តើ​គួរធ្វើ​យ៉ាងណា​ដើម្បី​កុំឱ្យ​កម្ចីឥណទាន​របស់​អ្នក​ត្រូវបាន​បដិសេធ?

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​គួរ​កត់​សម្គាល់ ខណៈ​ដែល​តម្រូវការ​ប្រាក់​កម្ចី​សម្រាប់​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​សម្រាប់​ដំណើរការ​អាជីវកម្ម​មាន​ការ​កើន​ឡើង​ជា​លំដាប់។ តែ​ទោះ​បី​យ៉ាងណា​ការ​ដាក់​ពាក្យ​ដើម្បី​ស្នើ​សុំ​កម្ចី​មិន​សុទ្ធ​តែ​ទទួល​បាន​ការ​អនុម័ត​ទាំង​អស់​នោះ​ទេ ព្រោះ​សំណើ​មួយ​ចំនួន​ខ្វះ​ឯកសារ​ និងបញ្ហា​មួយ​ចំនួន​ទៀត។ ​ដើម្បី​ស្វែង​យល់​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​សំណើ​ឥណទាន​ត្រូវ​បាន​បដិសេធ និង​គន្លឹះ​ដើម្បី​ឱ្យ​សំណើ​សុំ​ឥណទាន​របស់​អ្នក​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​ធនាគារ អ្នក​យក​ព័ត៌មាន​នៃ​កាសែត ​ឡារ៉ែន ពាណិជ្ជ ​បាន​ជួប​សម្ភាស​ជាមួយ​លោក ហុង ជៀប នាយក​គ្រប់គ្រង​ហានិភ័យ​នៃ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដើម្បី​លម្អិត​អំពី​កិច្ចការ​នេះ។

តើ​អតិថិជន​ត្រូវបំពេញ​លក្ខខណ្ឌអ្វីខ្លះ ដើម្បី​អាច​ស្នើសុំ​ឥណទាន​ពី​ធនាគារ CIMB? ទាំង​សំណើ​ឥណទាន​បុគ្គល ​និង​ឥណទាន​អាជីវកម្ម​គឺ​មាន​លក្ខខណ្ឌ​ដូចគ្នា។ អតិថិជន​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​ត្រូវ​តែ​ជា​ជនជាតិ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី​18​ឆ្នាំ ដល់ ​65​ឆ្នាំ ហើយ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​ក៏​បាន ឬ​​ជា​លក្ខណៈ​រួមគ្នា​ក៏បាន។

