Category: កម្សាន្ត

  • គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្រេចចិត្ត​ចែកផ្លូវ​គ្នាក្នុងឆ្នាំ២០២៤

    គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្រេចចិត្ត​ចែកផ្លូវ​គ្នាក្នុងឆ្នាំ២០២៤

    នៅក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បើក្រឡេកមើលមកគូស្នេហ៍របស់តារាសម្តែងល្បីឈ្មោះរបស់ប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់យើង គឺមានគូស្នេហ៍​ជាច្រើន​គូកំពុងមាន​ស្នេហា​ដ៏​ស្រស់​ស្អាត និងផ្អែមដូចទឹកឃ្មុំ ប៉ុន្តែក្នុងនោះក៏មានគូស្នេហ៍ចាស់វស្សា​ខ្លះក៏បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នាដើររៀងខ្លួនផងដែរ ​បន្ទាប់ពីពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ។

    ខាងក្រោមនេះគឺជា​គូស្នេហ៍​តារា​ថៃ ​ដែលបាន​បែក​បាក់​គ្នា​នៅក្នុង​ឆ្នាំ២០២៤កន្លងទៅ​នេះ៖

    1. Punpun Sutatta និងមិត្តប្រុសរបស់នាង

    ថ្មីៗ​នេះ​ការ​បែក​បាក់​រវាង​ Punpun Sutatta ជាមួយ​មិត្ត​ប្រុស​របស់នាងដែលមិន​មែន​ជាអ្នកស្ថិតក្នុងពិភពសិល្បៈបាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រមានការ​ភ្ញាក់​ផ្អើលជាខ្លាំង បន្ទាប់ពី​ពួក​គេបាន​រួម​រស់​ជាមួយ​គ្នា​អស់រយៈពេល​៧​ឆ្នាំ។

    1. Puen Khanin និង Cine Phatraakorn

    តារាសម្តែងស្រី Cine Phatraakorn បានប្រកាសជាផ្លូវការថា នាង និងតារាសម្តែងប្រុសរូបស្រស់សង្ហា Puen Khanin បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេហើយ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល៨ឆ្នាំដោយនាងបានប្រកាសដំណឹងដ៏សោកសៅនេះនៅក្នុងកម្មវិធីដ៏ពេញនិយម “Suek 12 Rasee”។

    1. លីណា ឡាលីណា (Lena Lalina) និងមិត្តប្រុស

    លី​ណា ឡា​លី​ណា តួ​ស្រី​ស្រស់​ស្អាត​ក្នុង​រឿង “មិន​ចេះ​គ្រប់” បានបង្ហើប​ប្រាប់ជាសាធារណៈថា ​បច្ចុប្បន្ននេះ​នាងគឺ​នៅ​លីវ ដែលបញ្ជាក់ថា រូបនាងបាន​បញ្ចប់​ចំណង​ស្នេហ៍​រយៈ​ពេល​ពីរ​ឆ្នាំ​ជាមួយ​មិត្ត​ប្រុសរបស់នាង ​ដែល​មិន​មែន​ជា​តារា​ល្បីឈ្មោះជាផ្លូវការហើយ។

    1. Nine Naphat និង Baifern Pimchanok

    ប្រុសស្អាត Nine Naphat និងកញ្ញារូបស្រស់ Baifern Pimchanok ដែលបានចែករំលែក​រូបមន្តស្នេហាដ៏​មិន​គួរ​ឱ្យ​ជឿនៅ​ក្នុង​រឿង​បែបមនោសញ្ចេតនាដ៏​ល្បីល្បាញ ដែលមានចំណងជើងថា “ Friend Zone”។ អ្នកទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នានៅចុងឆ្នាំ២០២២ ប៉ុន្តែពួកគេបានចែកផ្លូវគ្នាជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៤កន្លងទៅនេះហើយ។

    1. PK និង Yoghurt Nattasha

    នៅក្នុងខែមីនា ឆ្នាំទៅនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា តារាសម្ដែងស្រីដ៏ស្រស់ស្អាត Yoghurt Nattasha បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយ PK ហើយ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល១២ឆ្នាំ។

    1. Nack Charlie និង Gamin

    នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ តារាសម្តែង Nack Charlie បានផ្សាយបន្តផ្ទាល់ដើម្បីចែករំលែកព័ត៌មានដល់ Fans Fans ទាំងអស់ថា គាត់ និងមិត្តស្រីជនជាតិកូរ៉េរបស់គាត់ Gamin បានបែកបាក់គ្នាហើយ តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤មកម្ល៉េះ។

    1. Mickey Allapach និង Janie Tienphosuwan

    កាលពីខែកញ្ញា ឆ្នាំ២០២៤ តារាសម្ដែងស្រីល្បីឈ្មោះ Janie Tienphosuwan បានបង្ហើបប្រាប់ថា នាង និង Mickey បានចែកផ្លូវគ្នាហើយ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល៦ឆ្នាំ។

    1. Aum Atichart និង Nat Myria

    កាលពីខែធ្នូ កន្លងទៅនេះ អ្នកនាង Nat Myria បានសារភាពថា នាង និង Aum Atichart បានបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធរយៈពេល១៥ឆ្នាំរបស់ពួកគេហើយ។ ក្រោយ​មក​តារា​សម្ដែង​រូប​នេះ​បាន​ប្រាប់​ថា ការ​បែក​គ្នា​របស់​ពួក​គេ ​គឺ​​មិន​មាន​ភាគី​ទី​បីចូល​ពាក់ព័ន្ធ​នោះទេ៕

  • អាប់ដេតបន្ថែម រឿងគម្រោងឆបោករបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ប្រទេសថៃ ពេលនេះតារាល្បីឈ្មោះ២រូបបានរួចពីការចោទប្រកាន់ហើយ

    អាប់ដេតបន្ថែម រឿងគម្រោងឆបោករបស់ក្រុមហ៊ុន ដឺ អាយ​ខុន​ គ្រុប ប្រទេសថៃ ពេលនេះតារាល្បីឈ្មោះ២រូបបានរួចពីការចោទប្រកាន់ហើយ

    បើប្រិយមិត្តអ្នកអាននៅចាំបាននោះ ជនសង្ស័យ​ ឬជនជាប់ចោទដែលស្ថិតនៅក្នុងគម្រោងឆបោក ដឺ អាយ​ខុន​ គ្រុប គឺមានចំនួនសរុបទាំងអស់១៨​នាក់​ រួមទាំងស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ដឺ អាយ​ខុន​ គ្រុប គឺលោក Warathaphon Waratyaworrakul “ហៅ Boss Paul” និងនាយកប្រតិបត្តិផ្សេងទៀត ដោយជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការខ្ចីប្រាក់ក្លែងបន្លំ ការបើកអាជីវកម្មលក់ផ្ទាល់ដោយខុសច្បាប់ និងបទល្មើសពាក់ព័ន្ធផ្សេងទៀត។

    តែនៅពេលថ្មីៗនេះ ព្រះរាជអាជ្ញារបស់ប្រទេសថៃបានសម្រេចចិត្តមិនចោទប្រកាន់ កញ្ញា Peechaya Wattanamontri “ហៅ Boss Min” ដែលជាតារាស្រីដ៏ល្បីឈ្មោះរបស់ប្រទេសថៃ និងតារាសម្តែងជើងចាស់ លោក Yuranan Pamornmontri “ហៅ Boss Sam” ដោយលើកឡើងថា ភ័ស្តុតាងមិនគ្រប់គ្រាន់។ នៅពេលនេះអ្នកទាំង២នាក់បានចេញពីមន្ទីរឃុំឃាំងមករស់នៅក្នុងផ្ទះរបស់ពួកគេដូចធម្មតាវិញហើយ ហើយក៏អាចចេញសម្តែង និងទទួលការងារដូចធម្មតា ដោយពួកគេបានតម្កល់ប្រាក់ចំនួន ៥០ម៉ឺនបាត ស្មើនឹងប្រមាណជា១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក។ នៅថ្ងៃដែលពួកគេចេញពីមន្ទីរឃុំឃាំងគឺមានអ្នកសារព័ត៌មានជាច្រើន ពីគ្រប់ស្ថាប័នបានមកចាំថតរូប និងសាកសួរព័ត៌មានពីកញ្ញា Peechaya និងលោក Sam តែអ្នកទាំងពីរនៅមិនទាន់ព្រមឱ្យធ្វើបទសម្ភាសន៍ជាមួយពួកគេនៅឡើយទេ ក្នុងនោះ កញ្ញា Peechaya បានប្រាប់មកអ្នកសារព័ត៌មានថា នាងសុំពេលបន្តិច នៅពេលដែលនាងមានសុខភាពរឹងមាំឡើងវិញ និងមានពេលវេលាសមរម្យហើយ នាងនឹងធ្វើសន្និសិទសារព័ត៌មានលម្អិតពីរឿងនេះដល់សាធារណជនទាំងអស់។ បើមើលតាមសភាពរបស់អ្នកទាំងពីរនៅថ្ងៃចេញពីមន្ទីរឃុំឃាំង ឃើញថា ពួកគេមានសភាពទ្រុឌទ្រោមខាងផ្នែកសុខភាពជាច្រើន ជាពិសេសកញ្ញា Peechaya មានសភាពស្គមស្គាំង និងស្រកគីឡូខ្លាំងគួរឱ្យកត់សម្គាល់។

