កសិករ​កាន់តែ​មានសង្ឃឹម ខណៈ​ក្រុមហ៊ុន​យក្ស​ចិន​ពីរ​សន្យា​ទិញ​អង្ករ​ពី​កម្ពុជា

ភ្នំពេញ៖ បើតាម​ការឱ្យ​ដឹង​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ដែល​បាន​លើកឡើងថា ក្រុមហ៊ុនធំៗរបស់​មហា​យក្ស​ចិន​ចំនួន​ពីរបាន​សន្យា​ក្នុង​ការជួយជ្រោមជ្រែង​ក​សិ​ករ​ខ្មែរ​តាម​ការទិញ​អង្ករ​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ដើម្បី​យកទៅលក់​បន្ត​នៅលើ​ទីផ្សារ​ក្នុងប្រទេស​របស់ខ្លួន្លួ​ន ខណៈដែល​អង្ករ​ក្រអូប​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ1។

តាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​នៅ​ថ្ងៃទី13 វិច្ឆិកា​ម្សិលមិញ​ថា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ ដែលមាន​ឯកឧត្តម LIU Liange ប្រធាន​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន និង លោក WANG Jiong ប្រធាន​ក្រុមហ៊ុន CITIC Group លើ​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ពី​កម្ពុជា។

ជាមួយគ្នានេះដែរ ក៏មាន​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ផ្សេង​មួយទៀត​រវាង​កម្ពុជា ដែល​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ជាមួយ​ភាគី​ចិន​តំណាង​ដោយ​ក្រុមហ៊ុន CITIC Construction Co., Ltd. និង​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ក្នុង​គោលបំណង​កំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ និង​អនុវត្ត​គម្រោង​សាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ។

អនុស្សរណៈ​ទី2នេះដែរ គឺ​ដើម្បី​កំណត់​ចំណុចសំខាន់ៗពាក់ព័ន្ធ​នឹង​ទស្សនទាន វិសាលភាព រចនាសម្ព័ន្ធ អនុវត្ត​ប្រភព និង​គំរូ​ហិរញ្ញប្បទាន ព្រមទាំង​កិច្ចការ​ហិរញ្ញវត្ថុ​នៃ​គម្រោង ជាពិសេស​នឹង​ផ្ដល់​ជា​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ការរៀបចំ និង​ការអនុវត្ត​គម្រោង​ដូចជា ការសិក្សា​សមិទ្ធ​លទ្ធភាព ការរៀបចំ​ប្លង់​លម្អិត ផែនការ​ហិរញ្ញប្បទាន ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង យន្តការ​ប្រើប្រាស់​ស្រូវ​អង្ករ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ ដើម្បី​ទទួលបាន​ឥណទាន​ពី​ធនាគារ និង​ការបង្កើត​ទីផ្សារ​លក់ដូ​រ​ស្រូវ-អង្ករ។

ចំណែក​ភាគី​ចិន​ក៏បាន​ប្តេជ្ញា​នៅពេល​ចុះ​អនុស្សរណៈ​នោះដែរ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​ដើម្បី​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ចិន​បន្ថែម​ពីលើ​កូតា​ដែលមាន​ស្រាប់​ហើយ និង​សម្រាប់​គម្រោង​នេះដែរ ត្រូវបាន​រចនា​ឡើង​សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ស្រូវ-អង្ករ​នៅ​កម្ពុជា​សម្រាប់​រយៈពេល​វែង និង​ប្រកបដោយ​ចីរភាព ពោលគឺ​ដំណោះស្រាយ​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ហើយក៏​ជាការ​បោះជំហាន​ទៅមុខ​មួយ​ជំហាន​ទៀត មុននឹង​ឈានដល់​ដំណោះស្រាយ​សម្រាប់​ដំណាំ និង​ផល្លានុផល​ផ្សេងទៀត៕

Advertisement