Category: អន្តរជាតិ

  • ប្រទេស​ចិន មាន​ផែនការ​ផ្ដល់​សេវាកម្ម​ទេស​ចរណ៍​អវកាស​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    ប្រទេស​ចិន មាន​ផែនការ​ផ្ដល់​សេវាកម្ម​ទេស​ចរណ៍​អវកាស​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

    ប្រទេស​ចិន មាន​គម្រោង​នាំ​អតិថិជនដំបូងៗរបស់​ពួកគេ ហោះ​ទៅកាន់​ទី​អវកាស​នៅក្នុង​ដំណើរ​ទេសចរណ៍​ក្រោម​គន្លង​គោចរ​ផែនដី​នៅ​ឆ្នាំ ២០២៥។

    អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់ Yang Yiqiang អតីត​អគ្គនាយក​របស់​គម្រោង​រ៉ុក្កែត Long March 11 កាលពី​ឆ្នាំ ២០១៨ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​អវកាស CAS Space ដែល​ទទួលបាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន បាន​ព្យាករ​ថា សេវាកម្ម​ទេសចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​នឹង «ផ្ទុះ​ការពេញនិយម» នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

    «ដោយមាន​ការកែ​លំអរូប​មន្ត​ពាណិជ្ជកម្ម ប្រទេស​ចិន គ្រោង​នឹង​ចាប់ផ្ដើម​ផ្ដល់​សេវា​ទេសចរ​ក្រោម​គន្លង​គោចរ​នៅ​ឆ្នាំ ២០២៥ ជាមួយនឹង​តម្លៃ​ប្រមាណ​ពី ២ ទៅ ៣ លាន​យុន (២៨៦,០០០ ដល់ ៤៣០,០០០ ដុល្លារ​អាម៉េរិក)។ នេះ​បើតាម​សារព័ត៌មាន Global Times ស្រង់​សម្ដី​របស់លោក Yang ចុះផ្សាយ​កាលពី​ថ្ងៃទី ១៧ កញ្ញា។

    លោក Yang បានឱ្យដឹងថា ទេសចរណ៍​ក្រោម​គន្លង​គោចរ​របស់​ផែនដី​បាន​រីកចម្រើន​ជាង​មុន​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស ធៀប​នឹង​ប្រភេទ​ទេសចរណ៍​អវកាស​ដទៃ និង​សមស្រប​សម្រាប់​មនុស្ស​ស្ទើរតែ​គ្រប់គ្នា។ ការហោះហើរ​នាពេល​អនាគត​របស់ ប្រទេស​ចិន អាច​នាំ​អតិថិជន ៧ នាក់/ជើង ឡើងទៅ​កាន់​ជាន់​ខាងលើ​នៃ​បន្ទាត់ Karman ក្នុង​រយៈកម្ពស់​ជាង ១០០ គីឡូម៉ែត្រ ជាទី​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ព្រំដែន​រវាង​បរិយាកាស​ផែនដី និង​បរិយាកាស​ខាងក្រៅ​ផែនដី។ ការហោះហើរ​នេះ​នឹងមាន​រយៈពេល​ប្រហែល ១០ នាទី ក្នុងនោះ អតិថិជន​នឹងមាន​ពេល​ច្រើន​នាទី​ដើម្បី​ទទួលយក​បទពិសោធន៍​ក្នុង​បរិស្ថាន​មិនមាន​ទម្ងន់។

    រូបភាពបង្ហាញអំពីជើងហោះហើរទៅកាន់ក្រោមគន្លងគោចរដោយរ៉ុក្កែត និងយានអវកាសរបស់ CAS Space

    នៅក្នុង​ប្រកាស​មួយ​កាលពី​ឆ្នាំ​កន្លង CAS Space បាន​និយាយថា ពួកគេ​កំពុង​អភិវឌ្ឍ​រ៉ុក្កែត និង​យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ សម្រាប់​ដំណើរ​ទេសចរណ៍​អវកាស​នេះ។ នៅពេល​ហោះ​ឡើងដល់​បន្ទាត់ Karman រ៉ុក្កែត​នឹង​ផ្ដាច់ខ្លួន រួច​វិល​ត្រលប់​មកកាន់​បរិយាកាស ចុះចត​លើ​ផែនដី​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ុក្កែត ខណៈដែល​យានអវកាស​បន្ត​ហោះហើរ និង​ចុះចត​ដោយ​ប្រព័ន្ធ​ឆត្រយោង។

    សេវាកម្ម​ទេសចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​របស់ ប្រទេស​ចិន នឹង​ផ្ទុះ​ការពេញនិយម​នៅ​ឆ្នាំ ២០២៧ នៅពេល​ប្រទេស​នេះ​ដាក់ពង្រាយ​រួចរាល់​នូវ​ប្រព័ន្ធ​ផ្កាយរណប​ដ៏​ធំ និង​នៅពេល​មាន​រ៉ុក្កែត​ដែល​អាច​ប្រើប្រាស់​ឡើងវិញ។