    ដោយឡែកជនសង្ស័យផ្សេងទៀតកំពុងដាក់ស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់ផងដែរ។

    តែទោះជាយ៉ាងណាក៏ដោយនៅក្នុងរឿងនេះ លោក Pol Maj Yutthana អគ្គនាយកនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ប្រទេសថៃបានបញ្ជាក់ថា គណៈកម្មាការ DSI នឹងធ្វើការត្រួតពិនិត្យមើលលើការសម្រេចរបស់ព្រះរាជអាជ្ញាដែលនឹងចាប់ផ្តើម30ថ្ងៃបន្ទាប់ពីនាយកដ្ឋានទទួលបានឯកសារទាំងអស់។

    លោកបានបន្ថែមថា នីតិវិធីនេះធានាឱ្យមានការត្រួតពិនិត្យ និងតុល្យភាពនៅក្នុងប្រព័ន្ធយុត្តិធម៌។ លោកបានមានប្រសាសន៍ថា ប្រសិនបើ DSI មិនយល់ស្របនឹងចំណាត់ការរបស់ព្រះរាជអាជ្ញាទេ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅអគ្គមេធាវី ដើម្បីសម្រេចចុងក្រោយជាបន្តទៀត។

    តើវាសនារបស់ជនសង្ស័យ​ទាំងអស់នឹងទៅជាយ៉ាងណាទៀតនោះ សូមរង់ចាំតាមដានបន្ត…៕

  • មិនស​សើរមិនបាន! ប្អូនស្រី ជូរី ល្អហួស អាយុត្រឹមប៉ុណ្ណឹងសោះអាចជួយលើកស្ទួយមុខមាត់កម្ពុជា នៅលើទឹកដីប្រទេសចិន និងពិភពលោក

    មិនស​សើរមិនបាន! ប្អូនស្រី ជូរី ល្អហួស អាយុត្រឹមប៉ុណ្ណឹងសោះអាចជួយលើកស្ទួយមុខមាត់កម្ពុជា នៅលើទឹកដីប្រទេសចិន និងពិភពលោក

    “ទោះជាត្រជាក់យ៉ាងណា ក៏កូនស្រីកម្ពុជាអាចស៊ូបាន ទាំងស្នាមញញឹម «របាំ​អប្សរា» ឧបសគ្គ​មិន​ឈ្នះ​ការ​ព្យាយាម កូនស្រី​កម្ពុជា​អាច​ធ្វើ​បាន”

    មហាជន និងអ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​សម្តែង​ការ​កោត​ស​សើរ និងមានមោទនភាពជា​ខ្លាំងចំពោះការស៊ូទ្រាំ និងភាពអំណត់របស់ប្អូនស្រី ជូរី ​ល្អ​ហួស ដែល​បាន​ជ​ម្នះ​លើ​ភាព​ត្រជាក់​ខ្លាំងនៅលើទឹកដីប្រទេសចិន ក្នុងទីក្រុង Harbin  ដើម្បី​សម្តែង​ និង​រាំរបាំ​អប្សរា​ខ្មែរ​ឱ្យពិភពលោកទាំងមូល​បាន​ស្គាល់​ពីក្បាច់រាំដ៏ស្រស់ស្អាតល្វតល្វន់ទន់ភ្លន់នៅ​លើ​ផ្ទាំង​ទឹកកក​ដែលមានសីតុណ្ហភាពក្រោមសូន្យអង្សាសេ។ ជារឿយៗ នៅលើផេករបស់ប្អូនស្រីល្អហួស បាន​បង្ហាញពីសកម្មភាព និង​រូបភាព​របស់នាង ​មុន និង​ក្រោយ​ពេល​សម្តែងរាំ​របាំ​អប្សរា​ ​ដែល​នាង​ត្រូវ​បាន​អញ្ជើញ​ដោយ​រដ្ឋបាល​ខេត្ត ​ Harbin ប្រទេស​ចិន ដើម្បីរាំបង្ហាញ​ពីវប្បធម៌​ដ៏ថ្លៃថ្លារបស់ប្រទេសកម្ពុជា និង​ចូលរួម​ការ​ប្រគំ​តន្ត្រី​នៅ​ទីនោះផ្ទាល់។

    តាម​រយៈ​សកម្មភាព​ដែលបានផុសមកជាបន្តបន្ទាប់ បានបញ្ជាក់ពីភាពមោះមុតរបស់ ប្អូនស្រី ជូរី ល្អហួស ដែលនាង​បាន​ខិតខំ​ប្រឹងប្រែង ​និងអត់ធ្មត់ជាខ្លាំង​ចំពោះ​អាកាសធាតុ​ដ៏​ត្រជាក់​រហូតដល់ដកសូន្យអង្សាសេ ដើម្បី​សម្តែង​ និងរាំរបាំ​អប្សរា​រហូត​ដល់​ចប់​ប្រកបដោយ​មោទនភាព និងភាព​ជោគជ័យធំធេងមែនទែន នៅ​ពីមុខ​ផ្ទាំង​ទឹកកក​ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជា​រូប​ប្រាសាទបាយ័ននៅឯកន្លែងកម្សាន្ត ស្ថិតក្នុងទីក្រុង Harbin ប្រទេស​ចិន។

    ក្នុងនោះដែរ ប្អូនស្រី ល្អហួស បានសរសេរ​ជា​សំ​ណេ​រភ្ជាប់ជាមួយថា “អប្សរា​សក់ខ្មៅ កំពុង​បង្ហាញខ្លួន​នៅ​លើ​ផ្ទាំង​ទឹកកក​នៅ​ឯ​ប្រទេស​ចិន ផ្ការំដួល​មួយ​ទង​នេះ​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ក្លិនក្រអូប ទោះបីជា​ត្រជាក់​យ៉ាងណា ក៏​កូនស្រី​កម្ពុជា អាច​ស៊ូ​បាន ទាំង​ស្នាមញញឹម «របាំ​អប្សរា» ឧបសគ្គ​មិន​ឈ្នះ​ការ​ព្យាយាម កូនស្រី​កម្ពុជា​អាច​ធ្វើ​បាន។

    សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា សម្រាប់​ការ​គាំទ្រ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្ប​ធ​ម៍​ខ្មែរ​នៅ​ប្រទេស​ចិន នាង​ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​ដែរ​បាន​កើតជា​កូន​ខ្មែរ”។

    បើ​យោងតាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួ​សារ និងក្រុមការងារដែលមានវត្តមាននៅប្រទេសចិនជាមួយនឹងរូបនាងបាន​បញ្ជាក់​ថា ក្នុងអំឡុង​ពេលដែលប្អូនស្រី ល្អហួស បាន​សម្តែង​នៅ​ទីនោះពិតជា​មានការ​ខិតខំប្រឹងប្រែង និង​តស៊ូ​យ៉ាង​ខ្លាំង ​ដើម្បី​ជម្នះ​ភាព​ដ៏​ត្រជាក់​ខ្លាំង​ ទាំងការ​សម​រាំនៅលើផ្ទាំងទឹកកកមុន​សម្តែង និងក្នុងអំឡុង​ពេល​សម្តែងផ្ទាល់នៅក្នុងកន្លែងកម្សាន្ត ដែលពេញដោយផ្ទាំងទឹកកកឆ្លាក់ជារូបរាងផ្សេងៗយ៉ាងប្រណីត ដែលមានសីតុណ្ហភាពរហូតដល់ដកសូន្យអង្សាសេ គឺត្រជាក់ខ្លាំង រឹងដៃរឹងជើង សឹងតែឈរទប់ខ្លួនមិនទាំងជាប់ផង។ ហើយនៅពេល​ការ​សម្តែង​ចប់ ប្អូនស្រី ល្អហួស ស្ទើរតែ​ទ្រាំ​មិន​បាន ដោយសារ​ភាព​ត្រជាក់​នោះ​បាន​ធ្វើ​ឱ្យនាង​ស្ពឹក​ដៃ​ស្ពឹកជើង និង​ច្រមុះឡើងក្រហម ប៉ុន្តែ​នាង​ក៏​នៅ​តែ​ធ្វើវា​បានយ៉ាង​ល្អ ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​នាង និងជួយលើកស្ទួតមុខមាត់ប្រទេសជាតិនៅលើប្រព័ន្ធបណ្តាញសង្គមមិនត្រឹមតែនៅប្រទេសកម្ពុជាយើង និងនៅប្រទេសចិនផ្ទាល់នោះទេ គឺទូទាំងពិភពលោកបានឃើញ និងមានការស្ញើចសរសើរមិនដាច់ពីមាត់ពីភាពអំណត់ និងការខិតខំតស៊ូរបស់ក្មេងតូចដែលមានអាយុត្រឹម១៦ឆ្នាំម្នាក់នេះ។

    គួរបញ្ជាក់ផងដែរថា ​ប្អូនស្រី ជូរី ល្អហួស ទើបតែមានអាយុ១៦ឆ្នាំ ហើយនាងបានជាប់ Miss Preteen Cambodia ឆ្នាំ២០២៣ និង Miss Preteen Junior Idol World ឆ្នាំ២០២៤ ផងដែរ “ក្មេងតូច អាយុតិច សមិទ្ធិផលធំ”៕

