ឆមាស​ទី1 ឆ្នាំ2018 ក្រសួង​ដែនដី​អនុញ្ញាត​គម្រោង​សាងសង់​ចំនួន 1,643គម្រោង កើនឡើង20%

ក្នុង​រយៈពេល 6ខែ ដើមឆ្នាំ2018 ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី-ខេត្ត បានផ្ដល់​លិខិតអនុញ្ញាត​គម្រោង​សាងសង់​ក្នុងតម្លៃ​ប៉ាន់ស្មាន​ជាង 2ពាន់ (2,153,211,118)លាន​ដុល្លារលើ​ចំនួន 1,643គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង 5លាន(5,352,422 )ម៉ែត្រការ៉េ។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី​បានបញ្ជាក់​ឱ្យដឹងទៀតថា ទុនវិនិ-យោគ​របស់​វិស័យ​ឯកជន​មកពី​បរទេស​មាន​ចំនួន 8ប្រទេស ស្មើនឹង 21គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង 92ម៉ឺន(928,267)ម៉ែត្រការ៉េ និង​មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​ជាង 394លាន (394,332 ,300)ដុល្លារ។

គម្រោង​ទាំងនេះ​បានផ្ដល់​ការងារ​ដល់​អ្នកជំនាញ​កម្មករ​ប្រមាណ18ម៉ឺន​នាក់​ក្នុង1ថ្ងៃ នៅ​ទូទាំងប្រទេស ហើយ​បើ​គិត​ជា​ប្រាក់​ឈ្នួល គឺម្នាក់ៗទទួលបាន​ប្រមាណ​ពី 400ដុល្លារ ទៅ2,500ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះ វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ25 ទៅ26ម៉ឺន​នាក់​ក្នុង1ថ្ងៃ។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណ12 ទៅ13ម៉ឺន​នាក់​ក្នុង1ថ្ងៃ។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ដោយបាន​ព្យាករ​ថា ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រមាណ​ពី20 ទៅ30%ថែមទៀត​នៅ​ចុងឆ្នាំ2018 ខណៈ​នៅ 6ខែ​ដើម​ឆ្នាំនេះ ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យនេះ មានការ​កើនឡើង​ប្រមាណ​ជា20% បើ​ធៀប​ទៅនឹង​ឆ្នាំ2017។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​

ឯកឧត្តម​បាន​បញ្ជាក់ថា ផ្អែក​តាម​តួលេខ​ក្រសួង​ជា​គោល តួលេខ​ដែល​បានបង្ហាញ​ដោយ​ក្រសួង គឺជា​តួលេខ​ជាក់លាក់​អាច​យកទៅ​ប្រើប្រាស់​បាន ព្រោះ​តួលេខ​នោះបាន​ចង្អុលបង្ហាញ​ពី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​បាន​ចុះ​ប​ញ្ចី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​កំពុងមាន​សុពលភាព​ប្រតិបត្តិ​អាជីវកម្ម ក្នុងនោះ​មាន 324ក្រុមហ៊ុន ជា​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស ដូចជា​ចិន កូរ៉េ វៀតណាម ជប៉ុន និង​ថៃ​ជាដើម។

វិស័យ​សំណង់​ក៏បាន​រួមចំណែក​យ៉ាងខ្លាំង​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​ឆ្នាំ2018 បើ​យោងតាម​របាយ-ការណ៍​ឆមាស​ទី1 របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ចេញផ្សាយ​ពេលថ្មីៗនេះ​បាន​បង្ហាញថា វិស័យ​សំណង់​បានរួម​ចំណែក 11,5% បន្ទាប់ពី​ការនាំចេញ​ដែល​រួមចំណែក 11,6% និង​ទេសចរណ៍ 12,5%។ ទន្ទឹមនឹងនេះ​ផលប​ត្រ​ប្រាក់កម្ចី​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក៏បាន​កើនឡើង​ផងដែរ។

