ថ្នាំ​គីមី​វាយលុក​កម្ពុជា ខណៈ​ការដាំដុះ​តាមបែប​ធម្មជាតិ ទទួលបាន​ការគាំទ្រ​ច្រើន

ខណៈ​ការប្រើប្រាស់​ថ្នាំ និង​ជីគីមី​បាន​បង្កើត​នូវ​បញ្ហា​ស្មុគស្មាញ និង​ក្តី​ព្រួយបារម្ភ​ជាខ្លាំង​រហូត​ឈានដល់​ការ​បង្កើតជា​វេទិកា​ជជែក​គ្នា​ជាច្រើនលើក​ជា​បន្តបន្ទាប់​នោះ ការដាំដុះ​បន្លែ​តាម​គោលការណ៍​ធម្មជាតិ​ត្រូវបាន​គេ​ដឹងថា​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ឡើងជា​រៀងរាល់ថ្ងៃ។

ការប្រើប្រាស់​សារធាតុ​គីមី ដើម្បី​ធ្វើជា​ជំនួយ​ដល់​ការដាំដុះ​ដំណាំ​កសិកម្ម ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​កំបិត​មុខ​ពីរ​ដ៏​គ្រោះថ្នាក់ ព្រោះ​វា​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​ខាតបង់​ថវិកា​រយៈពេល​យូរ។ របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) បង្ហាញថា ការ​នាំចូល​ថ្នាំពុល និង​ជីគីមី​មក​ប្រទេស​កម្ពុជា មាន​កំណើន​យ៉ាងច្រើន គឺ​ពី​ចំនួន89ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ2001 ដល់2.2លាន​ដុល្លារ​ក្នុង​ឆ្នាំ2006 និង​បន្ត​កើនឡើង​រហូតដល់629លាន​ដុល្លារ​ក្នុង​ឆ្នាំ2010។

កំណើន​នៃ​ការប្រើប្រាស់​ថ្នាំ​គីមី អាច​និយាយថា​បណ្តាលមកពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​ក្រុមហ៊ុន​លក់​ជី និង​ថ្នាំ​គីមីកសិកម្ម ស្រប​ពេលដែល​ការយល់ដឹង​របស់​ប្រជាកសិករ​ខ្មែរ​នៅមានកម្រិត។ ដោយឡែក​វិធីសាស្ត្រ​កម្ចាត់​សត្វល្អិត​ចង្រៃ​តាមបែប​ធម្មជាតិ ក៏​មិន​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​យល់ដឹង​ជា​សាធារណៈ​នោះទេ។ ក្រុម​កសិករ​ដាំ​ដុះ​បន្លែ​ធម្មជាតិ​បាន​និយាយ​ស្ទើរដូចៗគ្នា​ថា និន្នាការ​បរិភោគ​បន្លែ​ធម្មជាតិ​កំពុងមាន​កំណើន​ខ្ពស់​នាពេល​បច្ចុប្បន្ន។

កសិករ រស់ ម៉ៅ រស់នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​និយាយថា លោក​បានចាប់ផ្តើម​រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​បន្លែ​ធម្មជាតិ​នេះ​កាលពី​ឆ្នាំ2003។ តាមរយៈ​ការដាំដុះ​បន្លែ​ធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ លោក​បាន​កែប្រែ​ជីវភាព​គ្រួសារ​ពី​ភាពក្រីក្រ ជំពាក់​បំណុល​គេ មកជា​កសិករ​មាន​ប្រាក់ចំណូល​ទៀងទាត់ និង​មាន​ជីវភាព​ធូរធារ។ ជាមួយ​ស្ថានភាព​ទីផ្សារ​បន្លែ​សរីរាង្គ​ដែល​គាំទ្រ​ដោយ​អង្គការ​សេ​ដាក លោក រស់ ម៉ៅ សង្កេតឃើញថា តម្រូវការ​ទីផ្សារ​បន្លែ​សរីរាង្គ​មាន​ច្រើន តែ​អ្វីដែល​ប្រជាកសិករ​ខ្មែរ​កំពុង​ធ្វើ​គឺ​នៅមានកម្រិត​ទាប មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់​នោះទេ។