  • កម្មវិធីសម្ពោធ និងចាក់បញ្ចាំងខ្សែភាពយន្តខ្មែរបែបយុវវ័យសម័យថ្មីរឿង “ព្រានស្នេហ៍ ឬ Bad Boy”

    កម្មវិធីសម្ពោធ និងចាក់បញ្ចាំងខ្សែភាពយន្តខ្មែរបែបយុវវ័យសម័យថ្មីរឿង “ព្រានស្នេហ៍ ឬ Bad Boy”

    ខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boyគឺជាប្រភេទខ្សែភាពយន្តខ្មែរ បែបមនោសញ្ចេតនា ស្នេហាយុវវ័យ និងកំប្លែង ដែលសាច់រឿងនេះបានបង្ហាញពីបេសកម្មរបស់តួអង្គប្រុស ដារ៉ុង (ដែលសម្តែងដោយ លោក សាន់នី សុខ) ក្នុងការតាមញ៉ែតួអង្គស្រីឱ្យបានក្នុងយៈពេល៧ថ្ងៃ។

    ខ្សែភាពយន្តនេះ លើកឡើងពីប្រវត្តិស្នេហាមួយ ដែលកើតចេញពីការភ្នាល់គ្នារវាង ដារ៉ុង និងមិត្តសំលាញ់របស់ខ្លួន គឺធ្វើយ៉ាងណាដើម្បីតាមញ៉ែតួអង្គស្រីយើងដែលមានឈ្មោះថា ភួង ដែលជានារីស៊ីវីល័យដ៏ស្រស់ស្អាត ឆ្នាស់ និងមានចិត្តរឹងដូចដែក ឱ្យបានក្នុងយៈពេល៧ថ្ងៃ។ ការភ្នាល់គ្នានេះ ធ្វើឡើងនៅក្នុងពិធីខួបកំណើតមួយ ដែលតួអង្គ ដារ៉ុង បានជួបជាមួយ តួអង្គស្រី ភួង ជាលើកដំបូង។

    ចំណែក ដារ៉ុង ដែលរាល់គ្នាស្គាល់ថាជាបុរសសម្បូរស្នេហ៍ មានសំដីផ្អែម និងជាព្រានស្នេហ៍ជោគជ័យមិនដែលចាញ់ ថាតើអាចស៊ូ និងយកឈ្នះចិត្តរបស់ ភួង បានជោគជ័យ ឬយ៉ាងណា ចម្លើយទាំងនេះ នឹងបង្ហាញនៅក្នុងខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boy”

    ខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boyនេះត្រូវបាននិពន្ធ និងផលិតឡើងយ៉ាងសម្រឹតសម្រាំងបំផុត ដោយផលិតកម្ម អេហ្សិត អ៊ីនធឺធេនមិន (AZ Entertainment) និងផលិកម្ម រាហ៊ូ ប្រូដាក់សិន (Reahu Production) ដែលភាពយន្តនេះគឺជាប្រភេទរឿងខ្មែរយើង ផលិតដោយផលិតករជនជាតិខ្មែរ តួសម្តែងសុទ្ធសឹងជាយុវជន និងយុវនារីខ្មែរយើង ដែលពេញដោយទេពកោសល្យក្នុងការសម្តែងយ៉ាងសម និងចូលតួល្អណាស់ សូមកោតសរសើរ គឺនៅក្នុងសាច់រឿងមួយរឿងពេញនេះគឺមានគ្រប់រសជាតិនៃជីវិតយុវវ័យ ដែលភ្លើតភ្លើនជាមួយនឹងស្នេហា មានទាំងយុទ្ធឆាកបែបមនោសញ្ចេតនា ទាំងកំប្លែង ទាំរន្ធត់ ទាំងការចោទជាចម្ងល់ និងឈុតឆាកកំសត់ផងដែរ ជាសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍តាំងពីចាប់ផ្តើមរឿងរបហូតដល់វគ្គបញ្ចប់សាច់រឿង សំខាន់នៅវគ្គបញ្ចប់នៃសាច់រឿងនៅតែធ្វើឱ្យទស្សនិកជនយើងមានចម្ងល់ និងចង់ដឹងពីសាច់រឿងជាបន្តទៀត សូមសរសើរអ្នកនិពន្ធសាច់រឿង និងអ្នកដឹកនាំសម្តែងដាក់អន្ទាក់អ្នកទស្សនាសាហាវ។

    សូមសរសើរមួយទៀតគឺ អ្នកនិពន្ធ និងអ្នកដឹកនាំថតរឿង ព្រានស្នេហ៍ ឬ Bad Boyបាននាំអារម្មណ៍ទស្សនិកជនយើងឱ្យប្លែកអារម្មណ៍បន្ថែមទៀតគឺបន្ថែមពីលើជីវិតដ៏ស៊ីវីល័យនាពេលរាត្រីរបស់យុវវ័យសម័យថ្មី និងទិដ្ឋភាពនៅក្នុងទីក្រុងភ្នំពេញដ៏ស្រស់ឆើតឆាយហើយនោះ ក៏មានការបញ្ចូលនូវទស្សនីយភាពដ៏ស្រស់ត្រកាលនៃទីរមណីយដ្ឋានបែបធម្មជាតិនៅក្នុងស្រុកយើងមួយកន្លែងទៀតគឺនៅកោះរុង ដោយតាមរយៈសាច់រឿងនេះបាននាំអារម្មណ៍របស់ទស្សនិកជនទាំងអស់ឱ្យបណ្តែតអារម្មណ៍ដូចបានរួមដំណើរកម្សាន្តទៅកាន់កោះរុង នៃខេត្តព្រះសីហនុជាមួយតួអង្គរបស់យើងដែរ ពិតជាពិសេសមែនទែន ជាខ្សែភាពយន្តដ៏ល្អប្រចាំឆ្នាំ២០២៤នេះតែម្តង។

    កម្មវិធីសម្ពោធ និងចាក់បញ្ចាំងខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boy នេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅរោងភាពយន្ត Major Cineplex Aeon Mean Chey។ ភាពយន្តនេះផងដែរ ក៏នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ នៅគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា។

    លោក ជុំ សុភា អ្នកដឹកនាំភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boyបានលើកឡើងថា រឿងនេះធ្វើឡើងមិនត្រឹមតែផ្តល់នូវការកម្សាន្តទៅដល់ទស្សនិកជនប៉ុណ្ណោះទេ តែក៏ជាការផ្តល់ជាគំនិតទៅដល់មិត្តយុវវ័យខ្មែរយើង ឱ្យពួកគាត់បានយល់អំពីតម្លៃនៃសេចក្តីស្រឡាញ់ និងភាពឆ្លាតវៃក្នុងការបញ្ចេញនូវអារម្មណ៍ស្រឡាញ់របស់ខ្លួន ក៏ដូចជាទទួលនូវសេចក្តីស្រឡាញ់ពីនរណាម្នាក់ផងដែរ កុំចាត់ទុកស្នេហាជាល្បែងសម្រាប់លេងសើចចង់ឈ្នះចង់ចាញ់គ្នា។

    លោកបានបន្ថែមទៀតថា ភាពយន្តនេះ ក៏បានចូលរួមចំណែកលើកម្ពស់វិស័យទេសចរណ៍ជាតិ ដែលជាវិស័យដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិយើងទាំងមូលផងដែរ តាមរយៈការផ្តិតយកនូវទីកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតនានានៅក្នុងតំបន់កោះរុង ក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាយើង សូមប្រជាជនខ្មែរយើង ជួយគាំទ្រ និងធ្វើដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋានក្នុងស្រុកយើងឱ្យបានផុសផុលថែមទៀត ដើម្បីឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនខ្មែរយើងបានល្អប្រសើរឡើង។

    កុំភ្លេចមកជួយគាំទ្រខ្សែភាពយន្តខ្មែរយើងរឿង ព្រានស្នេហ៍ ឬ Bad Boyឱ្យបានច្រើនកុះករណា៎អ្នកទាំងអស់គ្នា មួយរឿងនេះពិតជាមិនធ្វើឱ្យទស្សនិកជនយើងខកបំណងឡើយ មានគ្រប់រសជាតិនៃជីវិតតែម្តង!

