អាមេរិក​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដាក់ពាក្យ​ស្នើសុំ​ទៅ​រស់នៅ​ប្រទេស​របស់ខ្លួន

ភ្នំពេញ៖ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាស​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាថ្មីទៀត​នៅ​ចុងឆ្នាំ 2017នេះ។

សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បានឱ្យដឹងថា នាយកដ្ឋាន​គ្រប់គ្រង​ទិដ្ឋាការ Diversity Visa (DV) របស់​ក្រសួងការបរទេស​អាមេរិក​នឹង​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ដល់​អ្នកដាក់ពាក្យ​ដែលមាន​សមត្ថភាព​ចំនួន 50,000 (ប្រាំ​ម៉ឺន)នាក់​ពី​ប្រទេស​ដែល​ជ្រើសរើស​ជា​ប្រទេស​ដែលមាន​សិទ្ធិ​ទទួល​បានជា​រៀងរាល់ឆ្នាំ។ ការដាក់​ពាក្យ​មិនមាន​ថ្លៃឈ្នួល​នោះទេ ប៉ុន្តែ​ត្រូវមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ អ្នក​ត្រូវតែ​បំពេញ​តាម​តម្រូវការ​សាមញ្ញ ប៉ុន្តែ​តឹងតែង​មួយចំនួន​ដូចជា៖

  1. អ្នក​ត្រូវតែ​បញ្ចប់​ថ្នាក់បាក់ឌុប ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ
  2. ត្រូវ​ភ្ជាប់​រូបថត​ដែល​ថត​ក្នុង​រយៈពេល6ខែ​ចុងក្រោយ គិត​ត្រឹម​ថ្ងៃ​ដាក់ពាក្យ​ស្នើសុំ​ឆ្នោត​DVនេះ

3.ត្រូវបំពេញ​ឈ្មោះ ក្រុមគ្រួសារ (ប្រព​ន្ឋ និង​កូន​នៅលើ​ពាក្យសុំ​នោះ)។

ស្ថានទូត​អាមេរិក​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា ដែលមាន​បំណង​ដាក់ពាក្យ​ស្នើសុំ សូមកុំ​ផ្តល់​ទិន្នន័យ​ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​ទាំងឡាយណា​ដែល​ប្រកាសថា ខ្លួន​ជា​ភ្នាក់ងារ​ផ្តល់​ទិ​ដ្ឋ​ការ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​នេះ​ឱ្យសោះ។ កម្រៃ​សេវាកម្ម​តែមួយគត់​នៅក្នុង​ដំណើរ​ការសុំ​ឆ្នោត DV នេះ ត្រូវបាន​បង់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក បន្ទាប់ពី​បេក្ខជន​ត្រូវបាន​ជ្រើសរើស​ដោយ​ឆ្នោត​សម្រាប់​ការសម្ភាស​យក​ទិដ្ឋាការ​ច្រើន​ប្រភេទ។ ក្នុង​ឆ្នាំ 2017 ថ្លៃ​សេវា​កម្មនេះ​មាន​ចំនួន 330 ដុល្លារ​ក្នុង​ម្នាក់។

សូមបញ្ជាក់​ផងដែរ​ថា ឆ្នោត​DVនេះ​មិន​ត្រូវការ​អ្នក​ឧបត្ថម្ភ​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​សម្រួល ឬ​ធានា​ការធ្វើដំណើរ​របស់​អ្នក​ទេ។ ក្រសួងការបរទេស​អា​មេ​រិ​ក​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អ្នកណា​ដែល​អះអាងថា ខ្លួន​ជា​អ្នក​ឧបត្ថម្ភ​ដែល​ត្រូវមាន​នៅក្នុង​ដំណើរការ​នេះ ព្រោះ​ពួកគេ​អាចធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការដាក់​ពាក្យសុំ​ទៅ​រស់នៅ​អាមេរិក​របស់​អ្នក។

ព័ត៌មាន​បន្ថែម​សូម​ចូលទៅក្នុង​គេហទំព័រ​ខាងក្រោម៖

Diversity Visa (DV)

 

Advertisement