វិស័យ​កសិកម្ម​កម្ពុជា​ត្រូវការ​វិស្វករ​កសិកម្ម​ដើម្បី​ទ្រទ្រង់​ផលិតកម្ម

ខណៈពេលដែល​វិស័យ​កសិកម្ម​កម្ពុជា​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​នូវ​កម្លាំង​ពលកម្ម អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​កំពុង​រៀបចំ​គម្រោង​កំណត់​តំបន់​ដាំ​ដុះ​ទៅតាម​ប្រភេទ​ដំណាំ និង សក្តានុពល​ដី ក៏ដូចជា​ប្រព័ន្ធគ្រប់គ្រង​តាម​បច្ចេកវិទ្យា​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការដាំដុះ។

កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នឹង​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ រហូត​នៅត្រឹម​ប្រមាណ​តែ 29%ប៉ុណ្ណោះ​នា​ទសវត្សរ៍​ក្រោយនេះ ហើយ​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​ថែមទាំង​ត្រូវការ​អ្នកជំនាញ​ខ្ពស់​ទៀតផង​នៅ​ថ្ងៃ​អនាគត ទើប​អាចឆ្លើយតប​នឹង​ទំហំ​ការងារ​ដែល​ធ្លាប់​ដោះស្រាយ​ដោយ​ប្រជាជន​ប្រមាណ 80%នៃ​អត្រា​ប្រជាជន​សរុប​បាន។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា កម្លាំង​ពលកម្ម​កសិកម្ម​បាននិងកំពុង​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ហើយ​តាម​ការ​ព្យាករ​របស់​ក្រសួង​បាន​បង្ហាញថា កម្លាំង​ពលកម្ម​នេះ​នឹង​អាច​ធ្លាក់​ចុះមក​នៅត្រឹម 29% នៅ​ឆ្នាំ2030 និង​ធ្លាក់​ដល់ 22% នៅ​ឆ្នាំ2050។ របាយការណ៍​របស់​ក្រសួងកសិកម្ម បានបង្ហាញ​ឱ្យឃើញថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ពី80% នៅ​ឆ្នាំ1993 និង60%នៅ​ឆ្នាំ2005 និង​បាន​ធ្លាក់​ចុះមក​ជិត 40%នៅ​ឆ្នាំ2017ដែល​ទើប​កន្លងផុតទៅថ្មីៗនេះ។

មូល​ហេតុដែល​បណ្តាលឱ្យ​ធ្លាក់ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ គឺ​បណ្តាលមកពី​កសិករ​ខ្នាតតូច​រកចំណូលបាន​ពី​របរ​កសិកម្ម​ស្ថិតនៅ​ថេរ ឬ​តិចជាង​មុន ដែល​មិនអាច​ទ្រទ្រង់​នឹង​ជីវភាព​របស់ខ្លួន​ក្នុងស្ថានភាព​សេដ្ឋកិច្ចជាតិ​នាពេល​បច្ចុប្បន្ន​បាន។ កត្តា​នេះ​បាន​ជំរុញ​ឱ្យ​កសិករ​បោះបង់រ​បរក​សិ​កម្ម បែរ​ទៅធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ដែល​ទទួលបាន​ចំណូល​ប្រសើរ​ជាង។

ចរន្ត​នៃ​ការបន្ត​ធ្លាក់ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ​អាច​នឹង​បង្ក​ជា​ក្តីបារម្ភ​ដល់​លទ្ធភាព​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​គេ​តែង​ចាត់ទុកជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច និង ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​នោះ។

របាយការណ៍​ក្រសួងកសិកម្ម បានឱ្យដឹងថា កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ​កាលពី​ឆ្នាំ2009 មាន​ចំនួន 57.6%នៃ​ពលកម្ម​សរុប។ អត្រា​កម្លាំង​ពលកម្ម​បាន​ថយ​ចុះមក​ត្រឹមតែ 54.8% នៅ​ឆ្នាំ 2010 និង​បន្ត​ថយ​ចុះមក​នៅត្រឹម 48.7% នៅ​ឆ្នាំ2013។

ឯកឧត្តម វេ​ង សាខុន បានបញ្ជាក់៖ “កសិកម្ម​នៅ​ប្រទេស​កម្ពុជា​បាននិងកំពុង​ប្រែក្លាយ​ពី​របៀប​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ កសិកម្ម​តាមបែប​ប្រពៃណី មក​ធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម និង​ទំនើបកម្ម​កសិកម្ម​វិញ​ម្ដង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​បញ្ចប់​ការរៀបចំ​ផែនទី​បឋម​នៃ​ការកំណត់​តំបន់​ដាំ​ដុះ​នៅ​កម្ពុជា​ឱ្យបាន​មុន​ពាក់កណ្តាល​ខែមីនា ឆ្នាំ2018 ក្នុង​គោលបំណង​រៀបចំ​ការចាត់​ចំណាត់ថ្នាក់​ដី គុណភាព​ដី​ក្សេត្រ​បរិស្ថាន និង​ប្រភពទឹក​ឱ្យ​សមស្រប​តាម​ប្រភេទ​ដំណាំ ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​នាំចេញ​ដែរ។ នេះ​បើតាម​ការអះអាង​របស់​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម។

នៅ​រសៀល​ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានរៀបចំ​កិច្ចប្រជុំ​លើក​ទី2 នៃ​គណៈកម្មាធិការ​កំណត់​តំបន់​ដាំ​ដុះ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ​ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​កសិក​ម្ម។

