Category: អន្តរជាតិ

  • មនុស្ស​យ៉ាង​តិច ៤៦ នាក់​បាន​ស្លាប់​ នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ចិន

    មនុស្ស​យ៉ាង​តិច ៤៦ នាក់​បាន​ស្លាប់​ នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ចិន

    យ៉ាងហោចណាស់​មាន​មនុស្ស ៤៦ នាក់ បាន​បាត់​បង់ជីវិត ខណៈដែល​មនុស្ស​រាប់សិប​នាក់​រងរបួស និង ១៦ នាក់​បាត់​ខ្លួន នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​មួយ​ដ៏​ធំ​នៅក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ ប្រទេស​ចិន។

    ទូរទស្សន៍ CCTV របស់ ចិន កាលពី​ម្សិលមិញ បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង ៦.៦ រិច​ទ័​រ បានធ្វើឱ្យ​កក្រើក​ទីក្រុង Kangding ជាទី​ដែលមាន​ប្រជាជន​ប្រមាណ ១ សែន​នាក់​កំពុង​រស់នៅ រួម​នឹង​ទីប្រជុំជន​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ខេត្ត Sichuan។ មនុស្ស​ជាង ១ លាន​នាក់​នៅក្នុង​តំបន់​រញ្ជួយ​ដី បាន​ឆ្លងកាត់​ភាព​ញាប់​ញ័រ​របស់​ធរណី។

    CCTV បាន​ផ្សាយ​ថា មនុស្ស ១៧ នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង Yaan, ២៩ នាក់​ស្លាប់​នៅក្នុង​តំបន់​ស្វយ័ត​ទី​បេ Garze នៅក្បែរនោះ។ «១៦ នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន និង ៥០ នាក់​រងរបួស» នេះ​បើតាម CCTV។

    អាជ្ញាធរ​ចិន បានចាប់ផ្ដើម​ការងារ​បន្ទាន់​កម្រិត ៣ និង​បញ្ជូន​បុគ្គលិក​សង្គ្រោះ​ទៅកាន់​កន្លែងកើតហេតុ។ ទូរទស្សន៍ CGTN ផ្សាយ​ថា បុគ្គលិក​សង្គ្រោះ​កំពុង​ជួយ​រៀបចំ​ផ្លូវ​ទាំងឡាយ​ដែល​ត្រូវ​រាំងស្ទះ​ដោយសារ​បំណាក់​ដី។

    ការិយាល័យ​គ្រោះ​រញ្ជួយ​ដី Sichuan បានប្រកាសថា ទាហាន​ជាង ១,០០០ នាក់ ត្រូវបាន​បញ្ជូនទៅ​ជួយ​​ដល់​បុគ្គលិក​​​សង្គ្រោះ។ អាជ្ញាធរ​ក៏បាន​ដឹក​តង់ កន្ទេល ផួយ មុង​រាប់ពាន់​ឈុត​ទៅកាន់​តំបន់​ដែល​បាន​រងគ្រោះ៕

  • អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​ប្រជាជន​នៅ គ្រី​មៀ ឱ្យ​ស្វែងរក​កន្លែង​លាក់ខ្លួន

    អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​ប្រជាជន​នៅ គ្រី​មៀ ឱ្យ​ស្វែងរក​កន្លែង​លាក់ខ្លួន

    មន្ត្រី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ដល់​ប្រជាជន​នៅក្នុង​តំបន់​ទាំងឡាយ​ដែល​កំពុង​ត្រូវបាន​រំលោភ​កាន់កាប់​ដោយ រុស្ស៊ី រួមទាំង ឧបទ្វីប​គ្រី​មៀ ផងដែរ ឱ្យ​ត្រៀម​កន្លែង​លាក់ខ្លួន និង​ត្រៀម​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់។

    «ប្រជាជន​នៅក្នុង​បណ្ដា​តំបន់​ដែល​ត្រូវបាន​គេ​រំលោភ​កាន់កាប់ រួមទាំង ឧបទ្វីប​គ្រី​មៀ ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រុមមន្ត្រី នៅក្នុងពេល​អនុវត្ត​វិធានការ​រំដោះ» Mikhail Podolyak ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាស​នៅលើ Twitter កាលពី​ថ្ងៃទី ០៥ កញ្ញា។

    «ជាងនេះទៀត គ្រប់គ្នា​គួរតែ​ត្រៀម​កន្លែង​លាក់ខ្លួន​ពី​គ្រាប់បែក ត្រៀម​ទឹក​ឱ្យបាន​គ្រប់គ្រាន់ និង​បញ្ចូល​ថាមពល​អគ្គិសនី​ចាប់ពីពេលនេះ» Podolyak បន្ថែម​ដូច្នេះ។ «គ្រប់យ៉ាង​នឹង​ជា​កម្មសិទ្ធិ​របស់ អ៊ុយ​ក្រែ​ន»។

    ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​កន្លងមកនេះ អ៊ុយ​ក្រែ​ន បាន​ព្រមាន​ជា​បន្តបន្ទាប់ និង​ណែនាំ​ឱ្យ​ប្រជាជន​នៅ​ភាគខាងត្បូង ត្រៀមខ្លួន​ឱ្យបាន​រួចរាល់ និង​ភៀសខ្លួន​មុនពេល​ប្រទេស​នេះ​បើក​ការវាយប្រហារ។ ប៉ុន្តែ ការព្រមាន​របស់ Podolyak ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ព្រោះតែ​សំដៅលើ​ប្រជាជន​នៅ គ្រី​មៀ ជាទី​ដែល​ត្រូវបាន ទីក្រុង​មូ​ស្គូ រឹបអូស និង​ដាក់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី តាមរយៈ​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ ២០១។ ឧបទ្វីប​គ្រី​មៀ ត្រូវបាន​គេ​យល់ថា ស្ថិត​នៅក្រៅ​រង្វង់​ប្រតិបត្តិការ​នៃ​អាវុធ​របស់ អ៊ុយ​ក្រែ​ន៕

  • ​យន្តហោះ​បុកគ្នា​ជាមួយ​ម៉ូតូពេល​កំពុង​ចុះ​ចត បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

    ​យន្តហោះ​បុកគ្នា​ជាមួយ​ម៉ូតូពេល​កំពុង​ចុះ​ចត បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់ជីវិត

    (ហ្គីណេ)-ម៉ូតូ​មួយ​គ្រឿង​ព្យាយាម​បរឆ្លង​ផ្លូវ​រត់​របស់​យន្តហោះ​ ក្នុង​ពេល​ដែលយន្តហោះ​​ A320neo របស់​ក្រុមហ៊ុន​ TAP Air កំពុង​ចុះចត​ បណ្ដាល​ឱ្យ​មនុស្ស​ ២​ នាក់​នៅ​លើ​ម៉ូតូ​ត្រូវ​បាត់បង់ជីវិត។

    ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​យន្តហោះ Airbus A320neo របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ TAP Air របស់​ ព័រទុយហ្គាល កំពុង​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ Ahmed Sekou Toure នៅ ​រដ្ឋធានីកូណាគ្រី ប្រទេស​ហ្គីណេ កាលពី​យប់​ថ្ងៃទី ០២​ កញ្ញា​ ប៉ុន្តែ ព័ត៌មាន​នេះ​ទើបតែ​​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​កាលពី​ថ្ងៃ​ទី ០៤ កញ្ញា​។

    អាជ្ញាធរ​ហ្គីណេ បាន​ឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង មុន​ពេល​​​ជួប​គ្រោះ​ថ្នាក់ បាន​ព្យាយាម​បរឆ្លង​កាត់​ផ្លូវ​រត់​របស់​យន្តហោះ នៅ​ពេល​យន្តហោះ​កំពុង​បន្ថយ​ល្បឿន ចុះចត​ ហើយ​ក៏​បាន​ប៉ះទង្គិច​ទៅ​នឹង​ម៉ាស៊ីន​នៅ​ស្លាប​ខាង​ស្ដាំ​របស់​យន្តហោះ​។ មនុស្ស​ ២ នាក់​​ដែល​ជិះ​លើ​ម៉ូតូ​នោះ​បាន​បាត់បង់ជីវិត​ ក្នុង​នោះ ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​គេ​ជឿ​ថា ជា​មន្ត្រី​នៅ​អាកាសយានដ្ឋាន​។

    ម៉ាស៊ីន​របស់​យន្តហោះ A320neo ត្រូវ​រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ប៉ុន្តែ មិន​មាន​ការ​ផ្ទុះ​ឆេះ​ ហើយ​ក៏​មិន​បង្ក​ឱ្យ​មាន​អ្នក​ណា​ម្នាក់​លើ​យន្តហោះ​​ រងរបួស​នោះ​ដែរ​។ ហេតុ​ការណ៍​នេះ​នាំ​ឱ្យ​យន្តហោះ​ត្រូវ​លុប​ចោល​ជើង​ហោះ​ហើរ​បន្ទាប់​ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ ព័រទុយហ្គាល។ បច្ចុប្បន្ន យន្តហោះ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ រដ្ឋធានី​កូណាគ្រី​។

