ពូជស្រូវ​ថ្មី 2ប្រភេទ​នឹង​បង្ហាញ​ទិន្នផល-គុណភាព​ពិតប្រាកដ​នៅ​ចុង​ឆ្នាំនេះ

វិស័យ​កសិកម្ម​របស់​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដែល​ការរីកចម្រើន​នៃ​វិស័យនេះ​បានរួម​ចំណែក​ធ្វើឱ្យមាន​ការរីកចម្រើន​ដល់​សេដ្ឋកិច្ច​ជារួម​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន។ “យើង​មានមោទនភាព​ចំពោះ​វិស័យ​កសិកម្ម​របស់​យើង​ដែល​ក្នុង​ឆ្នាំ 2017 – 2018 នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ដែល​ក្នុងនោះ​លទ្ធផល​ស្រូវ​សរុប​ប្រមាណ 10លាន 5ម៉ឺន 2ពាន់​តោន កើនឡើង 5.7% និង​មាន​អតិរេក​ស្រូវ​ជាង 5លាន 5សែន 6ម៉ឺន​តោន និង​វារីវប្បកម្ម​កើនឡើង​ប្រមាណ20% ធៀប​នឹង​ឆ្នាំមុន ដែល​នេះ​ជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា។ នេះ​ជា​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​លើ​វិស័យ​កសិកម្ម។

ជាមួយនឹង​មោទនភាព​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់  និង​នេសាទ (CADI) បានផ្តល់​នូវ​ពូជស្រូវ​ថ្មី​ដ៏​ល្អ​មួយ​ប្រភេទ​ឈ្មោះ “ផ្កាមាលតី”សម្រាប់​ចែកចាយ​បន្ត​ទៅដល់​កសិករ​ដើម្បី​យកទៅ​ដាំ​សាកល្បង​នៅក្នុង​រដូវវស្សា​ឆ្នាំនេះ​ដើម្បី​ធ្វើការ​ប្រៀបធៀប​ទិន្នផល​ជាមួយ​ពូជស្រូវ​ផ្សេងទៀត​នាពេល​អនាគត។

ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​អះអាងថា មន្ត្រី​ជំនាញ​របស់​ក្រសួង​គ្រោង​នឹង​ចុះទៅ​ផ្សព្វផ្សាយ​ពី​ប្រភេទ​ពូជស្រូវ​ផ្កាមាលតី​នេះ​ជូន​ដល់​ប្រជាកសិករ​នា​ចុងខែ​ឧសភា​នេះ​ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ដាំ​ដុះ និង​អត្ថប្រយោជន៍​ពី​ប្រភេទ​ពូជស្រូវ​ដែល​ទើបនឹង​រកឃើញ​នេះ។

លោក​បណ្ឌិត អ៊ុក ម៉ា​កា​រា ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បានបញ្ជាក់​ឱ្យដឹងថា តាម​គម្រោង​ក្នុង​ឆ្នាំ 2018នេះ ក្រសួងកសិកម្ម​នឹង​ផ្តល់​ពូជស្រូវ​ថ្មី​ប្រភេទ​ផ្កាមាលតី​នេះ​ជូន​កសិករ​សម្រាប់ធ្វើ​កា​រ​ដាំ​ដុះ​សាកល្បង​ចំនួន 50គ្រួសារ​តាមរយៈ​ស្រែ​បង្ហាញ​ជាង 50ហិកតា ប៉ុន្តែ​ប្រសិនបើ​កសិករ​ណា​ចាប់អារម្មណ៍​ចង់​ដាំ​ដុះ​ពូជស្រូវ​ប្រភេទ​ថ្មី​នេះ អាចមក​ទាក់ទង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ឬ​តាម​មន្ទីរ​កសិកម្ម​នៅតាម​បណ្តា​ខេត្ត​នានា​បាន។