  • ដេត ស្រីនាឌ ជាន់ប្រវត្តិសាស្ត្រជាលើកទី២

    ដេត ស្រីនាឌ ជាន់ប្រវត្តិសាស្ត្រជាលើកទី២

    កញ្ញា ដេត ស្រីនាឌ បវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បានបោះបង់ការប្រកួតនៅវគ្គផ្តាច់ព័្រត្រ ដោយនាងបានធ្វើពហិការមិនចូលរួមការប្រកួតក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បន្តទៀតនៅថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យប្រវត្តិសាស្ត្រនៃការចូលរួមប្រកួតរបស់នាងបានក្លាយជាប្រវត្តិសាស្ត្រច្រំដែល ដោយនាងធ្លាប់បោះបង់ការប្រកួតពាក់កណ្តាលទីម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ហើយលើកនេះគឺជាលើកទី២ហើយដែលនាងបានបោះបង់ការប្រកួត ដែលធ្វើឱ្យអ្នកគាំទ្រលើវិស័យបវរកញ្ញា មានការភ្ញាក់ផ្អើល និងអន់ចិត្តលើរូបនាងជាខ្លាំង។

    នៅ​លើ​បណ្តាញ​សង្គម ដេ​ត ស្រី​នា​ឌ បាន​បង្ហោះ​សាររៀបរាប់​ថា “ជម្រាបសួរ​ប្រជាជន​កម្ពុជា នាង​ខ្ញុំ ដេ​ត ស្រី​នា​ឌ ជា​បវរកញ្ញា​ភព​ផែនដី​ប្រចាំ​ប្រទេស​កម្ពុជា Miss Planet Cambodia 2024 បាន​សម្រេចចិត្ត​ថា ធ្វើ​ពលិការ មិន​ចូលរួម​ប្រ​គួ​ត Miss Planet international 2024 នេះ​បន្ត​ទៀត​ទេ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤។ នាង​ខ្ញុំ​សូម​អរគុណ​ដល់ ពុក​ម៉ែ បង ប្អូន លោកយាយ លោកតា ជាទី​ស្រឡាញ់​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​ផ្ដល់​នូវ​កម្លាំងចិត្ត​មក​ឱ្យ​រូប​នាង​ខ្ញុំ តាំងពី​ដើម​រហូត​មក​ដល់​ចំណុច​មួយ​នេះ នាង​ខ្ញុំ​សូម​គោរព​អរគុណ​ប្រជាជន​កម្ពុជា”។

    តាមរយៈសារបញ្ជាក់ពីការដកខ្លួនមិនចូលរួមប្រកួត​នេះ​បាន​ធ្វើឱ្យ​មហាជន​ជា​ច្រើន​​សម្តែង​នូវការ​ភ្ញាក់ផ្អើល​ និងការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដកខ្លួន​របស់ ​ដេ​ត ស្រី​នា​ឌ ជាខ្លាំង ដោយមានអ្នកខ្លះ​បាន​លើក​ឡើង​តាម​រយៈ​ខំ​មិន​ពីក្រោម​ការ​បង្ហោះ​របស់ កញ្ញា ​ដេ​ត ស្រី​នា​ឌ ថា “នេះ​ជា​លើក​ទី​២​ហើយ ហើយឱ្យ​តែ​តំណាង​ប្រទេស គឺ​មិន​ដែល​ធ្វើ​ឱ្យ​ចប់​សោះ ​ម៉េច​ចឹ​ង?” ហើយ​ក៏​មាន​អ្នកខ្លះ​ក៏​បាន​ដាក់​ជា​ច​ម្ង​ល់​ថា “ម៉េច​ក៏​មិន​ដកខ្លួន​តាំងពី​ដំបូង”។ អ្នកខ្លះ​បាន​លើក​ឡើង​ថា “មានរឿង​អ្វី​និយាយ​គ្នា​បាន​តើ​នា​ឌ ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង? នេះ​យើង​ជា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់​កម្មវិធី​ណា មិនមែន​លេងសើច​ទេ? ខាង​កម្មវិធី គេ​ធ្វើបាប​មែន បាន​ដល់​ថ្នាក់​ប្រើ​ពាក្យ​ពហិការ?។ មិន​ថា ក្នុង​កាលៈទេសៈ ឬ​ហេតុផល​អ្វី​ក៏​ដោយ មិន​គួរ​ពហិការ​នៅ​ថ្ងៃ Final ទេ បើ​មិន​តាំងចិត្ត​ទេ ត្រូវ​ឈប់​តាំងពី​មុន​ដំបូង ការងារ​បែប​កូន​ក្មេង មិនមែន​ជា​រឿង​លេងសើច​ទេ។ យប់​នឹង Final ហើយ​តស៊ូ​ឱ្យ​ចប់​ចុង​ចប់​ដើម​ទៅ លើក​ពាក្យ​ពហិការ​វា​ធ្ងន់​ណាស់ ដូច​កម្មវិធី (​អាច៎​សុទ្ធ​)។ យើង​ជា​ម្ចាស់ផ្ទះ​បាន​ម្កុដ​មិន​បាន​ម្កុដ ក៏​ត្រូវ​តែ​តស៊ូ​ឱ្យ​ចប់​ចុង​ចប់​ដើម​ដែរ! ស្រី​នាឌ​ធ្វើ​បែប​នេះ​លក់​មុខ​ជាតិ​សាសន៍​ឯង​១​ប្រទេស​ហើយ​ប្អូន ហើយ​បើ​ប្អូន​បានឃើញ​នឹកគិត​សារ​ឡើង​វិញ​ពី​ប្រទេស​ជាតិ​ជា​ធំ​សិន ចប់​កម្មវិធី ដោះស្រាយ​ដោយ​សន្តិវិធី កុំ​ប្រព្រឹត្ត​អ​សីល​ធ​ម៍​ដូច​ម្ចាស់​កម្មវិធី​អន្តរជាតិ​ខ្លះ សូម​អង្វរ”។

    យ៉ាងណា​ទន្ទឹម​នឹង​មតិ​រិះគន់​ខាងលើ​នេះ​គេ​ក៏​ឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​ចេញ​មុខការ​ពារ​ចំពោះ កញ្ញា ​ដេ​ត ស្រី​នា​ឌ ដោយ​ពួក​គេ​បាន​​ឆ្លើយ​តប​ថា “គាត់​មិនមែន​លក់​មុខ​ប្រទេស​ទេ បញ្ហា​មក​ពី​ខាង​ក្រុមហ៊ុន បើ​ចង់​ដឹង​សូម​បង​សួរ​ទៅ​ខាង​ក្រុមហ៊ុន​ទៅ​ដឹង​ហើយ”។

    ទន្ទឹមនឹងនោះ​ ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Miss Planet Cambodia បាន​បង្ហោះ​សារ​ថា យើង​ពិតជា​សុំ​ការ​អធ្យាស្រ័យ​ដល់​សំណាក់​ពុក​ម៉ែ​បងប្អូន​កម្ពុជា ​និង​បណ្តាល​អ្នកគាំទ្រ​គ្រប់​គ្នា​ថា កញ្ញា ខន សុវណ្ណ​សុនី​តា ដែល​ជា​លំដាប់​រង​ទី​១ នឹង​បន្ត​ការ​ប្រកួត​តំណាងឱ្យ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​បវរកញ្ញា​ភព​ផែនដី ​ឆ្នាំ២០២៤ ដោយហេតុ ​កញ្ញា ដេ​ត ស្រី​នាឌ មាន​បញ្ហា​សុខភាព​នៅ​គេង​មន្ទីរពេទ្យ​មិន​អាច​ចូលរួម​ប្រកួត​បាន។

    ក្នុងនោះដែរ បវរកញ្ញា ដាំ សុភ័ក្រសិនឌី ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ចាក់ថា នេះជាលើកទី២ហើយ ដែល កញ្ញា ដេត ស្រីនាឌ បានបោះបង់ការប្រកួត។ ក្នុងនោះដែរ ដាំ សុភ័ក្រសិនឌី ក៏បានបញ្ជាក់ថា កាលនាងនៅជាគណៈកម្មការ Close Door ថ្នាក់ជាតិ Miss Planet Cambodia ម្នាក់ដែរ ដែលបានសួរសំណួរតែមួយគត់ទៅកាន់ ដេត ស្រីនាឌ ក្នុងនោះនាងបានសួរសំណួរថា “តើប្អូនធ្លាប់មានអតីតកាលបោះបង់ការប្រកួតកណ្តាលទី តើប្អូនបានត្រៀមចិត្ត ឬប្តេជ្ញាចិត្តហើយឬនៅ ទើបប្អូនមកប្រកួតនេះ ឧទារហរណ៍បើប្អូនជាប់ តើនឹងអាចមានរឿងនេះកើតឡើងម្តងទៀតទេ?” ពេលនោះ ស្រីនាឌ បានផ្តល់ចំលើយថា “ចា បង ខ្ញុំនឹងធ្វើវាឱ្យបាន ហើយនឹងមិនឱ្យមានរឿងកើតឡើងម្តងទៀតនោះទេ”។ បវរកញ្ញា សុភក្រ័ស៊ិនឌី បានបន្ថែមទៀតថា នាងមិនដឹងថា ស្រីនាឌ មានបញ្ហាអ្វី ឬរងសម្ពាធមកពីខាងណានោះទេ តែនេះជាសកម្មភាព តួនាទី ជាកាតព្វកិច្ចដែលត្រូវបំពេញ វាមិនមែនឈ្មោះប្អូនតែម្នាក់នោះទេ តែ…។

