វិវាទ​ការងារ​ឆ្នាំនេះ មាន​ចំនួន70ករណី តែ​ដោះស្រាយបាន​តិចតួច

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​ថ្លែងថា វិវាទ​ការងារ​ក្នុង​ឆមាស​ទី1ឆ្នាំនេះ​មាន​ចំនួន70ករណី ប៉ុន្តែ​ដោះស្រាយបាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តីពី​សេចក្តីព្រាងច្បាប់ ស្តីពី​នីតិវិធី​ជម្រះក្តី វិវាទ​ការងារ នៅ​ព្រឹក​ថ្ងៃទី4 ខែកញ្ញា ឆ្នាំ2017នេះ​ថា ក្នុង​ឆមាស​ទី1 ឆ្នាំ2017 នាយកដ្ឋាន​វិវាទ​ការងារ បាន​ដោះស្រាយ​វិវាទ​បុគ្គល​ចំនួន70ករណី ដោះស្រាយបាន6ករណី មិនទាន់​ដោះស្រាយបាន​ចំនួន56ករណី និង​មោ​ឃៈ​ចំនួន8ករណី និង​ដោះស្រាយ​វិវាទ​ការងារ​រួម​ចំនួន15ករណី ដោះស្រាយបាន3ករណី និង​មិនទាន់​ដោះស្រាយបាន​ចំនួន12ករណី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការដោះស្រាយ​វិវាទ​ការងារ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ថែម ក្នុងនោះ​គឺ​បញ្ហា​ប្រឈម​នឹង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​បច្ចុប្បន្ន​របស់​កម្ពុជា។

ទាក់ទង​នឹង​ច្បាប់​ថ្មី​មួយ​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក អ៊ិត សំហេង បាន​បញ្ជាក់ថា ច្បាប់​នេះ​នឹង​ធានា​ក្នុង​ការផ្តល់​យុត្តិធម៌​លើ​បណ្តឹង​ការងារ​គ្រប់​ប្រភេទ​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​ធានា​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ បរិយាកាស​ល្អ​សម្រាប់​ការវិនិយោគ និង​បង្កើត​ការងារ។

លោក Alain Pelce អ្នកជំនាញការ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​ស្តីពី​ការងារ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ច្បាប់​នេះ​គឺជា​លិខិតបទដ្ឋាន​គតិយុត្ត​ថ្មី​មួយទៀត​ដែល​បង្កើត​ឲ្យ​មាន​ជា​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​មួយ​ពេញលេញ​ដែល​រួមមាន​ទាំង​ការជំនុំជម្រះ​រឿងក្តី​ការងារ​ដោយ​តុលា​ការងារ ហើយ​ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​នឹង​រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ ការធានា​នូវ​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​រួមចំណែក​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​កាន់ តែមាន​ប្រសិទ្ធភាព​បន្ថែម​ផងដែរ៕

Advertisement