    អាជ្ញាធរ​គ្រប់​គ្រង​អាកាសយានដ្ឋាន​របស់ ហ្គីណេ បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​រកមូលហេតុ​ដែល​នាំ​ឱ្យ​មាន​ហេតុការណ៍​នេះ​៕

  • យន្តហោះ​ឯកជន​មួយ​គ្រឿង​ដែល​ហោះ​ខុស​ប្រក្រតី បាន​ធ្លាក់​នៅលើ​សមុទ្រ​ឡេ​តូ​នី

    យន្តហោះ​ឯកជន​មួយ​គ្រឿង​ដែល​ហោះ​ខុស​ប្រក្រតី បាន​ធ្លាក់​នៅលើ​សមុទ្រ​ឡេ​តូ​នី

    យន្តហោះ Cessna 551 ចុះឈ្មោះ​នៅ ប្រទេស​អូទ្រីស បាន​ហោះ​ឡើង​ពី Jerez នៅ​ភាគខាងត្បូង​របស់ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ម្សិលមិញ បាន​ជួប​គ្រោះថ្នាក់​នៅលើ​សមុទ្រ ឡេ​តូ​នី។

    អង្គភាព​សង្គ្រោះ​របស់ ស៊ុយអែត បានឱ្យដឹងថា យន្តហោះ Cessna ឯកជន​មួយគ្រឿង បាន​ធ្លាក់​នៅលើ​សមុទ្រ​ឡេ​តូ​នី កាលពី​រសៀល​ថ្ងៃទី ០៤ កញ្ញា (ម៉ោង​ក្នុងស្រុក) ក្រោយពី​យន្តហោះ​ចម្បាំង​របស់ ណា​តូ ត្រូវបាន​បញ្ជូនទៅ​តាម​ដាន​ផ្លូវ​ហោះហើរ​ខុស​ប្រក្រតី​របស់​យន្តហោះ​នេះ។

    អ្នកនាំពាក្យ​អង្គភាព​សង្គ្រោះ​របស់ ស៊ុយអែត បានប្រកាសថា «យើង​បានដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់ (លើ​សមុទ្រ) នៅ​ភាគ​និរតី​នៃ​ទីរួមស្រុក Ventspils របស់ ឡេ​តូ​នី។ វា​បាន​បាត់​ខ្លួន​ពី​រ៉ា​ដា»។

    ទំព័រ FlightRadar24 ដែលជា​អ្នកតាមដាន​ជើងហោះហើរ​នានា បានឱ្យដឹងថា យន្តហោះ Cessna 551 ចុះឈ្មោះ​នៅ ប្រទេស​អូទ្រីស បាន​ហោះ​ឡើង​ពី Jerez នៅ​ភាគខាងត្បូង​របស់ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ម្សិលមិញ ប៉ុន្តែ មិនមាន​គោលដៅ​ច្បាស់លាស់។

    យន្តហោះ​ខាងលើ​បាន​បង្វែរ​ទិសដៅ ២ លើក នៅ បារី​ស និង Cologne មុនពេល​ហោះ​ត្រង់​ទៅកាន់​សមុទ្រ​បាល់​ទិ​ក ដោយ​ឆ្លងកាត់​កោះ Gotland របស់ ស៊ុយអែត។

    FlightRada24 បាន​រកឃើញថា នៅវេលា​ម៉ោង ១៧ និង ៣៧ នាទី (GMT) យន្តហោះ​នេះ​បាន​បាត់បង់​ល្បឿន និង​កម្ពស់​យ៉ាង​ឆាប់រហ័ស៕

  • ក្រសួងការបរទេស​អាម៉េរិក សម្រេច​លក់​អាវុធ​តម្លៃ​ ១.១ ពាន់​លាន​ដុល្លារ​ ឱ្យ​ កោះតៃវ៉ាន់

    ក្រសួងការបរទេស​អាម៉េរិក សម្រេច​លក់​អាវុធ​តម្លៃ​ ១.១ ពាន់​លាន​ដុល្លារ​ ឱ្យ​ កោះតៃវ៉ាន់

    ក្រសួងការបរទេស​អាម៉េរិក បាន​អនុម័ត​ការ​លក់​មីស៊ីល​អាកាស​ប្រឆាំង​អាកាស​ចំនួន ១០០ គ្រាប់​​ រួម​នឹង​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត​ ក្នុង​តម្លៃ​ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ទៅ ឱ្យ​ កោះ​តៃវ៉ាន់។

