កំពូល​មហាសេដ្ឋី​លំដាប់​ទីមួយ​​នៅ​ក្នុង​​​ពិភពលោក អ៊ីឡុន ម៉ាស (Elon Musk) ត្រូវបាន Time ​ជ្រើសរើស​ជា «បុគ្គល​​នៃ​​ឆ្នាំ» ២០២១

លោក អ៊ីឡុន ម៉ាស (Elon Musk) ដែលជា​មហាសេដ្ឋី​អាម៉េរិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ហើយក៏​ជា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អវកាស SpaceX ត្រូវបាន​ទស្សនាវដ្ដី Time ជ្រើសរើស​ជា​បុគ្គល​ប្រចាំឆ្នាំ សម្រាប់​ឆ្នាំ ២០២១ ព្រោះតែ​ឥទ្ធិពល​ជា​សកល​របស់លោក។

«បុគ្គល​ប្រចាំឆ្នាំ​គឺជា​មនុស្ស​ដែល​បង្កើតបាន​នូវ​ឥទ្ធិពល។ មាន​មនុស្ស​តិច​ណាស់​ដែលមាន​ឥទ្ធិពល​ទៅលើ​ជីវិត​នៅលើ​ពិភព​ផែនដី និង​សូម្បីតែ​នៅក្រៅ​ភពផែនដី បើ​ធៀប​ជាមួយនឹង អ៊ីឡុន ម៉ាស។ ក្នុង​ឆ្នាំ ២០២១ លោក អ៊ីឡុន ម៉ាស មិន​ត្រឹមតែ​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ប៉ុន្តែ​ក៏​ជា​ឧទាហរណ៍​ច្បាស់លាស់​បំផុត​អំពី​ការប្រែប្រួល​ក្នុងសង្គម» លោក អែដវ៉ើដ ហ្វែលសឹនថល (Edward Felsenthal) និពន្ធ​នាយក​របស់​ទស្សនាវដ្ដី Time បានឱ្យដឹង​ដូច្នេះ កាលពី​ថ្ងៃទី ១៣ ខែធ្នូ ២០២១។

ឆ្នាំ ២០២១ ត្រូវបាន​វាយតម្លៃថា​ជា ឆ្នាំ​ដែល​គួរឱ្យ​ចងចាំ​សម្រាប់ អ៊ីឡុន ម៉ាស។ លោក​បាន​ក្លាយជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ជាង ២៦៤ ពាន់​លាន​ដុល្លារ ដោយសារ​តែមាន​ប្រភព​ចំណូល​ច្រើន មានដូចជា ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Tesla និង SpaceX ជាដើម។

បច្ចុប្បន្ន មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង រូបនេះ គឺជា​នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX ហើយក៏​កំពុង​ដឹកនាំ Neuralink ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​កំពុង​អភិវឌ្ឍ​ឈី​ប​សម្រាប់​បំពាក់​ក្នុង​ខួរក្បាល​មនុស្ស និង​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ The Boring Company។ លោក អ៊ីឡុន ម៉ាស ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង «ម្ចាស់​សាសនា​នៅលើ Twitter» ដោយមាន​អ្នកតាមដាន​ជិត ៦៦ លាន​នាក់ នៅលើ​គណនី​បណ្ដាញ​សង្គម​មួយ​នេះ។

លោក អ៊ីឡុន ម៉ាស

ក្រៅពី​យោបល់​ដែល​បង្ក​ភាពចម្រូងចម្រាស​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ប្រាក់​ឌីជីថល លោក អ៊ីឡុន ម៉ាស ក៏​ទាក់ទាញ​ចំណាប់អារម្មណ៍​ដោយ​ការបញ្ចេញ​ទឹកមុខ​បែប​កំប្លែង ការដាក់​ឈ្មោះ​ឱ្យ​កូន ឬ​ម៉ូដ​សក់​ថ្មី​ជាដើម។ មតិ​របស់​មហាសេដ្ឋី​រូបនេះ ពេលខ្លះ​ក៏បាន​ធ្វើឱ្យ​លោក​ជួប​បញ្ហា​ជាមួយ​អាជ្ញាធរ​អាម៉េរិក ទន្ទឹមនឹងនេះ​ក៏​បណ្ដាលឱ្យ​សាធារណជន មិនសូវ​យកចិត្តទុកដាក់​ទៅលើ​ជោគជ័យ​ដែល​កើតឡើង​ដោយ​ស្នាដៃ​របស់លោក។

ទស្សនាវដ្ដី Time បាន​ផ្ដើម​ការជ្រើសរើស «បុគ្គល​ប្រចាំឆ្នាំ» ចាប់ពី​ឆ្នាំ ១៩២៧ ក្នុងអំឡុង​ពេលនោះ ស្ត្រី​ដំបូង​គេ​ដែល​ត្រូវបាន​ជ្រើសរើស​គឺ វ៉ល្លិស ស៊ីមសឹន (Wallis Simpson) (ក្នុង​ឆ្នាំ ១៩៣៦)។

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន និង​អនុ​ប្រធានាធិបតី Kamala Harris ត្រូវបាន​ជ្រើសរើស​ជា​បុគ្គល​របស់​ឆ្នាំ ២០២១។

ការជ្រើសរើស​របស់ Time មិនបាន​កំណត់ដោយ​ទម្រង់​នៃ​កិត្តិយស​តែមួយ​មុខ ព្រោះថា បុគ្គល​ដែល​ត្រូវបាន​ជ្រើសរើស​ក៏​អាច​បណ្ដាលមកពី​ឥទ្ធិពល​អវិជ្ជមាន នេះ​បើតាម​សារព័ត៌មាន CNN។ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ (Adolf Hitler) ក៏​ធ្លាប់​ត្រូវបាន​ជ្រើសរើស​ជា «បុរស​របស់​ឆ្នាំ» កាលពី​ឆ្នាំ ១៩៣៨ មិនយូរប៉ុន្មាន មុនពេល​សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង៕

Advertisement