លោក​បណ្ឌិត​បាន​បន្តថា ពូជស្រូវ​ផ្កាមាលតី​ដែល​បង្កាត់​បញ្ចូល​គ្នា​រវាង​ស្រូវ​ផ្ការំដួល និង​ខា3 នេះ ជា​ពូជស្រូវ​ក្រអូប​ប្រណីត​ដែល​ធន់​ជា​មធ្យម​នឹង​ភាពរាំងស្ងួត ទឹកជំនន់ និង​ការ​ដួល​ដើម ព្រមទាំងទទួលបាន​បរិមាណ​ទិន្នផល​ខ្ពស់​ពី​ជាង 3តោន ទៅដល់ 6តោន​ក្នុង​មួយ​ហិកតា ទៅតាម​ប្រភេទ​ដី ឬ​ទឹក​គ្រប់គ្រាន់។ លោក​បណ្ឌិត​បាន​ពន្យល់​ថា ពូជស្រូវ​ថ្មី​នេះ​មាន​ក្លិនក្រអូប​ឈ្ងុយ​ដូច​ផ្ការំដួល ហើយ​គ្រាប់​អង្ករ​រលោង​ភ្លឺ​ដែល​គេ​រំពឹងថា នឹង​ទទួលបាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ផងដែរ។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ2017 ក្រុម​អ្នកស្រាវជ្រាវ​កសិកម្ម​បាន​ចាប់ផ្តើម​ធ្វើការ​ពិសោធ​ស្រាវជ្រាវ​ដើម្បី​បន្សុទ្ធ​ពូជស្រូវ​ថ្មី អម្បូរ​ពូជស្រូវ​សែន​ក្រអូប​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស។ ក្រុម​កសិករ​ចំនួន 28សហគមន៍​នៅ​ទូទាំងប្រទេស​បានចាប់ផ្តើម​សាប​ពូជស្រូវ​ថ្មី​នៅលើ​ដីស្រែ​របស់ខ្លួន​ដើម្បី​ពិសោធ​ជាបឋម​នូវ​សែស្រឡាយ​ស្រូវ​សែន​ក្រអូប​ចំនួន 3ពូជ បន្ទាប់ពី​វិទ្យាស្ថាន​ខាងលើ​បាន​សម្រិតសម្រាំង​ជាង 2ឆ្នាំ​រួចមក។ វា​ជា​ប្រភេទ​ស្រូវ​ដែល​មិន​ប្រកាន់​រដូវ​ដាំ​ដុះ​ឡើយ ដោយ​ប្រជាកសិករ​អាចធ្វើ​ការដាំ​ដុះ​បាន2 ទៅ3ដង​ក្នុង 1ឆ្នាំ និង​ទទួលបាន​ទិន្នផល​ខ្ពស់​ចន្លោះ​ពី 5.5 ទៅ 6តោន​ក្នុង 1ហិកតា។ ពូជស្រូវ​សែស្រឡាយ​ថ្មី​សែន​ក្រអូប​នេះ​អាចនឹងទទួល​ផល​នៅ​ចុងឆ្នាំ 2018ខាងមុខ ហើយ​វា​អាចជា​ប្រភេទ​ស្រូវ​ថ្មី​មួយ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ។

នៅ​កម្ពុជា​សព្វថ្ងៃ មានពូជ​ស្រូវសំខាន់ៗដែល​កសិករ​កំពុង​ដាំ​ដុះ​រហូតដល់​ជាង 500ពូជខុសៗគ្នា ប៉ុន្តែ​បច្ចុប្បន្ននេះ​ពូជស្រូវ​ផ្ការំដួល ជា​ប្រភេទ​ពូជ​ដែល​កសិករ​ពេញនិយម​ដាំ​ច្រើនជាងគេ ព្រោះ​វា​មានគុណ​ភាពល្អ ក្រអូប​ឈ្ងុយឆ្ងាញ់ គ្រាប់​រលូន ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ1 ជា​អង្ករ​ល្អ​បំផុត​នៅលើ​ពិភពលោក។ តែ​ជា​អកុសល​ចំណាត់ថ្នាក់​លេខ1 របស់​អង្ករ​កម្ពុជា​បាន​ត្រូវ​បាត់បង់​ដោយ​អ្នកជំនាញ​មិនទាន់​រក​មូលហេតុ​ឃើញ​នៅឡើយ តែ​ជំនួស​មកវិញ​នូវ​ស្រូវពូជថ្មីៗដែល​កំពុងតែ​ស្វែងរក​ការគាំទ្រ និង​ទីផ្សារ។

