នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ ជំរុញ​ពាណិជ្ជករ​របស់ខ្លួន​ឱ្យ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

ស្ថិតនៅក្នុង​គោលបំណង​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-ថៃ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​ទទួលបាន​ជោគជ័យ​បំផុត​នោះ នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ បានរៀបចំ​វេទិការ​ដ៏​អស្ចារ្យ​លើកដំបូង BUSINESS MATCHING ដែលជា​ព្រឹត្តិការណ៍​នៃ​ការជួបគ្នា​រវាង​បណ្តា​ពាណិជ្ជករ​ថៃ ជាមួយនឹង​អ្នកជំនួញ​មាន​សក្ដានុពល​នៅ​កម្ពុជា ដើម្បី​បាន​ស្វែងយល់​បន្ថែម​ពី​ទិដ្ឋភាព​នៃ​ការវិនិយោគ​រួម ក៏ដូចជា​ការបង្ហាញ​ពី​វិសាលភាព​ដែល​បានមកពី​កិច្ច​សការ​វិនិយោគ​ភាពជា​ដៃគូ។

នៅក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ ដោយមាន​ការចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​នានា​សរុប​ប្រមាណ​ជិត100ក្រុមហ៊ុន ដែល​មានបំណង​ស្វែងរក​ទីផ្សារ​របស់ខ្លួន​នៅ​កម្ពុជា​នោះ លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា សម្រាប់​គោលបំណង​របស់​កម្មវិធី​នៃ​កិច្ច​ជំនួប​គ្នា​រវាង​ពាណិជ្ជ​ករទាំង 2 ប្រទេស​នេះ គឺធ្វើឡើង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ថៃ​ក្នុង​ការចាប់​ដៃគូ​ស្វែងរក​ទីផ្សារ​ដ៏​ល្អ​នៅ​កម្ពុជា។

លោកស្រី​បាន​បញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ ប្រជាជន​កម្ពុជា​ភាគច្រើន​កំពុងតែ​ចាប់អារម្មណ៍ និង​ជឿទុកចិត្ត​ខ្ពស់​ជាមួយ​ផលិតផល​នានា​របស់​ថៃ ហើយក៏​កំពុងតែ​ទទួល​ប្រើប្រាស់​យ៉ាង​ទូលាយ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​ដូចជា​ផ្នែក​ចំណីអាហារ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងសំណង់ ក៏ដូចជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ទៀត »។ លោកស្រី​បាន​បន្តទៀតថា ៖ ការផ្តល់​ទំនុកចិត្ត​មកលើ​ផលិតផល​របស់​ថៃ​ពី​សំណាក់​ជនជាតិ​កម្ពុជា​នេះ ក៏​ព្រោះតែ​ភាគច្រើន​របៀបរបប​នៃ​ការរស់នៅ​របស់​ជនជាតិ​ទាំង2មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា ដែល​ក្នុងនោះ​រាប់ទាំង​វប្បធម៌ និង​អរិយធម៌​ផងដែរ»។ ជាមួយគ្នានេះ លោកស្រី​ក៏បាន​បញ្ជាក់ប្រាប់​ដល់​ប​ណ្តា​ពាណិជ្ជករ​ដែលមាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ផងដែរ ពេលនេះ​វា​គឺជា​ឱកាស​ដល់​ប្រសើរ​បំផុត​សម្រាប់​អ្នក​ដែលមាន​បំណង​ពង្រីក​ទីផ្សារ​មកកាន់​កម្ពុជា ខណៈពេល​ដែលមាន​បណ្តា​អ្នកវិនិយោគ​បរទេស​ជាច្រើន​ទៀត​ក៏​កំពុង​សម្លឹង​មកកាន់​ទីផ្សារ​កម្ពុជា​ផងដែរ​នោះ ។

លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ជា​សហគ្រិន​ដ៏​ជោគជ័យ​វ័យក្មេង និង​ជា​ម្ចាស់​ក្រុមហ៊ុន​ចំនួន5 នៅក្នុង​ដៃ​នោះ ក្នុងនាម​ជា​ពាណិជ្ជករ​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍ ដែល​ត្រូវបាន​អញ្ជើញ​ដោយ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ និង​ជា​អ្នកតំណាង​ពាណិជ្ជករ​កម្ពុជា​បាន​ថ្លែងថា ៖ «បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​ត្រូវបាន​បណ្តា​អ្នកវិនិយោគ​បរទេស​ជាច្រើន​ចាត់ទុកថា ជា​កូនក្រមុំ​ដ៏​ស្រស់ស្អាត ដែល​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ហើយក៏​ចង់​សហការ​វិនិយោគ​ជាមួយ ដែល​ក្នុងនោះ​រួមមាន​ដូចជា ចិន កូរ៉េ ជប៉ុន វៀតណាម ក៏ដូចជា​វិនិយោគិន​នៅតាម​បណ្តា​ប្រទេសផ្សេងៗទៀត ។ ដោយឡែក​សម្រាប់​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏បាន​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​ជិតស្និទ្ធ​ជាបណ្តើរៗជាមួយ​កម្ពុជា​ផងដែរ បើទោះបីជា​មិនទាន់​ឈានដល់​ចំណុចកំពូល​ក៏ដោយ»។

នៅ​ចំពោះមុខ​បណ្តា​ពាណិជ្ជករ​ថៃ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ BUSINESS MATCHING កាលពី​ថ្ងៃទី03 ខែតុលា ឆ្នាំ2017 ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Centra នាទី​ក្រុង​បាងកក ប្រទេស​ថៃ លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ក៏បាន​បញ្ជាក់ប្រាប់​ពីបទ​ពិសោធន៍ និង​ភាពជោគជ័យ​របស់លោក​ក្នុង​កិច្ចសហការ​នាំយក​ផលិតផល​ពី​ប្រទេស​ថៃ​មក​ចែកចាយ​បន្ត​នៅលើ​ទីផ្សារ​កម្ពុជា​ទៀតថា ៖ « សព្វថ្ងៃនេះ ខ្ញុំ​មាន​ក្រុមហ៊ុន​ចំនួន5 រួមមាន​ក្រុមហ៊ុន អចលនទ្រព្យ CSS Real Estate LLC , ហាង​បញ្ចាំ​មហា​សេរី Pawn shop, ក្រុមហ៊ុន​ទទួល​ផលិត ផលិតផល​ស​ម្ភ​ស្ស និង​ក្រុមហ៊ុន Monsne Café Cambodia ដែល​ក្រុមហ៊ុន​ទាំងនេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុនមេ​ដ៏​ធំ​មួយ​មាន​ឈ្មោះថា Luxury Smile ។

ជាមួយនឹង​ដំណើរការ​យ៉ាង​រលូនរ​បស់​ក្រុមហ៊ុន​ទាំងអស់នេះ ខ្ញុំ​ក៏​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ​ចំនួន 36 ក្រុមហ៊ុន ដើម្បី​នាំយក​ផលិតផល​ពី​ប្រទេស​ថៃ​ទៅ​លក់​នៅលើ​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​គួរ​ជាទី​មោទនៈ ខណៈដែល​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ខ្ញុំ​នឹង​ពង្រីក​កិច្ចសហការ​ជា​ដៃគូ​រហូតដល់ 300ក្រុមហ៊ុន ក្នុងការ​នាំយក​ផលិតផល​នានា​ពី​ប្រទេស​ថៃ​ទៅ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​កម្ពុជា​បន្ថែមទៀត»។

យ៉ាងណាក៏ដោយ ជាមួយនឹង​ព្រឹត្តិការណ៍ នៃ​កិច្ច​ជំនួប​លើកដំបូង​រវាង​ពាណិជ្ជករ​កម្ពុជា-ថៃ កាលពីពេល​កន្លងទៅនេះ  នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ បាន​រំពឹង និង​សង្ឃឹម​ជឿជាក់ថា អាចជួយ​រឹតបណ្តឹង​ចំណង​សហប្រតិបត្តិ​ការធ្វើ​ជំនួញ​កាន់តែ​ស្អិតល្មួត​ទ្វេដង ជាពិសេស វា​ជាការ​បើកឱកាស​កាន់តែ​ងាយស្រួល​សម្រាប់​ពាណិជ្ជ​ករទាំង2ប្រទេស​ផងដែរ ៕

Advertisement