មុខរបរ​ប៉ះ​ភ្ជាប់​ក្រដាស​ប្រាក់​​​ដុល្លារ​​អាម៉េរិក​ដាច់​រហែល​នៅ​ស៊ីម​បា​វ៉េ

Cuthbert Gudza កាន់​ក្រដាសប្រាក់ដុល្លារ​មក​មើល រួច​វាយតម្លៃ​កន្លែង​រហែក ហើយ​ចាប់ផ្ដើម​លាប​កាវ​យ៉ាង​ប្រុងប្រយ័ត្ន និង​ហាលថ្ងៃ មុនពេល​ប្រកាសថា «វា​បាន​ដូច​ថ្មី»។

ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក​ដែលចាស់ រហែក កំពុង​ត្រូវបាន​កែប្រែ​ឱ្យ​អាច​ចាយ​វិញ​បាន នៅលើ​ដងផ្លូវ​ក្នុង​រដ្ឋធានី​ហា​រ៉ា​រ៉េ​របស់​ប្រទេស​ស៊ីម​បា​វ៉េ ជាទី​ដែល​វា​ត្រូវបាន «ជួសជុល» និង​លក់​យកចំណេញ ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន​នៅ​ប្រទេស​នេះ​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​រស់នៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ។

ប្រជាជន​ក្នុងស្រុក​នៅ​ស៊ីម​បា​វ៉េ ត្រូវ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាម៉េរិក​សម្រាប់​ការ​ទិញដូរ​ប្រចាំថ្ងៃ រាប់​ចាប់ពី​ពេល​ប្រាក់​ដុល្លារ​ស៊ីម​បា​វ៉េ​បាត់បង់​តម្លៃ​ក្នុង​ឆ្នាំ 2009 ដោយសារ​អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង។ ក្រដាសប្រាក់​ដុល្លារ​អាម៉េរិក​ដែល​ដាច់​រហែក​ត្រូវបាន​យកមក​បិទ​ភ្ជាប់​ក្នុង​គ្រា​ដែល​ប្រភព​ផ្គត់ផ្គង់​ប្រាក់​មានកំណត់​បំផុត។

ក្រដាសប្រាក់​រហែក​តែង​ត្រូវបាន​ផ្សារ​ទំនើប និង​ស្ថាប័ន​ជំនួញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្លូវការ​បដិសេធ។ វា​ត្រូវបាន​យកទៅ​កាន់​កន្លែង​របស់​មនុស្ស​ដូច Gudza ដែល​ជាជាង​ជួញដូរ​ប្រាក់​ក្នុង​ទីផ្សារងងឹត​នៅ​តំបន់​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីរួមស្រុក Kuwadzana មាន​ចម្ងាយ​ពី​រដ្ឋធានី​ហា​រ៉ា​រ៉េ ប្រហែល 15 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច។

បណ្ដា​ធនាគារ​នៅ​ស៊ីម​បា​វ៉េ ទទួលយក​ក្រដាស​ប្រាក់​ចាស់ ដាច់​រហែក ប៉ុន្តែ​ប្រជាជន​បាន​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ក្រោយពីបាន​​បាត់បង់​ខ្ទង់​ប្រាក់​សន្សំ​ដោយសារ​អតិផរណា។ ប្រការនេះ​ធ្វើឱ្យ​ពួកគេ​ចូលចិត្ត​ដោះដូរ​​ជាមួយ​អ្នក​ទិញ​លក់​​ប្រាក់​នៅក្នុង​ទីផ្សារងងឹត​ជាជាង​ធនាគារ។

«យើង​ទទួល​ទិញ​ប្រាក់​ដុល្លារ​ដាច់​រហែក​ក្នុងតម្លៃ​សមរម្យ សូម​អញ្ជើញ​ចូល» នេះ​ជា​សំឡេង​ស្រែក​ពពាយនាយ​ពី​ឧបករណ៍​បំពង​សំឡេង​ចល័ត​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​នៅ Kuwadzana។

Gudza អាយុ 33 ឆ្នាំ មានកូន 3 នាក់ និយាយថា «លក្ខខណ្ឌ​ទិញដូរ​គឺថា លេខ​ស៊េរី​នៅលើ​ក្រដាសប្រាក់​ត្រូវតែ​អាច​មើលឃើញ។ មុខរបរ​សំខាន់​របស់ខ្ញុំ​គឺ​លក់​ដំឡូងបារាំង ប៉ុន្តែ​ខ្ញុំ​ទិញដូរ​ប្រាក់​ដុល្លារ​ចាស់ ដាច់​រហែក​ក៏​ព្រោះតែ​មើលឃើញ​ឱកាស​រកស៊ី។ ក្រដាសប្រាក់​ទាំងនេះ​ត្រូវ​ផ្សារ​ទំនើប​បដិសេធ ប៉ុន្តែ​ខ្ញុំ​ទិញ​ដើម្បី​លក់​យកចំណេញ»។

«យើង​ឱ្យ 600 ដុល្លារ​ស៊ីម​បា​វ៉េ​សម្រាប់ 1 ដុល្លារ​អាម៉េរិក។ អ្នក​ដែល​មិន​ចង់​កាន់​សាច់ប្រាក់​នឹង​ទទួលបាន​ដំឡូងបារាំង ផ្លែក្រូច ឬ​ប៉ោម។ បើសិនជា​ប្រាក់​រហែក​មិនអាច​ប៉ះ​បាន ខ្ញុំ​នឹង​យកទៅ​កាន់​ធនាគារ» Gudza ឱ្យ​ដឹង​​ដូច្នេះ។

ដោយ​ដឹង​ពី​សភាពការណ៍ ធនាគារជាតិ​ស៊ីម​បា​វ៉េ​ក៏បាន​ស្នើឱ្យ​ប្រជាជន​ប្រើប្រាស់​ស្ថាប័ន​ផ្លូវការ​ដើម្បី​ប្ដូរប្រាក់​ចាស់ ដាច់​រហែក យកប្រាក់​ថ្មី ដោយ​ដាក់ចេញ​គោលការណ៍​ច្បាស់លាស់។

«មុខរបរ​សំខាន់​របស់ខ្ញុំ​គឺ​លក់​ដំឡូងបារាំង ប៉ុន្តែ​ខ្ញុំ​ទិញដូរ​ប្រាក់​ដុល្លារ​ចាស់ ដាច់​រហែក​ក៏​ព្រោះតែ​មើលឃើញ​ឱកាស​រកស៊ី» Gudza អាយុ 33 ឆ្នាំ មានកូន 3 នាក់ និយាយដូច្នេះ

Persistence Gwanyanya សមាជិក​គណៈ​កម្ម​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​ស៊ីម​បា​វ៉េ បញ្ជាក់ថា «បើសិន​មាន​បញ្ហា ធនាគារកណ្ដាល​នឹង​ប្ដូរ​ជូន​អ្នក​នូវ​ក្រដាសប្រាក់​ល្អ​ជាង។ គ្រប់​ធនាគារ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទទួលយក​ក្រដាសប្រាក់ចាស់»៕

Advertisement