Category: អន្តរជាតិ

  • ម៉ាឡេស៊ី មានបំណង​បង្កើន​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ការពារជាតិ ជាមួយ​ ប្រទេស​ថៃ

    ម៉ាឡេស៊ី មានបំណង​បង្កើន​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ការពារជាតិ ជាមួយ​ ប្រទេស​ថៃ

    យោងតាម​មន្ត្រី​ការពារជាតិ​របស់ ម៉ាឡេស៊ី ក្រុមហ៊ុន​នានា​របស់​ប្រទេស​នេះ និង ប្រទេស​ថៃ អាច​សហការ​រកស៊ី​ក្នុង​វិស័យ​សេវាកម្ម​ថែទាំ និង​ជួសជុល​យន្តហោះ ឧស្សាហកម្ម​យន្តហោះ​គ្មាន​មនុស្ស​បើកបរ និង​អាវុធ។

    កាលពី​ថ្ងៃទី ២៨ សីហា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ ប្រទេស​ថៃ អគ្គលេខាធិការ​នៃ ក្រសួងការពារជាតិ​ម៉ាឡេស៊ី Datuk Seri Muez Abd Aziz បាន​លើកឡើងថា ម៉ាឡេស៊ី មានបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​ជាមួយ ប្រទេស​ថៃ ក្នុងនោះ​ក៏​នឹងមាន​ការផលិត​សម្ភារ​យោធា ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ការពារជាតិ​របស់​ប្រទេស​នេះ។

    អគ្គលេខាធិការ​នៃ ក្រសួងការពារជាតិ​ម៉ាឡេស៊ី បញ្ជាក់ថា ក្នុង​ខែតុលា ប្រទេស​នេះ​នឹង​ប្រកាស​អំពី​គោលនយោបាយ​សម្រាប់​ឧស្សាហកម្ម​ការពារជាតិ និង​សន្តិសុខ (DIPKN)។ ដូច្នេះ ម៉ាឡេស៊ី ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​រៀនសូត្រ​ពី ប្រទេស​ថៃ ជា​ប្រទេស​ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យ​ការពារជាតិ។

    ទន្ទឹមនឹងនេះ មន្ត្រី​របស់ ម៉ាឡេស៊ី ខាងលើ ក៏បាន​ឱ្យដឹងថា បណ្ដា​ក្រុមហ៊ុន​របស់ ម៉ាឡេស៊ី និង ថៃ អាច​សហការ​រកស៊ី​ក្នុង​វិស័យ​ការពារជាតិ​ដូចជា សេវាកម្ម​ថែទាំ ជួសជុល​យន្តហោះ ការផលិត​យន្តហោះ​គ្មាន​មនុស្ស​បើកបរ និង​ការផលិត​អាវុធ​ជាដើម។

    បច្ចុប្បន្ន អគ្គលេខាធិការ​នៃ ក្រសួងការពារជាតិ​ម៉ាឡេស៊ី Datuk Seri Muez Abd Aziz កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​ថៃ។ ដំណើរ​ទស្សនកិច្ច​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជួបពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ការពារជាតិ​របស់ ប្រទេស​ថៃ និង​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​របស់ Chaiseri Defence Co Ltd ដែលជា​ក្រុមហ៊ុន​ការពារជាតិ គ្រប់គ្រង​ដោយ ក្រសួងការពារជាតិ​ថៃ មាន​ជំនាញ​ខាង​ផលិត​យានយន្ត​យោធា​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ជាង ៤០ ក្នុង​ពិភពលោក៕

  • ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា អ៊ុយ​ក្រែ​ន នឹង​វាយ​ដណ្ដើមយក​មកវិញ​ទឹកដី​ទាំងអស់​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា អ៊ុយ​ក្រែ​ន នឹង​វាយ​ដណ្ដើមយក​មកវិញ​ទឹកដី​ទាំងអស់​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី សន្យាថា ប្រទេស​នេះ​នឹង​ដណ្ដើមយក​មកវិញ​នូវ​ទឹកដី​ទាំងអស់​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី ចូលកាន់​កាប់ ក្នុងនោះ​មាន​ទាំង​តំបន់ Donbass និង ឧបទ្វីប​គ្រី​មៀ (Crimea) ផងដែរ។

