ធនាគារពិភពលោក៖ “កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​កម្ពុជា នៅតែ​បន្ត​កើតមាន”

ធនាគារពិភពលោក (World Bank) បានចេញ​របាយការណ៍​ព្យាករ​ថ្មី​មួយ​ឱ្យដឹងថា កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​នឹង​នៅតែ​បន្ត​រក្សា​ភាពស្វាហាប់​ទៅមុខ ហើយ​ត្រូវបាន​ព្យាករ​ទុក​ថា​នឹង​កើន​ល្បឿន​បន្តិច​រហូតដល់​ទៅ 6.9ភាគរយ ក្នុង​ឆ្នាំ2018ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ​ក្នុង​វិស័យ​នាំចេញ​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់ អមដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ផងដែរ។

យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា ( Cambodia Economic Update ) ដែល​ត្រូវបាន​សម្ពោធ​នៅ​ខែឧសភា ឆ្នាំ2018នេះ​បង្ហាញថា ការចំណាយ​កាន់តែ​ច្រើនឡើង​របស់រ​ដ្ឋា​ភិ​បាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ចពិភពលោក​មាន​អំណោយផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាង​ស្វាហាប់​នៅក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿនលឿន​ផង សុទ្ធតែជា​កត្តា​ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើឱ្យ​កម្ពុជា​បន្ត​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ហានិភ័យ​ក៏​នៅតែ​បន្ត​មាន​ដែរ ដែល​ក្នុងនោះ​រួមមាន​ការបាត់បង់​បន្តិចម្តងៗនូវ​ភាព​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​ដោយសារតែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​របស់កម្មករ ពំ​នូ​នគរ​នៃ​ភាព​ងាយ​រងគ្រោះ​ដែលមាន​មកជា​យូរ​មកហើយ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់ ភាពមិនច្បាស់លាស់​ដែល​អាច​កើតមាន​ជុំវិញ​ការបោះឆ្នោត ភាព​ញ័រ​រញ្ជួយ​ម្តងម្កាល​បណ្តាលមកពី​ការ​គាំពារ​និយម និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែលមាន​ជំនួញធំៗក្នុង​ពិភពលោក។

លោកស្រី អុិន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា

លោកស្រី អុ​ិ​ន​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “ដើម្បី​រក្សា​ឱ្យបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា​សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែមទៀត​ទៅលើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ហើយ​ស្របពេល​គ្នា​នោះដែរ ត្រូវ​ប្រឹងរក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែល​ធុរកិច្ច​ធុន​តូច និង​មធ្យម​កំពុង​ជួបប្រទះ។ ការវិនិយោគ​ទៅលើ​មនុស្ស​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈានទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន។

របាយការណ៍​នេះ​បានធ្វើការ​កត់សម្គាល់ថា ប្រទេស​កម្ពុជា​អាចធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ចម្រុះ​ជាង​មុន និង​បង្កើត​ការងារ​បាន​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការកាត់បន្ថយ​ចំណាយរបស់​ក្រុមហ៊ុន​ទៅលើ​ដំណើរការ​បំពេញបែបបទ​បង្កើត​ក្រុមហ៊ុន ទៅលើ​ផ្នែក​ប្រតិបត្តិការ និង​ទៅលើ​ការធ្វើ​ហិរញ្ញប្បទាន។ របាយការណ៍​នេះ​ក៏បានផ្តល់​ផងដែរ​នូវ​អនុសាសន៍​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើការ​តាមឃ្លាំមើល​ឱ្យបាន​ដិតដល់​ទៅលើ​ដំណើរ​ស្ទុះ​ឡើង​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយ​រៀបចំ​ឱ្យមាន​គោលនយោបាយ​ប្រុងប្រយ័ត្ន​ជា​លក្ខណៈ​ម៉ាក្រូ ដែល​នឹង​ជួយ​បន្ថយ​វិសាលភាព​របស់​សកម្មភាព​ដែល​កេង​យកចំណេញ​នៅក្នុង​វិស័យ​ទាំងនេះ។

ចំណែក​ការមកដល់​របស់​ភ្ញៀវទេសចរ​បាន​កើន​ដល់​ទៅ 11.8ភាគរយ នៅក្នុង​ឆ្នាំ2017 ប្រៀប​ទៅនឹង​កំណើន 5ភាគរយ​នៅក្នុង​ឆ្នាំ2016 ដោយសារ​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល​ក្នុងការធ្វើឱ្យមាន​ការហោះហើ​រ​កាន់តែច្រើន​មកពី​ក្នុង​តំបន់ រួមទាំង​ពី​ប្រទេស​ចិន​ផងដែរ ដែលជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍។ វិស័យ​កសិកម្ម​ក៏មាន​ការ​ស្ទុះ​ឡើង​ដែរ ជាមួយនឹង​ការពង្រីក​ផ្ទៃដី​ធ្វើ​ស្រូវ និង​ចម្ការកៅស៊ូ និង​ការ​ងើប​ឡើងវិញ​បន្តិចម្តងៗរបស់​តម្លៃ​កសិផល។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​សិក្សា​ដើម្បី​ការអភិវឌ្ឍ​បាន​មានប្រសាសន៍​ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​កត្តា​ពីរ​យ៉ាង គឺ​កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង ដែលជា​មូលដ្ឋាន​ចាំបាច់​មិនអាច​ខ្វះ​បាន។ កត្តា​ខាងក្រៅ​គឺ​ត្រូវ​ពឹង​ផ្អែកលើ​ការនាំចេញ ដែលជា​មូលដ្ឋាន​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន និង​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស។ ចំណែក​កត្តា​ខាងក្នុង គឺជា​កត្តា​មិនអាច​ខ្វះ​បាន​ដែល​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​មូលដ្ឋាន​ខ្លួនឯង តាមរយៈ​ការពង្រឹង​ធនធានមនុស្ស និង​បច្ចេកទេស ដើម្បី​ពង្រឹង​នូវ​ធនធានមនុស្ស​តាមរយៈ​ការប្រើប្រាស់​ជំនាញ ហើយ​ទទួលបាន​ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាជន។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ2015-2025 ដើម្បី​ពង្រឹង​មូលដ្ឋាន និង​ពង្រីក​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​ផ្លាស់ប្តូរ​និន្នាការ​ពី​កម្លាំង​ពលកម្ម​សុទ្ធសាធ ទៅប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ជំនាញ​ទើប​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ប្រជាជន​កម្ពុ​ជាមាន​ការរីក​ចម្រើន​កាន់តែ​មាន​ល្បឿនខ្លាំង​ឡើង៕

Advertisement