ដោយឡែក​នៅ​ដើមខែ​ឧសភា​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់​និង​នេសាទ​បានឱ្យដឹងថា កម្ពុជា​មានបំណង​យក​ពូជស្រូវ​មួយ​ប្រភេទ​ទៀត គឺ​ស្រូវ​គ្រាប់​កន្តុល (TropicalJaponica) មក​ដាំ​នៅក្នុង​ប្រទេស ក្រោយពី​បាន​ពិសោធ​ហើយ​ឃើញថា ពូជស្រូវ​ប្រភេទ​នេះ​អំណោយផល​ជាមួយនឹង​ដី និង​អាកាសធាតុ​នៅ​កម្ពុជា។ ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ដាំ​ដំណាំ​ស្រូវ​ប្រភេទ​គ្រាប់​កន្តុល​នៅ​កម្ពុជា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់ថា ពូជស្រូវ​គ្រាប់​កន្តុល​តំបន់​ត្រូ​ពិ​ក (Japonica) នេះ​ត្រូវបានធ្វើ​ការពិសោធ​លើ​ការដាំដុះ​នៅ​ក្នង​ទឹកដី​ខេត្តកំពង់ស្ពឺ​រួចហើយ ឃើញថា​ទទួលបាន​ទិន្នផល​ស្រូវ​ខ្ពស់​ប្រមាណ​ពី 5 ទៅ 6តោន​ក្នុង 1ហិកតា។

លោក​មានប្រសាសន៍ថា គម្រោង​វិនិយោគ​លើ​ដំណាំ​ស្រូវ​មួយ​នេះ មាន​ផែនការ​សហការ​ជាមួយ​កសិករ​ដើម្បី​ដាំ​ដុះ​លើ​ផ្ទៃដី 20ម៉ឺន​ហិកតា​ក្នុង​គោលបំណង​បង្កើន​ទិន្នផល​ស្រូវ​សម្រាប់​ផលិត​អង្ករ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដែលមាន​តម្រូវការ​លើ​អង្ករ​ប្រភេទ​នេះ​ខ្ពស់។ លោក​បាន​បន្តថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពូជស្រូវ និង​កែច្នៃ​អង្ករ​ទំនើប​ហ៊ូ​ណាន ពី​ប្រទេស​ចិន​មាន​គម្រោង​សាងសង់​រោងចក្រ និង​ឃ្លាំង​ស្តុក​ស្រូវ​ដ៏​ទំនើប​មួយ​ដើម្បី​កែច្នៃ​អង្ករ​ប្រកបដោយ​គុណភាព​ខ្ពស់​ស្របតាម​ស្តង់ដារ​អន្តរជាតិ​សម្រាប់​ការនាំចេញ​អង្ករ​ដែល​ផលិត​បាន​ទៅកាន់​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ី។

បើតាម​ការអះអាង​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​បានឱ្យ​ដឹងថា ចំពោះ​ពូជស្រូវ​កន្តុល​មកពី​ចិន​វិញ ខាង​វិទ្យាស្ថាន​យើង​មិន​ធ្លាប់បាន​ធ្វើការ​សាកល្បង​នៅឡើយ តែ​ខាង​វិទ្យាស្ថាន​ធ្លាប់បាន​អះអាង​ពី​ពូជស្រូវ​ផ្កាមាលតី ជា​ពូជ​ដែល​បង្កាត់​ចេញពី​ពូជ​ផ្ការំដួល​ដោយ​ធ្វើឱ្យមាន​ភាព​ធន់​ទ្រាំ​នឹង​ភាព​រីងស្ងួត និង​ដួល​ដើម ហើយ​មាន​គុណភាព​អង្ករ​ល្អ​ដូច​ផ្ការំដួល ដូច្នេះ​ចំពោះ​ទីផ្សារ​វិញ គឺ​ច្បាស់​ជា​មិនមាន​បញ្ហា​ទេ។

ខាង​វិទ្យាស្ថាន​ក៏បាន​ឱ្យដឹង​ដែរ​ថា៖ “ពូជស្រូវ​ផ្កាមាលតី​នេះ មិនទាន់​ចែកចាយ​ជូន​កសិករ​ទេ​ក្នុងឆ្នាំនេះ ព្រោះ​កំពុង​ពង្រីក​គ្រាប់ពូជ​សម្រាប់​ផ្សព្វផ្សាយ​ឆ្នាំក្រោយ ក៏ប៉ុន្តែ​កសិករ​មួយចំនួន​នៅ​ខេត្តតាកែវ ព្រៃវែង និង​ពោធិ៍សាត់​ដែល​សាកល្បង​កាលពី​ឆ្នាំទៅ​គាត់​អាច​ពង្រីក​ការដាំដុះ​បាន។