    ការិយាល័យ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការ​ពារ​ជាតិ​ (DSCA) របស់​ មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី ០២ កញ្ញា បាន​ប្រកាស​ថា ក្រសួង​ការបរទេស​អាម៉េរិក បាន​អនុម័ត​ការ​លក់​អាវុធ​ និង​ឧបករណ៍​យោធា​តម្លៃ ១.‌១ ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​ កោះតៃវ៉ាន់​។

    កញ្ចប់​អាវុធ​នេះ​រួម​មាន មីស៊ីល​ AIM-9 Sidewinder ចំនួន ១០០ គ្រាប់ តម្លៃប្រហែល ៨៥.៦ លាន​ដុល្លារ​, មីស៊ីល​ប្រឆាំង​នាវាពិឃាត​ Harpoon ចំនួន ៦០ គ្រាប់ តម្លៃ​ប្រហែល ៣៥៥ លាន​ដុល្លារ​ រួម​នឹង​ប្រព័ន្ធគាំទ្រ​សម្រាប់​​រ៉ាដា តម្លៃ​ប្រហែល ៦៦៥.៤ លាន​ដុល្លារ​។

    សភា​អាម៉េរិក នឹង​ពិនិត្យ​អនុម័ត​លើ​ការ​លក់​អាវុធ​របស់​ ក្រសួង​ការបរទេស​អាម៉េរិក​ ខាងលើនេះ ប៉ុន្តែ មន្ត្រី​ជាច្រើន​រូប​របស់​ សហរដ្ឋ​អាម៉េរិក បាន​អះអាង​ថា កញ្ចប់​អាវុធ​តម្លៃ ១.‌១ ពាន់​លាន​ដុល្លារ​នេះ ប្រាកដ​ជា​មិន​ជួប​ការ​រាំង​ខ្ទប់​នៅ​ សភា​អាម៉េរិក​ ឡើយ​ ព្រោះ​ថា ទាំង​បក្ស​ប្រជាធិបតេយ្យ ទាំង​បក្ស​សាធារណរដ្ឋ​ សុទ្ធ​តែ​មិន​មាន​ការ​ប្រឆាំង​។

    អ្នកនាំពាក្យ​របស់ ស្ថានទូត​ចិន ​នៅ សហរដ្ឋ​អាម៉េរិក លោក Liu Pengyu បាន​អំពាវនាវឱ្យ​ សហរដ្ឋ​អាម៉េរិក​ «ដកហូត​» ការ​សម្រេច​លក់​អាវុធ​ឱ្យ​ កោះ​តៃវ៉ាន់ នេះ ជា​បន្ទាន់។ «ប្រការ​នេះ​កំពុង​តែ​បញ្ជូន​សារ​មិន​ត្រឹម​ត្រូវ​ទៅ​ឱ្យ ក្រុម​ទាម​ទារ​ឯករាជ្យ​នៅ កោះតៃវ៉ាន់ និង​បង្ក​គ្រោះ​ថ្នាក់​ដល់​ទំនាក់​ទំនង​រវាង ចិន និង អាម៉េរិក ក៏ដូចជា​សន្តិភាព​ ស្ថិរភាព​នៅ​ ច្រក​សមុទ្រ​តៃវ៉ាន់» លោក Liu Pengyu បញ្ជាក់​ដូច្នេះ​៕

  • អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa បាន​វិល​ត្រលប់​ចូល​​មក​មាតុប្រទេស

    អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa បាន​វិល​ត្រលប់​ចូល​​មក​មាតុប្រទេស

    អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa ត្រលប់​ចូល​ប្រទេស​វិញ ក្រោយ​រយៈពេល ៧ សប្ដាហ៍​​​ដែល​បាន​និរទេស​ខ្លួន​ក្នុងអំឡុង​ប្រទេស​នេះ​ធ្លាក់​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ។

    មន្ត្រី​អាកាសយានដ្ឋាន​នៅ ស្រីលង្កា បានឱ្យដឹងថា អតីត​ប្រធានាធិបតី Gotabaya Rajapaksa ត្រូវបាន​ក្រុម​រដ្ឋមន្ត្រី និង​ក្រុម​អ្នកនយោបាយ​របស់​ប្រទេស​នេះ​ចេញមក​ទទួល​នៅ​ព្រលានយន្តហោះ​កាលពី​ថ្ងៃទី ០២ កញ្ញា។

    លោក Rajapaksa វ័យ ៧៣ ឆ្នាំ បាន​ត្រលប់មក​ប្រទេស​វិញ ក្រោយ​រយៈពេល ៥២ ថ្ងៃ​ដែល​បានរស់នៅ​និរទេស​ខ្លួន​ចាប់តាំងពី​បាន​រត់គេច​ទៅ​បរទេស នៅពេល​ប្រឈម​នឹង​បាតុកម្ម​ កាលពី​ថ្ងៃទី ១៣ កក្កដា។ លោក Rajapaksa មុន​នោះ បាន​ផ្ញើលិខិត​លាលែង​ពី​តំណែង និង​ត្រូវបាន​សភា​យល់ព្រម។

