ការនាំចេញ​របស់​កម្ពុ​ជា​កើន​ឡើងដល់​ជាង 11ពាន់​លាន​ដុល្លារ

ក្នុងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​ក្រោម​ការអនុគ្រោះ​ពន្ធ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស បានធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​មានការ​កើន​ឡើងជា​លំដាប់ ដែល​កាលពី​ឆ្នាំ2017 កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់​ជាង 11ពាន់​លាន​ដុល្លារ​អាមេរិក។

យោងតាម​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញថា ការនាំចេញ​របស់​កម្ពុ​ជា នៅក្នុង​ឆ្នាំ2007 មាន​ទឹកប្រាក់ 3,525លាន​ដុល្លារ ហើយ​បាន​កើនឡើង​ដល់ 11,142លាន​ដុល្លារ​នៅក្នុង​ឆ្នាំ2017 ក្នុងនោះ​ផលិតផល​នាំចេញ​មានដូចជា ទំនិញ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​ផ្គុំ​អេឡិចត្រូនិក ទោចក្រយានយន្ត ផល​នេសាទ ជ័រកៅស៊ូ ឈើ​កែច្នៃ និង​ទំនិញ​កសិកម្ម​រួមមាន អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយ​ស្រស់ និង​ប្រេង​ឆៅ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍ លើកឡើង​ពី​សក្តានុពល និង​កាលានុវត្តភាព នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ MFN GSP និង EBA ផ្តល់​ដោយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការធ្វើ​ពិពិធ​កម្មវិស័យ​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា កម្ពុជា​បាន​ប្រឹងប្រែង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅក្នុង​តំបន់ និង​ប្រទេស​ដៃគូ​ចំនួន 6ទៀត និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP) ព្រមទាំង​ចរចា​ក្រោម​ក្របខ័ណ្ឌ​អង្គការ WTO សំដៅ​ដក​របាំង​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​នាំ​ចេញពី​កម្ពុជា​ដែល​នឹង​ជួយ​សម្រួល​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព៕

Advertisement