ធនាគារជាតិ មិន​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ

យោងតាម​លិខិត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ផ្ញើ​ទៅកាន់​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់​នៅ​ថ្ងៃទី20 កក្កដា ឆ្នាំ2018 បាន​បញ្ជាក់ថា ធនាគារជាតិ​មិន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធានា​គារ ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ​នៅ​ខាងក្នុង ឬ​ក្បែរ​បរិវេណ​ទីស្នាក់ការ​របស់ខ្លួន​ឡើយ​នៅពេលដែល​កម្ពុជា​កំពុងមាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ។

សេចក្តីណែនាំ​នោះ បានបញ្ជាក់​ទៀតថា ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុងការ​រក្សា និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ធនាគារជាតិ​នៃ​កម្ពុជា​មិន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ​ឡើយ។ ប៉ុន្តែ​ក្នុងករណី​ចាំបាច់ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ត្រូវ​ស្នើសុំ​កិច្ចសហការ និង​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ ផ្អែក​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន។

តាម​លិខិត​ដដែល​នេះ​បាន​បញ្ជាក់ថា  កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពិនិត្យឃើញថា គ្រឹះស្ថាន​មួយចំនួន កំពុង​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ​ការពារ​នៅ​ខាងក្នុង ឬ​ក្បែរ​បរិវេណ​ទីស្នាក់ការ​របស់ខ្លួន​ដែល​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ​ដល់​អាយុជីវិត​ប្រជាជន និង​សណ្តាប់ធ្នាប់​សាធារណៈ។ អាស្រ័យហេតុនេះ ធនាគារជាតិ​តម្រូវឱ្យ​គ្រឹះស្ថាន​ទាំងនោះ សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាបន្ទាន់ ព្រមទាំង​រាយការណ៍​ទៅ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ ឱ្យបាន​មុន​ថ្ងៃទី24 ខែកក្កដា ឆ្នាំ2018 អំពី​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​សន្តិសុខ និង​ចំនួន​អាវុធ៕

ខាងក្រោម​នេះ គឺជា​លិខិត​ដែល​ធនាគារជាតិ​នៃ​កម្ពុជា ផ្ញើ​ទៅកាន់​ម្ចាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ ទាំងអស់៖

Advertisement