    «យើង​មិន​ធ្លាប់បាន​ភ្លេច ហើយក៏​នឹងមិន​បំភ្លេចចោល​ទីក្រុង​ណាមួយ ប្រជា​ជនណាម្នាក់​របស់​យើង​ឡើយ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​ក្នុង​សុន្ទរកថា​មួយ កាលពី​ព្រលប់​ថ្ងៃទី ២៨ សីហា។

    «ពេលនេះ Donbass ស្ទើរតែ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយសារ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់ រុស្ស៊ី។ Donetsk ដែល​ជាទី​មោទកភាព រុងរឿង ក៏ត្រូវ​រង​ការ​បៀតបៀន ព្រោះតែ​ការឈ្លានពាន​របស់ រុស្ស៊ី។ ក៏ប៉ុន្តែ អ៊ុយ​ក្រែ​ន នឹង​ដណ្ដើមយក​មកវិញ។ ប្រាកដជា​បែបនេះ។ ជីវភាព​នឹង​ត្រលប់​មកវិញ។ គុណ​តម្លៃ​របស់ ប្រជាជន Donbass នឹង​ត្រូវបាន​ដណ្ដើម​មកវិញ។ ឱកាស​រស់នៅ​ដោយ​សុវត្ថិភាព និង​សុភមង្គល ក៏​នឹង​វិល​ត្រលប់​មកវិញ» លោក ហ្សេ​ឡែ​ន​ស្គី អះអាង​ដូច្នេះ។

    យោងតាម​លោក ហ្សេ​ឡែ​ន​ស្គី ទង់ជាតិ​អ៊ុយ​ក្រែ​ន នឹង​បង្ហាញខ្លួន​នៅ Donetsk, Gorlovka, Mariupol និង​នៅ​គ្រប់​ទីកន្លែង​ដែល​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ កងទ័ព​រុស្ស៊ី។

    ការអះអាង​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​លើកឡើង​ក្នុងអំឡុង​ពេលដែល ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ សភា​ជាន់​ទាប​រុស្ស៊ី បានប្រកាស​លក្ខខណ្ឌ​សម្រាប់​ការ​ចរចរ​សន្តិភាព​ជាមួយ អ៊ុយ​ក្រែ​ន។  លោក Leonid Slutsky បាន​បញ្ជាក់ថា ការដែល អ៊ុយ​ក្រែ​ន ចុះចាញ់ និង«មិនមាន​គំនិត​ហ្វា​ស៊ី​ស​និយម» នឹង​ក្លាយជា​លក្ខខណ្ឌ​ចម្បង​បង្អស់​សម្រាប់​ការចរចា​សន្តិភាព៕

  • រុស្ស៊ី ថា​នឹង​ចរចរ​រក​សន្តិភាព បើសិន អ៊ុយ​ក្រែ​ន ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ

    រុស្ស៊ី ថា​នឹង​ចរចរ​រក​សន្តិភាព បើសិន អ៊ុយ​ក្រែ​ន ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ

    ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ សភា​ជាន់​ទាប​រុស្ស៊ី បាន​អះអាងថា ការដែល អ៊ុយ​ក្រែ​ន ចុះចាញ់ និង«មិនមាន​គំនិត​ហ្វា​ស៊ី​ស​និយម» នឹង​ក្លាយជា​លក្ខខណ្ឌ​ចម្បង​បង្អស់​សម្រាប់​ការចរចា​សន្តិភាព។

