​ចូល​ទស្សនា​រមណី​ដ្ឋា​ន​ឋានសួគ៌​បូកគោ មិនត្រូវ​បង់ប្រាក់​ជា​រៀងរហូត ចាប់ពីថ្ងៃទី 15 ខែនេះ

ចាប់ពី​ម៉ោង00 នាទី​ថ្ងៃទី15ខែតុលា ឆ្នាំ2017ខាងមុខនេះ ប្រជាជន​ខ្មែរ​ទាំងអស់​នឹង​បានទទួល​កាដូ​ចំនួន​ពីរ​ព្រម​គ្នា​គឺ​ការធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​លី​យុង​ផាត់​ដោយ​លែង​បង់ប្រាក់ និង​ការធ្វើដំណើរ​ឡើង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស» ដោយ​ពុំ​ចាំបាច់​ទិញ​សំបុត្រ​ចូល​ឡើយ។

រយៈពេល​កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ស្ដីពី​ការទិញ​ស្ពាន​លី យុង​ផាត់ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ដល់​ប្រជាជន​កម្ពុជា​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​បន្ដទៀត។ ដំណឹង​ល្អ​នេះ មិនទាន់បាន​រំលង​ផុតពី​សេចក្ដី​រីករាយ​របស់​ប្រជាជន​កម្ពុជា​ផង ថ្មីៗនេះ​នៅក្នុង Page ផ្លូវការ​របស់​សម្ដេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​សរសេរ​ដោយ​បង្ហាញ​ពី​ដំណឹង​ល្អ​មួយទៀត​ដល់​ប្រជាជន​កម្ពុជា​ដែលមាន​បំណង​ចង់ទៅ​កម្សាន្ត​នៅ រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស» ពុំ​ចាំបាច់​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ចូល​ទស្សនា​ទៀតឡើយ។

ខ្លឹមសារ​ទាំងស្រុង​នៃ​សំណេរ​នេះ​បញ្ជាក់ថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល មាន​សេចក្តី​រីករាយ សូម​ជម្រាបជូន​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» និង​រមនីយដ្ឋាន​បូកគោ ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង 00:00 នាទី ថ្ងៃទី15ខែតុលា ឆ្នាំ2017 តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​បាន​ឡើងទៅ​ទស្សនា​កម្សាន្ដ​នៅលើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ ជាពិសេស​បាន​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​និង​សែន​មនោ​រម្យ និង​ស្វែងយល់​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដ៏​មានតម្លៃ ដែលមាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ។ បងប្អូន​ជនរួមជាតិ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឡើងទៅ​កាន់​តំបន់​រមណីយដ្ឋាន​បូ​គោ ដើម្បី​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ និង​សាសនា ក៏ដូចជា​ការគោរព​ប្រតិបត្តិ​ពិធី​ប្រពៃណី​សាសនា​នៅលើ​តំបន់​ប្រវត្តិសាស្ដ្រ​នេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា ដំណោះស្រាយ​នេះ ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូ​គោ» ក៏ដូចជា​នៅ​របៀង​ទេសចរណ៍​ភាគខាងត្បូង ជាពិសេស​តំបន់ឆ្នេរ មានការ​កើនឡើង​បន្ថែមទៀត សំដៅ​រួមចំណែក​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន»៕

Advertisement