3,300ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈពេលដែល​ដី​ពាណិជ្ជកម្ម​មានតម្លៃ 5,400ដុល្លារ​ក្នុង​ម៉ែត្រការ៉េ។ តំបន់​ដែល​ដី​មានតម្លៃ​ថ្លៃ​ជាងគេ​នៅក្នុង​ខណ្ឌ​មួយ​នេះ មានដូចជា​សង្កាត់​អូរឫស្សី1,2,3 និង4 គឺជា​ដី​ពាណិជ្ជកម្ម​ដែលមាន​តម្លៃ 6,000ដុល្លារ​ក្នុង 1ម៉ែត្រការ៉េ និង​សង្កាត់​បឹង​ព្រលិត ដី​មានតម្លៃ​ប្រមាណ​ជា4,000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

បន្ទាប់ពី​ខណ្ឌ​ទាំង2 ខាងលើ ខណ្ឌចំការមន​​ជាប់​ចំណាត់ថ្នាក់​លេខ3 ជា​ខណ្ឌ​ដែល​ដី​មានតម្លៃថ្លៃ​មធ្យម​គឺ 3,000ដុល្លារ​ក្នុង1ម៉ែត្រការ៉េ​សម្រាប់​ដី​លំនៅឋាន និង​ដី​ពាណិជ្ជកម្ម​មានតម្លៃ 5,100ដុល្លារ​ក្នុង1ម៉ែត្រការ៉េ។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍ថា ចំណែកឯ​ដី​ដែល​នៅមាន​តម្លៃ​ទាប​នៅឡើយ គឺជា​ដី​ដែល​នៅជាយៗក្រុង មានដូចជា​ដី​នៅ​ខណ្ឌ​ព្រែក​ព្នៅខណ្ឌ​សែន​សុខ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ខណ្ឌមានជ័យ ជាទី​តាំង​ជាយក្រុង​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ដែល​កន្លែង​ខ្លះ​ដី​មានតម្លៃ​ក្រោម 100ដុល្លារ និង​ខ្លះទៀត​ត្រឹមតែ 20-30ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ក៏មាន។ លោក​ថា ដី​ដែលមាន​តម្លៃ​ចន្លោះ​ពី 20-30ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នេះ ជា​ប្រភេទ​ដីស្រែប្រាំង​ដែល​នៅ​មិនទាន់មាន​សំណង់ផ្ទះ​ល្វែង​ទៅដល់ ពោលគឺ​ជា​ដី​ដែលមាន​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក​រស់នៅ​តកូនតចៅ​បន្ត​គ្នា​រហូតមកទល់​បច្ចុប្បន្ន។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន VTrust Appraisal

យ៉ាងណាក៏ដោយ ដី​នៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ក្រវាត់ក្រុង​ទី3 ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ឆ្លងកាត់​តាម​ភ្នំ​ប្រសិទ្ធិ៍ កាត់​លើផ្លូវ​លេខ51ឆ្ពោះ​មក​ខេត្តកណ្តាល ហើយ​បញ្ចប់​នៅត្រឹម​កំពង់ផែ​ស្រុក​កៀនស្វាយ​ជិត​ផ្លូវជាតិ​លេខ1 កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង ដោយសារ​គម្រោង​វិនិយោគ​សំណង់ផ្សេងៗបាន​ទៅ​បោះ​ទីតាំងនៅ​ទីនោះ ដែល​ធ្វើឱ្យ​តម្លៃ​ដី​បាន និង​កំពុង​ឡើងថ្លៃ​ខ្លាំង​ដែរ ចន្លោះ​ពី 100ដុល្លារ​ទៅដល់ 200ដុល្លារ ហើយ​សម្រាប់​ដី​ជាយក្រុង​ដែលមាន​សក្តានុពល​ខ្លាំង​ផ្នែក​ពាណិជ្ជកម្ម អាច​ឡើងថ្លៃ​ជិត​ដល់ 300ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក ហ៊ឹម សីហា បាន​បញ្ជាក់ថា ដោយសារ​និន្នាការ​តម្លៃ​ដី​ចេះតែ​កើនឡើង​ដូច្នេះ បានធ្វើឱ្យ​ទីប្រជុំជន​នៅ​តំបន់​ជាយក្រុង​មួយចំនួន ដូចជា​តំបន់​ជ្រោយចង្វារ​ដែល​ស្ថិត​លើផ្លូវ​ជាតិ​លេខ​6A ដី​ក្នុង​ក្រុង​តាខ្មៅ​លើ​ចំណុច​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល និង​ដី​ក្នុង​តំបន់​មួយចំនួនទៀត​នឹង​ក្លាយជា​អនុតំបន់​ក្រុងភ្នំពេញ​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​ហើយ​នោះ​តម្លៃ​ដី​ក៏​កំពុង​កើនឡើង​ខ្លាំង មិន​ចាញ់​ដី​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​ឡើយ។

គួរ​បញ្ជាក់ថា តម្លៃ​ដីធ្លី​ដែល​អាច​ឡើង​ខ្ពស់ ឫ​ចុះទាប​នោះ គឺ​អាស្រ័យ​លើ​ទីតាំង និង​ចម្ងាយ​ផ្លូវ​ពី​រមណីយដ្ឋាន​វត្តភ្នំ​ដែលជា​ចំណុចកណ្ដាល​នៃ​រាជធានី​ភ្នំពេញ។ ឧទាហរណ៍​តាម​បណ្តោយ​ផ្លូវធំដី​ទំនេរ​ចម្ងាយ​ប្រមាណ5គីឡូម៉ែត្រ​ពី​វត្តភ្នំ អាចមាន​តម្លៃ 4500ដុល្លារ​ក្នុង​1​ម៉ែត្រការ៉េ ហើយ​ប្រសិនបើ​ចម្ងាយ​ប្រហែល25គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​រាជធានី​ភ្នំពេញ តម្លៃ​ដី​អាច​ត្រឹមតែ 10 ទៅ50ដុល្លារ​ប៉ុណ្ណោះ​ក្នុង 1ម៉ែត្រការ៉េ៕

Advertisement