    «យើង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ពិនិត្យ​លើ​ដំណើរការ​នៃ​ការចរចា បើសិន​ភាគី​ខាង អ៊ុយ​ក្រែ​ន ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ កាត់បន្ថយ​កម្លាំងប្រដាប់អាវុធ ក៏ដូចជា​មិនមាន​គំនិត​ហ្វា​ស៊ី​ស​និយម​ទាំងស្រុង និង​ជាដាច់ខាត» ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់ សភា​ជាន់​ទាប់​រុស្ស៊ី និង​ជា​ប្រធាន​ក្រុម​ចរចា​ជាមួយ អ៊ុយ​ក្រែ​ន លោក Leonid Slutsky បង្ហោះ​សារ​នៅលើ Telegram កាលពី​ថ្ងៃទី ២៧ សីហា​ដូច្នេះ។

    ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ប្រទេស​ទាំងពីរ ថ្មីៗនេះ បានលើកឡើង​នូវ​គោល​ជំ​ហោរ​យ៉ាង​ដាច់អហង្ការ​ស្ដីពី​លក្ខខណ្ឌ​សម្រាប់​ការចរចា។ ទីក្រុង​កៀវ ក្នុង​ខែ​នេះ​បាន​អះអាងថា នឹង​ចូល​តុ​ចរចា ចុះ​ណា​តែ ទីក្រុង​មូ​ស្គូ ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ និង​បរាជ័យ​ក្នុង​សមរភូមិ៕

  • Boeing ប្រកាស​ពី​ជើងហោះហើរ​ដឹក​មនុស្ស​ទៅកាន់​អវកាស​ជា​លើកដំបូង

    Boeing ប្រកាស​ពី​ជើងហោះហើរ​ដឹក​មនុស្ស​ទៅកាន់​អវកាស​ជា​លើកដំបូង

    ក្រុមហ៊ុន​ផលិត​យន្តហោះ​លំដាប់​កំពូល​ពិភព​លក Boeing កាលពី​ថ្ងៃទី ២៥ សីហា បាន​បង្ហើប​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​អាច​នឹង​បំពេញបេសកកម្ម​ដឹក​មនុស្ស​ជា​លើកដំបូង​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅក្នុង​ខែកុម្ភៈ ២០២៣។

    ចាប់ពី​ឆ្នាំ ២០២០ អ្នក​អវកាស​អាម៉េរិក អាច​ឡើងទៅ​កាន់ ISS តាមរយៈ​យានអវកាស​របស់​ក្រុមហ៊ុន SpaceX ប៉ុន្តែ ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) នៅតែ​ចង់​បន្ថែម​ជម្រើស​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ប្រព័ន្ធ​បាញ់​បង្ហោះ​របស់ រុស្ស៊ី។

    ណា​សា កំពុងតែ​សហការ​ជាមួយ Boeing ដើម្បី​អភិវឌ្ឍ «តាក់ស៊ី​អវកាស» ដែល​ត្រូវបាន​ដាក់ឈ្មោះថា Starliner ក្នុង​គោលដៅ​បញ្ជូន​មនុស្ស​ទៅកាន់​ទី​អវកាស ១ លើក/ឆ្នាំ។

    «បច្ចុប្បន្ន យើង​កំពុង​កំណត់​ថ្ងៃ​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ខែកុម្ភៈ ២០២៣» Steve Stich ប្រធាន​កម្មវិធី​ហោះហើរ​ពាណិជ្ជកម្ម​របស់ ណា​សា ឱ្យដឹង​ដូច្នេះ។

    យោងតាម Mark Nappi ប្រធាន​កម្មវិធី Starliner របស់ Boeing បេសកកម្ម​ដឹក​មនុស្ស​ដំបូង​របស់ Starliner ដែលមាន​ឈ្មោះថា CFT នឹង​ដឹក​អ្នក​អវកាស ២ រូប​របស់ សហរដ្ឋ​អាម៉េរិក គឺ Barry Wilmore និង Sunita Williams ឡើងទៅ​កាន់ ISS ហើយ​ក្រោយមក​ត្រលប់​មកកាន់​ផែនដី និង​ចុះចត​ដោយ​ឆត្រយោង។

    ដូច​ទៅនឹង​ការហោះហើរ​សាកល្បង​គ្មាន​មនុស្ស​បើកបរ​កន្លងមក Starliner នឹង​នៅតែ​ប្រើប្រាស់​រ៉ុក្កែត Atlas V របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​នាំ​មនុស្ស​ឡើងទៅ​កាន់ស្ថានីយអវកាស​អន្តរ​ជាតិ៕

