ចង់ដឹង​ទេ​ថា តើ​តម្លៃ​ទឹកស្អាត​ធ្លាក់​ពី​ភ្នំ​កំចាយ មួយ​ម៉ែត្រគុប​តម្លៃ​ប៉ុន្មាន​រៀល?

ភ្នំពេញ៖ បន្ទាប់ពី​គម្រោង​វា​រី​អគ្គិសនី និង​គម្រោង​ទម្លាក់​ទឹកស្អាត​ពីលើ​កំពូលភ្នំ​កំចាយ​ក្នុង​ខេត្តកំពត​ចាប់ផ្តើម​សាងសង់​មក ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ចំនួន3 គឺ​ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​បាន​រីករាយ​ត្រេកអរ និង​សាទរ​ចំពោះ​គម្រោង​នេះ​ខ្លាំងណាស់ ព្រោះ​នឹង​បាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ប៉ុន្តែ​ពួកគាត់​ក៏មាន​ការបារម្ភ​ផងដែរ​ថា តើ​ទឹកស្អាត​នោះ​នឹងមាន​តម្លៃ​ទាប​ឬ​ខ្ពស់? ហើយ​ឥឡូវនេះ ដំណឹង​នេះ​ត្រូវបាន​បង្ហាញ​ឱ្យដឹង​ច្បាស់​ជា​ផ្លូវការ​ហើយ។

ក្នុងពេល​ដឹកនាំ​គណៈប្រតិភូ​ចុះទៅ​ពិនិត្យមើល​គម្រោង​យក​ទឹកធ្លាក់​ពី​វា​រី​អគ្គិសនី​ភ្នំ​កំចាយ​ខេត្តកំពត​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ China Energy Engineering Corporation Limited កាលពីពេលថ្មីៗនេះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ដើម្បី​កំណត់​តម្លៃ​ទឹក​ឱ្យបាន​ទាប​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ព្រោះ​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ចំនួន 2 កន្លែង​សម្រាប់​កសាង​រោងចក្រ​ទឹកស្អាត ទីមួយ​គឺ អតីត​ព្រលានយន្តហោះ​ខេត្តកំពត និង​ទី​ពីរ អតីត​ព្រលានយន្តហោះ​ខេត្ត​កែប​ក្នុងការ​សាងសង់​ទីតាំង​ក្រុមហ៊ុន​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ទៅដល់​ប្រជាពលរដ្ឋ។

ជា​លទ្ធផល ក្រោយពី​បាន​សិក្សា​សមិទ្ធ​លទ្ធភាព​របស់​ក្រុមហ៊ុន​ចិន​ខាងលើ​រួចហើយ តម្លៃ​ទឹក​លក់ដុំ​កើន​តម្លៃ​រហូតដល់​ប្រមាណ 4ពាន់1រយ​រៀល​ក្នុង​មួយ​ម៉ែត្រគុប ជា​តម្លៃ​ដែល​ឯកឧត្តម​ចាត់ទុកថា ខ្ពស់ជាង​តម្លៃ​ទឹក​លក់​នាពេល​បច្ចុប្បន្ន ខុស​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើឱ្យ​ទឹក​មាន​តម្លៃថោក​សមរម្យ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ទឹកស្អាត​ចេញពី​បំពង់​បង្ហូរ​បានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា តាម​គោលជំហរ​របស់​ក្រសួង​បើ​ក្រុមហ៊ុន​ចិន​ទាំងពីរ​សហការគ្នា​ក្នុងការ​វិនិយោគ​ពិតជា​ប្រសើរ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទឹកស្អាត​ដែល​ផលិត​ចេញមក​នោះ​មាន​តម្លៃថោក​សមរម្យ គឺមាន​តម្លៃ​លក់ដុំ​ត្រឹមតែ 1ពាន់​រៀល​ក្នុង​មួយ​ម៉ែត្រគុប​ទើប​អាច​ទទួលយកបាន។

តំណាង​ក្រុមហ៊ុន Sinohydro បាន​ឯកភាព​ដោយ​នឹង​ពិភាក្សាគ្នា​ជាមួយ​ក្រុមហ៊ុន​ China Energy Engineering Corporation Limited ដើម្បី​រក​ចំណុច​ឯកភាព​រួមមួយ​ក្នុងការ​ទម្លាក់​តម្លៃ​ឱ្យដល់1,000រៀល​ក្នុង​មួយ​ម៉ែត្រគុប​នេះ៕

Advertisement