វិស័យ​ហិរញ្ញវត្ថុ​អាច​លែង​ត្រូវការ​ធនធានមនុស្ស​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​អះអាងថា តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​នៅតែមាន​ច្រើន ខណៈដែល​វិស័យនេះ​នៅតែ​បន្ត​ទាក់ទាញ​វិនិយោគិនថ្មីៗឱ្យ​ចូលមក​បណ្តាក់ទុន​បន្ថែម បើទោះបីជា​ប្រឈម​នឹង​ការដាក់កំហិត​លើ​អត្រា​ការប្រាក់​ខ្ពស់បំផុត​ត្រឹម18% ក្នុង​ឆ្នាំ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់ឱ្យអនុវត្ត​ចាប់តាំងពី​ខែមេសា កន្លងមក​ក៏ដោយ។

ក្រោយ​ការដាក់ចេញ​នូវ​សេចក្តីសម្រេច​ថ្មី​លើ​អត្រា​ការប្រាក់​នេះ ប្រតិបត្តិ​ករ​ក្នុង​វិស័យនេះ​បានឱ្យដឹងថា ប្រាក់ចំណេញ​របស់ខ្លួន​នឹង​ធ្លាក់ចុះ បើទោះបីជា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ប្រតិបត្តិ​រប​ស់​ខ្លួន​ក៏ដោយ។ ជាមួយ​ការ​ប្រឈមថ្មីៗនៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន​នេះ អ្នកគ្រប់គ្រង​ក្នុង​វិស័យ​ដែល​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​ជាងគេ​មួយ​នេះ​បាន​លើកឡើងថា តម្រូវការ​ធនធានមនុស្ស​សម្រាប់​វិស័យនេះ​នៅតែ​ត្រូវការ​ច្រើន​ដដែល ដោយសារ​វិស័យនេះ​ស្ថិតនៅ​ដំណាក់កាល​អភិវឌ្ឍ។

ការអះអាង​នេះ អាចជា​មធ្យោបាយ​មួយ​កាត់បន្ថយ​នូវ​មន្ទិលសង្ស័យ​របស់​និស្សិត​ចំពោះ​ការសម្រេចចិត្ត​សិក្សា​មុខវិជ្ជា​ធនាគារ និង​ហិរញ្ញវត្ថុផងដែរ ស្រប​ពេលដែល​សិស្ស​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កំពុងតែ​ស្វែងយល់​ជ្រើសរើស​មុខវិជ្ជា​ដើម្បី​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់ថា បន្ទាប់ពី​ការដាក់​កម្រិត​ថ្មី​របស់​ធនាគារជាតិ​មកលើ​ការប្រតិបត្តិ​របស់​វិស័យ​ហិរញ្ញវត្ថុ​ឯកជន គេ​នៅ​មិនទាន់​ឃើញ​មាន​ផលប៉ះពាល់​អ្វី​ធំដុំ​នៅឡើយ​ទេ ក្រៅពី​ការបាត់បង់​ប្រាក់ចំណេញ​ប៉ុណ្ណោះ។ លោក​ឧកញ៉ា បាន​បន្ថែមថា ការបាត់បង់​ប្រាក់ចំណេញ​នេះ​អាច​ទប់ស្កាត់​ផែនការ​ពង្រីក​អាជីវកម្ម​តាមរយៈ​ការពង្រីក​សាខា​បន្ថែម ហើយ​តម្រូវការ​ធនធានមនុស្ស​សម្រាប់​ប្រតិបត្តិការ​ក៏​នៅតែមាន​ដើម្បី​ពង្រឹង​ខ្លួន បើទោះបីជា​វិស័យ​មួយ​នេះ​ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៃ​កំណែទម្រង់​ក៏ដោយ។

លោក​ឧកញ៉ា ហួត អៀង​តុង បាន​ថ្លែងថា៖“ហិរញ្ញវត្ថុ​ជា​វិស័យ​មួយ​សំខាន់​សម្រាប់​អភិវឌ្ឍន៍​ប្រទេស ដូចនេះ​តម្រូវការ​ធនធានមនុស្ស​ក៏​នៅតែមាន​អាទិភាព​ដែរ ហើយ​ខ្ញុំ​រំពឹងថា​តម្រូវការ​ចំនួន​មនុស្ស​បម្រើ​ការងារ​ក្នុង​វិស័យនេះ​អាច​ថយចុះ​នៅពេល​ខាងមុខ តែ​វិស័យនេះ​ទាំងមូល​នឹង​នៅតែ​ល្អជា​បន្តទៀត។

