ទុនវិនិយោគ​រវាង​ក​ម្ពុ​ជា និង​ហុងកុង​កើនឡើង​ប្រមាណ​ជា1.64%

ការវិនិយោគ​របស់​ចិន​ហុងកុង​ក្នុង​ឆ្នាំ2017 គឺមាន​ចំនួន 13គម្រោង ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ឧស្សាហកម្ម​ដទៃទៀត ក្នុង​ទឹកប្រាក់​វិនិយោគ​ប្រមាណ 85លាន​ដុល្លារ​អាមេរិក ស្មើនឹង1.64% នៃ​ទុនវិនិយោគ​សរុប​ប្រចាំឆ្នាំ2017 នេះ​បើ​យោងតាម​របាយការណ៍​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ឯកឧត្ដម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មានប្រសាសន៍​ក្នុងជំនួប​ជាមួយ​ប្រតិភូ​ចិន​ហុងកុង​ឱ្យដឹងថា កម្ពុ​ជាមាន​ភាពអំណោយ​ផល​នៃ​បរិយាកាស​វិនិយោគ ជាពិសេស​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម 7.7 %ក្នុង​មួយឆ្នាំ​ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​កន្លងទៅ។ កំណើន​ដ៏​រឹងមាំ​នេះ​បានធ្វើឱ្យ​កម្ពុជា​ធ្វើដំណើរ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ផ្ដល់​ទំនុកចិត្ដដ​ល់​អ្នកវិនិយោគ​បរទេស​ឱ្យ​បណ្តាក់ទុន​លើ​គ្រប់​វិស័យ។ ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​ចិ​ត្ដរបស់​អ្នកវិនិយោគ​ហុងកុង​ដែល​បានជ្រើសរើស​កម្ពុជា​ធ្វើជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្ដើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន។

ជាមួយគ្នានេះ​ឯកឧត្ដម អ៊េ​ត​វឺ​ត យ៉ាវ (Edward Yau) រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្មបាន​ថ្លែង​ដោយ​សន្យាថា នឹង​ខិតខំ​ធ្វើការ​ទាក់ទាញ និង​ផ្សព្វផ្សាយ​ឱ្យ​អ្នកវិនិយោគ​ហុងកុង​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​ដើម្បី​បន្ត​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ។

គួរ​រំឭក​ផងដែរ​ថា ការវិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា​ពី​ឆ្នាំ1994 ដល់​ឆ្នាំ2017 មាន​ចំនួន 257គម្រោង មាន​ទុនវិនិយោគ​សរុប​ប្រមាណ 1.33ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង 2.14%នៃ​ទុនវិនិយោគ​សរុប៕

Advertisement