  • ទ័ពអាកាស​អាម៉េរិក និង កូរ៉េខាងត្បូង បាន​បញ្ចប់​​សមយុទ្ធ​យោធា Buddy Wing

    ទ័ពអាកាស​អាម៉េរិក និង កូរ៉េខាងត្បូង បាន​បញ្ចប់​​សមយុទ្ធ​យោធា Buddy Wing

    កងទ័ព​សហរដ្ឋ​អាម៉េរិក និង​កងទ័ព​កូរ៉េខាងត្បូង បាន​បញ្ចប់​សមយុទ្ធយោធា​រួម​គ្នា​ក្នុង​ថ្ងៃទី ២៥ ខែ​សីហា​កន្លង​ទៅ​។

    សមយុទ្ធ​យោធា​ដែលមាន​ឈ្មោះថា Buddy Wing ខាងលើ​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២៣ ដល់ ២៥ សីហា។ នេះ​គឺជា​សមយុទ្ធ​មួយ​ដែល​ភ្ជាប់​ពី​សមយុទ្ធ Freedom Shield (ខែល​ការពារ​សេរីភាព) របស់​កងទ័ព​អាម៉េរិក និង​កូរ៉េខាងត្បូង។

    កងទ័ព​សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​យន្តហោះ​ចម្បាំង F-16 និង​អ្នកជំនាញ​ផ្នែក​យោធា​ជាង ៤០ នាក់ ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​ទ័ពអាកាស​របស់ កូរ៉េខាងត្បូង ក្នុងនោះ កូរ៉េខាងត្បូង ​ប្រើប្រាស់​យន្តហោះ​ចម្បាំង KF-16។ យន្តហោះ​ចម្បាំង​សរុប​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​សមយុទ្ធ​រួមគ្នា​នេះ​គឺមាន​ជាង ១០ គ្រឿង។

    ដោយបាន​​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៧ Buddy Wing គឺជា​សមយុទ្ធ​មួយ​ក្នុងចំណោម​សមយុទ្ធ​ថ្នាក់​វរ​សេនា​តូច​សម្រាប់​ក្រុម​អ្នកបើកបរ​យន្តហោះ​ចម្បាំង​របស់ ទ័ពអាកាស​អាម៉េរិក និង កូរ៉េខាងត្បូង ក្នុង​បំណង​ពង្រឹងសមត្ថភាព​​ប្រយុទ្ធ​លើ​អាកាស និង​ការសហការ​ក្នុង​សមរភូមិ៕

  • យន្តហោះ​ដឹក​អ្នក​ដំណើរ​​ជិត ២០០ នាក់ ឆេះម៉ាស៊ីន​ពេល​កំពុង​ហោះហើរ

    យន្តហោះ​ដឹក​អ្នក​ដំណើរ​​ជិត ២០០ នាក់ ឆេះម៉ាស៊ីន​ពេល​កំពុង​ហោះហើរ

    (ម៉ិកស៊ិក)-យន្តហោះរបស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ិកស៊ិក Viva Aerobus ត្រូវ​ចុះ​ចត​បន្ទាន់​នៅ​ពេល​កំពុង​ហោះ​ទៅ​កាន់ Los Angeles ដោយ​សារ​តែ​ឆេះ​ម៉ាស៊ីន​ខាង​ស្ដាំ​ បន្ទាប់​ពី​បាន​ហោះ​ឡើង​។

    កាលពី​ព្រលប់​ថ្ងៃទី ២៣ សីហា ​យន្តហោះ Airbus A320 របស់​ក្រុមហ៊ុន​ Viva Aerobus ​ដែល​ចេញ​ដំណើរ​ពី​ទីក្រុង Guadalajara ប្រទេស​ម៉ិកស៊ិក ឆ្ពោះ​ទៅ​កាន់ Los Angeles សហរដ្ឋ​អាម៉េរិក ដឹក​មនុស្ស​ ១៨៦ នាក់​។