    ចិន គឺជា​ប្រទេស​ដែល​ចាប់ផ្ដើម​ដំណើរការ​សកម្មភាព​ស​ម្រា​ប់ទេស​ចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​ក្រោយ​គេ ធៀប​នឹង​មហាអំណាច​មួយចំនួន ប៉ុន្តែ​កំពុងតែ​ដុតដៃដុតជើង​ដើម្បី​បង្កើនល្បឿន ក្នុងនោះ​មាន ៣៧០ ក្រុមហ៊ុន​បាន​លោត​ចូលក្នុង​វិស័យ​អវកាស​ពាណិជ្ជកម្ម គិត​ត្រឹម​ឆ្នាំ​កន្លង។ នេះ​បើតាម​ព័ត៌មាន​ពី​ថ្នាល​ព័ត៌មាន​ពាណិជ្ជកម្ម Qichacha៕

  • ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ ​មហា​ក្សត្រ​អាហ្វ្រិក​ខាង​ត្បូង ត្រូវ​គេ​ធ្វើ​ឃាត

    ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ ​មហា​ក្សត្រ​អាហ្វ្រិក​ខាង​ត្បូង ត្រូវ​គេ​ធ្វើ​ឃាត

    ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ មហា​ក្សត្រី​ Zulu នៅ​ អាហ្វ្រិក​ខាងត្បូង ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី ១៧ កញ្ញា នៅ​ខាង​ក្រៅ​ព្រឹត្តិការណ៍​ប្រពៃណី​។

    លោក Dumisani Blasius Khumalo «ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​» បន្ទាប់​ពីបាន​ចូល​រួម​ពិធី​របាំ​មួយ​នៅ Nongoma។ នេះ​បើ​តាមប្រកាស​របស់​ Sihle Zikalala ដែល​ជា​សមាជិក​សភា​ក្នុង​តំបន់។

    មនុស្ស​ប្រហែល ១ ម៉ឺន​នាក់​ កាលពី​ថ្ងៃទី ១៩ កញ្ញា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីរួម​ស្រុក​ Nongoma ដែល​ជា​តំបន់​មួយ​របស់​ជនជាតិ Zulu នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្ត KwaZulu-Natal របស់ អាហ្វ្រិក​ខាងត្បូង​ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​របាំ​ប្រពៃណី​។

    នៅក្នុង​ពិធី​ដែល​មាន​អាយុ​កាល​រាប់​សតវត្សរ៍​មក​ហើយ​នេះ ក្រុម​នារី​របាំ​​នឹង​សម្ដែង​ក្បាច់​រាំ​នៅ​​ចំពោះ​ព្រះភក្ត្រ​​ស្ដេច​របស់​ជនជាតិ​ Zulu ដែល​ជា​ជនជាតិ​ភាគ​ច្រើន​ជាង​គេ​នៅ​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​មាន​ប្រជាជន​ប្រមាណ​ ១១ លាន​នាក់​ ស្មើ​នឹង​ជិត ១/៥ នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​។ នេះ​គឺជា​ពិធី​របាំ​ប្រពៃណី​ដំបូង​របស់​ស្ដេច Zulu MisuZulu Zulu ដែល​បាន​ឡើង​គ្រង​រាជ​កាលពី​ខែ​កន្លង​។

    ក្រុម​អ្នក​ប្រឆាំង​នឹង​មេដឹក​នាំ​ថ្មី​របស់​ជនជាតិ Zulu មុន​នោះ​បាន​គំរាម​ថា​នឹង​មាន​ការ​​បង្ហូរ​ឈាម​មួយ​កើត​ឡើង បើ​សិន​ពិធី​របាំ​ប្រពៃណី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​។

    លោក Khumalo ប្រធាន​ទីប្រឹក្សា​​របស់​ស្ដេច MisuZulu Zulu គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​​នៅ​ក្នុង​សហគមន៍​ជន​ជាតិ Zulu។ នៅ​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជម្លោះ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្នុង​តុលាការ​បែប​បុរាណ​ ជំនួស​ឱ្យ​ស្ថាប័ន​យុត្តិធម៌​របស់​រដ្ឋ​។

    «គាត់​ (លោក Khumalo) មាន​ភក្ដី​ភាព​ខ្លាំង​ណាស់​ ចំពោះ​រាជវង្ស​ និង​ធ្លាប់​ធ្វើ​ការ​យ៉ាង​សកម្ម​​ជាមួយ​នឹង​បិតា​របស់​ស្ដេច MisuZulu» Khaya Ndwandwe អ្នក​ជំនាញ​ផ្នែក​វប្បធម៌​ Zulu ឱ្យ​ដឹង​ដូច្នេះ​។

