ស្ពាន​អាកាស​ និង​​ផ្លូវ​​ក្រោម​​ដី​​ចោម​ចៅ ​សម្រេច​បាន​ ៩៨-​៩៩% ​និង​​កំពុង​​ត្រៀម​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​​ជាបណ្ដោះ​អាសន្ន

អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៤ មីនា បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​មន្ត្រី​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ។

គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ នេះ បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ​ពី ៩៨ ទៅ ៩៩%។ ហើយ ៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​រួចរាល់​ជា​ស្ថាពរ ដែល​អាច​ដាក់ឱ្យ​ធ្វើដំណើ​រ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​បាន នេះ​បើតាម ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

ការចុះ​ត្រួតពិនិត្យ​របស់ អភិបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​នេះ គឺ​ក្នុង​បំណង​ជំរុញ​ការងារ​ដែល​នៅ​សេសសល់​ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល ៥ ថ្ងៃ​ទៀត ដើម្បី​ត្រៀម​សម្រាប់​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ គឺជា​គម្រោង​របស់​ រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ។ សំណង់​​ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាល​ថ្ងៃទី ២៩ មិថុនា ២០១៨ ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​​​រយៈពេល ៣០ ខែ ក្នុង​ការ​សាង​សង់​ និង​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ២២ លាន​ដុល្លារ​អាម៉េរិក៕

Advertisement