ដេត ស្រីនាឌ ជាន់ប្រវត្តិសាស្ត្រជាលើកទី២

កញ្ញា ដេត ស្រីនាឌ បវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បានបោះបង់ការប្រកួតនៅវគ្គផ្តាច់ព័្រត្រ ដោយនាងបានធ្វើពហិការមិនចូលរួមការប្រកួតក្នុងកម្មវិធី Miss Planet International ឆ្នាំ២០២៤ បន្តទៀតនៅថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យប្រវត្តិសាស្ត្រនៃការចូលរួមប្រកួតរបស់នាងបានក្លាយជាប្រវត្តិសាស្ត្រច្រំដែល ដោយនាងធ្លាប់បោះបង់ការប្រកួតពាក់កណ្តាលទីម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ហើយលើកនេះគឺជាលើកទី២ហើយដែលនាងបានបោះបង់ការប្រកួត ដែលធ្វើឱ្យអ្នកគាំទ្រលើវិស័យបវរកញ្ញា មានការភ្ញាក់ផ្អើល និងអន់ចិត្តលើរូបនាងជាខ្លាំង។

នៅ​លើ​បណ្តាញ​សង្គម ដេ​ត ស្រី​នា​ឌ បាន​បង្ហោះ​សាររៀបរាប់​ថា “ជម្រាបសួរ​ប្រជាជន​កម្ពុជា នាង​ខ្ញុំ ដេ​ត ស្រី​នា​ឌ ជា​បវរកញ្ញា​ភព​ផែនដី​ប្រចាំ​ប្រទេស​កម្ពុជា Miss Planet Cambodia 2024 បាន​សម្រេចចិត្ត​ថា ធ្វើ​ពលិការ មិន​ចូលរួម​ប្រ​គួ​ត Miss Planet international 2024 នេះ​បន្ត​ទៀត​ទេ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤។ នាង​ខ្ញុំ​សូម​អរគុណ​ដល់ ពុក​ម៉ែ បង ប្អូន លោកយាយ លោកតា ជាទី​ស្រឡាញ់​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​ផ្ដល់​នូវ​កម្លាំងចិត្ត​មក​ឱ្យ​រូប​នាង​ខ្ញុំ តាំងពី​ដើម​រហូត​មក​ដល់​ចំណុច​មួយ​នេះ នាង​ខ្ញុំ​សូម​គោរព​អរគុណ​ប្រជាជន​កម្ពុជា”។

តាមរយៈសារបញ្ជាក់ពីការដកខ្លួនមិនចូលរួមប្រកួត​នេះ​បាន​ធ្វើឱ្យ​មហាជន​ជា​ច្រើន​​សម្តែង​នូវការ​ភ្ញាក់ផ្អើល​ និងការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដកខ្លួន​របស់ ​ដេ​ត ស្រី​នា​ឌ ជាខ្លាំង ដោយមានអ្នកខ្លះ​បាន​លើក​ឡើង​តាម​រយៈ​ខំ​មិន​ពីក្រោម​ការ​បង្ហោះ​របស់ កញ្ញា ​ដេ​ត ស្រី​នា​ឌ ថា “នេះ​ជា​លើក​ទី​២​ហើយ ហើយឱ្យ​តែ​តំណាង​ប្រទេស គឺ​មិន​ដែល​ធ្វើ​ឱ្យ​ចប់​សោះ ​ម៉េច​ចឹ​ង?” ហើយ​ក៏​មាន​អ្នកខ្លះ​ក៏​បាន​ដាក់​ជា​ច​ម្ង​ល់​ថា “ម៉េច​ក៏​មិន​ដកខ្លួន​តាំងពី​ដំបូង”។ អ្នកខ្លះ​បាន​លើក​ឡើង​ថា “មានរឿង​អ្វី​និយាយ​គ្នា​បាន​តើ​នា​ឌ ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង? នេះ​យើង​ជា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់​កម្មវិធី​ណា មិនមែន​លេងសើច​ទេ? ខាង​កម្មវិធី គេ​ធ្វើបាប​មែន បាន​ដល់​ថ្នាក់​ប្រើ​ពាក្យ​ពហិការ?។ មិន​ថា ក្នុង​កាលៈទេសៈ ឬ​ហេតុផល​អ្វី​ក៏​ដោយ មិន​គួរ​ពហិការ​នៅ​ថ្ងៃ Final ទេ បើ​មិន​តាំងចិត្ត​ទេ ត្រូវ​ឈប់​តាំងពី​មុន​ដំបូង ការងារ​បែប​កូន​ក្មេង មិនមែន​ជា​រឿង​លេងសើច​ទេ។ យប់​នឹង Final ហើយ​តស៊ូ​ឱ្យ​ចប់​ចុង​ចប់​ដើម​ទៅ លើក​ពាក្យ​ពហិការ​វា​ធ្ងន់​ណាស់ ដូច​កម្មវិធី (​អាច៎​សុទ្ធ​)។ យើង​ជា​ម្ចាស់ផ្ទះ​បាន​ម្កុដ​មិន​បាន​ម្កុដ ក៏​ត្រូវ​តែ​តស៊ូ​ឱ្យ​ចប់​ចុង​ចប់​ដើម​ដែរ! ស្រី​នាឌ​ធ្វើ​បែប​នេះ​លក់​មុខ​ជាតិ​សាសន៍​ឯង​១​ប្រទេស​ហើយ​ប្អូន ហើយ​បើ​ប្អូន​បានឃើញ​នឹកគិត​សារ​ឡើង​វិញ​ពី​ប្រទេស​ជាតិ​ជា​ធំ​សិន ចប់​កម្មវិធី ដោះស្រាយ​ដោយ​សន្តិវិធី កុំ​ប្រព្រឹត្ត​អ​សីល​ធ​ម៍​ដូច​ម្ចាស់​កម្មវិធី​អន្តរជាតិ​ខ្លះ សូម​អង្វរ”។