លោក បាន​ប្រាប់ថា៖“បន្លែ​របស់ខ្ញុំ​សព្វថ្ងៃ ដាំ​មិនទាន់​ទេ។ ខ្ញុំ​សហការ​ជាមួយ​អង្គការ​សេ​ដាក ដោយ​ខ្ញុំ​តែង​យក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​សេ​ដាក ចំនួន3ដង​ក្នុង1សប្តាហ៍។ បន្លែ​របស់ខ្ញុំ​លក់ដាច់​ខ្លាំង ខ្ញុំ​ដាំ​មិនទាន់​ទេ ព្រោះ​ខ្ញុំ​ប្រើប្រាស់​តាម​គោលការណ៍​ធម្មជាតិ​សុទ្ធសាធ គ្មាន​ប្រើ​ថ្នាំពុល និង​គ្មាន​ជាតិគីមី​ឡើយ។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដោយសារ​បន្លែ​សរីរាង្គ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន។ ដោយសារ​ការតាំង​ចិត្ត និង​ការខិតខំ លោក រស់ ម៉ៅ បាន​ក្លាយជា​កសិករ​គំរូ​ថ្នាក់ជាតិ​នៅ​ឆ្នាំ2006 ដែល​ទទួលស្គាល់​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​អង្គការ​សេ​ដាក។

អ្នកស្រី ញ៉ែម សុ​វណ្ណា​រី កសិករ​ប្រកាន់​តាម​គោលការណ៍​ធម្មជាតិ រស់នៅ​ភូមិ​ពោធិ​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​និយាយថា បន្លែ​ធម្មជាតិ​មានការ​គាំទ្រ​ច្រើន ហើយ​កសិករ​ដែល​ដាំ​ដុះ​បន្លែ​ក្នុង​សហគមន៍​អ្នកស្រី ក៏​តែង​បង្កើន​នូវ​ការដាំដុះ​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ទាំងនោះ​ដែរ។ ម្យ៉ាងទៀត កសិករ​ដែល​ដាំ​ដុះ​បន្លែ​ធម្មជាតិ​ប្រៀបដូចជា​មានអំណាច​មួយ​ក្នុង​ការចរចា​ជាមួយ​ទីផ្សារ​ផងដែរ។

អ្នកស្រី បាន​អះអាងថា៖“ទីផ្សារ​របស់​យើង​មិនឃើញ​មានការ​ស្រុតចុះ​នោះទេ គឺ​យើង​ឃើញ​សន្ទុះ​នៃ​ការគាំទ្រ​កាន់តែខ្លាំង​ឡើងជា​លំដាប់។ ក្នុងពេល​ផ្គត់ផ្គង់​ដល់​ផ្សារ​បន្លែ​សរីរាង្គ​នៅ​ភ្នំពេញ យើង​តែង​កំណត់​ភាពប្រែប្រួល​នៃ​តម្លៃ​បន្លែ​រាល់​ពីរ​ខែម្តង។ យើង​ជា​អ្នកកំណត់​តម្លៃ ដោយសារ​យើង​ឃើញថា​ការដាំដុះ​តាម​គោលការណ៍​ធម្មជាតិ​នេះ​គឺ​លំបាក​ច្រើន មិន​ងាយ​ធានា​នូវ​ផល​ជាប្រចាំ​ដល់ទី​ផ្សារ​នោះទេ។

មន្ត្រី​ជំនាញ​ធ្លាប់បាន​បញ្ជាក់ថា 95%នៃ​ថ្នាំ​គីមីកសិកម្ម​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា មាន​ស្លាក​សញ្ញា​សរសេរ​ជា​ភាសា​អង់គ្លេស ថៃ ចិន​និង​វៀតណាម ជាដើម។ ការសរសេរ​ជា​ភាសាបរទេស​បែបនេះ​បាន​បង្ក​ការលំបាក​ជាច្រើន​ដល់​ការយល់ដឹង​សម្រាប់​ប្រជាកសិករ​ខ្មែរ​ក្នុងការ​ប្រើប្រាស់។

