វិស័យ​សំណង់​នៅតែ​កើនឡើង តែមាន​ការប្រកួតប្រជែង​ខ្លាំង

មកទល់​បច្ចុប្បន្ន​វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2016 និង​ឆ្នាំ2017កន្លងទៅ វិស័យ​សំណង់​មានការ​កើនឡើង​ប្រមាណ​ជាជាង 22%។ ដូច្នេះ​គេសួរថា តើ​ការកើនឡើង​នៃ​វិស័យ​សំណង់​នេះ អាចមាន​ការប្រកួតប្រជែង​ខ្លាំង​ទៅលើ​អ្វី​ដែរ?

លោក លី សុភា​រិ​ទ្ធិ អ្នកគ្រប់គ្រង​ផ្នែក​វិស្វកម្ម​នៃ​ក្រុមហ៊ុន Camtrust Engineering មានប្រសាសន៍ថា គិត​ត្រឹម​ដំណាច់ឆ្នាំ2017កន្លងទៅ ក្រុមហ៊ុន​របស់លោក​បាន​ទទួល​គម្រោង​ម៉ៅការ​សាងសង់​កើនឡើង​ប្រមាណ​ជា 15% បើ​ធៀប​នឹង​ឆ្នាំ2016 ដោយ​ភាគច្រើន​ម៉ៅការ​សាងសង់​លើ​គម្រោង​អគារ​ខុន​ដូ និង​អគារខ្ពស់។ លោក​បន្តថា តួលេខ​នៃ​ការកើនឡើង​នេះ​បង្ហាញថា វិស័យ​សំណង់​នៅ​កម្ពុជា​ក៏មាន​ការកើនឡើង​ដូចគ្នា ដោយសារ​ប្រជាពលរដ្ឋ​ឮ​ខ្មែរ​ចាប់ផ្តើម​មាន​ទម្លាប់​រស់នៅក្នុង​អគារ​ផ្ទះល្វែងទំនើបៗ ពិសេស​រស់នៅ​តាម​បុរី​បែប​ស៊ី​វិ​ល័យ មានគុណ​ភាព សោភ័ណភាព ផាសុកភាព និង​សុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​គាត់​ទាំងមូល។

លោក​បាន​បន្តថា ការហូរចូល​នៃ​វិនិយោគិន​មកពី​ក្រៅប្រទេស​ក៏​ជា​ចំណែក​មួយ​ដ៏​ធំ​ដែល​ធ្វើឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​ពិសេស​វិនិយោគិន​ជនជាតិ​ចិន​ដែល​បោះទុន​វិ​និយោគ​សាងសង់​អគារខ្ពស់ៗនៅ​កម្ពុជា​ដើម្បី​លក់ ឬ​ជួល​ទៅឱ្យ​អ្នកវិនិយោគផ្សេងៗដែល​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា។ ជាមួយគ្នានេះដែរ លោក ឃឹម ពៅ ប្រធាន​ក្រុមហ៊ុន KP Decor & Construction បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ក្រុមហ៊ុន​សំណង់ផ្សេងៗ ទាំង​ក្នុង និង​ក្រៅ​ស្រុក​ពិសេស​ក្រុមហ៊ុន​ចិន​តែម្តង។

លោក​ទទួលស្គាល់ថា វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​បន្ត​រឹងមាំ​ទៅមុខ​ជានិច្ច ហើយ​ថា ដើម្បីឱ្យ​មានការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន លុះត្រាតែ​ក្រុមហ៊ុន​សំណង់នីមួយៗត្រូវ​គិត​លើ​គុណភាព សោភ័ណភាព សុវត្ថិ​ភាពជា​ចម្បង និង​តម្លៃ​ក៏ត្រូវ​មានការ​ប្រកួតប្រជែង​ផងដែរ។