យ៉ាងណា​ទន្ទឹម​នឹង​មតិ​រិះគន់​ខាងលើ​នេះ​គេ​ក៏​ឃើញ​មាន​មហាជន​មួយ​ចំនួន​បាន​ចេញ​មុខការ​ពារ​ចំពោះ កញ្ញា ​ដេ​ត ស្រី​នា​ឌ ដោយ​ពួក​គេ​បាន​​ឆ្លើយ​តប​ថា “គាត់​មិនមែន​លក់​មុខ​ប្រទេស​ទេ បញ្ហា​មក​ពី​ខាង​ក្រុមហ៊ុន បើ​ចង់​ដឹង​សូម​បង​សួរ​ទៅ​ខាង​ក្រុមហ៊ុន​ទៅ​ដឹង​ហើយ”។

ទន្ទឹមនឹងនោះ​ ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Miss Planet Cambodia បាន​បង្ហោះ​សារ​ថា យើង​ពិតជា​សុំ​ការ​អធ្យាស្រ័យ​ដល់​សំណាក់​ពុក​ម៉ែ​បងប្អូន​កម្ពុជា ​និង​បណ្តាល​អ្នកគាំទ្រ​គ្រប់​គ្នា​ថា កញ្ញា ខន សុវណ្ណ​សុនី​តា ដែល​ជា​លំដាប់​រង​ទី​១ នឹង​បន្ត​ការ​ប្រកួត​តំណាងឱ្យ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​បវរកញ្ញា​ភព​ផែនដី ​ឆ្នាំ២០២៤ ដោយហេតុ ​កញ្ញា ដេ​ត ស្រី​នាឌ មាន​បញ្ហា​សុខភាព​នៅ​គេង​មន្ទីរពេទ្យ​មិន​អាច​ចូលរួម​ប្រកួត​បាន។

ក្នុងនោះដែរ បវរកញ្ញា ដាំ សុភ័ក្រសិនឌី ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ចាក់ថា នេះជាលើកទី២ហើយ ដែល កញ្ញា ដេត ស្រីនាឌ បានបោះបង់ការប្រកួត។ ក្នុងនោះដែរ ដាំ សុភ័ក្រសិនឌី ក៏បានបញ្ជាក់ថា កាលនាងនៅជាគណៈកម្មការ Close Door ថ្នាក់ជាតិ Miss Planet Cambodia ម្នាក់ដែរ ដែលបានសួរសំណួរតែមួយគត់ទៅកាន់ ដេត ស្រីនាឌ ក្នុងនោះនាងបានសួរសំណួរថា “តើប្អូនធ្លាប់មានអតីតកាលបោះបង់ការប្រកួតកណ្តាលទី តើប្អូនបានត្រៀមចិត្ត ឬប្តេជ្ញាចិត្តហើយឬនៅ ទើបប្អូនមកប្រកួតនេះ ឧទារហរណ៍បើប្អូនជាប់ តើនឹងអាចមានរឿងនេះកើតឡើងម្តងទៀតទេ?” ពេលនោះ ស្រីនាឌ បានផ្តល់ចំលើយថា “ចា បង ខ្ញុំនឹងធ្វើវាឱ្យបាន ហើយនឹងមិនឱ្យមានរឿងកើតឡើងម្តងទៀតនោះទេ”។ បវរកញ្ញា សុភក្រ័ស៊ិនឌី បានបន្ថែមទៀតថា នាងមិនដឹងថា ស្រីនាឌ មានបញ្ហាអ្វី ឬរងសម្ពាធមកពីខាងណានោះទេ តែនេះជាសកម្មភាព តួនាទី ជាកាតព្វកិច្ចដែលត្រូវបំពេញ វាមិនមែនឈ្មោះប្អូនតែម្នាក់នោះទេ តែ…។

គួរបញ្ជាក់ផងដែរថា នាពេលនេះកម្មវិធីប្រកួត Miss Planet International ឆ្នាំ២០២៤ ដែលជាកម្មវិធីរបស់កូនខ្មែរជាអ្នកបង្កើតឡើង ហើយឆ្នាំនេះក៏ត្រូវបានធ្វើនៅក្នុងទឹកដីប្រទេសកម្ពុជា បាន បញ្ចប់ទៅដោយជោគជ័យ ដោយកម្មវិធីបានរកឃើញម្ចាស់មកុដធំរហូតដល់ទៅ២រូប គឺម្ចាស់មកុដ Miss Planet International 2024 បានទៅលើប្រទេសអារ៉ាប់រួម កញ្ញា Mahra Lutfi និងប្រទេសឥណ្ឌូនេស៊ី ទទួលបានមកុដ Miss Planet Angel International 2024។ លំដាប់រងទី១ បានទៅលើប្រទេស Luxemburg, លំដាប់រងទី២ បានទៅលើប្រទេសថៃ, លំដាប់រងទី៣ បានទៅលើប្រទេសអ៊ុយក្រែន។

លោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ប្រាប់ថា កម្មវិធីបានបញ្ចប់ទៅហើយ យើងរកបានបវរកញ្ញាដែលស័ក្តិសមបំផុត។ ចំពោះរឿងរិះគន់លោកស្រីមិនខ្វល់ឡើយ ពីព្រោះការរៀបចំកម្មវិធីនីមួយៗតែងតែមានការរិះគន់ និងការសរសើរ មិនថាកម្មវិធីតូចធំ ឬកម្មវិធីថ្នាក់អន្តរជាតិនោះទេសុទ្ធតែមានរឿងគ្រប់គ្នា៕

Leave a Comment