រយៈពេល 7ខែ អង្គរវត្ត​រកចំណូលបាន​ជិត 70លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ

កម្ពុជា​ពិតជា​មោទនភាព​ខ្លាំង​បំផុត សម្រាប់​ប្រាសាទអង្គរវត្ត​ដែលជា​កេរ​មរតក​ពី​ដូនតា​បុព្វបុរស​ខ្មែរ​ដែល​បន្សល់​ទុកឱ្យ​មនុស្ស​ជំនាន់​ក្រោយ ដែល​បច្ចុប្បន្ន​អាច​រកចំណូលបាន​ពី​ភ្ញៀវទេសចរ​ប្រមាណ​ជា​ជិត 70លាន​ដុល្លារ​ត្រឹមតែ​រយៈពេល 7ខែ ដើមឆ្នាំ2018នេះ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​នៅ​ដើមខែ​សីហា ឆ្នាំ2018នេះ បាន​បង្ហាញថា នៅក្នុង​រយៈពេល 7ខែ​នៃ​ឆ្នាំ2018នេះ ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន 1,542,839នាក់ កើនឡើង8.97% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ ចំណូល​ដែល​បានមកពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​នេះ​មាន​ចំនួន 69,664,868ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ 15.36%។ ហើយ​សម្រាប់​មួយខែ​កក្កដា​កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន 185,878នាក់ កើនឡើង1.75% ឯ​ចំណូល​ដែល​បានមកពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ក្នុង1ខែ​នេះ​វិញ មាន​ចំនួន 8,192,521ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ​ជា 0.38%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។

គួរ​ជម្រាប​ដែរ​ថា ចំណូល​ដែល​ត្រូវបាន​ឧបត្ថម្ភ​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​សម្រាប់​ខែកក្កដា​នេះ​មាន​ចំនួន 371,756ដុល្លារ​អាមេរិក៕

Advertisement