    គួរបញ្ជាក់ផងដែរថា នាពេលនេះកម្មវិធីប្រកួត Miss Planet International ឆ្នាំ២០២៤ ដែលជាកម្មវិធីរបស់កូនខ្មែរជាអ្នកបង្កើតឡើង ហើយឆ្នាំនេះក៏ត្រូវបានធ្វើនៅក្នុងទឹកដីប្រទេសកម្ពុជា បាន បញ្ចប់ទៅដោយជោគជ័យ ដោយកម្មវិធីបានរកឃើញម្ចាស់មកុដធំរហូតដល់ទៅ២រូប គឺម្ចាស់មកុដ Miss Planet International 2024 បានទៅលើប្រទេសអារ៉ាប់រួម កញ្ញា Mahra Lutfi និងប្រទេសឥណ្ឌូនេស៊ី ទទួលបានមកុដ Miss Planet Angel International 2024។ លំដាប់រងទី១ បានទៅលើប្រទេស Luxemburg, លំដាប់រងទី២ បានទៅលើប្រទេសថៃ, លំដាប់រងទី៣ បានទៅលើប្រទេសអ៊ុយក្រែន។

    លោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ប្រាប់ថា កម្មវិធីបានបញ្ចប់ទៅហើយ យើងរកបានបវរកញ្ញាដែលស័ក្តិសមបំផុត។ ចំពោះរឿងរិះគន់លោកស្រីមិនខ្វល់ឡើយ ពីព្រោះការរៀបចំកម្មវិធីនីមួយៗតែងតែមានការរិះគន់ និងការសរសើរ មិនថាកម្មវិធីតូចធំ ឬកម្មវិធីថ្នាក់អន្តរជាតិនោះទេសុទ្ធតែមានរឿងគ្រប់គ្នា៕

  • ម្ចាស់​ជ័យលាភី​បវរកញ្ញា​ចក្រវាល​ ប្រចាំឆ្នាំ២០២៤ និងពានរង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី Miss Universe 2024

    ម្ចាស់​ជ័យលាភី​បវរកញ្ញា​ចក្រវាល​ ប្រចាំឆ្នាំ២០២៤ និងពានរង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី Miss Universe 2024

    កម្មវិធី Miss Universe 2024 ត្រូវបានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធមនៅទីក្រុងនៃប្រទេសម៉ិចស៊ិកូ (Mexico) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងប្រទេសកម្ពុជាយើង គឺនៅពេលព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤)។ ការប្រកួតជ្រើសរើសរាជនីសម្រស់លំដាប់ពិភពលោកនាឆ្នាំនេះ មានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខនារីដ៏ស្រស់ស្អាតយ៉ាងតិច១២៥នាក់ តំណាងឱ្យប្រទេសនានាមកពីទូទាំងពិភពលោក។

    បេក្ខនារី Victoria Kjær Theilvig បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ម្ចាស់​ជ័យលាភី​បវរកញ្ញា​ចក្រវាល​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ដាណឺម៉ាក​ក្នុង​ការ​ប្រកួត​បវរកញ្ញា​លើក​ទី៧៣ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិកស៊ិកូ​។ ម្ចាស់ក្សត្រីសម្រស់ជនជាតិដាណឺម៉ាក អាយុ២១ឆ្នាំត្រូវបានគ្រងមកុដ “Lumiere de L’Infini” ឬ “Light of Infinity” មានន័យថា ពន្លឺនៃភាពគ្មានទីបញ្ចប់ តុបតែងដោយគុជខ្យងនាសមុទ្រខាងត្បូង វាជាប្រវត្តិសាស្ត្រមួយ ជាមកុដផលិតឡើងដោយប្រទេសហ្វីលីពីន ផលិតដោយក្រុមហ៊ុនគ្រឿងអលង្ការលំដាប់អន្តរជាតិ Jewelmer ដែលមានតម្លៃ៥.៥លានដុល្លារសហរដ្ឋអាមេរិក។

    ខាងក្រោមនេះគឺជាបេក្ខនារី និងប្រទេសដែលទទួលបានពានរង្វាន់ និងចំណាត់ថ្នាក់សំខាន់ៗនៅក្នុងកម្មវិធី Miss Universe 2024៖

    ១. ជ័យលាភីលេខ១ បានទៅកញ្ញា Victoria Kjær Theilvig មកពីប្រទេសដាណឺម៉ាក ជានារីដំបូងគេពីប្រទេសដាណឺម៉ាក ដែលទទួលបានជ័យលាភី Miss Universe។

    ២. ជ័យលាភីរងទី១ (First Runner-Up) ឬជ័យលាភីលេខ២ បានទៅកញ្ញា Chidimma Adetshina មកពីប្រទេសនីហ្សេរីយ៉ា នាងទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ប្រទេសនីហ្សេរីយ៉ា។

    ៣. ជ័យលាភីរងទី២ (Second Runner-Up) ឬជ័យលាភីលេខ៣ បានទៅកញ្ញា María Fernanda Beltrán មកពីប្រទេសម៉ិចស៊ិកូ ជាតំណាងប្រទេសម្ចាស់ផ្ទះ។

    ៤. ជ័យលាភីរងទី៣ (Third Runner-Up) ឬជ័យលាភីលេខ៤ បានទៅកញ្ញា Suchata Chuangsri មកពីប្រទេសថៃ

    ៥. ជ័យលាភីរងទី៤ (Fourth Runner-Up) ជ័យលាភីលេខ៥ បានទៅអ្នកនាង Ileana Márquez មកពីប្រទេសវេណេស៊ុយអេឡា។

    ពានរង្វាន់ពិសេស (Special Awards) បានទៅលើ៖

    ១. ពានរង្វាន់សម្លៀកបំពាក់ប្រចាំប្រទេសស្រស់ស្អាតបំផុត (Best National Costume) បានទៅលើកញ្ញា Arianna Rodríguez មកពីប្រទេសដូមីនីកាន។

    ២. ពានរង្វាន់បរកញ្ញាថតរូបស្អាត (Miss Photogenic) បានទៅលើកញ្ញា Anya Romanova មកពីប្រទេសរុស្ស៊ី។

    ៣. ពានរង្វាន់បរកញ្ញារួសរាយ និងមានប្រជាប្រិយភាព (Miss Congeniality) បានទៅលើកញ្ញា Nguyen Thi Hoang Linh មកពីប្រទេសវៀតណាម

    Queen of the Planet គឺជារង្វាន់ថ្មីមួយក្នុងកម្មវិធី Miss Universe 2024 ដែលផ្តល់ឱ្យបេក្ខនារីដែលបង្ហាញពីភាពលេចធ្លោជាច្រើនផ្នែកសម្រាប់ការងារ ដើម្បីអភិរក្សបរិស្ថាន និងសន្តិសុខអាកាសធាតុ។ នៅក្នុងឆ្នាំនេះ បេក្ខនារីដែលទទួលបានពានរង្វាន់ជា Queen of the Planet មានដូចជា៖

    ១. Queen of the Planet ចំណាត់ថ្នាក់លេខ១: កញ្ញា Victoria Kjær Theilvig មកពីប្រទេសដាណឺម៉ាក សម្រាប់ការងារចម្រុះជាមួយសហគមន៍ ដើម្បីបង្កើតការយល់ដឹងអំពីសិទ្ធិរបស់សត្វ និងការអភិរក្សធនធានធម្មជាតិ។

    ២. Queen of Water Conservation: កញ្ញា Suchata Chuangsri មកពីប្រទេសថៃ សម្រាប់ការងារផ្សព្វផ្សាយស្រាវជ្រាវអំពីការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព។

    ៣. Queen of Forest Protection: កញ្ញា Chidimma Adetshina មកពីប្រទេសនីហ្សេរីយ៉ា សម្រាប់ការចូលរួមក្នុងការការពារព្រៃឈើ និងការជួយសហគមន៍តាមជម្រកធម្មជាតិ។

    ៤. Queen of Sustainable Development: កញ្ញា María Fernanda Beltrán មកពីប្រទេសម៉ិចស៊ិកូ សម្រាប់ការងារសង្គមចម្រុះ ដើម្បីបង្កើតការរស់នៅប្រកបដោយចីរភាព។

    ៥. Queen of Clean Energy Advocacy: កញ្ញា Anya Romanova មកពីប្រទេសរុស្ស៊ី សម្រាប់ការផ្សព្វផ្សាយពីឥទ្ធិពលនៃថាមពលមានសុវត្ថិភាព និងស្ថានភាពអាកាសធាតុ។

    នេះគឺជាពានរង្វាន់សម្រាប់អ្នក ដែលផ្តោតលើការចូលរួមសកម្មភាពសង្គម និងបរិស្ថាន ដែលជាការងារជំរុញដ៏សំខាន់ក្នុងការប្រកួត Miss Universe សម្រាប់ថ្ងៃអនាគត។

    នៅក្នុងកម្មវិធី Miss Universe ក្នុងឆ្នាំ២០២៤នេះ ក៏មានពានរង្វាន់ថ្មីមួយទៀតគឺ ពានរង្វាន់រាជនីប្រចាំទ្វីប (Continental Queens) ត្រូវបានប្រកាសសម្រាប់បេក្ខនារីដែលមានសមត្ថភាពលេចធ្លោបំផុតនៅក្នុងតំបន់ទ្វីបនីមួយៗ។ នេះគឺជាបេក្ខនារីដែលទទួលបានតំណែងពានរង្វាន់រាជនីប្រចាំទ្វី (Continental Queens)៖

    ១. ទ្វីបអាស៊ី បានទៅកញ្ញា Chelsea Manalo បេក្ខនារីតំណាងប្រទេសភីលីពីន (Philippines)។