មុន​នឹង​សម្រេច​អនុម័ត ​និង​បដិសេធ​សំណើ​ឥណទាន​របស់​អតិថិជន តើ​ធនាគារ​សិក្សា​លើក​ត្តាសំខាន់ៗ​អ្វី​ខ្លះ? សម្រាប់​សំណើ​ឥណទាន​បុគ្គល ឯកសារ​ និង​លក្ខណៈ​មិនសូវ​ច្រើន​ដូច​ឥណទាន​អាជីវកម្ម​ឡើយប៉ុន្តែ​សម្រាប់​ការ​សិក្សា​គឺ​មិន​ជា​ខុសគ្នា​ប៉ុន្មាន​ឡើយ។ ក្នុងនោះ​ធនាគារ​នឹង​សិក្សា​លើ​ចំណុច​ចម្បងៗ​រួម​មាន ទី1 ​ប្រភព​ចំណូល​របស់​អតិថិ​ជន តើ​ប្រភព​ចំណូល​អាច​ទូទាត់​សង​ទៅ​ធនាគារ​វិញបាន​ដែរ ឬទេ? ហើយ​វា​មាន​និរន្តរភាព​ដែរ ឬទេ? សម្រាប់​ឥណទាន​ជា​លក្ខណៈ​បុគ្គល​ជា​ទូទៅ​ធនាគារ​តម្រូវ​ឱ្យ​មាន​ទំហំ​ចំណូល​យ៉ាងតិច​ 2ដង​នៃ​ចំនួន​ទឹកប្រាក់​ដែល​អតិថិជន​ត្រូវ​សង​ទៅ​ធនាគារ​វិញ។ ចំណែក​ឥណទាន​អាជីវកម្ម​វិញ អតិថិជន​ត្រូវមាន​ចំណូល​យ៉ាងតិច​ 1.3ដង ឬ​1.5ដង។ មិន​តែ​ប៉ុណ្ណោះ​បើ​ប្រភព​ចំណូល​មាន​រយៈពេល​ខ្លី ហើយ​ឥណទាន​មាន​រយៈ​វែង​ វា​មិន​ទូទាត់​គ្នា​ឡើយ ដូច្នេះ​ធនាគារ​នឹង​ពិនិត្យថា​ ទំហំ​ប្រភព​ចំណូល និង​រយៈពេល​នៃ​ចំណូល​មាន​និរន្ត​ន៍​ភាព និង​រីកចម្រើន​ទៅមុខ​ដែរ ឬទេ នោះ​ធនាគារ​អាច​ផ្ដល់​ឥណទាន​ជូន​បាន។ ទី2. គឺ​គោល​បំណង​នៃ​ឥណទាន​ត្រូវ​ស្របច្បាប់​ដែល​ជួយ​ដល់​អតិថិជន​ខ្លួន និង​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​។ មិន​តែ​ប៉ុណ្ណោះ​អតិថិជន​ត្រូវ​ប្រើប្រាស់​ឥណទាន ដែល​ធនាគារ​បាន​អនុម័ត​ឱ្យ​ស្រប​តាម​គោលដៅ និង​គោល​បំណង ដែល​បាន​ស្នើសុំ​ដំបូង​ព្រោះ​ធនាគារ​អាច​ប្រាកដថា ឥណទាន​ដែល​ផ្តល់ឱ្យ​អតិថិជន​នោះ​នឹង​ជួយ​ឱ្យ​ពួកគេ​រីកចម្រើន​ទៅលើ​អាជីវកម្ម និង​ជីវិត​​។ ទី3. គឺ​ទ្រព្យ​ធានា​សម្រាប់​ការស្នើសុំ​ឥណទាន​ដែល​អាច​ចាត់ជា​ទ្រព្យ​ធានាបាន​មានដូចជា​គេហដ្ឋាន ដី គណនី​មាន​កាល​កំណត់ រួមទាំង​អចលនទ្រព្យ​ផ្សេងទៀត​។ ជាគោលការ​សម្រាប់​អចលនទ្រព្យ រួមមាន​គេហដ្ឋាន និង​ដី​ជាដើម ធនាគារ CIMB ទទួល​តែ​ប្លង់រឹង​ប៉ុណ្ណោះ។ ការកំណត់​នេះ​គឺ​ដើម្បី​បញ្ចៀស​ហានិភ័យ​នានា
ហើយ​ធនាគារ​អាច​ផ្តល់នូវ​អត្រា​ការប្រាក់​ដ៏​សមរម្យ​មួយ​សម្រាប់​អតិថិជន​ផងដែរ។

តើ​ធនាគារ CIMB ចំណាយ​រយៈពេល​ប៉ុន្មាន​ក្នុងការ​សិក្សា និង​អនុម័ត​សំណើ​ឥណទាន​របស់​អតិថិជន? តាមពិតទៅ​រយៈពេល​នៃ​ការសិក្សា​ទៅលើ​ឥណទាននីមួយៗ​គឺ​វា​អាស្រ័យ​ទៅតាម​តថភាព​ជាក់ស្តែង ព្រោះ​ករណី​ខ្លះ​​ងាយស្រួល​សិក្សា ​ហើយ​ខ្លះទៀត​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សិក្សា​លម្អិត។ ជាទូទៅ​បើសិនជា​សំណើ​ឥណទាន ដែល​យក​ប្រាក់​បៀវត្ស​ការងារ ​ឬ​ថ្លៃ​ផ្ទះជួល​មក​សិក្សា​វា​អាច​ចំណាយពេល​ប្រមាណ 2សប្តាហ៍ ប៉ុន្តែ​បើសិន​បើ​យក​ចំណូល​ពី​អាជីវ​កម្ម​​មក​សិក្សា​ វា​ត្រូវ​ចំណាយ​ពេលវេលា​សិក្សា និង​ស្វែងយល់​យូរ​បន្តិច​ដែល​លើសពី 2សប្តាហ៍។ យ៉ាងណាមិញ​ពេលវេលា​សិក្សា​នេះ​គឺ​ដើម្បី​ប្រាកដថា​រាល់​ឥណទាន​ដែល​ធនាគារ​អនុម័ត​ឱ្យ​អតិថិជន គឺ​សុទ្ធតែ​អាចជួយ​ឱ្យ​អតិថិជន​រីកចម្រើន និង​មិន​មាន​ឥណទាន​មិន​ដំណើរការ ​ឬ​ឥណទាន​ខូច។