    បន្ទាប់​​ពី​ស្ដេច Goodwill Zwelithini របស់ Zulu បាន​ចូល​ទិវង្គត​កាលពី​ឆ្នាំ​កន្លង ក្រោយ​ពី​ឡើង​គ្រង​រាជ​បាន​ ៥០ ឆ្នាំ​ វិវាទ​ទាក់​ទិន​នឹង​សិទ្ធិ​ស្នង​រាជ​ក៏​បាន​ផ្ទុះ​ឡើង​។ ស្ដេច​ MisuZulu ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រធានាធិបតី Cyril Ramaphosa។ ស្ដេច MisuZulu គឺជា​បុត្រ​របស់​មហេសី​ទីបី​របស់​ស្ដេច Goodwill Zwelithini។

    មហាសីទីមួយ​របស់​ស្ដេច Goodwill Zwelithini បាន​ជំទាស់​ទៅ​នឹង​ការ​ស្នង​រាជ​របស់​ស្ដេច MisuZulu នៅ​តុលាការ ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​។

    បុត្រា​ចម្បង​របស់​ស្ដេច​ដែល​បាន​សោយ​ទិវង្គត និង​ជា​បុត្រ​ «ក្រៅ​ច្បាប់» កាលពី​សប្ដាហ៍​កន្លង បាន​ដាក់​ពាក្យ​បណ្ដឹង​ និង​ប្រកាស​ថា គាត់​ទើប​ជា​អ្នក​ដែល​ត្រូវស្នង​រាជ​ស្រប​ច្បាប់​។ ចំណែក​ព្រះរៀម​ និង​អនុជ​របស់អតីត​មហា​ក្សត្រ Goodwill Zwelithini ក៏​បាន​ប្រកាស​ថា រាជបល្ល័ង្ក​គឺ​ជា​របស់​បេក្ខ​ភាព​ផ្សេង​មួយអង្គ​​ទៀត​។ នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃទី ១៧ កញ្ញា ស្ដេច​ថ្មី​របស់ Zulu បាន​អំពាវនាវ​ឱ្យ​មាន​ «សន្តិភាព​ និង​ឯកភាព​នៅ​ក្នុង​ពូជ​អម្បូរ​»៕

  • ប្រទេស​ចិន គ្រប់​គ្រង​មួយ​ផ្នែក​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ ប្រទេស​រុស្ស៊ី

    ប្រទេស​ចិន គ្រប់​គ្រង​មួយ​ផ្នែក​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ ប្រទេស​រុស្ស៊ី

    បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ដែល​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​ខេត្ត Hebei និង​​ខេត្ត Shandong នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃទី ១៦ កញ្ញា​។

    យោង​តាម​សារព័ត៌មាន Sputnik របស់​​ រុស្ស៊ី កាលពី​ថ្ងៃទី ១៦ កញ្ញា ក្រុមហ៊ុន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​គម្រោង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia រត់កាត់​ប្រទេស​ចិន PipeChina ប្រកាស​ថា ទីក្រុង​ប៉េកាំង​ បាន​បើក​ដំណើរ​ការ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​កំណាត់​ដែល​នាំ​ចូល​ឧស្ម័ន​ពី​ រុស្ស៊ី​ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​ផ្គត់ផ្គង់​ឧស្ម័ន​របស់​​ រុស្ស៊ី​ សម្រាប់​ប្រទេស​ចិន​។

    ប្រកាស​ខាងលើ​បាន​បញ្ជាក់​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​ខេត្ត Hebei និង​​ខេត្ត Shandong នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃទី ១៦ កញ្ញា​។

    មាន​ព័ត៌មាន​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ខេត្ត Hebei ទៅ​​​ខេត្ត Shandong គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​ ប្រទេស​ចិន​ ដែល​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia របស់ រុស្ស៊ី​។

    មុន​នោះ ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Alexandr Novak បាន​ឱ្យ​ដឹង​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia 2 របស់ រុស្ស៊ី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់​ផ្គង់​ឧស្ម័ន​ឱ្យ​ ប្រទេស​ចិន​ ពិត​ជា​អាច​ជំនួស​ Nord Stream pipeline 2។

    យោង​តាម​លោក Alexandr Novak ប្រទេស​រុស្ស៊ី និង ចិន នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន ៥០ ពាន់​លានម៉ែត្រ​​គុប​/ឆ្នាំ​ នា​ពេល​ដ៏ខ្លី​ខាងមុខ​។ បរិមាណ​នេះ​ជិត​ស្មើ​នឹង​បរិមាណ​ឧស្ម័ន​ដែល​បង្ហូរ​តាម​បណ្ដាញ​ Nord Stream pipeline 1 (៥៥ ពាន់​លាន​ម៉ែត្រ​គុប) ដែល​បាន​ឈប់ដំណើរ​ការ​តាំង​ពី​ថ្ងៃទី ០២ កញ្ញា​។

    បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ដែលភ្ជាប់​ពី រុស្ស៊ី មក​ ចិន​ ​កំពុងត្រូវ​បាន​ប្រើប្រាស់​​នា​បច្ចុប្បន្ន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាលពីចុង​ឆ្នាំ​ ២០១៩។ បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័នមាន​​កម្លាំង​បង្ហូរ​ប្រចាំ​ឆ្នាំ​ឡើង​ដល់ ៦១​ ពាន់​លាន​ម៉ែត្រគុប។

    បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​នេះថ្មី​របស់​ ចិន និង រុស្ស៊ី នេះ ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ប្រភព​ចំណូល​សំខាន់​របស់ រុស្ស៊ី នៅ​ពេល​ខាងមុខ​ ព្រោះ​ថា អឺរ៉ុប កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​ការ​ពឹង​ផ្អែក​ជា​ប្រវត្តិសាស្ត្រ​ទៅ​លើ​ឧស្ម័ន​របស់​ ប្រទេស​រុស្ស៊ី​៕

  • បន្ទាន់! ឆេះ​អគារ​ខ្ពស់​កប់ពពក​នៅ​ភាគកណ្ដាល​ប្រទេស​ចិន

    បន្ទាន់! ឆេះ​អគារ​ខ្ពស់​កប់ពពក​នៅ​ភាគកណ្ដាល​ប្រទេស​ចិន

    ​អគារ​ខ្ពស់​កប់ពពក​មួយ​នៅ​​ក្នុង​ទីក្រុង Changsha ភាគកណ្ដាល​នៃ ប្រទេស​ចិន ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ មិន​ទាន់​មាន​ព័ត៌មាន​ស្ដីពី​ករណី​ស្លាប់ និង​រងរបួស​។

    ផ្សែងខ្មៅ​យ៉ាង​ក្រាស់​បាញ់​ចេញ​ពី​អគារ​ China Telecom0728.HK កម្ពស់ ២០០ ម៉ែត្រ និង​រាប់​សិប​ជាន់​កំពុងឆេះ​យ៉ាង​សន្ធោសន្ធៅ» ទូរទស្សន៍​រដ្ឋ​ចិន CCTV រាយការណ៍​នា​ថ្ងៃ​នេះ​អំពី​ករណី​អគ្គិភ័យ​ឆេះ​អគារ​កប់ពពក​មួយ​នៅក្នុង​ទីក្រុង Changsha នៃ​ខេត្ត Hunan ភាគកណ្ដាល​ ប្រទេស​ចិន។

    China Telecom0728.HK គឺជា​អគារ​ខ្ពស់​ដែល​មាន​ការិយាល័យ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋចិន China Telecom។

    CCTV រាយការណ៍​ថា កម្លាំង​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ ប៉ុន្តែ តួលេខ​ស្ដីពី​អ្នក​ស្លាប់ និង​រងរបួស​មិន​ទាន់​ត្រូវ​បាន​ឱ្យ​ដឹង​នៅឡើយ។

    រថយន្ត​ពន្លត់អគ្គិភ័យ ៣៦ គ្រឿង និង​បុគ្គលិក​ ២៨០ នាក់ មក​ពី​ ១៧ ស្ថាប័ន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់អគារ China Telecom។ ការ​ប្រឹង​ប្រែង​របស់​ក្រុម​សង្គ្រោះ​នេះ​នៅ​តែ​បន្ត​ធ្វើឡើង​។

     

  • អ៊ុយ​ក្រែ​ន រកឃើញ «ផ្នូរ​បញ្ចុះ​សាកសព​រួម» កប់​មនុស្ស​រាប់រយ​នាក់​នៅ Izyum

    អ៊ុយ​ក្រែ​ន រកឃើញ «ផ្នូរ​បញ្ចុះ​សាកសព​រួម» កប់​មនុស្ស​រាប់រយ​នាក់​នៅ Izyum

    ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​បាន​រកឃើញ​ផ្នូរ​បញ្ចុះ​សាកសព​រួម​ដែល​កប់​មនុស្ស​ជាង ៤៤០ នាក់​នៅ Izyum បន្ទាប់ពី​បាន​ចូល​គ្រប់គ្រង​ទីក្រុង​នេះ​ឡើងវិញ។

    «មួយ​ក្នុងចំណោម​ផ្នូរ​បញ្ចុះ​សាកសពធំៗក្នុង​ទីរួមស្រុក​ដែល​ត្រូវបាន​រំដោះ មាន​សាកសព​ជាង ៤៤០ នាក់។ មនុស្ស​មួយចំនួន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ធំ ចំណែក​អ្នកខ្លះ​ក៏​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស» Serhiy Bolvinov ដែលជា​អភិបាលខេត្ត Kharkov នៅ​ភាគ​ឦសាន​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៥ កញ្ញា បានឱ្យដឹង​ដូច្នេះ។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី យល់ថា កងទ័ព​រុស្ស៊ី ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ «ផ្នូរ​បញ្ចុះសព​រួម» នៅ Izyum។ លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ភ្ជាប់​ព្រឹត្តិការណ៍​នេះ​ទៅនឹង​ការចោទប្រកាន់​អំពី​បទ «សម្លាប់​រង្គាល​នៅ Bucha» ជា​ទីរួមស្រុក​មួយ​នៅ​ជាយ រដ្ឋធានី​កៀវ ដែល​ត្រូវបាន អ៊ុយ​ក្រែ​ន លើកឡើង​បន្ទាប់ពី រុស្ស៊ី បានបញ្ចប់​ដំណាក់​ដំបូង​នៃ​យុទ្ធនាការ​យោធា និង​ដកទ័ព​ចេញពី​ភាគ​ខាងជើង​ប្រទេស​នេះ។