    មន្ត្រី​ការពារជាតិ​មួយរូប​របស់ ស្រីលង្កា បាន​ឱ្យដឹងថា លោក Rajapaksa រស់នៅក្នុង​សណ្ឋាគារ​មួយ​​នៅ ប្រទេស​ថៃ «មិន​ខុស​អ្វី​ទៅនឹង​អ្នកទោស» និង​មានបំណង​វិល​ត្រលប់មក​ប្រទេស​វិញ។

    «អង្គភាព​សន្តិសុខ​មួយ​ទើបតែ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​សុវត្ថិភាព​របស់លោក Rajapaksa ក្រោយពី​លោក​បាន​ត្រលប់មក​ប្រទេស ក្នុងនោះ​មាន​សមាជិក​មកពី​ជួរ​កងទ័ព និង​ប៉ូលិស​ពិសេស» មន្ត្រី​ការពារជាតិ​ខាងលើ​បន្ថែម​ដូច្នេះ។

    យោងតាម​រដ្ឋធម្មនុញ្ញ​របស់ ស្រីលង្កា អតីត​ប្រធានាធិបតី​ទាំងឡាយ​របស់​ប្រទេស​នេះ នឹង​ទទួលបាន​ការការពារ​ពី​ក្រុម​អង្គរក្ស ផ្ទះ​ស្នាក់នៅ និង​យានជំនិះ​មួយគ្រឿង។

    អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa បាន​ក្លាយជា​ចំណុចកណ្ដាល​នៃ​ការរិះគន់​របស់​ហ្វូង​បាតុករ​នៅ ស្រីលង្កា នៅពេល​ប្រទេស​នេះ​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច។ ក្រុមបាតុករ​យល់ថា លោក Rajapaksa បានធ្វើ​ឱ្យមាន​កំហុស​ជាច្រើន​ដែលនាំឱ្យ​ប្រទេសជាតិ​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង និង​អស់​ទុនបម្រុង​ជា​រូបិយប័ណ្ណ​បរទេស៕

  • ជនរងគ្រោះ​ដែល​ត្រូវ​ឃ្មុំ​ទិច​ប្រហែល​ ២០,០០០ ​ទ្រនិច បាន​ដឹក​​ខ្លួន​​ឡើង​វិញ​​ហើយ

    ជនរងគ្រោះ​ដែល​ត្រូវ​ឃ្មុំ​ទិច​ប្រហែល​ ២០,០០០ ​ទ្រនិច បាន​ដឹក​​ខ្លួន​​ឡើង​វិញ​​ហើយ

    (សហរដ្ឋ​អាម៉េរិក)-Bellamy រស់នៅក្នុង​រដ្ឋ Ohio បានដឹងខ្លួន​ឡើងវិញ ក្រោយពី​សន្លប់​បាត់ស្មារតី​ដោយសារតែ​ត្រូវ​ឃ្មុំ​ពិឃាត​អាហ្វ្រិក ទិច ២ ម៉ឺន​ទ្រនិច នៅពេល​កំពុង​ឆ្ការ​មែកឈើ។

    កំលោះ​ជនជាតិ​អាម៉េរិក ឈ្មោះ Austin Bellamy កាលពី​ថ្ងៃទី ០២ កញ្ញា បានដឹងខ្លួន​ឡើងវិញ ក្រោយពី​បាន​សន្លប់​កាលពី​ព្រលប់​ថ្ងៃទី ៣០ សីហា។ ប៉ុន្តែ Bellamy នៅមាន​បញ្ហា​ផ្លូវដង្ហើម និង​មិនទាន់​ងើប​ដើរ​បាន​ដូច​ធម្មតា​នៅឡើយ បើ​ទោះ​របួស​បាន​ធូរស្រាល​បន្តិច​ហើយក៏​ដោយ។

    Austin Bellamy ត្រូវ​ឃ្មុំទិច​នៅ​ពេល​​កាប់​​ចំ​មែន​ឈើ​ដែល​មាន​សំបុក​ឃ្មុំ​ពិឃាត​អាហ្វ្រិក ពេល​កំពុង​ត្រួស​មែន​ឈើ​នៅ​ក្បែរ​ផ្ទះ​ ក្នុង​តំបន់ Cincinnati រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក ភ្លាមនោះ​ស្រាប់តែ​ត្រូវ​ហ្វូង​ឃ្មុំឡោមព័ទ្ធ និង​ទិច​យ៉ាង​ដំណំ​កាលពី​ល្ងាច​ថ្ងៃទី ៣០ សីហា។