តើ​មាន​ផលប្រយោជន៍​អ្វី​ដែល​ធនាគារ CIMB ត្រូវ​គ្រប់គ្រង​មិន​ឱ្យមាន​ឥណទាន​មិន​ដំណើរការ ឬ​ឥណទាន​ខូច? នៅ​ពេល​ឥណទាន​ខូច វា​មិន​មែន​ប៉ះពាល់​ដល់​ធនាគារ​តែ​ប៉ុណ្ណោះ​ទេ តែ​អតិថិជន​ក៏​នឹង​ជួប​ការលំបាក ហើយ​បរា​ជ័យ​ក្នុងការ​ស្វែងរក​ភាព​រីកចម្រើន​ផងដែរ។ ជាក់ស្ដែង​ធនាគារ​បាន​ការ​ប្រាក់​នៅពេល​ឥណទាន​អត់​ខូច ប៉ុន្តែ​អ្វីដែល​ល្អ​ជាង​នោះ​ទៀត គឺ​អតិថិជន​បាន​ក្រេឌីត ឬ​ពិន្ទុ​ល្អ​សម្រាប់​ខ្លួនឯង ហើយ​ពួក​គេ​ក៏​មាន​ការអភិវឌ្ឍ​ទៅមុខ​ផង​ដែរ។ ថ្ងៃ​ក្រោយ​ទៅ អតិថិជន​ត្រូវ​ការ​ឥណទាន​ច្រើន​ជាង​នេះ នឹង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតិថិជន​ល្អ ដូច្នេះ​ពួកគេ​ងាយ​នឹងត្រូវ​ផ្តល់​ឥណទាន​ឱ្យ​បន្ថែមទៀត។ យើង​មិន​ចង់បាន​ភាព​រីក​ចម្រើន​តែ​ខ្លួនឯង​ទេ គឺ​យើង​ចង់​ឱ្យ​ធនាគារ​ចំណេញ​ផង និង​អតិថិជន​ជោគ​ជ័យ​ដូច​គ្នា​។ ធនាគារ CIMB មាន​ឥណទាន​ខូច​ក្នុង​កម្រិត​ទាប​បំផុត ដោយ​ក្នុង​ឆ្នាំ2016 គឺមាន​ប្រមាណ​ជិត​ 0.2%​ប៉ុណ្ណោះ។ ធនាគារ​អាច​គ្រប់​គ្រង​មិន​ឱ្យ​មាន​កម្ចីខូច​ច្រើន ព្រោះ​យើង​មាន​ការប្រាស្រ័យ​ទាក់ទង​ល្អ និង​ជាប់រ​ហូត​ជាមួយ​អតិថិជន​ចាប់​តាំងពី​មុន​អនុម័ត​លើ​សំណើសុំ​ឥណទាន និង​ក្រោយ​អនុម័ត។

ក្នុងនាម​លោក​ជា​អ្នក​នៅក្នុង​វិស័យ​ធនាគារ តើ​លោក​មាន​ជា​មតិ​ផ្តាំផ្ញើ ឬ​អនុសាសន៍​អ្វីខ្លះ​ដល់​សាធារណជន? ជាការ​ពិតណាស់​ដើម្បី​សម្រេចបាន​ជោគជ័យ​យូរអង្វែង​យើង​តែងតែ​ត្រូវការ​ដៃគូ​សហការ​​ដែល​អាច​ជឿជាក់​បាន។ ដោយ​សារ​ធនាគារ​នីមួយៗ​អាច​មាន​សេវាកម្ម និង​ផលិតផល​ខុសគ្នា កេរ្តិ៍ឈ្មោះ​ខុសគ្នា ចំនួន​សាខា​ខុសគ្នា និង​អត្រា​ការ​ប្រាក់​ខុសគ្នា អតិថិជន​មិន​គួរ​ផ្ដោត​តែ​ទៅ​លើ​ចំណុច​ណា​មួយ​ជាក់​លាក់​នោះទេ ដូច​ជា​គិត​តែ​លើ​អត្រា​ការប្រាក់​ទាប និង​ដំណើរ​ការ​ឯកសារ​លឿន​ជាដើម។ ខ្ញុំ​គិតថា នេះ​ជា​ចំណុច​មួយ​សម្រាប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អតិថិជន​គួរតែ​ស្វែងរក​ធនាគារ​ដៃគូ​ណា​ដែល​អាចធ្វើការ​ជាមួយ​គាត់ និង​ធ្វើឱ្យ​គាត់​រីកចម្រើន​យូរអង្វែង​ជាមួយនឹង​ការប្រាក់​ល្អ រួមទាំង​អត្ថ​ប្រយោជន៍​​ដ៏​សម្បូរបែប​ផងដែរ៕

Advertisement