    ផែនទី​ស្ដីពី​ អ៊ុយក្រែន

    រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទៅនឹង​ព័ត៌មាន​ទាក់ទិន​នឹង «ផ្នូរ​បញ្ចុះ​សាកសព​រួម» នៅ Izyum នៅឡើយ។ ប៉ុន្តែ កាលពី​ខែមេសា វិមាន​ក្រឹម​ឡាំង ធ្លាប់បាន​ច្រានចោល​ការចោទប្រកាន់រ​បស់ អ៊ុយ​ក្រែ​ន អំពី​ករណី​សម្លាប់​រង្គាល​នៅ Bucha ដោយ​ប្រកាសថា នេះ​គឺជា​ព័ត៌មាន​ប្រឌិត៕

  • WHO ប្រកាស​ថា ពេលវេលា​ដើម្បី​បញ្ចប់​កូ​វីដ-១៩ បានមក​ដល់​ហើយ

    WHO ប្រកាស​ថា ពេលវេលា​ដើម្បី​បញ្ចប់​កូ​វីដ-១៩ បានមក​ដល់​ហើយ

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ម្សិលមិញ បាន​អះអាងថា ពិភពលោក​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មាន​អំណោយផល​ល្អ​បំផុត​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩។

    លោក Tedros ប្រធាន WHO បានឱ្យដឹងថា តួលេខ​នៃ​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ដោយសារ​កូ​វីដ-១៩ ប្រចាំ​សប្ដាហ៍ បាន​ថយចុះ​មក​ទាប​បំផុត​រាប់​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​ផ្ទុះឡើង​កាលពី​ខែមីនា ២០២០។ លោក Tedros បាន​អំពាវនាវ​ដល់​ពិភពលោក ឱ្យ​ក្ដាប់​យក​ឱកាស​នេះ​ដើម្បី​បញ្ចប់​ការ​រាតត្បាត​របស់​កូ​វីដ-១។

    បើទោះជា​យល់ថា នឹង​អាចមាន​ការផ្ទុះ​ឆ្លង​នាពេល​អនាគត ប៉ុន្តែ WHO បញ្ជាក់ថា ពិភពលោក​មាន​ឧបករណ៍​ជាច្រើន​ដូចជា វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជាដើម ដែល​អាច​ការពារ​អ្នកជំងឺ​មិនឱ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ឬ​ស្លាប់។

  • ព្យុះ Muifa វាយប្រហារ​លើ​ភាគ​ខាងកើត​ប្រទេស​ចិន ធ្វើឱ្យ​មនុស្ស ១.៦ លាន​នាក់​ត្រូវ​ភៀសខ្លួន

    ព្យុះ Muifa វាយប្រហារ​លើ​ភាគ​ខាងកើត​ប្រទេស​ចិន ធ្វើឱ្យ​មនុស្ស ១.៦ លាន​នាក់​ត្រូវ​ភៀសខ្លួន

    ថ្ងៃទី ១៥ កញ្ញា​នេះ ព្យុះ Muifa បក់បោក​ចូលដល់​ខណ្ឌ Fengxian នៃ​ទីក្រុង​សៀង​ហៃ ភាគ​ខាងកើត​ប្រទេស​ចិន បណ្ដាលឱ្យ​កើតមាន​ភ្លៀង​ធំ ទឹកជំនន់ និង​បាក់​ដី នាំឱ្យ​មនុស្ស​ប្រមាណ ១.៦ លាន​នាក់​ត្រូវ​ភៀសខ្លួន​ទៅកាន់​ទី​សុវត្ថិភាព។

    ទូរទស្សន៍​ជាតិចិន (CCTV) បាន​រាយការណ៍​ថា ដោយមាន​កម្លាំង​ឡើងដល់ ១២៥ គីឡូម៉ែត្រ/ម៉ោង Muifa គឺជា​ព្យុះ​កំណាច​បំផុត​ដែល​បាន​បក់បោក​មកលើ​ទីក្រុង​សៀង​ហៃ ដែលមាន​ប្រជាជន ២៥ លាន​នាក់ រាប់​ចាប់ពី​ឆ្នាំ ១៩៤។ បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​អំពី​តួលេខ​នៃ​ការស្លាប់ ឬ​របួស​ដោយសារ​ព្យុះ​នេះ​នៅឡើយ។