លោកស្រី សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត​និង​ជា​ប្រធាន​មន្ត្រី​ប្រតិ​ប​តិ្ត​ការ​នៅ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា សម្រាប់​វិស័យ​ធនាគារ​នេះ​ទីផ្សារ​ទំនង​មិន​ចង្អៀត​ពេក​នោះទេ ដោយសារ​មាន​ធនាគារថ្មីៗរបស់​បរទេស​ទើប​ចូលមក ហើយ​ម្យ៉ាងទៀត​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​កកើត​ច្រើន​ដែរ​ក្នុង​រយៈពេលថ្មីៗនេះ​ដែល​បញ្ជាក់​ឱ្យឃើញថា ទីផ្សារ​នៅតែ​ត្រូវការ​ច្រើន។

ទោះជា​បែបនេះ​ក្តី​លោកស្រី​ហាក់​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកសិក្សា​ឱ្យ​សម្លឹងមើល​ជំនាញផ្សេងៗជាច្រើន​ទៀត​ដែល​ទីផ្សារ​ត្រូវការ​ដូចគ្នាដោយ​មិនត្រូវ​ផ្តល់​អាទិភាព​ដល់​ការសិក្សា​ហិរញ្ញវត្ថុ​ខ្ពស់​ពេក​នោះទេ។ លោកស្រី​និយាយថា៖“ជំនាញ​អ្វី​ក៏ដោយ​ឱ្យតែ​ទីផ្សារ​ត្រូវការ​ខ្លាំង ជំនាញ​នោះ​នឹង​ទទួលបាន​ការឱ្យ​តម្លៃ និង​ប្រាក់ចំណូល​ខ្ពស់។

សម្រាប់​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត លោកស្រី​បាន​បញ្ជាក់ថា តម្រូវការ​ធនធានមនុស្ស​ថ្មី​អាច​នឹង​នៅ​ទ្រឹង​សម្រាប់​ឆ្នាំ2019 និង​ឆ្នាំ2020 ខណៈ​ឆ្នាំ2018 ខាងមុខ តម្រូវការ​ធនធានមនុស្ស​ថ្មី​អាចមាន​ត្រឹម1ទៅ2%ប៉ុណ្ណោះ​នៃ​ចំនួន​បុគ្គលិក​បច្ចុប្បន្ន​សរុប12,580នាក់។

លោកស្រី​បាន​បញ្ជាក់ថា៖ “យើង​កំពុង​បណ្តុះបណ្តាល​បុគ្គលិក​ឱ្យ​ផ្តោតលើ Digital Banking ដូចនេះ​តម្រូវការ​ធនធានមនុស្ស​ថ្មី​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​គឺ​មិនទាន់​ចាំបាច់​នោះទេ។

ឯកឧត្តម វ​ង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ និង​ហិរញ្ញវត្ថុ ធ្លាប់បាន​ទទួលស្គាល់ថា វិស័យ​ហិរញ្ញវត្ថុ​នេះ​មាន​ភាព​កាក់កប​ខ្លាំង​ជា​វិស័យផ្សេងៗទៀត ដែលមាន​អត្រា​ចំណេញ​ប្រចាំឆ្នាំ​រហូត​ជាង18%។ ទន្ទឹមគ្នានេះ​អត្រា​ការប្រាក់​ខ្ពស់​សម្រាប់​អតិថិជន​គឺជា​ចំណោទ​មួយ​ដែល​ទាមទារ​ឱ្យ​ដោះស្រាយ​នៅពេល​ខាងមុខ ព្រោះ​វិស័យនេះ​ក៏​ដល់​ពេលដែល​ត្រូវ​កែទម្រង់​ដែរ។

យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បង្ហាញ​ពី​ការរីកចម្រើន​ឥតឈប់ឈរ​ក្នុង​វិស័យនេះ​ក្នុង​រយៈពេល​កន្លងមក ដោយ​ប្រាក់​បញ្ញើ និង​កម្ចី​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2015 បាន​កើនឡើង​ក្នុង​រង្វង់​ពី​ជាង 18ទៅជិត 30%នៅ​ឆ្នាំ2016។ ប្រាក់​បញ្ញើ​របស់​អតិថិជន​នៅក្នុង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅក្នុង​ឆ្នាំ2015 បាន​កើនឡើង 18.9% ដល់ 12.68ពាន់​លាន​ដុល្លារ ខណៈដែល​ឥណទាន​បាន​កើនឡើង 28% ដល់ 15.14ពាន់​លាន​ដុល្លារ ធៀប​ទៅនឹង​ឆ្នាំ2014។

រហូតមកដល់​ពេលនេះ​ចំនួន​ធនាគារពាណិជ្ជ ធនាគារ​ឯកទេស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​កំពុង​ប្រតិបត្តិ​នៅ​កម្ពុជា មាន​ចំនួន​ជិត80ស្ថាប័ន៕

Advertisement