ប្រតិបត្តិ​ករ​ឥណទាន​ជាច្រើន​ស្ថិត​នៅក្រៅ CBC នៅឡើយ

បច្ចុប្បន្ន​ការិយាល័យ​ឥណទាន​កម្ពុជា(CBC)មាន​សមាជិក​សរុប​ចំនួន 149ស្ថាប័ន​ដែល​រួមមាន​ធនាគារពាណិជ្ជ​ចំនួន 53ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន 75 ស្ថាប័ន​ក្រុមហ៊ុន​ភតិសន្យា (Leasing Company)ចំនួន 11ស្ថាប័ន  និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មាន​ចំនួន 10ស្ថាប័ន​ដោយឡែក​ប្រតិ​ប​តិ្ត​ករ​ឥណទាន​ជនបទ​ជាង 300ស្ថាប័ន​ផ្សេងទៀត​នៅ​មិនទាន់​ចូល​ជា​សមាជិក​នៅឡើយ។

លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​មានប្រសាសន៍ថា សមាជិក CBC ទាំងអស់​គឺ​សុទ្ធតែ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ឥណទាន​នៅ​កម្ពុជា ហើយ​នៅពេល​ស្ថាប័ន​ទាំងនោះ​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ គឺ​ត្រូវបាន​គេដាក់បញ្ចូល​ជា​សមាជិក​នៃ​ការិយាល័យ​ឥណទាន​ដោយ​ស្វ័យប្រវត្តិ។

លោក​បន្តថា នៅពេល​ចូល​ជា​សមាជិក​នៃ​ការិយាល័យ​ឥណទាន ស្ថាប័ន​ទាំងនោះ​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដែលមាន​ដូចជា ទទួលបាន​ព័ត៌មាន​ពិត ច្បាស់លាស់ និង​ទុកចិត្តបាន​ដោយសារ​អ្នក​ដែល​ផ្តល់​ទិន្នន័យ​មក​ការិយាល័យ​ឥណទាន គឺជា​ស្ថាប័ន​ផ្លូវការ​ដែលជា​សមាជិករ​បស់ CBC។

ម្យ៉ាងទៀត CBC មាន​បុគ្គលិក​ពោរពេញ​ដោយ​សមត្ថភាព​ក្នុងការ​បញ្ចូល​ទិន្នន័យ​ទៅក្នុង​ប្រព័ន្ធ​ដោយ​សុក្រឹត​ធ្វើឱ្យ​សមាជិក​អាច​ដឹង​ពី​ប្រវត្តិ​ឥណទាន​របស់​អតិថិជនម្នាក់ៗដែលជា​ប្រយោជន៍​ធ្វើឱ្យពួកគេ​ស្គាល់​អតិថិជន​ទាំង​នោះបាន​កាន់តែច្បាស់។

លោក​បញ្ជាក់​ដូច្នេះ​ថា “ក្នុង​វិស័យ​ឥណទាន សំខាន់​គឺ​ការ​ស្គាល់​អតិថិជន នៅពេល​ស្គាល់​គាត់ នឹង​ដឹង​ពី​ប្រវត្តិ​អតិថិជន​ថា​យ៉ាងដូចម្តេច។ ចំណុច​ទាំងអស់នេះ​ការិយាល័យ​ឥណទាន​អាច​ផ្តល់ជូនបាន​ដោយសារ​ការិយាល័យ​ឥណទាន​មាន​ព័ត៌មាន​ទាំងអស់នេះ មាន​ទិន្នន័យ​ទៅលើ​អតិថិជនម្នាក់ៗថា តើ​អតិថិជន​ទាំងនោះ​ធ្លាប់​ប្រើប្រាស់​ឥណទាន​ឬទេ?

