ធនាគារពិភពលោកអះអាងថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឈរលំដាប់ទី6 នៅលើពិភពលោក

បន្ទាប់ពីកំណើនសេដ្ឋកិច្ចមានភាពរឹងមាំអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក កម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គិតត្រឹមឆ្នាំ 2015 ដែលមានចំណូលជាតិសរុបក្នុងមនុស្សម្នាក់កើនឡើងដល់ 1070ដុល្លារអាមេរិក។ ដឹកនាំដោយផ្នែកនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម 7.6 ភាគរយនៅចន្លោះពីឆ្នាំ 1994 ដល់ ឆ្នាំ 2015 ដែលបានឈរក្នុងលំដាប់ថ្នាក់ទី6នៅលើពិភពលោក។

យោងតាមការប៉ាន់ស្មានបឋមរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅពេលថ្មីៗនេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចបានថយចុះបន្តិចបន្តួចពី 7.0 ភាគរយក្នុងឆ្នាំ 2015 មកនៅ 6.9 ភាគរយក្នុងឆ្នាំ 2016 ក៏ប៉ុន្តែគេរំពឹងថាកំណើននេះនឹងនៅតែមានភាពរឹងមាំក្នុងរយៈពេលពីរឆ្នាំទៅមុខទៀត ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍ រួមជាមួយនឹងការពង្រីកសារពើពន្ធ នឹងជួយបំពេញការថយចុះលើផ្នែកនាំចេញសម្លៀកបំពាក់ និងកំណើនលើផ្នែកសំណង់។

របាយការណ៏បច្ចុប្បន្នភាពចុងក្រោយនេះបញ្ជាក់ថា ភាពក្រីក្របន្តធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជា ទោះបីជាការធ្លាក់ចុះនេះមានសភាពយឺតជាងកាលពីឆ្នាំកន្លងទៅក្តី។ នៅក្នុងឆ្នាំ 2014 អត្រានៃភាពក្រីក្រមាន 13.5 ភាគរយ បើធៀបនឹងឆ្នាំ 2007 ដែលមានដល់ទៅ 47.8 ភាគរយ ខណៈដែលកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ដោយបានកាត់បន្ថយអត្រាភាពក្រីក្របាន 50ភាគរយក្នុងឆ្នាំ 2009។

គ្រួសារប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ដែលបានរួចចាកផុតពីភាពក្រីក្រ និងមានជីវភាពរីកចម្រើនត្រឹមតែតិចតួចប៉ុណ្ណោះ ចំណែកឯប្រជាពលរដ្ឋប្រហែល4.5លាននាក់ទៀតកំពុងរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ។

វិស័យសុខាភិបាល និងអប់រំនៅតែជាបញ្ហាប្រឈមធំ និងជាអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ 33 ភាគរយ (ឬប្រហែល 0.5លាននាក់) នៃកុមារអាយុក្រោម 5ឆ្នាំ មានកាយសម្បទាក្រិនមិនលូតលាស់ ខណៈដែលចំនួនកុមារចុះឈ្មោះចូលរៀនពិតប្រាកដ នៅកម្រិតបឋមសិក្សាបានកើនឡើងពី 82 ភាគរយក្នុងឆ្នាំ 1997 ដល់ 97 ភាគរយនៅឆ្នាំ 2016។ អត្រាបញ្ចប់កម្រិតមធ្យមសិក្សាបឋមភូមិមាន 43 ភាគរយនៅក្នុងឆ្នាំ 2013 ដែលអត្រានេះមានកម្រិតទាបក្រោមធម្យមភាគសម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ 79 ភាគរយនៃប្រជាពលរដ្ឋទូទាំងកម្ពុជា (12.3លាននាក់) មិនទាន់មានទឹកស្អាតប្រើប្រាស់ និង 58 ភាគរយ (9.3លាននាក់) មិនបានទទួលសេវាអនាម័យសាធារណៈដែលមានលក្ខណៈល្អប្រសើរនៅឡើយទេ (ឆ្នាំ 2015)។

កម្ពុជាមានការរីកចម្រើនល្អក្នុងការកែលម្អកម្មវិធីសុខភាពមាតា កម្មវិធីអភិវឌ្ឍន៍កុមារតូចៗ និងកម្មវិធីអប់រំថ្នាក់បឋមសិក្សានៅតំបន់ជនបទ។ អត្រាស្លាប់របស់់ម្តាយក្នុង 1សែនកំណើតរស់ បានថយចុះពី 472 នៅឆ្នាំ 2005 មកនៅត្រឹម 161នាក់ នៅឆ្នាំ 2015 អត្រាស្លាប់របស់កុមារអាយុក្រោម5ឆ្នាំ បានថយចុះពី 83 ក្នុង 1ពាន់កំណើតរស់ក្នុងឆ្នាំ 2005 មកនៅត្រឹមតែ 28.7 នៅឆ្នាំ 2015។

ទោះបីជាសម្រេចបានសមិទ្ធផលទាំងនេះក្តី ក៏កម្ពុជានៅតែមានបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍមួយចំនួនទៀតដែរ ដូចជា ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាពមិនល្អធ្វើឲ្យរាំងស្ទះដល់ការងារអភិវឌ្ឍន៍លើគ្រប់វិស័យ រដ្ឋបាលដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ ចីរភាពបរិស្ថាន និងអភិបាលកិច្ចល្អ។ ការបោះជំហានទៅមុខ និងជោគជ័យនៃការដោះស្រាយបញ្ហាប្រឈមទាំងនេះនឹងមិនមែនពឹងផ្អែកតែទៅលើការថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការបង្កើនភាពសម្បូរបែបនៃសេដ្ឋកិច្ច និងភាពប្រកួតប្រជែងសម្រាប់ការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែពឹងផ្អែកលើការកែលម្អគុណភាពនៃការផ្គត់ផ្គង់សេវាសាធារណៈ រួមទាំងការបង្កើនការបែងចែក និងប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ និងធនធានមនុស្សផងដែរ៕

Advertisement