លោក ហឹម ផានិត មន្ត្រី​នៃ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា NPCC បាន​លើកឡើងថា ការប្រើប្រាស់​តាម​គោលការណ៍​ធម្មជាតិ​ពិតជា​ផ្តល់នូវ​ផលប្រយោជន៍​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ព្រោះ​ការប្រើប្រាស់​ថ្នាំ​គីមី​មិន​ត្រឹមតែ​សម្លាប់សត្វ​ល្អិត​ចង្រៃ​ប៉ុណ្ណោះ​ទេ សូម្បីតែ​មនុស្ស​ក៏​វា​អាច​សម្លាប់​បានដែរ។ លោក​បន្តថា វា​មាន​សារៈប្រយោជន៍​ទាំងអស់គ្នា​ទាំង​អ្នក​បរិភោគ និង​កសិករ​ខ្លួនឯង​ផ្ទាល់ ដោយ​កសិករ​គាត់​អាច​សន្សំសំចៃ​មិនចាំបាច់​ចំណាយ​ប្រាក់​ទិញ​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត ខណៈ​អ្នក​បរិភោគ​អាច​ចៀស​ផុតពី​ផលប៉ះពាល់​ពី​ជាតិគីមី។

តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំ​គីមី គឺអាច​ទទួលបាន​ផល​ច្រើន​ក្នុង​រយៈពេល​ខ្លី តែ​ផលប៉ះពាល់​ស្ថិតនៅ​រយៈពេល​វែង ហើយ​អាច​នាំមក​នូវ​ផល​លំបាក​យូរអង្វែង​ដល់​បរិស្ថាន សង្គម និង​សុខភាព​មនុស្ស-សត្វ​ទៀតផង។

អង្គការ​សេ​ដាក ដែល​បាន​សិក្សា​ទៅលើ​ការប្រើប្រាស់​ថ្នាំ​គីមី និង​ជីគីមី បាន​រកឃើញថា នៅ​ឆ្នាំ2013 កសិករ​នៅតាម​ដង​ទន្លេមេគង្គ​តែងតែ​ប្រើប្រាស់​ថ្នាំពុល​ប្រភេទ​ខ្លាំង​ក្រៃលែង និង​ក្នុង​កម្រិត​កំហាប់​ខ្ពស់​សម្រាប់​ដាំ​បន្លែ និង​ស្រូវ។ ឥទ្ធិពល​នៃ​ថ្នាំ និង​ជីគីមី​ទាំង​នោះបាន​ជះឥទ្ធិពល​មិន​ត្រឹមតែ​បន្លែ និង​សុខភាព​អ្នកប្រើប្រាស់​នោះទេ សូម្បីតែ​ជីវៈចម្រុះ​ក្នុង​ទឹក អ្នកប្រើប្រាស់​ទឹក​នៅតាម​ដង​ទន្លេ ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ។

លោក​បណ្ឌិត Muhamad Saeed ប្រធាន​នាយកដ្ឋាន​កសិកម្ម​នៃ​អង្គការ​ផលិតភាព​អាស៊ី (APO) បាន​និយាយថា នៅក្នុង​ពិភពលោក​ថ្នាំ​គីមី​សម្លាប់សត្វ​ចង្រៃ​បាន​បំផ្លាញ​អាហារ​សក្តានុពល​ជាង40% នៃ​អាហារ​សរុប ហើយ​ការបាត់បង់​ច្រើន​បំផុត​គឺ​នៅ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍។ លោក​បាន​អះអាងថា៖“ថ្នាំ​គីមី​សម្លាប់​សត្វល្អិត​មានតម្លៃ​ខ្ពស់​និង​មាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ និង​បរិស្ថាន។

ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា និយាយ​ពី​គីមីអ្វីៗក៏ត្រូវ​ការ​គីមី​ដែរ តែ​គីមី​ត្រូវមាន​វិធី​ប្រើប្រាស់ និង​វិធី​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។ បច្ចុប្បន្ន​កសិករ​ខ្មែរ ខ្វះ​លទ្ធភាព​ប្រកួតប្រជែង​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​កសិករ​នៃ​ប្រទេសជិតខាង ធ្វើឱ្យ​ការផលិត​របស់គាត់​ត្រូវ​ចំណាយ​ខ្ពស់ ដែល​នាំទៅដល់​ការបាត់បង់​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ៕

Advertisement