បើសិន​ធ្លាប់ប្រើ តើ​ប្រើ​នៅទីណា​ខ្លះ? ការបង់​សង​ទៀងទាត់ ឬ​មិន​ទៀងទាត់​យ៉ាងណា? ដែល​ព័ត៌មាន​ទាំងអស់នេះ​អាចជួយ​សម្រួល​ក្នុងការ​សម្រេចចិត្ត​ផ្ដល់​ឥណទាន​បាន។

ទិន្នន័យ​ទាំងនេះ​នឹង​ជួយ​ដល់​ការសម្រេចចិត្ត​ផ្ដល់​ឥណទាន​ប្រកបដោយ​ការទទួលខុសត្រូវ​ព្រោះថា បញ្ហាសំខាន់​នៅពេលដែល​ភ្នាក់ងារឥណទាន​ដឹង​ពីព័ត៌មាន​អតិថិជន​ហើយ​ពួកគាត់​អាច​សម្រេច​ចិត្តបាន​ថា គួរផ្តល់​កម្ចី​ឱ្យ​ឬទេ? ឬ​យើង​អាច​សម្រេចចិត្ត​ផ្តល់​កម្ចី​ដោយ​ផ្អែកលើ​គោលការណ៍​កណ្តាល​មួយ។

ឧទាហរណ៍​បើសិន​អតិថិជន​មាន​ហានិភ័យ​ខ្ពស់​ធ្លាប់​ទទួលបាន​កម្ចី​តែ​សង​វិញ​យឺត ឬ​លំបាក ភ្នាក់ងារឥណទាន​អាច​សម្រេច​ផ្តល់ឱ្យ​ក្នុង​កម្រិត​ទាប​ជាង​មុន​បន្តិច ហើយ​ការប្រាក់​ក៏​ខ្ពស់ជាង​មុនបន្តិច​ដែរ តែបើ​អតិថិជន​មាន​ហានិភ័យ​ទាប​មាន​ប្រវត្តិ​ល្អ ភ្នាក់ងារឥណទាន​អាច​ផ្តល់​កម្ចី​កាន់តែ​ខ្ពស់​តែ​ការប្រាក់​ទាប​ជាង​មុន​បន្តិច​វិញ។ ចំណុច​មួយទៀត​ទិន្នន័យ​នេះ​អាចជួយ​ព​ន្លឿ​ន​ពេលវេលា​ក្នុងការ​សម្រេចចិត្ត ផ្តល់​ឥណទាន។

ដូច​យើង​ធ្លាប់​ដឹង​ហើយ​ថា ដើមឡើយ​នៅពេល​អតិថិជន​ម្នាក់​គាត់​ចង់​ខ្ចី​ឥណទាន​គឺ​គាត់​ទូរស័ព្ទ​មក​មន្ត្រី​ឥណទាន​ហើយ​មន្ត្រី​ឥណទាន​តែង​ជិះ​ម៉ូតូ​ទៅដល់​ផ្ទះ​សួរនាំ​អំពី​គោលបំណង​កម្ចី និងប្រវត្តិផ្សេងៗដូចជា​ធ្លាប់​ខ្ចី​ឥណទាន​ពីមុនមក​ឬ​អត់? ធ្លាប់ប្រើ​ប្រាស់​ឥណទាន​ផ្សេង​ណា​ឬ​អត់? ជួនកាល​អតិថិជន​ឆ្លើយ​ពិត ជួនកាល​ឆ្លើយ​មិន​ពិត​រួច​ភ្នាក់ងារឥណទាន​ទៅ​សួរ​អ្នកជិតខាង ហើយ​បន្ត​សួរ​ទៅ​មេឃុំ/ចៅសង្កាត់ ពេល​ទទួលបាន​ចម្លើយ​ហើយ ចម្លើយ​នោះ​អាច​ពិត និង​មិន​ពិត​ដូចគ្នា ហើយ​មកទល់​ពេលបច្ចុប្បន្ន សំនួរ​នេះ​នៅតែ​ត្រូវបាន​សួរ​ដដែល។ ប៉ុន្តែ​ពេលដែល​ភ្នាក់ងារឥណទាន​ដែលជា​សមាជិក CBC មកដល់​ការិយាល័យ​វិញ គាត់​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​អតិថិជន​មក​វាយ​ឈ្មោះ​ចូលក្នុង​ប្រព័ន្ធ​ភ្លាម​គាត់​នឹង​ទទួលបានព័ត៌មាន​ដែល​អាចធ្វើឱ្យ​គាត់​សម្រេច​ចិត្តបាន​កាន់តែ​លឿន និង​មាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់។

