ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែល​មាន​ថាមពល 16 MW និង​​ជា​ផលិត​ផល​ក្នុងស្រុក​របស់​ប្រទេស​ចិន​ ដំណើរ​ការ​នៅ​លើ​សមុទ្រ​ខេត្ត Fujian បង្កើត​បាន​កំណត់ត្រា​ថ្មី​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​ថ្ងៃទី 01 កញ្ញា​ 2023​។

យោង​តាម​ក្រុម​ហ៊ុនចិន CTGC ​ដែល​​គ្រប់​គ្រង​​​ទួរប៊ីន​ខាងលើ​ ប្រព័ន្ធ​កង្ហារ​លើសមុទ្រ​នេះ​ដំណើរ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ផលិត​អគ្គិសនី​ក្នុងមួយ​ថ្ងៃ​បាន​រហូត​ដល់ 384,000 គីឡូវ៉ាតម៉ោង​ ស្មើ​នឹង​បរិមាណ​អគ្គិសនី​ដែល​​ប្រើ​ប្រាស់​​ក្នុង​មួយ​ថ្ងៃ​របស់​មនុស្ស​ជិត 170,000​ នាក់​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​បាន​ដំឡើង​កាល​ពី​ចុង​ខែ​មិថុនា 2023 ទួរប៊ីនខ្យល់​ខាងលើ​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​ និង​ចាប់​ផ្ដើម​ផលិត​អគ្គិសនី​ពី​ថ្ងៃទី 19 កក្កដា​។

តាម​ផែនការ​ ទួរប៊ីន​ខ្យល់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ ដែលនេះ​គឺ​​គ្រប់​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​មនុស្ស​នៅ​ក្នុង​ 36,000 គ្រួ​សារ​ដែលក្នុង​មួយ​គ្រួសារ​​មាន​សមាជិក​បី​នាក់​។ ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​នេះ​មាន​ស្លាប​ចក្រ​ដែល​វិល​ក្នុង​ផ្ទៃ​ក្រឡា​ប្រហែល 50,000 ម៉ែត្រ​ការ៉េ ស្មើ​នឹង​ទីលាន​បាល់​ទាត់​ស្ដង់ដាចំនួន​ 7 បូក​ចូល​គ្នា​។

Advertisement