កម្ពុជា​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​ផែន​ការតភ្ជាប់​អាស៊ាន 2025

ភ្នំពេញ- តាមរយៈ​កិច្ចប្រជុំ​អាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពី​ការលើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់ និង​ឆ្ពោះទៅ​សហគមន៍​អាស៊ី​ខាងកើត កម្ពុជា​បានបង្ហាញ​ពី​ការត្រៀមខ្លួន​ក្នុង​ការជួយ​ដល់​អាស៊ាន ពិសេស​ដើម្បី​អនុវត្ត​ផែនការ​ថ្មី​ស្តីពី​ការតភ្ជាប់​អាស៊ាន 2025។

លោក គង់ សុផល អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុង​រយៈពេល2ទសវត្សរ៍​កន្លងមក​ក្នុងការ​អភិវឌ្ឍ​ប្រទេស ពិសេស​តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ជា​អាទិភាព​លើ​ការស្តារ​វិស័យ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស កំពង់ផែ និង​ជាពិសេស​បណ្តាញ​ផ្លូវជាតិ​ដែល​ធ្វើការ​អភិវឌ្ឍ និង​ត​ភ្ជាប់​ទៅ​អនុតំបន់ ឬ​តំបន់​ផ្សេងទៀត។

ក្នុង​កិច្ចប្រជុំ​អាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពី ការលើកកម្ពស់​ការតភ្ជាប់​ក្នុង​តំបន់ និង​ឆ្ពោះទៅ​សហគមន៍​អាស៊ី​ខាងកើត​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ នា​ថ្ងៃទី29 ខែកញ្ញា ឆ្នាំ2017 ក៏មាន​ការចូលរួម​ពី​តំណាង​ធនាគារធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារ​អភិវឌ្ឍន៍​ចិន (CDB), ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)។

អគ្គនាយករង​ដឹកជញ្ជូន​ផ្លូវគោក បន្ដថា បច្ចុប្បន្ននេះ បណ្តាញ​គមនាគមន៍​ក​ម្ពុ​ជា​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការតភ្ជាប់​ទៅ​បណ្តា​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដោយ​មិនមាន​បង្ក​ជា​ឧបសគ្គ​ឡើយ។ ស្របពេល​ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ដាក់​ជា​យុទ្ធសាស្ត្រ​ក្នុងការ​សាងសង់​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ក្នុង​គោលបំណង​ពង្រីក​ចំណងមិត្តភាព​សហប្រតិបត្តិ​ការ តាម​ព្រំដែន​ប្រទេសជិតខាង ដែល​មកដល់ពេលនេះ​បាន​រួចរាល់​ប្រមាណ70% ហើយ ដែល​ធ្វើឱ្យ​ការតភ្ជាប់​តាមផ្លូវ​គោក​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​មុន ។

ក្នុងឱកាស​នោះដែរ​កម្ពុជា​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​ខិតខំ​សហការគ្នា​ដើម្បី​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​សម្របសម្រួល​ការងារ​ដឹក​ជញ្ជូន​នានា​ដែល​បាន​ចុះហត្ថលេខា​កន្លងមក ដូចជា​កិច្ចព្រមព្រៀង ស្តីពី​ការសម្របសម្រួល​ការងា​រដឹក​ជញ្ជូន​ឆ្លងកាត់​ក្នុង​មហា​អនុតំបន់​មេគង្គ (GMS Cross Border Transport Facilitation Agreement) កិច្ចព្រមព្រៀង ស្តីពី​ការសម្របសម្រួល​ការងា​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ក្នុង​តំបន់​អាស៊ាន (ASEAN Framework Agreement on the Facilitation of Goods in Transit, AFAFGIT) និង​កិច្ចព្រមព្រៀងដទៃៗទៀត​ដែល​ថ្នាក់ដឹកនាំ​បាន​ឯកភាព និង​ទទួលបាន​សច្ចាប័ន​ពី​ស្ថាប័ន​នីតិបញ្ញត្តិ រួចរាល់​ហើយ។

ជាងនេះទៅទៀត​កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​បញ្ចូល​មន្ត្រី​បច្ចេកទេស​នៃ​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ទាំង3ចូលរួម​ជាមួយ​ក្រុមការងា​រ​ជំនាញ​នានា​របស់​អាស៊ាន​ដើម្បី​សហការ​អនុវត្ត​សេចក្ដីសម្រេច​រួម កិច្ចព្រមព្រៀង និង​ផែនការ​នានា​ដែល​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន+3 កន្លងមក​ទៀតផង៕

Advertisement