    ក្រោយ​ពី​ហោះ​ឡើង​បាន​ប្រហែល ១០ នាទី អ្នក​ដំណើរ​បាន​ឮ​សូរ​សំឡេង​ផ្ទុះ និង​ឃើញ​កម្ទេច​ភ្លើង និង​អណ្ដាត​ភ្លើង​បាញ់​ចេញ​ពី​ម៉ាស៊ីន​ផ្នែក​ខាង​ស្ដាំង​របស់​យន្តហោះ​។ អ្នក​ដំណើរ​ស្រែក​ប្រាប់​ក្រុម​ហោះ​ហើរ​នៅ​ពេល​យន្ត​ហោះ​កំពុង​ស្ថិត​នៅ​លើ​កម្ពស់ ៤,០០០ ម៉ែត្រ​។ យន្តហោះ​ក៏​ត្រូវ​បាន​បង្វែរ​ក្បាល​ហោះ​ត្រលប់​ក្រោយ​ និង​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ Guadalajara។

    ថ្វីបើ​ហេតុការណ៍​នេះ​មិនបាន​បណ្ដាលឱ្យ​អ្នកណាម្នាក់​រងរបួស ប៉ុន្តែ វា​បានធ្វើឱ្យ​អ្នកដំណើរ​ភ័យ​ស្លន់ស្លោ។ អ្នកដំណើរ​ខ្លះ​យំ ខ្លះ​ស្រែក​ដោយ​រន្ធត់ និង​ខ្លះទៀត​បួស​សួង​សុំ​សេចក្ដីសុខ​សុវត្ថិភាព។

    មួយថ្ងៃ​ក្រោយពី​ហេតុការណ៍​បានកើត​ឡើង ក្រុមហ៊ុន Viva Aerobu បាន​ប្ដូរ​យន្តហោះ​ផ្សេង​ដើម្បី​ដឹក​អ្នកដំណើរ​ទាំងនោះ​ទៅកាន់ Los Angeles។

    ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​ឱ្យដឹង កម្ទេច​ភ្លើង និង​អណ្ដាតភ្លើង​ដែល​បាញ់​ចេញពី​ម៉ាស៊ីន​របស់​យន្តហោះ​នេះ​គឺ​កើតឡើង​ដោយសារ​ការ​កកិត​រវាង​លោហធាតុ ហើយ​ថា កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ៕

  • រកឃើញ​ពិភពគ្រប​ដណ្ដប់​ដោយ​ទឹក​ថ្មី​មួយ​ ​ស្ថិត​នៅ​​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​

    រកឃើញ​ពិភពគ្រប​ដណ្ដប់​ដោយ​ទឹក​ថ្មី​មួយ​ ​ស្ថិត​នៅ​​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​

    ក្រុម​អ្នក​តារាសាស្ត្រ​បាន​រកឃើញ​ពិភព​មួយ​ដែល​ទំនង​ជា​មាន​ទឹក​គ្រប​ដណ្ដប់​ទាំង​ស្រុង​ ចម្ងាយ​ពី​ពិភពផែនដី​ប្រមាណ ១០០ ឆ្នាំ​ពន្លឺ​។

    ពិភព TOI-1452 b គោចរ​ជុំវិញ​ព្រះអាទិត្យ​របស់​វា​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ស្ថិត​ក្នុង​កញ្ចុំ​ផ្កាយ Draco។ ក្នុង​ការ​ស្រាវជ្រាវ​ដែល​បាន​ប្រកាស​លើ​ទស្សនាវដ្ដី​តារាសាស្ត្រ​កាលពី​ថ្ងៃទី ១២ សីហា អ្នក​ស្រាវ​ជ្រាវ​រាប់សិប​នាក់​មក​ពីវិទ្យាស្ថាន​នានា​នៅ​ទូទាំង​ពិភពលោក​ បាន​បញ្ជាក់​អំពី​វត្តមាន​របស់ TOI-1452 b តាម​រយៈ​ការ​ប្រើប្រាស់​ផ្កាយ​រណប​សង្កេត​ភពដែល​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ TESS ក៏ដូចជា​ស្ថានីយសង្កេត​ Mont-Megantic នៅ ប្រទេស​កាណាដា និង​តេឡេស្កុប MuSCAT3 នៅ Hawaii។