    អ្នកផ្ទះ​របស់ Austin Bellamy ដែល​នៅ​ខាងក្រោម​ដើមឈើ មិន​អាចជួយ​ជនរងគ្រោះ​បាន ព្រោះថា ពួកគេ​ក៏ត្រូវ​ឃ្មុំ​ទិច​ដូចគ្នា។

    អ្នកស្រី Carters បានឱ្យដឹងថា Bellamy ត្រូវ​ឃ្មុំ​ទិច​ប្រហែល ២ ម៉ឺន​ទ្រនិច ក្នុងនោះ​មាន​ប្រហែល ៣០ ទ្រនិច​នៅក្នុង​មាត់ ធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​ចំណាយពេល​ពេញ ១ ថ្ងៃ ទើប​ដកយក​ទ្រនិច​ចេញ​អស់។

    ឃ្មុំ​ពិឃាត​អាហ្វ្រិក គឺជា​ប្រភេទ​ឃ្មុំ​ល្បីឈ្មោះ​នៅ សហរដ្ឋ​អាម៉េរិក ដោយសារតែ «ច​រិត​កោងកាច» របស់​ពួកវា។ នៅពេល​សំបុក​របស់​ពួកវា​រង​ការគំរាមកំហែង ហ្វូង​ឃ្មុំ​​នៅក្នុង​សំបុក និង​​នៅក្រៅ​សំបុក នឹង​ហោះ​សម្រុក​ចេញ​វាយប្រហារ​លើ​អ្នក​ឈ្លានពាន៕

  • ទិវា​គប់​ផ្លែប៉េងប៉ោះ​នៅ អេ​ស្ប៉ា​ញ «រស់​ឡើងវិញ» ក្រោយ​សម័យ​វិបត្តិ​​កូ​វីដ-១៩

    ទិវា​គប់​ផ្លែប៉េងប៉ោះ​នៅ អេ​ស្ប៉ា​ញ «រស់​ឡើងវិញ» ក្រោយ​សម័យ​វិបត្តិ​​កូ​វីដ-១៩

    កាលពី​ថ្ងៃទី ៣១ សីហា មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​គប់​ផ្លែ​ប៉េងប៉ោះ Tomatina ដ៏​ចម្លែក​នៅឯ​ទីរួមស្រុក Bunol របស់ ប្រទេស​អេ​ស្ប៉ា​ញ ក្រោយពី​បាន​ផ្អាក​អស់​រយៈពេល ២ ឆ្នាំ ដោយសារតែ​វិបត្តិ​កូ​វីដ-១៩។

    យោងតាម AFP រថយន្ត​ដឹកទំនិញ​មួយ​ក្រុង​ដែល​ដឹក​ផ្លែ​ប៉េងប៉ោះ​ទុំ​ចំនួន ១៣០ តោន បាន​បរ​ចូលកាន់​ទីប្រជុំជន​នានា​ក្នុង​ទីរួមស្រុក​មួយ​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​ចូលរួមព្រឹត្តិការណ៍​​គប់​ផ្លែ​ប៉េងប៉ោះ។

    ប៉ុន្មាន​នាទី​ក្រោយពី​សំឡេង​ផ្ទុះ​របស់​កាំជ្រួច​អបអរ គេ​ឃើញថា នៅលើ​ដងផ្លូវ​នានា នៅក្នុង​ទីប្រជុំជន​នានា ពោរពេញ​ដោយ​ពណ៌​ក្រហម។ អ្នកខ្លះ​ពាក់​វ៉ែនតា​ដើម្បី​ការពារ​ភ្នែក គប់​ប៉េងប៉ោះ​តម្រង់​អ្នក​ដទៃ​ ខណៈ​ដែល​អ្នក​ខ្លះ​​រើសយក​ផ្លែ​ប៉េងប៉ោះនៅ​លើដី គប់​ទៅលើ​មនុស្ស​ម្នា​​នៅក្បែរនោះ។

    ព្រឹត្តិការណ៍​ដែល​ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង «សង្គ្រាម​អាហារ​ធំជាងគេ​ក្នុង​ពិភពលោក» មួយ​នេះ បានក្លាយ​ជាទី​​ទាក់​ទាញ​​ទេសចរ​ក្នុង និង​ក្រៅប្រទេស ពិសេស​គឺ​ពលរដ្ឋ​មកពី អូស្ត្រាលី អង់គ្លេស ជប៉ុន និង សហរដ្ឋ​អាម៉េរិក ជាដើម។