យ៉ាងណា មកទល់​បច្ចុប្បន្ន​គេ​សង្កេតឃើញថា ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ប្រមាណ​ជាង300 ស្ថាប័ន​នៅ​មិនទាន់​ចូល​ជា​សមាជិក​ការិយាល័យ​ឥណទាន​កម្ពុជា(CBC)នេះ​ទេ ដោយសារ​ពួកគាត់​នៅ​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ពេញលេញ​ពី​ធនាគារជាតិ។

លោក សុធា​រ័ត្ន បាន​បញ្ជាក់ថា នៅក្នុង​ប្រព័ន្ធ​ធនាគារជាតិ គឺ​គ្របដណ្តប់​ទៅលើ​តែ​ធនាគារពាណិជ្ជ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​មួយផ្នែក​ទៀត​ដែលជា​ស្ថាប័ន​ឥណទាន​ជនបទ​ដែល​កន្លងមក​បាន​ដើរតួ​ជា​អង្គការ​ផ្តល់​កម្ចី​ឥណទាន។ ពួកគេ​បានទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួងមហាផ្ទៃ។ ហើយ​ដើម្បី​សម្រួល​បញ្ហា​នេះ កាលពី​ឆ្នាំ2015កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​បញ្ជាក់ថា អង្គការ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ឥណទាន​នៅ​កម្ពុជា គឺ​ខុសច្បាប់ ដោយសារ​មិនមាន​ការទទួលស្គាល់​ពី​ធនាគារជាតិ​ដែល​តម្រូវឱ្យ​ពួកគេ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​បន្ថែមទៀត។

ពេលនោះ​ដែរ ស្ថាប័ន​មួយចំនួន​បាន​បញ្ឈប់​ប្រតិបត្តិការ​របស់ខ្លួន ហើយ​ស្ថាប័ន​ចំនួន​ជាង 300ផ្សេងទៀត​បន្ត​ទៅសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ ប៉ុន្តែ​អង្គការ​ជាស្ថាប័ន​ឥណទាន​ប្រភេទ​ថ្មី​នេះ ធនាគារជាតិ​នៅ​មិនទាន់​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យនៅ​ឡើយ គឺ​បានត្រឹមតែ​ទទួលស្គាល់​ជា​បណ្តោះអាសន្ន​សិន​ប៉ុណ្ណោះ។ ទោះជា​ដូច្នេះ​ក្ដី​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន10 ក្នុងចំណោម​ជាង 300នោះបាន​ចូល​ជា​សមាជិក​របស់​CBC រួចហើយ។

ដើម្បី​ទទួលបាន​ព័ត៌មាន​របស់​អតិថិជន​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ទំនុកចិត្ត លោក​អំពាវនាវ​ឱ្យ​ស្ថាប័ន​ឥណទាន​ជនបទ​ទាំងនោះ​ចូល​ជា​សមាជិក CBC ដើម្បី​ពង្រឹង​ប្រតិបត្តិការ​ឥណទាន​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ដោយសារ​ក្នុង​ប្រព័ន្ធ CBCមាន​ប្រវត្តិ​អតិថិជន​ដែល​ធ្លាប់ប្រើ​ឥណទាន​ជិត 5លាន​នាក់​មកទល់​បច្ចុប្បន្ន ប៉ុន្តែ​អ្នក​ដែល​កំពុងប្រើប្រាស់​មាន​ចំនួន​តែ​ជិត3លាន​នាក់​ប៉ុណ្ណោះ​ខណៈ​ជាង2លាន​នាក់​ទៀត​ឈប់​ប្រើប្រាស់​កម្ចី​ឥណទាន​ទៅហើយ។