    ភព​ថ្មី​ដែល​ទើប​តែ​បាន​រក​ឃើញ​នេះ​ ត្រូវ​គេ​អះអាង​ថា ធំជាង​ប្រហែល​ ៧០% និង​ធ្ងន់​ជាង​ជិត ៥ ដង​ បើ​ធៀប​នឹង​ផែនដី​របស់​មនុស្ស​។ TOI-1452 b វិល​ជុំវិញ​ផ្កាយ​មេ ១១ ថ្ងៃ​ក្នុង​ ១ ជុំ និង​ត្រូវ​បាន​គេ​ជឿ​ថា មាន​សីតុណ្ហ​ភាព​ល្មម​។ ផ្កាយ​មេ និង​ផ្កាយ​ ១ ដួង​ផ្សេង​ទៀត​ វិលជុំវិញ​គ្នា​ក្នុង​គម្លាត​ឆ្លាយ​ជាង​ ២.៥ ដង ធៀប​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅ​កាន់​ភព​​ភ្លុយតូ (Pluto)។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​ភ័ស្ដុតាង​បង្ហាញថា TOI-1452 b គឺជា​ភព​ដែល​មាន​ទឹក​គ្រប​ដណ្ដប់​ នេះ​បើ​តាម Charles  Cadieux ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​លើ TOI-1452 b។

    លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ទឹក​មាន​ចំណែក​ប្រមាណ ៣០% នៃ​ទម្ងន់​សរុប​របស់​ TOI-1452 b ដែល​នេះ​ស្រដៀង​ទៅ​នឹង​ព្រះចន្ទ​មួយចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់មនុស្ស​ ដូចជា Titan និង Ganymede ជា​ដើម​។ ​

    ទោះជា​យ៉ាង​ណា​ក៏ដោយ ដើម្បី​បញ្ជាក់​ឱ្យ​បាន​ប្រាកដ​ថា TOI-1452 b ពិត​ជា​មាន​ទឹក​ ឬ​អត់ ក្រុម​អ្នកវិទ្យា​សាស្ត្រ​ត្រូវ​ការ​សង្កេត​បន្ថែម​ដោយប្រើប្រាស់​កែវយឹត​អវកាស​ James Webb។ ក្រុម​អ្នក​ស្រាវជ្រាវ​កំពុងព្យាយាម​ដាក់​​កក់​កាល​បរិច្ឆេទ​​ប្រើប្រាស់​ James Webb ដើម្បី​សង្កេត​មើល​ភព​នេះ​ឱ្យ​បាន​ច្បាស់ នៅ​ពេល​ឆាប់ៗ​ខាងមុខ៕

  • រាប់​រយ​នាក់​ភ័យ​ស្លន់ស្លោ ពេល​រថភ្លើង​ក្រោម​ដី​ខូច​កណ្ដាល​ផ្លូវ​នៅ​ក្រោម​ចក្រ​សមុទ្រ Manche

    រាប់​រយ​នាក់​ភ័យ​ស្លន់ស្លោ ពេល​រថភ្លើង​ក្រោម​ដី​ខូច​កណ្ដាល​ផ្លូវ​នៅ​ក្រោម​ចក្រ​សមុទ្រ Manche

    អ្នកដំណើរ​រាប់រយ​នាក់​ត្រូវ​ជាប់​ជាច្រើន​ម៉ោង​នៅក្នុង​ផ្លូវ​រូង​ក្រោម​ច្រក​សមុទ្រ Manche ចន្លោះ ប្រទេស​បារាំង និង អង់គ្លេស ដោយសារតែ​រថភ្លើង​ខូច​កណ្ដាលផ្លូវ។