    ក៏ប៉ុន្តែ ឆ្នាំនេះ មាន​មនុស្ស​ប្រមាណ​តែ ១៥,០០០ នាក់ប៉ុណ្ណោះ​ដែល​បាន​មក​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ នៅ​​ក្នុងចំណោម​សំបុត្រ ២០,០០០ សន្លឹក​ដែល​ត្រូវបាន​លក់ចេញ​ ដោយសារតែ​ប្រទេស​ជាច្រើន​នៅ អាស៊ី មិនទាន់​ដក​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ទាំងស្រុង​៕

  • ចិន រកឃើញ​មនុស្ស ២ នាក់ មាន «ឈាម​ប្រភេទ​មាស» ដ៏​កម្រ​ក្នុង​ពិភពលោក

    ចិន រកឃើញ​មនុស្ស ២ នាក់ មាន «ឈាម​ប្រភេទ​មាស» ដ៏​កម្រ​ក្នុង​ពិភពលោក

    មន្ទីរពេទ្យ​មួយ​នៅ ប្រទេស​ចិន ថ្មីៗនេះ​បាន​រកឃើញ​ស្ត្រី ២ រូប​ដែលមាន​ឈាម​ប្រភេទ​កម្រ​បំផុត​នៅលើ​ផែនដី ដែល​គេ​ហៅថា Rhnull ឬ ឈាម​មាស។

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Global Times មន្ទីរពេទ្យ​ប្រជាជន Taizhou នៅក្នុង​ខេត្ត Jiangsu ភាគ​ខាងកើត​នៃ ប្រទេស​ចិន បាន​រកឃើញ​ឈាម​ប្រភេទ Rhnull នៅក្នុង​រាងកាយ​ស្ត្រី​ម្នាក់​ដែលមាន​ជំងឺ​ខ្វះ​ឈាម​ធ្ងន់ធ្ងរ​នៅពេល​ពិនិត្យ​ឈាម និង​ប្រព័ន្ធ​ភាពស៊ាំ។ ក្រោយមក បងស្រី​របស់​អ្នកជំងឺ​នេះ​ក៏​ត្រូវបាន​រកឃើញថា​មាន​ឈាម​ប្រភេទ​ដូចគ្នានេះដែរ។

    ឈាម​ប្រភេទ Rhnull គឺជា​ក្រុម​ឈាម​ដែល​កម្រ​មាន​បំផុត​ក្នុង​ពិភពលោក។ គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​មាន​ឈាម​ប្រភេទ​នេះ​នៅលើ​មនុស្ស​មិន​ដល់ ៥០ នាក់។ កាលពី​ឆ្នាំ ១៩៦១ ស្ត្រី​ជនជាតិ​អូស្ត្រាលី ម្នាក់ គឺជា​មនុស្ស​ដំបូង​ដែល​ត្រូវបាន​រកឃើញថា មាន​ឈាម​ប្រភេទ Rhnull។ ចាប់តាំងពី​ពេលនោះ​មក មនុស្ស​ជិត ៥០ នាក់ មាន​ឈាម​ប្រភេទ​នេះ ក្នុងនោះ​មាន ជនជាតិ​ចិន ៤ នាក់​ផងដែរ។

    ឈាម​ប្រភេទ Rhnull ត្រូវបាន​គេ​ហៅថា «ឈាម​មាស» ព្រោះ​វា​ជា​ប្រភេទ​ឈាម​ដែល​ជួយសង្គ្រោះ​មនុស្ស​មាន​ប្រសិទ្ធភាព​ជាងគេ​បង្អស់ ពោលគឺ​មានតម្លៃ​ជាង​ក្រុម​ឈាម​ប្រភេទ Rh (ឬ​ហៅថា ឈាម Panda) ទៅទៀត។

    អ្នក​ដែលមាន​ឈាម​ប្រភេទ Rhnull មិនមាន​អង់​ទី​ហ្សែ​ន Rh នៅលើ​កោសិកា​ឈាមក្រហម ដូច្នេះ ពួកគេ​អាច​ផ្ដល់​ឈាម​ឱ្យ​អ្នកណា​ក៏បាន ដោយ​មិនមាន​ប្រតិកម្ម​អ្វី​ទាំងអស់ បើ​ទោះ​អ្នកទទួល​ឈាមមាន​ឈាម​ប្រភេទ​ណាក៏ដោយ។

