ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​កម្ចី 60លាន​ដុល្លារ​ដើម្បី​ជួយ​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា

ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ជាមួយនឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន និង​ទ្វីបអាស៊ី ការអភិវឌ្ឍ​ធនធានមនុស្ស​គឺជា​ចំណុច​ស្នូល​មួយ​ដែល​កម្ពុជា​ត្រូវតែ​យកចិត្តទុកដាក់ ព្រោះ​វា​ជា​ផ្នែកមួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ដល់​ផ្នែក​នានា​លើ​គ្រប់​វិស័យ​ឱ្យមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង​ឡើង។

នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់​ប្រាក់កម្ចី​ប្រមាណ 60លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យមាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ចាប់ពី​ឆ្នាំ2019 ដល់​ឆ្នាំ2024ខាងមុខ។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អុ​ិ​ត សំហេង បាន​លើកឡើងថា ប្រាក់កម្ចី​នេះ​នឹង​ជំរុញ​បន្ថែម​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​គម្រោង​ផ្សេងទៀត​ដែល​នៅសល់​រហូតដល់​ឆ្នាំ 2024។

ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​រៀបចំ​ឱ្យមាន​គម្រោង​មួយទៀត​ដើម្បី​អភិវឌ្ឍ​ជំនាញ​សម្រាប់​ការប្រកួតប្រជែង ដែល​គម្រោង​នេះ​នឹង​ចាប់​ផ្ដើមធ្វើ​ពី​ឆ្នាំ2019 ដល់​ឆ្នាំ2024 ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 60លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​រៀបចំ​អភិវឌ្ឍ​គោលនយោបាយ​ជាតិ​ស្តីពី​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ឧស្សាហកម្ម និង​គោលនយោបាយ​ស្តីពី​ការអប់រំ បណ្តុះបណ្តាល។ ឯកឧត្ដម​បាន​សង្កត់​ធ្ងន់​ថា គម្រោង​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់។

ឯកឧត្តម បាន​បន្ថែមថា៖ “តាមរយៈ​គម្រោង​នៃ​ភាពជា​ដៃគូ​នេះ វា​នឹង​បង្កើតឱ្យមាន​ភាពជិតស្និទ្ធ​បន្ថែមទៀត​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​វិស័យ​ឯកជន ដើម្បី​បង្កើន​ចំណេះដឹង​ក៏ដូចជា​ជំនាញ​បច្ចេកទេស​បន្ថែមទៀត​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា។

បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី គម្រោង​ទាំងអស់នេះ​នឹង​បង្កើតឱ្យមាន​ឱកាស​យ៉ាង​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ហេតុនេះ​កម្ពុជា​ចាំបាច់​ណាស់ត្រូវតែ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដល់​កម្លាំង​ពលកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វី​ដែលជា​ទិសដៅ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នាពេលខាងមុខ៕

Advertisement