    ២. ទ្វីបអាមេរិក បានទៅកញ្ញា Tatiana Calmell បេក្ខនារីតំណាងប្រទេសបេរ៉ូ (Peru)។

    ៣. ទ្វីបអឺរ៉ុប បានទៅកញ្ញា Matilda Wirtavuori បេក្ខនារីតំណាងប្រទេសហ្វាំងឡង់ (Finland)។

    ៤. ទ្វីបអាហ្វ្រិក បានទៅកញ្ញា Chidimma Adetshina បេក្ខនារីតំណាងប្រទេសនីហ្សេរីយ៉ា។

    ពានរង្វាន់ The Voice for Change គឺជារង្វាន់ដ៏មានតម្លៃសម្រាប់បេក្ខនារីដែលមានការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវផលប្រយោជន៍ដល់សង្គម និងបរិស្ថាន តាមរយៈសមត្ថភាពក្នុងការនិយាយ ឬការងារជាអ្នកដឹកនាំ។ ក្នុងកម្មវិធី Miss Universe 2024 ប្រទេសដែលបានទទួលពានរង្វាន់ជ័យលាភី​មេដាយមាស​ក្នុង​ការ​ប្រកួត The Voice for Change រួមមាន៖

    ១. កញ្ញា Ana Gabriela Villanueva មកពី​ប្រទេស Guatemala។

    ២. អ្នកនាង ប្រាសាទ ដាវីន (Prasath Davin) មកពីប្រទេស​កម្ពុជា។

    ៣. កញ្ញា Juliana Barrientos មកពីប្រទេស​បូលីវី។

    ម្ចាស់ជ័យលាភីមេដាយប្រាក់ក្នុង​ការ​ប្រកួត The Voice for Change បានទៅលើ កញ្ញា Anouk Eman មកពីប្រទេស Aruba, កញ្ញា Saran Bah មកពីប្រទេស Guinea, កញ្ញា Opal Suchata Chuangsri មកពីប្រទេសថៃ, កញ្ញា Matilda Wirtavuori មកពីប្រទេសហ្វាំងឡង់, កញ្ញា Snit Tewoldemedhin មកពីប្រទេស Eritrea, កញ្ញា Raegan Rutty មកពីប្រទេស Cayman និងកញ្ញា Shereen Ahmed មកពីប្រទេសបារ៉ែន។

    បេក្ខនារីតំណាងប្រទេសដែលជាប់ក្នុង Top 20 មាន៖ សហរដ្ឋអាមេរិក, អូស្ត្រាលី, បារាំង, ជប៉ុន, កូរ៉េខាងត្បូង, កូឡុំប៊ី, អាហ្រ្វិកខាងត្បូង, និងឥណ្ឌា។

    កម្មវិធី Miss Universe ឆ្នាំ២០២៤ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអន្តរជាតិនៅទូទាំងពិភពលោក និងត្រូវបានបញ្ចប់ទៅយ៉ាងជោគជ័យបំផុត៕

  • ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

    ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

    នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”  មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយមានការតាំងបង្ហាញម្ហូបអាហារបែបខ្មែរបុរាណ មានស្ដង់ពិព័រណ៍ជាច្រើន ការសម្ដែងសិល្បៈចម្រុះបែប ហើយនៅព្រឹកថ្ងៃទី២៩ ខែ​តុលា គឺជា​​ពិធីបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២ ជាផ្លូវការណ៍​នៅមុខប្រាសាទអង្គរវត្ត​ ដោយមានការសម្តែង​សិល្បៈ​ អមជាមួយ​​ការតាំងពិព័រណ៍សិល្បៈ​វប្បធម៌​​ចម្រុះ​ជាច្រើន។ ចំណែក​នៅពេលថ្ងៃរសៀល ក៏មានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ​ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្តែងរបាំបុរាណខ្មែរ​ជាច្រើន​ទម្រង់ ដោយក្នុង​នោះ​មានសិល្បករ-សិល្បការិនីល្បីៗ​ប្រមាណ៥០០​នាក់​បានស្ម័គ្រចិត្តចូលរួម​សម្តែងនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។ ដោយឡែក​នៅថ្ងៃទី៣០ ខែតុលា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ក៏​បាន​រៀប​ចំ​កម្មវិធីពិព័រណ៍​ភ្លក្ស​ម្ហូប​អាហារ ​​នំចំណី ផ្លែឈើ និង​ភេសជ្ជៈ​បែប​ខ្មែរ​ ការ​ប្រគំ​​តន្ត្រី​ខា្នតតូច ការសម្តែង​​របាំ ​ព្រមទាំងសិល្បៈ​ផ្សេង​ៗ​​ជា​ច្រើន​ទម្រង់ទៀត ហើយភ្ញៀវដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះត្រូវបានលើកទឹកចិត្តឱ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរផងដែរ ដែលញ៉ាំងឱ្យព្រឹត្តិការណ៍នេះទាំងមូលកាន់តែអស្ចារ្យ និង​សប្បាយ​រីករាយក្រៃលែង ទាំង​​ភ្ញៀវ​ទេសចរជាតិ និង​​ភ្ញៀវ​ទេសចរ​អន្តរជាតិ ផ្ទៃមុខគឺពេញដោយស្នាមញញឹម និងសំណើចក្អាកក្អាចពេញរយៈពេល២ថ្ងៃនៃកម្មវិធី។

    ដោយសារតែមានការគាំទ្រខ្លាំងចំពោះព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី១ ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការជួយជ្រោមជ្រែង​របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រយ៉ាង​ខ្លាំងពីគ្រប់មជ្ឈដ្ឋាន​ទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ ទើបញ៉ាំង​ឱ្យ​មានព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះឡើង។​

    នៅក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងឡើងថា ​​“ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ត្រូវបានរៀបចំឡើង​ធំជាងមុន និងអស្ចារ្យជាងមុន តាមរយៈការចង្អុល​បង្ហាញដោយ​ផ្ទាល់ពីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងសហការរៀប​ចំ​ដោយ​​​​រដ្ឋបាលខេត្តសៀមរាប ហើយក៏​មាន​ការសហការ​ឧបត្ថម្ភ​គាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរអប្សរា ព្រមទាំងស្ថាប័នឯកជនមួយចំនួនទៀតផងដែរ។ ​ ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ រៀបចំ​ឡើងក្នុងគោលបំណងធំៗចំនួន២ គឺទី១ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងគោលបំណងទី២ គឺ​រួមគ្នាជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌​ដ៏ល្អផូរផង់របស់ខ្មែរ និង​បង្ហាញពី​សក្តានុពល​វិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទៅកាន់ពិភពលោកទាំងមូល និងដើម្បីចូលរួមចំណែកដល់ការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ”។

    ជួបគ្នាឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី៣ សូមចូលរួមទាំងអស់គ្នា!

  • តើកម្ពុជាគួរចូលរួមក្នុងកម្មវិធី Miss Grand International តទៅទៀតដែរឬទេ?

    តើកម្ពុជាគួរចូលរួមក្នុងកម្មវិធី Miss Grand International តទៅទៀតដែរឬទេ?

    ជម្លោះរវាង Miss Grand Cambodia (MGC) និង Miss Grand International (MGI) បានធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពី MGI បានលុបចោលតួនាទីជាសហម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រកួត Miss Grand International 2024 ដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា និងបន្តទៅប្រទេសថៃ។ MGI បានលើកឡើងពីការព្រួយបារម្ភអំពីសមត្ថភាពក្នុងការរៀបចំរបស់កម្ពុជា ដោយលើកឡើងថា ពួកគេមានអារម្មណ៍ថា អ្នករៀបចំរបស់ប្រទេសកម្ពុជាមិនបំពេញតាមស្តង់ដារចាំបាច់សម្រាប់ការធ្វើជាម្ចាស់ផ្ទះ រួមទាំងបញ្ហានៃការទទួលភ្ញៀវ ការគ្រប់គ្រងមិនបានល្អនៅអាកាសយានដ្ឋាន និងដំណើរកម្សាន្ត Gala Dinner ដែលមិនមានការរៀបចំឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយទៅតាមស្តង់ដារដែលខ្លួនចង់បាន ជាពិសេសជុំវិញការទទួលទានអាហារពេលល្ងាចនៅលើទូកក្នុងទីក្រុងភ្នំពេញ ដែលធ្វើឱ្យប្រធាន MGI លោក Nawat Itsaragrisil រិះគន់ដល់ការរៀបចំរបស់ប្រទេសកម្ពុជា ដោយអះអាងថាមិនមានស្តង់ដារ និងការព្រួយបារម្ភអំពីសុវត្ថិភាព។ ជាលទ្ធផល MGI បានសម្រេចចិត្តផ្លាស់ប្តូរសកម្មភាពទាំងអស់ទៅប្រទេសថៃជំនួសវិញ។