    Gettlink ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ភ្ជាប់​ពី​ភាគ​ខាងជើង​នៃ ប្រទេស​បារាំង ទៅនឹង​ភាគ​អាគ្នេយ៍​របស់ ប្រទេស​អង់គ្លេស បានឱ្យដឹងថា អ្នកដំណើរ ៤០០ នាក់ មកពី ប្រទេស​បារាំង ទៅកាន់ អង់គ្លេស ត្រូវ​ចុះ​ដើរ​ចាក​ចេញពី​រថភ្លើង បន្ទាប់ពី​រថភ្លើង​នេះ​ជួប​បញ្ហា​នៅក្នុង​ផ្លូវ​រូង​ក្រោម​ច្រក​សមុទ្រ Manche កាលពី​ម្សិលមិញ (២៤ សីហា)។

    Sarah Fellows ជា​អ្នកដំណើរ​ម្នាក់​មាន​អាយុ ៣៧ ឆ្នាំ បាន​ប្រាប់ថា នេះ​ជាហេតុ​ការណ៍​ដ៏​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត ហើយ «ទិដ្ឋភាព​ដូច​ទៅនឹង​ឈុត​ឆាក​ទីបញ្ចប់​នៃ​ពិភពលោក​ក្នុង​ខ្សែភាពយន្ត។ យើង​ដើរទៅ​កាន់​ជ្រោះ​ជ្រៅ​ដោយ​មិនដឹង​ច្បាស់​ថា​មានរឿង​អ្វី​កើតឡើង។ គ្រប់គ្នា​ស្ថិតនៅក្រោម​សមុទ្រ។ ស្ត្រី​ម្នាក់​ស្រែកយំ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី ចំណែក​ម្នាក់ទៀត​ភ័យ​ស្លន់ស្លោ​ដោយសារតែ​ដើរ​ម្នាក់ឯង» នាង Sarah Fellows រៀបរាប់​អំពី​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ហេតុការណ៍​រថភ្លើង​ក្រោម​ដី​មាន​បញ្ហា​ខាងលើ។

    អ្នកដំណើរ​ម្នាក់​ឈ្មោះ Michael Kent ឱ្យដឹងថា គ្រប់គ្នា​ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី​នេះ​​ជាច្រើន​ម៉ោង មុនពេល​ត្រូវបាន​ឈ្លៀស និង​បាន​ចែករំលែក​រូបភាព​បង្ហាញថា មនុស្សម្នា​កំពុង​រង់ចាំ​រាប់​ម៉ោង​ខាងក្នុង​រថភ្លើង និង​ដើរ​តាម​បណ្ដោយ​ផ្លូវ​រូង​ក្រោម​ដី មុនពេល​បាន​ឡើង​រថយន្តក្រុង​ត្រលប់​ទៅកាន់​ស្ថានីយ​រថភ្លើង Folkestone នៅ ប្រទេស​អង់គ្លេស។

    ប្រព័ន្ធ​ផ្លូវ​រូង​ក្រោម​ដី​ឆ្លងកាត់​ច្រក​សមុទ្រ Manche ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ១៩៩៤ មាន រួមមាន ២ ខ្សែ ក្នុងនោះ​ផ្លូវ​រូង ១ ខ្សែ​សម្រាប់​រថភ្លើង និង ១ ខ្សែ​ទៀត​សម្រាប់​សេវាកម្មផ្សេងៗ ហើយ​ ១ ខ្សែ​ៗ​មាន​ប្រវែង​ ៥០ គីឡូម៉ែត្រ។ កំណាត់​ផ្លូវ​រូង​ក្រោម​សមុទ្រ​មាន​ប្រវែង​ប្រមាណ ៣៨.៦ គីឡូម៉ែត្រ​ ដែល​ជា​ផ្លូវ​រូង​ក្រោម​សមុទ្រ​វែង​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