    ក៏ប៉ុន្តែ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៤២៦,០០០ នាក់ ត្រូវបាន​ឈ្លៀស​ទៅរក​កន្លែង​សុវត្ថិភាព និង ១.២ លាន​នាក់​ផ្សេងទៀត​ត្រូវបាន​នាំទៅ​កាន់​ជម្រក​បណ្ដោះអាសន្ន​នៅក្នុង​ខេត្ត Zhejiang ដែល​នៅក្បែរនោះ។

    ភ្លៀង​ធំ​ក៏បាន​បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍ និង​ជំនន់​ទឹកភ្លៀង​ក្នុងស្រុក​មួយចំនួន​នៅ​តំបន់​វាលរាប​ទន្លេ​Yangtze ដែលជា​មជ្ឈមណ្ឌល​ផលិត​ដ៏​ធំ​មួយ​របស់​ពិភពលោក។ ចំណែក​ជើងហោះហើរ​ជាច្រើន​នៅក្នុង​តំបន់​នេះ ក៏ត្រូវ​បាន​លុបចោល ឬ​ពន្យារពេល។

    មួយ​ថ្ងៃមុន​ការវាយប្រហារ​ចូលដល់ ទីក្រុង​សៀង​ហៃ ព្យុះ Muifa បាន​បក់បោក​លើ ទីក្រុង​ស​ហ្សូ​សាន នៃ​ខេត្ត ហ្សឺ​ជាំ​ង ផងដែរ៕

  • ប្រធានាធិបតី​បេឡា​រុស ពុះឧស​ដើម្បី «ជួយ​ឱ្យ អឺរ៉ុប មិន​ស្លាប់​ដោយ​សារធាតុ​ត្រជាក់»

    ប្រធានាធិបតី​បេឡា​រុស ពុះឧស​ដើម្បី «ជួយ​ឱ្យ អឺរ៉ុប មិន​ស្លាប់​ដោយ​សារធាតុ​ត្រជាក់»

    អាជ្ញាធរ​បេឡា​រុស បាន​បង្ហោះ​វីដេអូ​មួយ​ស្ដីពី ប្រធានាធិបតី Lukashenko កំពុង​ពុះឧស និង​ថ្លែងថា លោក​នឹងមិន​បណ្ដោយឱ្យ អឺរ៉ុប «ស្លាប់​ដោយសារ​ត្រជាក់» ក្នុង​រដូវរងា​នេះឡើយ។

    «នេះ​ពិតជា​ឧស​ល្អ» ប្រធានាធិបតី​បេឡា​រុស Alexander Lukashenko ថ្លែង​នៅពេល​កំពុង​ពុះឧស នៅក្បែរ​អ្នកជំនួញ Sergey Teterin លើ​ទីលាន​នៃ​តំបន់​លំហែកាយ​នៅ​ជាយក្រុង។

    វីដេអូ​នេះ​ត្រូវបាន​ការិយាល័យ​សារព័ត៌មាន​របស់ ប្រធានាធិបតី​បេឡា​រុស បង្ហោះ​លើ Telegram កាលពី​ថ្ងៃទី ១៤ កញ្ញា។ «យើង​នឹងមិន​បណ្ដោយឱ្យ អឺរ៉ុប ស្លាប់​ដោយសារ​ធាតុ​ត្រជាក់។ ចូរ​ជួយ​ដល់​ពួកគេ ថ្ងៃ​ណាមួយ ពួកគេ​នឹង​ជួយ​យើង​វិញ​ក៏​ថា​បាន» លោក Lukashenko ថ្លែង​ដូច្នេះ។

    ប្រធានាធិបតី Lukashenko យល់ថា បច្ចុប្បន្ន អឺរ៉ុប មិនមាន​ជម្រើស​ច្រើន ព្រោះថា ប្រការ​សំខាន់​សម្រាប់​ពួកគេ​នាពេលនេះ​គឺ​កម្ដៅ។ «យើង​ត្រូវ​ធានាថា ឧស​ទាំងនេះ​នឹង​ត្រូវបាន​បញ្ជូនទៅ​ដល់​ដៃ​ពលករ កសិករ មិនមែន​ក្រុម​អ្នក​មាន​ឡើង» ប្រធានាធិបតី​បេឡា​រុស បញ្ជាក់​ដូច្នេះ។

    វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​នៅក្នុង​ស្ថានការណ៍​ដែល​លំហូរ​ឧស្ម័ន​ពី រុស្ស៊ី ទៅកាន់ អឺរ៉ុប កំពុង​ថយចុះ​ច្រើន បន្ទាប់ពី ទីក្រុង​មូ​ស្គូ បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ២០២២។

    ក្រុម​ប្រទេស​នៅ អឺរ៉ុប កំពុងតែរ​ត់រក​ប្រភព​ផ្គត់ផ្គង់​ថាមពលជំនួស​ឧស្មាន​ពី រុស្ស៊ី និង​សំច័យ​ឧស្ម័ន​ដើម្បី​ចៀសវាង​បញ្ហា​ខ្វះខាត​ថាមពល​នៅក្នុង​រដូវរងា​ឆ្នាំនេះ។