ឯកឧត្តម ហ៊ាន វណ្ណ​ហន បញ្ជាក់ថា៖ “ការងារ​កំណត់​តំបន់​ដាំ​ដុះ (ដំណាំនីមួយៗសមស្រប​នៅ​កន្លែង​ណា) ជា​សកម្មភាព​គាំទ្រ​ភាពជោគជ័យ​បេសកកម្ម​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម ដែល​ត្រូវបំពេញ​ដោយ​កា​រួមគ្នា​រវាង​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី ដំណាំ​ស្រូវ ដំណាំ​ឧស្សាហកម្ម សាកវប្បកម្ម​ដំណាំ​រួមផ្សំ និង​មន្ទីរ​ពិសោធ​កសិកម្ម​ជាតិ។

គួរ​បញ្ជាក់ដែរថា យោងតាម​កិច្ចប្រជុំ​របស់​មន្ត្រី​ជំនាញ​កសិកម្ម បាន​ឯកភាពគ្នា​ទៅលើ​ចំណុចសំខាន់ៗជាច្រើន​រួមមាន​ដូចជា៖

1) រៀបចំ​ការកំណត់​ជាបឋម​នូវ​តំបន់​ដាំ​ដុះ​ដោយ​ផ្អែកលើ​ទិន្នន័យ​ពាក់ព័ន្ធ​ដែលមាន​ស្រាប់ ក្នុងនោះ​ទិន្នន័យ​ចំណាត់ថ្នាក់​ដី​រប​ស់លោក ក្រូ​ឃ័​រ​និង​ប៉ា​រ៉ា​មែត្រ​ចំនួន 5 ដែល​ផ្តល់​ភាពសមស្រប​ដល់​ការលូតលាស់​នៃ​ដំណាំ​ដែល​រួមមាន ប្រភេទ​ដី​ជម្រាល​ដី រយៈកម្ពស់ កម្ពស់​ទឹកភ្លៀង និង​បច្ចុប្បន្នភាព​នៃ​ការប្រើប្រាស់​ដី។ ការកំណត់​នេះ មិន​កំណត់​លើ​តំបន់​អភិរក្ស និង​តំបន់​ព្រៃ។

2) ដំណាំ​អាទិភាព​ដែល​ជ្រើសរើស​ត្រូវ​ផ្អែកលើ​មុខ​ដំណាំ​ដែល៖

ក)កំពុងមាន​ការពង្រីក​ផ្ទៃដី

ខ)ដែល​កំណត់​ក្នុង​គោលនយោបាយ​ជាតិ

គ)អាច​នឹង​ផ្តល់​ផលចំណេញ​ខ្ពស់​ដល់​កសិករ

ឃ)ដែល​មិនមាន​សក្តានុពល​ប៉ះពាល់​ធនធាន​ដី។ ផ្អែកលើ​គោលការណ៍​នេះ អង្គប្រជុំ បានសម្រេច​យកមុខ​ដំណាំ​ស្រូវ ស្រូវចម្ការ ស្រូវ​ឡើង​ទឹក ស្វាយចន្ទី ម្រេច ពោត ស្វាយ ទុរេន និង​ការ៉ុត។

3) ពេលវេលា ត្រូវ​កំណត់ឱ្យ​នាយកដ្ឋាន​ដំណាំ​ទាំង 3 ផ្តល់ព័ត៌មាន​បច្ចេកទេស​តាម​ទម្រង់​នៃ​គោលការណ៍​ក្នុង​ចំណុច 2ខាងលើ​ឱ្យបាន​មួយ​មុខ​ដំណាំ​ដែល​បាន​ឯកភាព​ក្នុង​រយៈពេល 3ថ្ងៃ ចាប់ពី​ថ្ងៃនេះ​ជូនដំណឹង​ទៅ​នាយកដ្ឋាន​គ្រប់គ្រង​ធនធាន​ដី ដើម្បី​នាយកដ្ឋាន​នោះ​ចាត់ការ​បញ្ចូល​ក្នុង​កម្មវិធី​រៀបចំ​ផែនទី។ មន្ទីរ​ពិសោធ​កសិកម្ម​ជាតិ​ជា​ជំនួយការ​ក្នុងការ​វិភាគ​ភាពសមស្រប​ចំពោះ​ទីតាំង និង​មុខ​ដំណាំ។

4) រៀបចំ​គម្រោង​ផែនការ​សកម្មភាព​ពេញលេញ​រយៈពេល 1ឆ្នាំ (អាច​ត្រូវការ​ធនធាន​ច្រើន) ឬ​រយៈពេល 3ឆ្នាំ (អាច​ត្រូវការ​ធនធាន​ថវិកា​តិចជាង)ដោយ​សកម្មភាព​នោះ​នឹង​ឈានដល់​ការកំណត់​តំបន់​ដាំ​ដុះ​មួយ​កាន់តែ​មាន​ភាព​ឥតខ្ចោះ​ខ្ពស់​ឡើង​ដោយ​ផ្អែកលើ​បច្ចុប្បន្នភាព​នៃ​ការវិភាគ​ដី​នៅ​ទូទាំងប្រទេស​កម្ពុជា​ឡើងវិញ។ គម្រោង​នឹង​បញ្ចូល​ពី​សម្ភារ​ការិយាល័យ ឧបករណ៍​ថតរូប​ពី​អាកាស រថយន្ត ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ថ្លៃ​ប្រតិបត្តិការ ជាដើម៕

Advertisement