តម្លៃ​មាស​កើន​ឡើង​បន្តិច​ក្នុង​ថ្ងៃ​ទី 14 កញ្ញា ដោយ​សារ​ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មិន​ល្អ​

ទិន្នន័យ​សេដ្ឋកិច្ច​អាម៉េរិក​មាន​ភាព​អវិជ្ជមាន ក្នុង​នោះ នៅ​លើ​ផ្សារ​ COMEX សម្រាប់​ទីផ្សារ​ New York តម្លៃ​មាស​ប្រគល់ក្នុង​ខែ​ធ្នូ 2023 បាន​កើន​ឡើង​ 0.30 ដុល្លារ​ (0.02%) និង​បិទ​ទ្វារ​ក្នុង​តម្លៃ​ 1,932.80 ដុល្លារ​នៅ​ក្នុង​មួយ​អោន។

តម្លៃមាស​ប្រគល់​មាន​កាល​កំណត់​នៅ​លើ​ផ្សារ COMEX សម្រាប់ទីផ្សារ​ New York (សហរដ្ឋ​អាម៉េរិក) បាន​កើន​ឡើង​បន្តិច​នៅ​​ក្នុង​ការ​ជួញដូរ​នា​ថ្ងៃទី 14 កញ្ញា 2023​ ព្រោះ​តែ​ទិន្នន័យ​ស្ដី​ពី​សេដ្ឋកិច្ច​អាម៉េរិក​មាន​ភាព​អវិជ្ជមាន​ច្រើន​។

ជាក់​ស្ដែង មាស​ប្រគល់​ក្នុង​ខែ​ធ្នូ 2023 បាន​ឡើង​ថ្លៃ​​ 0.30 ដុល្លារ​ (0.02%) និង​បិទ​ទ្វារ​ក្នុង​តម្លៃ​ 1,932.80 ដុល្លារ​ក្នុង​មួយ​អោន (ounce)។ មួយ​អោន​ = 8.29426 ជី ដូច្នេះ ក្នុង​ករណី​នេះ មួយ​ជី​មាន​តម្លៃ​ប្រហែល ​233.0286​ ដុល្លារ​អាម៉េរិក​។

ក្រសួង​ការ​ងារ​អាម៉េរិក​ទើប​តែ​បាន​ប្រកាសឱ្យ​ដឹង​ថា ​សន្ទស្សន៍តម្លៃអ្នកផលិត (Producer’s price index – PPI) របស់​សហរដ្ឋ​អាម៉េរិក​ បាន​កើន​ឡើង 0.7%​ ដោយ​​ត្រូវ​បាន​កែសម្រួល​ទៅ​តាម​រដូវ​ក្នុង​ខែ​សីហា 2023​ ខ្ពស់​ជាង​ការ​រំពឹងទុក 0.4% និង​ជា​សន្ទស្សន៍​​ប្រចាំ​ខែ​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ខែ​មិថុនា 2022​។

ក្រសួង​ខាងលើ​ក៏​បាន​រាយការណ៍​ថា តួលេខ​នៃ​ពាក្យ​ស្នើ​សូមជំនួយ​ពេល​បាត់​បង់​ការ​ងារ​នៅ​​សហរដ្ឋ​អាម៉េរិក​ បាន​កើន​ 3,000 ពាក្យ​ នាំ​ឱ្យ​តួលេខ​សរុប​ឡើង​ដល់​ 220,000 ពាក្យ​ នៅក្នុង​សប្ដាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃទី 09 កញ្ញា​។

ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) បាន​ដំឡើង​ការ​ប្រាក់​ 25 ពិន្ទុ​ ធ្វើ​ឱ្យ​ការ​ប្រាក់​នៃ​ប្រាក់​បញ្ញើ​កើនឡើង​ដល់ 4% កាល​ពី​ថ្ងៃទី 14 កញ្ញា​។ ការ​ដំឡើង​ការ​ប្រាក់​បាន​នាំ​ឱ្យ​ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ និង​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​អាម៉េរិក​ហក់​ឡើង​ បណ្ដាល​ឱ្យ​មាស​មិន​អាច​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​​។

សន្ទស្សន៍​នៃ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​កើន 0.6% ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង 6​ ខែ​មក​នេះ ធ្វើ​ឱ្យ​កម្លាំង​ទាក់​ទាញ​របស់​មាស​ចំពោះ​អ្នក​វិនិយោគ​បរទេស​ ហើយ​អត្រា​ការ​ប្រាក់​នៃ​​មូលបត្រ​បំណុលរយៈ​ពេល​ដប់​ឆ្នាំ​នៅ​​​សហរដ្ឋ​អាម៉េរិក​ ក៏​កើន​ឡើង​ផងដែរ​។

ក៏ប៉ុន្តែ ក្រុម​អ្នក​វិភាគ​យល់​ថា តម្លៃ 1,900 ដុល្លារ​/​អោន​របស់​មាស ត្រូវ​បាន​គាំទ្រពី​កត្តា​នានា​ ហើយថា​ ​នឹង​ទាក់​ទាញ​អ្នក​វិនិយោគ​បានច្រើន​ទៀត​៕

Advertisement