    ជាការឆ្លើយតប លោកស្រី អ៊ឹម សុគន្ធា នាយិកានៃ Miss Grand Cambodia បានរិះគន់ជាសាធារណៈចំពោះការសម្រេចចិត្តរបស់ MGI ហើយបានប្រកាសថា MGC នឹងដកបេក្ខនារីរបស់កម្ពុជា គឺកញ្ញា ប៊ី សុធារី ចេញពីការប្រកួត Miss Grand International 2024។ ការសម្រេចចិត្តបែបនេះ ដោយសារ​លោកស្រី អ៊ឹម សុគន្ធា និង​អ្នក​រៀបចំ​កម្មវិធី​របស់ប្រទេសកម្ពុជា​មិនពេញចិត្តនឹង​ទង្វើរបស់លោក Nawat Itsaragrisil ដែលជាប្រធាន​ MGI ដែលមានភាព​អយុត្តិធម៌ និង​ការ​ខ្វះ​ការ​គោរពចំពោះ​ប្រទេស​កម្ពុជាយើង។ លោកស្រីក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន មេឌា ផងដែរថា “ខ្ញុំសូមប្រកាសថាខ្ញុំឈប់រៀបចំកម្មវិធី Miss Grand International តទៅទៀតហើយ ទោះជាខ្ញុំនៅមានកុងត្រាទទួលបានសិទ្ធិពេញលេញក្នុងការរៀបចំកម្មវិធីនេះនៅក្នុងឆ្នាំ2025ក៏ដោយ ដូច្នេះនៅក្នុងឆ្នាំ2025នេះ ខ្ញុំនឹងមិនរៀបចំកម្មវិធីនេះ ឬបញ្ជូនបេក្ខភាពរបស់យើងទៅចូលរួមនោះទេ តែបន្ទាប់ពីឆ្នាំ2026ទៅបើមានខាងក្រុមហ៊ុន ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជាយើងគេចង់ទិញសិទ្ធិរៀបចំកម្មវិធីនេះ ក៏តាមតែខាងគេទៅ និងទៅតាមការសម្រេចចិត្តរបស់ក្រសួងដែលពាក់ព័ន្ធ ព្រមទាំងប្រជាជនកម្ពុជាយើងជាអ្នកសម្រេចចិត្តចុះ តែសម្រាប់រូបខ្ញុំ និងស្ថាប័នរបស់ខ្ញុំគឺនឹងមិនចូលរួមកម្មវិធីនេះតទៅទៀតទេ។ កម្ពុជាយើងមានសមត្ថភាពក្នុងការបង្កើតកម្មវិធីប្រកួតលំដាប់អន្តរជាតិដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើកម្មវិធីរបស់អ្នកដែលមិនឱ្យតម្លៃយើងនោះទេ”។

    ដោយឡែកចំពោះអ្នក​លេងបណ្តាញ​អ៊ីនធឺណិត និងអ្នកគាំទ្រកម្មវិធី Miss Grand International នៅ​ប្រទេសកម្ពុជា​រាប់​ពាន់​នាក់​បាន​សម្ដែង​ការ​ខក​ចិត្ត និងផ្ទុះ​កំហឹងជាខ្លាំង​តាម​រយៈបណ្តាញអ៊ីនធឺណិត ដោយ​គាំទ្រ និង​អំពាវនាវ​ឱ្យនាយិកានៃ Miss Grand Cambodia 2024 បញ្ឈប់ការចូលរួម ក៏ដូចជាបញ្ជូន កញ្ញា ប៊ី សុធារី ឱ្យទៅចូលរួមការប្រកួត Miss Grand International 2024 នៅប្រទេសថៃនោះទេ ព្រោះថៃមើលងាយ និងមិនឱ្យតម្លៃ Miss Grand កម្ពុជាយើង ក្រុមការងាររបស់កម្ពុជា និងនាយិកានៃ Miss Grand Cambodia ហើយពួកគេក៏បន្តសំណូមពរឱ្យប្រជាជនកម្ពុជាយើងទាំងអស់បញ្ឈប់ការគាំទ្រដល់កម្មវិធីប្រកួត Miss Grand International រួមទាំងបញ្ឈប់ការបញ្ជូន Miss Grand របស់ប្រទេសកម្ពុជាយើងទៅចូលរួមប្រកួតគ្រប់ការប្រកួតរបស់ MGI តទៅទៀត ហើយមានអ្នកខ្លះថែមទាំងបានComment ថា “Buy Buy MGI!… Buy MGI Forever” ថែមទៀតផង។

    ដើម្បីឆ្លើយតបទៅនឹងជម្លោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Miss Grand International (MGI) 2024 នៅកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមមិនដែលសន្យាថានឹងចូលរួមសន្និសីទសារព័ត៌មាន ឬព្រឹត្តិការណ៍បន្ថែមលើសពីកិច្ចប្រជុំជាក់លាក់ជាមួយតំណាង និងបេក្ខនារីរបស់ MGI នៅថ្ងៃទី៦ ខែតុលានោះទេ។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត Miss Grand International 2024 នេះគឺក្នុងគោលបំណងបង្ហាញពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជាជាសាកល ដែលជាគោលដៅដែលនៅតែមិនផ្លាស់ប្តូរ ទោះបីជាមានភាពចម្រូងចម្រាសគ្នាក៏ដោយ។

    ក្នុងនោះដែរ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ ក៏បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមធ្វើការដោះស្រាយរឿងនេះឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសភាពតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងបញ្ឈប់​នូវ​វិវាទ​របស់​ពួក​គេ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​ ព្រោះបញ្ហាជម្លោះនេះគឺជាជម្លោះរវាងស្ថាប័ន MGC និងស្ថាប័ន MGI ប៉ុណ្ណោះ មិនមែនជាជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃនោះទេ៕

  • ចូលឆ្នាំហើយ ស្រាប់តែ តារាស្រីសិចស៊ី ដេននី ក្វាន់ ជ្រួលច្របល់ចិត្តចង់បានស្វាមី!

    ចូលឆ្នាំហើយ ស្រាប់តែ តារាស្រីសិចស៊ី ដេននី ក្វាន់ ជ្រួលច្របល់ចិត្តចង់បានស្វាមី!

    ភ្នំពេញៈ ថ្មីៗ​នេះ គេហាក់​ឃើញ​តារា​សម្តែង​សិចស៊ីចូល​ចិត្ត​ព្រលែង​ល្វើង​លើ​មិន​ប្រណី​ភ្នែក​បុរស​ ​ កញ្ញា ដេននី ក្វាន់ ដែល​​ជា​ថៅកែ​ស្រី​វ័យ​ក្មេង​ ដោយនាង​បាន​បើក​ហាង​សាឡន និង​ហាង​លក់​​​​គ្រឿង​សង្ហារឹម មានប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ បង្ហើរ​សារ​រវើរវាយ​ក្នុង​ចិត្ត​នឹក​ចង់​បាន​ស្វាមី​ ខណៈមុន​នេះ​បន្តិច​នាង​ដូចជា​រអ៊ូរ​ធុញ​នឹង​គូ​ស្នេហ៍​ដែល​ចូល​ចិត្ត​ប្រចណ្ឌនោះ។


    កញ្ញា ដេននី ក្វាន់ ដែលបាន​​ហក់​ចូលទៅ​​ក្នុង​ពិភព​សិល្បៈ​សម្តែង​ដំបូង​ ដោយ​ការ​លះបង់​ដាក់​​ទុន​​ភាព​សិច​ស៊ី​​លេច​ធ្លោជាង​គេទាក់​ទាញ​ផលិត​ករ​​នោះ បាន​សរសេរ​សារស្តែង​​ពីចិត្ត​ខ្លួន​ថា​៖ «មួយ​ជីវិត​របស់​មនុស្ស​ស្រី ថ្ងៃ​ដែល​រំភើប ហើយ​មាន​នយ័​បំផុត​នោះគឺ​ ថ្ងៃ​ដែល​បាន​រៀបការ​​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ សម្រាប់​ខ្ញុំ​រក​កូន​កំលោះ​មិន​ទាន់​ឃើញទេ​!»។ ​

    មិន​តែ​ប៉ុណ្ណោះ​​តារា​សម្តែង​ស្រី​ដែល​ហ៊ាន​ថត​បង្ហាញ​ភាព​សិច​ស៊ី​កប់​ស៊េរី មិន​​ខ្លាច​ការ​ព្រមាន​​ពី​ក្រសួង​​វប្ប​​ធម៌​ច្រើន​​​​​លើកនោះ ក៏​ប្រាប់​ពី​លក្ខខណ្ឌ​ដែល​ខ្លួន​ប្រាថ្នា​ជា​គូ​សម្រាប់ជីវិត​នាង​ទៀត​ផង​ថា៖ « មាន​ការ​ស្រលាញ់ ខ្វះ​ភាព​ស្មោះត្រង់​ក៏ពិបាក មាន​ភាពស្មោះត្រង់​ ខ្វះការ​អាណិត​ក៏ពិបាក មាន​ក្តីអាណិត​ ខ្វះភាព​ជឿជាក់ នឹង​ទំនុក​ចិត្ត​ក៏ពិបាក មាន​ទំនុកចិត្ត ខ្វះក​ម្លាំង​ចិត្ត​ឲ្យ​​គ្នាក៏ពិបាក​ មា​ន​​កម្លាំង​ចិត្ត ខ្វះការឲតម្លៃចំពោះ​គ្នាក៏ពិបាក សំខាន់​មនុស្ស​ដែល​ស្រលាញ់​គ្នា​ត្រូវ​មាន​គ្រប់​ចំណុច​ខាង​លើ​ទើប​រស់​នៅ​មា​ន​សុភមង្គល.!!!»។