បើ​យោងតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​កសិកម្ម អង្គការ សេ​ដាក បានឱ្យដឹងថា ចំពោះ​ពូជស្រូវ​កន្តុល (TropicalJaponica) នេះ ជា​ពូជ​ត្រូវការ​ត្រជាក់ ជា​ពូជ​ស្រូវស្រាល​ដែល​អាច​ទទួលបាន​ទិន្នផល​ពី 7-8តោន​ក្នុង1ហិកតា។ ការនាំមក​កម្ពុជា​គឺ គេ​ចង់បាន​ការពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ក្នុង​តំបន់។ សេ​ដាក ក៏​ធ្លាប់​បានដឹង​ពី​ការសាកល្បង​ពូជស្រូវ​កន្តុល​នេះ​នៅ​ខេត្តបាត់ដំបង​ដែរ តែ​កាលនោះ​មិន​ទទួលបាន​ទិន្នផល​ខ្ពស់​ទេ គឺ​បានត្រឹមតែ3 ទៅ 3,5ប៉ុណ្ណោះ​ក្នុង 1ហិកតា។

លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ សេ​ដាក បាន​មានប្រសាសន៍​ឱ្យដឹងថា ប្រសិនបើ​ពូជស្រូវ​ថ្មី​គឺ​ពូជស្រូវ​ផ្កាមាលតី និង​ពូជស្រូវ​កន្តុល​ទាំងពីរ​នេះ​ប្រជែង​គ្នា​ក្នុង​ទីផ្សារ លោក​យល់ថា ការដណ្តើម​ទីផ្សារ​គេ​ត្រូវ​ការមើល​ទៅលើ​ខ្នាត ទំហំ ក្លិន រសជាតិ​ហើយ​ពូជ​ទាំងពីរ​នេះ​ជា​ពូជ​ថ្មី ត្រូវការ​បង្ហាញ​ឱ្យ​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​ឱ្យគេ​បាន​ស្គាល់​សិន។

ចំពោះ​ពូជស្រូវ​ផ្កាមាលតី​ត្រូវ​ការឱ្យ​មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​ស្គាល់​ពី​គុណភាព​សិន​ថា តើ​អាច​មានគុណ​តម្លៃ​ដូច​ប្រភេទ​ស្រូវ​ល្បីចាស់ៗ ដូចជា​ផ្កាម្លិះ រំដួល រំដេង​ដែរឬទេ? ព្រោះ​ពូជ​ទាំងនោះ​ពុំទាន់​ដណ្តើម​ទីផ្សារ​បាន​នៅឡើយ។

លោក​ពន្យល់ថា បើ​ប្រៀបធៀប​ទៅ រសជាតិ​នៃ​អង្ករ​របស់​ពូជ​ស្រូវពូជ​ទាំងពីរ​នេះ ខុសគ្នា​តែ​បន្តិច​ទេ ដោយ​ផ្កាមាលតី​មាន​ភាព​រឹង​ជាង ខុសពី​ពូជស្រូវ​កន្តុល​ដែលមាន​ភាព​ទន់​ជាង តែបើ​ដាក់លក់​ក្នុង​ទីផ្សារ​ពូជស្រូវ​កន្តុល​អាច​ថ្លៃ​ជាង ព្រោះ​ទាក់ទង​ទៅនឹង​ការផលិត ដោយសារ​សីតុណ្ហភាព​មិន​អាច​ដូច​ពូជ​ក្នុងស្រុក​ទេ។ ម្យ៉ាង​ការផលិត​មានតម្លៃ​ថ្លៃ ទិន្នផល​វិញ​ក៏​មិនទាន់​ខ្ពស់់។ លោក​បន្តថា សូម្បីតែ​ម៉ាស៊ីនកិនស្រូវ​ក៏​គេ​មាន​លក្ខណៈផ្សេង​ដោយឡែក​ដែរ មិនអាច​ប្រើ​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​បានទេ។

ដូច្នេះ​បើ​ចំណាយ​ក្នុង​ការផលិត​ខ្ពស់ តម្លៃ​លក់​ក៏​ខ្ពស់​ដែរ។ តែបើ​គេ​ដាំ​ពូជស្រូវ​កន្តុល​នេះ​បាន​ក្នុង​ទិន្នផល​ល្អ វេច​ខ្ចប់​ក្នុង​លក្ខណៈ​មួយ​ដែល​តម្រូវ​តាម​ផ្សារ​ទំនើប មិនមែន​ទីផ្សារ​សាមញ្ញ​នោះ គេ​អាច​នាំ​ចេញទៅ​ប្រទេសជិតខាង​ក្នុង​តំបន់​បាន៕

Advertisement