(វីដេអូ)-សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ខ្សែកាប​ធ្នឹម​ដែក​ធំ​បំផុត​ក្នុង​ពិភពលោក

ប្រទេស​ចិន កាលពី​ថ្ងៃទី ២៤ មករា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ខ្សែកាប​ធ្នឹម​ដែក​ប្រវែង​ជិត ១,៤០០ ម៉ែត្រ ដែលមាន​ផ្លូវ​សម្រាប់​រថភ្លើង និង​ផ្លូវ​សម្រាប់​យានយន្ត ឆ្លងកាត់​ទន្លេ Yangtze នៅក្នុង​ទីក្រុង Chongqing ភាគ​និរតី​ប្រទេស​នេះ។

គម្រោង​ស្ពាន Baijusi ឆ្លងទន្លេ Yangtze ត្រូវបាន​ដាក់ឱ្យ​ធ្វើចរាច​រណ៍​កាលពី​ថ្ងៃទី ២៤ មករា។ នៅមុន​នោះ ១ ថ្ងៃ ប្រជាជន​នៅក្នុង​តំបន់ ត្រូវបាន​អនុញ្ញាត​ឱ្យមក​កម្សាន្ត​លើ​ស្ពាន​តាមចិត្ត។ នៅក្នុង​វប្បធម៌​ចិន ការដើរ​ដោយ​ថ្នើ​រ​ជើង​ឆ្លងកាត់​ស្ពាន​ត្រូវបាន​គេ​ជឿថា​នឹង​នាំមក​នូវ​សំណាងល្អ​ដល់​សំណង់​ថ្មី។

ដោយមាន​ប្រវែង​សរុប ១,៣៨៤ ម៉ែត្រ Baijusi គឺជា​ស្ពាន​ខ្សែកាប​ធ្នឹម​ដែក​ធំ​បំផុត​ក្នុង​ពិភពលោក ដោយមាន​ទាំង​ផ្លូវ​សម្រាប់​រថភ្លើង និង​ផ្លូវ​សម្រាប់​យានយន្ត​នានា ក្នុងនោះ ជាន់​ខាងលើ​គឺជា​ផ្លូវ​ល្បឿន​លឿន ២ ទិស, ៨ គន្លង ដែលមាន​ទទឹង ៣៨ ម៉ែត្រ ខណៈដែល​ជាន់​ក្រោម​គឺជា​ផ្លូវដែក Chongqing លេខ ១៨ សម្រាប់​រថភ្លើង។

ស្ពាន​ដែល​ត​ភ្ជាប់​តំបន់ Taiyanggang ក្នុង​ខណ្ឌ Banan ជាមួយនឹង​តំបន់ Chengjiang ក្នុង​ខណ្ឌ Dadukou នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង​ខណ្ឌ​ទាំង ២ មក​នៅត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ។ មិន​ត្រឹម​តែមាន​តួនាទី​ជា​តំណ​ភ្ជាប់​ចរាចរណ៍​ទេ ប៉ុន្តែ ស្ពាន Baijusi នេះ​ក៏​ថែមទាំង​ក្លាយជា​ទិដ្ឋភាព​ថ្មី និង​ជាទី​គយគន់​ទេសភាព​របស់​ទីក្រុង​ផងដែរ៕

Advertisement