    អ្វីដែល​កាន់តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៀត​ គឺតារា​ស្រី​ដ៏ស្រស់​ស្អាត​ ជាម្ចាស់​ហាង​ទាំងនៅ​ក្នុង​វ័យ ២៧​ ឆ្នាំ រូបនេះ បានទទួល​កាដូ​លើក​ទឹក​ចិត្តពី​បុរស​កំពូល​ស្នេហ៍​ ជា​គ្រឿង​ពេជ្រមាន​តម្លៃ​ជាង​ ១០ ម៉ឺន ដុល្លារ​ នៅថ្ងៃ​សម្ពោធ​ហាង​នាងកន្លង​មក​ ខណៈ​អត្ត​សញ្ញាណ​បុរស​នោះ​គ្រាន់តែ​ត្រូវបាន​គេ​បង្ហើប​ថា​ជាមន្រ្តី​យោធា​​ម្នាក់​ប៉ុណ្ណោះ។

    ដោយ​មិនបាន​លាក់​លៀម​ថាខ្លួន​គ្មាន​អ្នកគ្រង​បេះដូង គ្រាន់​តែសុំ​មិន​បញ្ចេញ​ឈ្មោះ និង​ព័ត៌មាន​​​លម្អិត​ពីប្រុស​ស្នេហ៍​ទើប​ជូនកាដូ​លើក​ទឹកចិត្ត​មាន​តម្លៃ​ជាង ​ ១០ ម៉ឺន ដុល្លារ តារា​ស្រីមាន​ស្រុក​​កំណើត​មកពី​ខេត្ត​ព្រះវិហារ ដែល​ល្បីថា​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ដូចជា​សេដ្ឋិនី​ទាំងក្មេង ព្រោះនាង​មាន​របរ​រកស៊ី​ក្រៅ​សិល្បៈនោះ​បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា៖ «អ្នកជូន​កាដូ​ដែល​មាន​តម្លៃ​ជាង ១០ ម៉ឺន ដុល្លារ​ នោះ​គាត់ពិត​ជា​មន្ត្រី​យោធា​ម្នាក់មែន តែសុំ​លាក់​ឈ្មោះ និង​តួនាទី​ការងារ​គាត់​សិន បើទោះ​បីខ្ញុំ និង​គាត់​មាន​ទំនាក់​ទំនង​យូរឆ្នាំ​មក​ហើយក្តី»។ ប៉ុន្តែ​ជុំវិញ​ទុន​ជាង ៤ ម៉ឺន​ដុល្លារ និង​ចំនួន​ច្រើន​ជាងនេះ​លើ​ហាងលក់​គ្រឿង​សង្ហារិម នោះ កញ្ញា ដេននី ក្វាន់ បាន​អះអាង​ថា​៖ «ការ​បើករបរ​អាជីវ​កម្ម​នេះ គឺជា​ធនធាន​របស់​នាងខ្ញុំ​ផ្ទាល់ តែ​ម្តង​ មិនមែន​គាត់ទេ»៕​

  • ស្វែង សុជាតា ត្រូវស្វាមីក្មេងប្រើហិង្សាយ៉ាងដំណំ រួចរត់គេងខ្លួនបាត់

    ស្វែង សុជាតា ត្រូវស្វាមីក្មេងប្រើហិង្សាយ៉ាងដំណំ រួចរត់គេងខ្លួនបាត់

    ភ្នំពេញៈ តារា​សម្តែង​ស្រី​សម្បូរទេព​កោសល្យ​​ខាងតួ​ដើរ​កាច​ឆ្នាស់ ​តួជា​ម្តាយ​ដ៏​សក្តិ​សម​បំផុត​ ដែល​​ទើប​​​​តែ​ទទួល​បាន​ពន្លឺ​សុភមង្គល​នៃ​ក្តី​ស្នេហ៍ដ៏​ផ្អែម​ល្ហែម​ជាមួយ​នឹង​​ស្វា​មីក្រោយ​​វ័យ​ក្មេង​ជា​គ្រូ​ផ្សំ​​ថ្នាំ​​ឱសថ​​បុរាណ​​​ឈ្មោះ ថោង សុខុម វ័យ ​២៥​ ឆ្នាំ មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ​ក៏​ប្រេះឆា និង​​បាន​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​​​​អ្នកនាង ស្វែ​ង សុជា​តា​ យ៉ាង​ដំណំ រួច​​រត់​ចោល​បាត់​ទៀតជាមួយ​នឹង​ម៉ូតូ​ម៉ាក​ ST7 មាន​ស្លាក​លេខ​ភ្នំពេញ​១៣១៤។​

    អ្នក​ស្វែង សុជាតា ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង​របស់​ខ្លួន ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ប្ដី​ក្មេង​​បាន​វាយ​នាងឡើង ខៀវ​​ភ្នែក បែក​ថ្គាម បង្កឲ្យ​បាន​​ការ​​ភ្ញាក់​​​ឲ្យ​មាន​ការ​ផ្អើលទៅ​​អ្នកតា​ខ្មៅ​​មក​ជួយ​ទាន់​ពេល កុំ​អី​កាន់តែ​ធ្ង ន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។​

    បើ​​តាម​​សម្តី​រៀបរាប់​ប្រាប់​ទាំង​​ទឹក​ភ្នែក​​នោះ អ្នក​​នាង​ ស្វែង សុជាតា ថ្លែង​ថា ៖« នេះ​មិនមែន​ជា​លើក​​ទី ​១​ ទេ ​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង ហើយ​ក៏​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ដែរ​ ដោយ​ចង់​ទុក​ឱកាស​​ឲ្យ​ប្តី​កែ​ខ្លួនគឺ​គ្រាន់​តែ​​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា​ប៉ុណ្ណោះ»។ តែ​​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​មក​ថ្មីៗ​នេះ តារា​​សម្តែង​ស្រី​ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង ស្វែង សុជាតា ក៏​ទទួល​​រង​នូវ​​អំពើ​ហិង្សា​បន្ត​ទៀត គឺ​ស្វាមី​បាន​ចាក់​សោ​ផ្ទះ​ដែល​អ្នក​នាង​សន្សំ​លុយ​បង់​រំ​លោះ​នៅ​បុរី​ប៉េង ​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា រហូត​ដល់ ​៧​ ជាន់ មុន​​នឹង​បង្កជម្លោះ​ជាមួយ​អ្នក​នាង។

    តារា​សម្តែង​ស្រី​សម្បូរទេព​កោសល្យ​​ខាងតួ​ដើរ​កាច​ឆ្នាស់ ស្រគត់​ស្រគំ តួ​ជា​ម្តាយ​ដ៏​ប៉ិន​ប្រសប់ និងជា​ម្ចាស់​ពានរង្វាន់​អាណាចក្រ​​តារា​ពីរ​ឆ្នាំជាប់​គ្នា​ អ្នក​នាង ស្វែង សុជាតា​ ​ជួប​លាភធំ​នៅ​ឆ្នាំ ២០១៥ នេះ ដោយ​បាន​ក្លាយ​ជា​តួ​អង្គ​ស្រី​សម្តែង​ជា​ម្តាយ​នៃ​គ្រួសារ​មួយ​ក្នុង​ខ្សែ​ ភាព​យន្ដ​ឆ្លុះ​បញ្ចាំង​​ពី​សម័យ​ខ្មែរ​ក្រហម​រឿង «ដំបូង​ពួកគេ​សម្លាប់ឪពុក​របស់​ខ្ញុំ»​ ដែល​ដឹក​នាំ​សម្តែង​តារា​ហូលីវូដ​​ល្បី​​អ្នកស្រី អេនជេលីណា ជោលី។

    ទោះ​យ៉ាង​នេះ​ អ្នក​នាង​ស្វែង សុជាតា ​តែ​អាណិតកូន​តូច និង​ប្រកាន់​ទស្សនៈ​មិន​ចង់​ខូច​ឈ្មោះ​​ជា​​ស្រី​​ប្តី​​បី​បួន ទើប​នៅ​ជាមួយ​ចំណង​បញ្ហា​ដែល​នាង​ពិបាក​រើ​បំរាស់​បាន​។ យ៉ាងណា​ក៏​ដោយ សូម​​អំពាវនាវ​ដល់​សមត្ថកិច្ច​​​ជួយ​ការពារ​សុវត្ថិភាព​ តារាភាពយន្ត​ល្បី​ឈ្មោះ​​ប្រចាំ​​ស្រុក​ខ្មែរ​ផង ព្រមទាំង​អង្គការ​នានា​ផង​ដែរ គួរតែ​មាន​វិធានការ​បែប​ណា​កោះហៅ ស្វាមី​វ័យ​ក្មេង​នោះ​ម​ក​អប់រំ​ដោយ​លក្ខខណ្ឌ​ផ្សេង​ៗ​ឲ្យ​តឹង​រង​ផង ដើម្បី​កុំ​ឲ្យ​​ពូកែ​ធ្វើបាប​​មនុស្ស​ស្រី ជា​ពិសេស​ប្រពន្ធ​របស់​ខ្លួន​តែ​​ម្តង​៕