  • នាយករដ្ឋមន្ត្រី​ថៃ ត្រូវ​តុលាការ​ធម្មនុញ្ញ​ផ្អាក​តួនាទី​បណ្ដោះអាសន្ន

    នាយករដ្ឋមន្ត្រី​ថៃ ត្រូវ​តុលាការ​ធម្មនុញ្ញ​ផ្អាក​តួនាទី​បណ្ដោះអាសន្ន

    តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ បាន​ព្យួរ​តួនាទី​របស់ នាយករដ្ឋមន្ត្រី Prayuth Chan-ocha នៅក្នុងពេល​ពិនិត្យ​លើ​ការតវ៉ា​ដែលថា លោក​បាន​កាន់តំណែង​យូរ​គ្រប់គ្រាន់​ទៅតាម​ការកំណត់។

    សេចក្ដីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​យល់ព្រម​ពិនិត្យ​ពាក្យបណ្ដឹង​របស់​​​ក្រុម​បក្ស​នៅក្រៅ​រដ្ឋាភិបាល ដែល​បាន​ប្ដឹង​លោក Prayuth បាន​ស្ថិតនៅ​ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​គ្រប់ ៨ ឆ្នាំ ទៅ​តាម​ការកំណត់​របស់​ច្បាប់។ រដ្ឋធម្មនុញ្ញ​របស់ ប្រទេស​ថៃ ហាម​នាយករដ្ឋមន្ត្រី​កាន់អំណាច​លើសពី ៨ ឆ្នាំ។

    «តុលាការ​បាន​ពិនិត្យ​ពាក្យបណ្ដឹង និង​ឯកសារ​នានា និង​បាន​រកឃើញថា មាន​មូលដ្ឋាន​សមស្រប​ដើម្បី​សង្ស័យថា កើតមាន​ករណី​ដូច​បាន​តវ៉ា» ប្រកាស​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ឱ្យដឹង​ដូច្នេះ។ «ដូច្នេះ ចៅក្រម​ភាគច្រើន (៥/៩) យល់ថា នាយករដ្ឋមន្ត្រី Prayuth ត្រូវតែ​ព្យួរ​តួនាទី​ចាប់ពី​ថ្ងៃទី ២៤ សីហា រហូត​ដល់ពេល​តុលាការ​ធ្វើការ​សម្រេចចិត្ត»។

    លោក​ Prayut Chan-ocha បាន​ឡើង​គ្រប់គ្រង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់ ប្រទេស​ថៃ តាំង​ពី​ឆ្នាំ​ ២០១៤ នៅ​ពេល​មានរដ្ឋប្រហារ​យោធា​កើត​ឡើង​។

  • សហរដ្ឋ​អាម៉េរិក ផ្ដល់ជំនួយ​យោធា​បន្ថែម តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក ផ្ដល់ជំនួយ​យោធា​បន្ថែម តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សេត​វិមាន ត្រៀម​ប្រកាស​កញ្ចប់​ជំនួយ​យោធា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​នេះ​គឺជា​ខ្ទង់​ជំនួយ​ធំ​បំផុត​ក្នុង​រយៈពេល ៦ ខែ​មកនេះ។

    មន្ត្រីជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា សេត​វិមាន គ្រោង​នឹង​ប្រកាស​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​តម្លៃ ៣ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន យ៉ាង​ឆាប់​នៅក្នុង​ថ្ងៃនេះ ជា​ថ្ងៃ​ដែល អ៊ុយ​ក្រែ​ន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ។ នេះ​នឹង​ជា​ខ្ទង់​ជំនួយ​ផ្នែក​យោធា​ធំ​បំផុត​សម្រាប់ ទីក្រុង​កៀវ រាប់​ចាប់តាំងពី ទីក្រុង​មូ​ស្គូ បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី ៦ ខែ​មុន។

    មន្ត្រី​ជាន់​ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក បាន​និយាយថា ជំនួយ​លើក​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ​គ្រាប់រំសេវ និង​ប្រព័ន្ធ​ការពារ​គ្រាប់។

    មុន​នោះ សហរដ្ឋ​អាម៉េរិក បានផ្ដល់​ជំនួយ​ផ្នែក​យោធា​ប្រមាណ ១០.៦ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី រាប់​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។