លោក​បន្ថែមទៀតថា “ដើម្បីឱ្យ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន មុននឹង​សាងសង់ ក្រុមហ៊ុន​ត្រូវ​គិតពី​អតិថិជន​គោលដៅ​ជាមុន​ថា តើ​ការសាងសង់​ត្រូវ​លក់​ទៅឱ្យ​អតិថិជន​កម្រិតណា? កម្រិត​A អ្នកមាន​ចំណូល​ខ្ពស់ កម្រិត​B អ្នកមាន​ចំណូល​មធ្យម និង​កម្រិត​C សម្រាប់​អ្នកមាន​ចំណូល​ទាប។ សម្រាប់​ក្រុមហ៊ុន KP Decor & Construction បច្ចុប្បន្ន​បានទទួល​ការសហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ក្នុងការ​បណ្តាក់ទុន​រួមគ្នា​សាងសង់​សំណង់​លំនៅឋាន​សម្រាប់​អ្នកមាន​ចំណូល​ទាប​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ 3 ជិត​បុរី​សន្តិភាព​នៅក្រោយ​ចូលឆ្នាំ​ចិន​ខាងមុខ ដែលមាន​តម្លៃ​ត្រឹមតែ​ចន្លោះ​ពី 2ម៉ឺន​ដុល្លារ ទៅ 3ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា បើ​គេ​ក្រឡេក​ទៅ​មើល​គម្រោង​សាងសង់​ខុន​ដូ និង​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ​វិញ ឃើញថា​មានការ​កើនឡើង​ខ្លាំង ខណៈដែល​តម្រូវការ​បា​ន​ថយចុះ។ យោងតាម​របាយការណ៍​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានឱ្យដឹងថា ក្នុង​ឆ្នាំ2017 កន្លងទៅ គម្រោង​សាងសង់​នៅ​ទូទាំងប្រទេស​មាន​ចំនួន 3,052គម្រោង ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាជាង 6ពាន់​លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016 កើនឡើង​ប្រមាណ​ជា 22.3% ដែល​ក្នុងនោះ​ក្រុមហ៊ុន​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​សាងសង់​មាន​ចំនួន 275ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ក្នុង​ឆ្នាំ2017 ក្នុង​ចំនួន​នេះ​មាន​ក្រុមហ៊ុន​បរទេស​ចំនួន 102ក្រុមហ៊ុន។ ចាប់តាំងពី​ការអនុវត្ត​រហូតដល់​ដំណាច់ឆ្នាំ2017 មាន​ក្រុមហ៊ុន​ចំនួន 1,047 កំពុង​ប្រតិបត្តិ​ការសាងសង់​នៅ​កម្ពុជា។

ដោយឡែក​ការវិនិយោគ​លើ​វិស័យ​សំណង់ អគារខ្ពស់ៗ និង​អគារ​លំនៅឋាន​ជា​លក្ខណៈ​បុរី នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ឆ្នាំ2000 ដល់2017 គឺមាន​អគារខ្ពស់ៗចំនួន 979អគារ ក្នុងនោះ​អគារ​ខ្ពស់​ចាប់ពី5 ទៅ9ជាន់​មាន​ចំនួន 579អគារ។ កម្ពស់​ចាប់ពី10 ទៅ19ជាន់​មាន​ចំនួន 290អគារ។ កម្ពស់​ពី20 ទៅ29ជាន់​មាន​ចំនួន 70អគារ។ កម្ពស់​ពី30 ទៅ39ជាន់​មាន​ចំនួន 29អគារ និង​កម្ពស់​ពី40ជាន់​ឡើងទៅ​មាន11អគារ។

វិស័យ​សំណង់​ត្រូវបាន​គេ​មើលឃើញថា បាន​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គិត​ជា​មធ្យម​តម្រូវការ​ពលកម្ម​ចន្លោះ​ពី 25ម៉ឺន​ទៅ26ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ក្នុងនោះ​នៅ​រាជធានីភ្នំពេញ​ត្រូវការ​កម្លាំង​ពលកម្ម​ចន្លោះ​ពី 12 ទៅ13ម៉ឺន​នាក់។ សម្រាប់​តម្លៃ​កម្មករ​គ្មាន​ជំនាញ​ទទួលបាន​បៀវត្សរ៍​ចន្លោះ​ពី 260ដុល្លារ​ដល់ 300ដុល្លារ ចំណែក​ម្មករ​មាន​ជំនាញ​ទទួលបាន​ចំណូល​ចាប់ពី 375 ទៅ 560ដុល្លារ​ក្នុង​មួយខែ រីឯ​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ទទួលបាន​ចន្លោះ​ពី 400 ទៅ 2500ដុល្លារ​ក្នុង​មួយខែ៕

Advertisement