ពាក់ព័ន្ធ​ករណីនេះ​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត​បានឱ្យដឹងថា បើទោះបីជា​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​មួយចំនួន​មិនបាន​ចូល​ជា​សមាជិក​របស់ CBCក្ដី ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ​មិន​ប្រឈម​ហានិភ័យ​ខ្លាំង​នោះទេ។

លោក​ថា ទិន្នន័យ​បាន​ពី​ការិយាល័យ​CBC គឺជា​ផ្នែក​មួយ​សម្រាប់​ការវិភាគ​ទៅលើ​ស្ថានភាព​ទូទៅ​របស់​វិស័យ​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ប៉ុន្តែ​ដល់ពេល​ផ្តល់​កម្ចី​ជាក់ស្តែង​គ្រឹះស្ថាននីមួយៗនៅតែ​ត្រូវការ​មូលដ្ឋាន​របស់ខ្លួន​ឯង​សម្រាប់​វាយតម្លៃ​ដដែល មុន​ការទម្លាក់​កម្ចី​ដល់​អ្នកស្នើសុំ​កម្ចី “ខ្ញុំ​យល់ថា វា​គ្មានហានិភ័យ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ទេ ស្រប​ពេលដែល​ប្រតិបត្តិ​ករ​ខ្លះ​នៅក្រៅ​ការិយាល័យ​ឥណទាន​កម្ពុជា​ព្រោះ​ទិន្នន័យ​នោះ​ជា​ផ្នែក​មួយ​សម្រាប់​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ ឬក៏​ជា​ទិន្នន័យ​បន្ទាប់បន្សំ ហើយ​ក្រុមហ៊ុន​ប្រតិបត្តិ​ករនីមួយៗមាន​មូលដ្ឋាន​ចុះ​វាយតម្លៃ​ផ្ទាល់ខ្លួន​ដែលមាន​ភាពច្បាស់លាស់ និង​គ្រប់គ្រង​ហានិភ័យ​បាន​ស្រាប់​ទៅហើយ។

យោងតាម​ទិន្នន័យ​របស់​ធនាគារជាតិ​បាន​បង្ហាញថា មកទល់​បច្ចុប្បន្ន​មាន​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​រហូតដល់ 312ស្ថាប័ន មិនមែនជា​សមាជិករ​បស់​ការិយាល័យ​ឥណទាន​កម្ពុជា​ដែលជា​ក្រុមហ៊ុន​កណ្តាល​មួយ​សម្រាប់​ចែករំលែក​ព័ត៌មាន​ឥណទាន​រួម​ដល់​សមាជិក​របស់ខ្លួន​សម្រាប់​ជា​មូលដ្ឋាន​វិភាគ​អំពី​ប្រវត្តិ​ជាប់បំណុល​របស់​អតិថិជន​ដែល​ខ្ចីប្រាក់។

ករណីនេះ​ការិយាល័យ​ឥណទាន​កម្ពុជា បាននិងកំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ដើម្បីឱ្យ​គ្រឹះស្ថាន​ជា​សមាជិក​អាច​បញ្ចូល និង​ទាញយក​របាយការណ៍​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​បន្ថែម​លើ​ទិន្នន័យ​ឥណទាន​បុគ្គល។

របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានបញ្ជាក់​ទៀតថា គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក​ទាំងអស់​របស់​ក្រុមហ៊ុន CBC បានផ្តល់​នូវ​ទិន្នន័យ​ឥណទាន​អតិថិជន​ដែលមាន​សារៈសំខាន់​មួយចំនួន​រួមមាន​ទំហំ​ឥណទាន​ឯកត្តជន​ចំនួន អ្នក​ខ្ចីប្រាក់ ចំនួន​អ្នកធានា និង​ចំនួន​ប្រតិបត្តិការ​ឆែក​ព័ត៌មាន​អតិថិជន។ សម្ពាធឥណទាន​សរុប​ដែល​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានផ្តល់ និង​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​មាន​ចំនួន 64.9ទ្រី​លាន​រៀល និង​មាន​គណនី​ចំនួន2.5លាន៕

Advertisement