    ទោះជា​យ៉ាងនេះ​ក្ដី អ្នក​ដែលមាន​ឈាម​ប្រភេទ Rhnull អាច​ទទួល​រក​ផលវិបាក​មួយចំនួន ក្នុងនោះ ពួកគេ​ពិបាក​ក្នុងការ​ទទួលយក​ឈាម​ពី​អ្នកដទៃ ឬ​ការវះកាត់​ប្ដូរ​អវយវៈ​ខាងក្នុង​រាងកាយ​ជាដើម៕

  • ឡាវ​ ប្រកាស​បើក​ច្រក​ព្រំដែន​​​ទាំង​អស់ ដើម្បី​ស្ដារសេដ្ឋកិច្ច​ជាតិ​ឡើង​វិញ ក្រោយ​វិបត្តិ​កូវីដ-១៩

    ឡាវ​ ប្រកាស​បើក​ច្រក​ព្រំដែន​​​ទាំង​អស់ ដើម្បី​ស្ដារសេដ្ឋកិច្ច​ជាតិ​ឡើង​វិញ ក្រោយ​វិបត្តិ​កូវីដ-១៩

    រដ្ឋាភិបាល​ឡាវ បានអនុញ្ញាត​ឱ្យ​បើក​ច្រកព្រំដែនទាំង​អស់​ឡើង​វិញ បន្ទាប់​ពី​បាន​បើក​ច្រក​ព្រំដែន​​អន្តរជាតិ​​កាលពី​ថ្ងៃទី ០៩ ឧសភា ដើម្បី​ជួយ​ជំរុញ​ការ​ដោះដូរ​ទំនិញ និង​ទាក់ទាញ​ភ្ញៀវ​បរទេស ​លើកស្ទួយ​សេដ្ឋកិច្ច​ក្នុងស្រុក ក្រោយ​វិបត្តិ​កូ​វីដ-១៩។

    ក្រោយ​ការបិទទ្វារ​ប្រទេស​អស់​រយៈពេល ៣ ឆ្នាំ ដើម្បី​ទប់ស្កាត់​កូ​វីដ-១៩ ចុងក្រោយ រដ្ឋាភិបាល​ឡាវ ក៏បាន​សម្រេច​ឱ្យ​បើក​ច្រកព្រំដែន​ទាំងអស់​របស់ខ្លួន ដើម្បី​ចាប់ផ្ដើម​ស្ដារ​សេដ្ឋកិច្ច។

    ប្រកាស​កាលពីពេលថ្មីៗនេះ​របស់ ក្រសួងការបរទេស​ឡា​វ បានឱ្យដឹងថា រដ្ឋាភិបាល​ប្រទេស​ឡាវ យល់ព្រម​ឱ្យ​បើក​ច្រកព្រំដែន​ទាំងអស់​របស់​ប្រទេស​នេះ។ ប៉ុន្តែ អាជ្ញាធរ​ត្រូវតែ​ធានា​ឱ្យបាន​ប្រាកដថា នឹង​ពុំ​មានការ​នាំចូល​ទំនិញ​ខុសច្បាប់ និង​ទំនិញ​ដែល​មិនចាំបាច់។

    ច្រកព្រំដែន​ឡាវ​-កម្ពុជា

    កាលពី​ថ្ងៃទី ០៩ ឧសភា រដ្ឋាភិបាល​ឡាវ បានអនុញ្ញាត​ឱ្យ​បើក​ច្រកព្រំដែន​អន្តរជាតិ​ដើម្បី​ជួយ​ជំរុញ​កំណើន​នៃ​ការនាំចេញ​នាំចូល និង​ទាក់ទាញ​ភ្ញៀវ​បរទេស បំណង​រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​ក្នុងស្រុក ក្រោយ​វិបត្តិ​កូ​វីដ-១។

    ការបើក​ច្រកព្រំដែន​ទាំងអស់​ឡើងវិញ​នេះ បាន​ជួយ​ឱ្យ ឡាវ ទាក់ទាញ​ភ្ញៀវ​បរទេស​មក​ទស្សនា​បាន​យ៉ាងច្រើន​នាពេល​កន្លង។ ក្នុង​ខែឧសភា ចំនួន​ទេសចរ​ដែល​បាន​ទៅកាន់​ប្រទេស​ឡាវ មាន​ចំនួន​ជិត ៣៦ ពាន់​នាក់ ខណៈ​ក្នុង​ខែមិថុនា តួលេខ​នេះ​កើន​ដល់​ជិត ១៧២ ពាន់​នាក់ នាំមក​នូវ​ប្រាក់ចំណូល​ច្រើន​បង្គួរ​ដែល​អាច​អនុញ្ញាតឱ្យ ឡាវ ទិញ​ទំនិញ​ពី​បរទេស​បាន​ច្រើនជាង​មុន៕