បើ​យោងតាម​របាយការណ៍​ដ​ដែល​នេះ បាន​ឱ្យដឹង​ថា ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំ2018 ផលប​ត្រ​ប្រាក់កម្ចី​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប បាន​កើនឡើង​រហូតដល់ 22.5ពាន់​លាន​ដុល្លារ​ពោលគឺ​កើនឡើង​រហូតដល់ 18,8%។ ក្នុងចំណោម​ពាណិជ្ជកម្ម​ទាំងអស់ កម្ចី​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ គឺ​ស្មើនឹង16,5% នៃ​ផលប​ត្រ​កម្ចី​សរុប​ពី​ធនាគារ និង4% ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី1 របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានឱ្យដឹងថា ក្នុងចំណោម​គម្រោង​សាងសង់​ទាំងអស់នោះ គម្រោង​សំណង់​លំនៅឋាន​មាន​ចំណែក 85% ដោយ​ភាគច្រើន​ជា​គម្រោង​សំណង់​ថ្មី ផ្តោតលើ​សំណង់​លំនៅឋាន​ដែលមាន​តម្លៃ​ទាប​ជាង​មុន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម។ របាយការណ៍​ធនាគារ​ជាតិ​ក៏បាន​បង្ហាញ​ដែរ​ថា ឥណទាន​ដែល​ផ្តល់​ឱ្យដល់​វិស័យ​សំណង់​បាន​កើនឡើង30% នៅ​ឆមាស​ទីមួយ​ឆ្នាំនេះ។ កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់ 502លាន​ដុល្លារ ដើម្បី​នាំចូល​វត្ថុធាតុដើម និង​សម្ភារ​សម្រាប់​គាំទ្រ​ដល់​វិស័យសំណង់​នៅ​ឆមាស​ទីមួយ ឆ្នាំ2018 នេះ កើនឡើង6%ភាគរយ ពី​ទឹកប្រាក់ 474លាន​ដុល្លារ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា វិស័យ​សំណង់​បា​នប​នុ្ត​ភាពរឹងមាំ ហើយ​មិនបាន​រង​ឥទ្ធិពល​អវិជ្ជមាន​ណាមួយ​ពី​ព្រឹ​ត្ត​ការណ៍​រសើប​ទាក់ទង​នឹង​ការរៀបចំ​បោះឆ្នោត​កាលពី​ចុង​សប្តាហ៍​មុន​នោះទេ។ លោក​បន្តថា ការកើនឡើង​នូវ​សូចនាករសំខាន់ៗរួមមាន​កំណើន​ឥណទាន កំណើន​ការនាំ​ចូល និង​កំណើន​ចំនួន​គម្រោង​សាងសង់ គឺជា​សញ្ញា​ល្អ​ឆ្លុះបញ្ចាំង​ថា វិនិយោគិន​ក្នុង​វិស័យ​សំណង់​នៅតែមាន​ទំនុកចិត្ត​ចំពោះ​វិស័យនេះ។ លោក​បន្តថា៖“យើង​ជឿជាក់ថា នៅពេលដែល​បោះឆ្នោត​ហើយ​នេះ វិស័យ​សំណង់​នឹង​បន្ត​កើនឡើង​ជាងនេះទៅទៀត និង​យ៉ាងគំហុក​ទៀតផង”។

ដោយឡែក​ការប្រមូល​ពន្ធ​ទៅលើ​វិស័យ​អចលនទ្រព្យ និង​សំណង់​មានការ​កើនឡើង​យ៉ាង​គួរឱ្យកត់សម្គាល់។ នេះ​បើ​យោងតាម​ឯកឧត្តម គង់ វិបុល ដែលជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ទាក់ទង​ទៅនឹង​វឌ្ឍនភាព​នៃ​ការប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ឆមាស​ទី1 នៃ​ឆ្នាំ2018 ដែល​សម្រេចបាន​រហូត​ដល់ 61.28ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ។

ឯកឧត្តម គង់ វិបុល ឱ្យដឹងថា ក្នុងចំណោម​ចំណូល​ពន្ធ​សរុប​ដែលមាន​ចំនួន​ទឹកប្រាក់​ប្រមាណ4,7ទ្រី​លាន​រៀល ការប្រមូល​ពន្ធ​ពី​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ពោលគឺ​ពន្ធ​ប្រថាប់ត្រា​មានការ​-កើនឡើង​រហូត​ទៅដល់31% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ “ជាក់ស្តែង​ណាស់ ដោយសារ​វិនិយោគិន​មាន​ជំនឿ​ទុកចិត្ត​លើ​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែលជា​កត្តា​ជំរុញឱ្យមាន​ការវិនិយោគ​ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែច្រើន”។ កត្តា​ទាំងអស់​នេះហើយ ដែល​បាន​បង្កើន​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​វិនិយោគិន​ដើម្បី​ធ្វើ​អាជីវ-​កម្ម​ជាមួយ​ដីធ្លី​ក៏ដូចជា​លំនៅឋាន បើទោះបី​នេះ​ជា​រដូវ​កាល​បោះឆ្នោត​ក៏ដោយ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា ចំណូល​គយ និង​រដ្ឋាករ​សរុប​ប្រចាំឆមាស​ទី1 ឆ្នាំ2018 កើនឡើង​ប្រមាណ27,8% ដែល​ក្នុងនោះ ចំណូល​ពី​គ្រឿងសំណង់​កើនឡើង​រហូតដល់​ទៅ26,6% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕

Advertisement