ចិន រកឃើញ​មនុស្ស ២ នាក់ មាន «ឈាម​ប្រភេទ​មាស» ដ៏​កម្រ​ក្នុង​ពិភពលោក

គ្រាប់​ឈាម​ក្នុង​សរសៃឈាម

មន្ទីរពេទ្យ​មួយ​នៅ ប្រទេស​ចិន ថ្មីៗនេះ​បាន​រកឃើញ​ស្ត្រី ២ រូប​ដែលមាន​ឈាម​ប្រភេទ​កម្រ​បំផុត​នៅលើ​ផែនដី ដែល​គេ​ហៅថា Rhnull ឬ ឈាម​មាស។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Global Times មន្ទីរពេទ្យ​ប្រជាជន Taizhou នៅក្នុង​ខេត្ត Jiangsu ភាគ​ខាងកើត​នៃ ប្រទេស​ចិន បាន​រកឃើញ​ឈាម​ប្រភេទ Rhnull នៅក្នុង​រាងកាយ​ស្ត្រី​ម្នាក់​ដែលមាន​ជំងឺ​ខ្វះ​ឈាម​ធ្ងន់ធ្ងរ​នៅពេល​ពិនិត្យ​ឈាម និង​ប្រព័ន្ធ​ភាពស៊ាំ។ ក្រោយមក បងស្រី​របស់​អ្នកជំងឺ​នេះ​ក៏​ត្រូវបាន​រកឃើញថា​មាន​ឈាម​ប្រភេទ​ដូចគ្នានេះដែរ។

ឈាម​ប្រភេទ Rhnull គឺជា​ក្រុម​ឈាម​ដែល​កម្រ​មាន​បំផុត​ក្នុង​ពិភពលោក។ គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​មាន​ឈាម​ប្រភេទ​នេះ​នៅលើ​មនុស្ស​មិន​ដល់ ៥០ នាក់។ កាលពី​ឆ្នាំ ១៩៦១ ស្ត្រី​ជនជាតិ​អូស្ត្រាលី ម្នាក់ គឺជា​មនុស្ស​ដំបូង​ដែល​ត្រូវបាន​រកឃើញថា មាន​ឈាម​ប្រភេទ Rhnull។ ចាប់តាំងពី​ពេលនោះ​មក មនុស្ស​ជិត ៥០ នាក់ មាន​ឈាម​ប្រភេទ​នេះ ក្នុងនោះ​មាន ជនជាតិ​ចិន ៤ នាក់​ផងដែរ។

ឈាម​ប្រភេទ Rhnull ត្រូវបាន​គេ​ហៅថា «ឈាម​មាស» ព្រោះ​វា​ជា​ប្រភេទ​ឈាម​ដែល​ជួយសង្គ្រោះ​មនុស្ស​មាន​ប្រសិទ្ធភាព​ជាងគេ​បង្អស់ ពោលគឺ​មានតម្លៃ​ជាង​ក្រុម​ឈាម​ប្រភេទ Rh (ឬ​ហៅថា ឈាម Panda) ទៅទៀត។

អ្នក​ដែលមាន​ឈាម​ប្រភេទ Rhnull មិនមាន​អង់​ទី​ហ្សែ​ន Rh នៅលើ​កោសិកា​ឈាមក្រហម ដូច្នេះ ពួកគេ​អាច​ផ្ដល់​ឈាម​ឱ្យ​អ្នកណា​ក៏បាន ដោយ​មិនមាន​ប្រតិកម្ម​អ្វី​ទាំងអស់ បើ​ទោះ​អ្នកទទួល​ឈាមមាន​ឈាម​ប្រភេទ​ណាក៏ដោយ។

ទោះជា​យ៉ាងនេះ​ក្ដី អ្នក​ដែលមាន​ឈាម​ប្រភេទ Rhnull អាច​ទទួល​រក​ផលវិបាក​មួយចំនួន ក្នុងនោះ ពួកគេ​ពិបាក​ក្នុងការ​ទទួលយក​ឈាម​ពី​អ្នកដទៃ ឬ​ការវះកាត់​ប្ដូរ​អវយវៈ​ខាងក្នុង​រាងកាយ​ជាដើម៕

Advertisement