    បេឡា​រុស គឺជា​សម្ព័ន្ធមិត្ត​របស់ រុស្ស៊ី ដើរតួនាទី​ជា​កន្លែង​ប្រមូលផ្ដុំ​កងទ័ព​របស់ ទីក្រុង​មូ​ស្គូ ក្នុង​យុទ្ធនាការ​យោធា​ពិសេស។ ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ប្រឆាំងនឹង​ការឈ្លានពាន​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន៕

    https://www.youtube.com/watch?v=WJzU7tNq-Ts

  • ព្រះរាជ​ពិធីដង្ហែព្រះសពអតីតមហាក្សត្រីអង់គ្លេស Elizabeth II

    ព្រះរាជ​ពិធីដង្ហែព្រះសពអតីតមហាក្សត្រីអង់គ្លេស Elizabeth II

    ព្រះ​សព​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II ត្រូវបាន​ដង្ហែ​នៅលើ​ដងផ្លូវ​ប្រវែង ២ គីឡូម៉ែត្រ ឆ្ពោះទៅកាន់​មហាសាល Westminster ដោយមាន​ការ​អម​តាម​សងខាង​ផ្លូវ ក៏​ដូ​ជា​ជាការ​តាមដាន​របស់​ប្រជាជន​រាប់ពាន់នាក់​នៅ ទីក្រុង​ឡុង​ដ៍។

    ព្រះ​សព​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II កាលពី​ម្សិលមិញ (១៤ កញ្ញា) ត្រូវបាន​តម្កល់​លើ​ព្រះទីន័ង​ដែលមាន​សេះ ៧ ក្បាល​ជា​អ្នក​អូស ចេញដំណើរ​ពី​រាជវាំង Buckingham នៅ​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស។ រៀងរាល់ ១ នាទី ក្រុម​ទាហាន​បាញ់កាំភ្លើង​ធំ ១ គ្រាប់​ពី​ឧទ្យាន Park Hyde ក្នុងពេល​ដង្ហែ​ព្រះ​សព។

    ក្បួន​ដង្ហែឆ្លង​កាត់​វិមាននាឡិកា Big Ben

    «យើង​អាច​ដឹងបាន​កម្លាំង​ពី​សំឡេង​តន្ត្រី។ មនុស្សម្នា​ស្ថិតនៅក្នុង​ភាពស្ងប់ស្ងាត់ ទិដ្ឋភាព​ពិតជា​អស្ចារ្យ គួរឱ្យ​រំភើប» Shirley Negal អាយុ ៦៦ ឆ្នាំ ធ្វើដំណើរ​ពី Kent មកកាន់ ក្រុង​ឡុង​ដ៍ ដើម្បី​តាមដាន​ពិធី​ដង្ហែ​ព្រះ​សព ឱ្យដឹង​ដូច្នេះ។

    ក្រុម​តន្ត្រី

    ពិធី​ដង្ហែ​ព្រះ​សព​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ប្រហែល ៤០ នាទី នៅលើ​ដងផ្លូវ​ប្រវែង ២ គីឡូម៉ែត្រ ដោយ​ចាប់ផ្ដើម​ចេញដំណើរ​ពី​រាជវាំង Buckingham ឆ្លងកាត់​ផ្លូវ The Mall និង Whitehall ដើម្បី​ឆ្ពោះទៅកាន់​មហាសាល Westminster។

    ខាងលើ​គឺ​ បុត្រ​ចំនួន ៤ អង្គ​របស់ អតីត​មហាក្សត្រី Elizabeth II គឺ​មហាក្សត្រ Charles III, ព្រះ​នាង Anne, ព្រះអង្គម្ចាស់ Andrew និង​ព្រះអង្គម្ចាស់ Edward រួម​នឹង​ព្រះរាជ​នត្តា (ចៅ) ២ អង្គ គឺ​ព្រះអង្គម្ចាស់ William និង Harry យាង​តាម​ពីក្រោយ​ព្រះ​សព​អតីត​មហាក្សត្រី។

    ខាងលើគឺ មហា​សី​របស់​មហាក្សត្រ Charles (ខាងឆ្វេង) និង​ព្រះ​នាង Kate គង់​នៅលើ​រថយន្ត បរ​តាម​ពីក្រោយ​ព្រះ​សព​អតីត​មហាក្សត្រី Elizabeth II។

    ព្រះ​នាង Sophie (ខាងក្នុង) ដែលជា​មហេសី​របស់​ព្រះអង្គម្ចាស់ Edward និង​ជា​បុត្រ​ប្រសា​របស់ អតីត​មហាក្សត្រី Elizabeth II រួម​នឹង​អ្នក​ម្នាង Meghan ភរិយា​របស់​ព្រះអង្គម្ចាស់ Harry ស្ថិតនៅក្នុង​រថយន្ត បរ​តាម​ពីក្រោយ​ព្រះ​សព។

    មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​តាម​ដងផ្លូវ The Mall និង Whitehall ដើម្បី​ជាការ​សម្ដែង​ការគោរព និង​សោកសៅ។ ពួកគេ​ខ្លះ​កាន់​ទង់ជាតិ ខ្លះទៀត​កាន់​ផ្កា។

    ព្រះទីន័ង​តម្កល់​ព្រះសព ចត​នៅ​ខាង​មុខ​ច្រកចូល​មហា​សាល Westminsterមហាសាល Westminster បើកទ្វារ ២៤ ម៉ោង​រៀងរាល់ថ្ងៃ នៅក្នុង​អំឡុងពេល​តម្កល់​ព្រះ​សព​អតីត​មហាក្សត្រី Elizabeth II នៅទីនេះ។ ប្រជាពលរដ្ឋ​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​គោរព សម្ដែង​ការសោកស្ដាយ​ចាប់ពី​ម៉ោង ១៧ ថ្ងៃទី ១៤ កញ្ញា ដល់​ម៉ោង ០៦ កន្លះ ថ្ងៃទី ១៩ កញ្ញា។ តាម​ការប៉ាន់ស្មាន មនុស្ស​រាប់សែន​នាក់​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​សម្ដែង​ការគោរព​ចំពោះ​អតីត​មហាក្សត្រី Elizabeth II។

    ព្រះសព​ត្រូវ​បាន​តម្កល់​ក្នុង​មហា​សាល​ Westminster

    ប្រជាពលរដ្ឋ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​នាំយក​ផ្កា ទៀន ឬ​តុក្កតា​ចូលមកក្នុង​មហាសាល Westminster។ ពួកគេ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង​មិនត្រូវ​ថតរូប។ ពួកគេ​ត្រូវបាន​ណែនាំ​ឱ្យ​ឈរ​ជា​ជួរ​តាម​បណ្ដោយ​មាត់ទន្លេ Thames និង​ត្រូវ​បានផ្ដល់​ខ្សែដៃ​ដែលមាន​លេខ​សម្គាល់។

    រាជទាយាទ William និងព្រះនាង Kate រួមនឹងព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan នៅក្នុងរាជពិធីបួងសួងនៅឯ មហាសាល Westminster

    ក្នុង​រយៈពេល​ជាង ៧ ទសវត្សរ៍ មហាក្សត្រី Elizabeth II បាន​ដឹកនាំ​រាជវង្ស​អង់គ្លេស និង​ប្រទេស​នេះ​ឆ្លងកាត់​ដំណាក់កាល​លំបាក និង​ឧបសគ្គ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ។

    សារព័ត៌មាន​អង់គ្លេស បាន​កោតសរសើរ​ថា មហាក្សត្រី Elizabeth II គឺជា «និម្មិត​រូប​នៃ​ស្ថិរភាព» របស់​ប្រទេសជាតិ​អស់​រយៈពេល​ជាង ៧ ទសវត្សរ៍​កន្លង នៅពេល​រាជាណាចក្រ និង​ប្រជាជន​ត្រូវការ​បង្អែក​ផ្នែក​ស្មារតី ក្នុង​គ្រា​ដែល​កើតមាន​ព្រឹត្តិការណ៍​អាសន្នធំ៕

     

  • ផ្ទុះអាវុធ​នៅក្នុង​មូលដ្ឋានទ័ព​របស់ ថៃ បណ្ដាលឱ្យ​មនុស្ស ៣ នាក់​ស្លាប់ និង​រងរបួស

    ផ្ទុះអាវុធ​នៅក្នុង​មូលដ្ឋានទ័ព​របស់ ថៃ បណ្ដាលឱ្យ​មនុស្ស ៣ នាក់​ស្លាប់ និង​រងរបួស

    ប៉ូលិស​ថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​ស្លាប់ និង​មនុស្ស ២ នាក់​ទៀត​រងរបួស នៅ​ក្នុងករណី​ផ្ទុះអាវុធ​នៅ​មូលដ្ឋានទ័ព​ក្នុង រាជធានី​បាងកក នា​ថ្ងៃទី ១៤ កញ្ញា​នេះ។

    អ្នកនាំពាក្យ​រង​របស់​ប៉ូលិស​ថៃ លោក Kissana Phathanacharoen និយាយថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​បានកើត​ឡើង​នៅ​សាលា Army War College នៃ​បញ្ជាការ​ហ្វឹកហ្វឺន​កងទ័ព ដែលជា​ផ្នែក​មួយ​ក្នុង​បណ្ដុំ​អគារ​កងទ័ព​នៅ​ភាគ​ខាងជើង​នៃ រាជធានី​បាងកក នេះ​បើតាម AFP។

    «ករណី​ផ្ទុះអាវុធ​បានសម្លាប់​មនុស្ស​ម្នាក់ និង ២ នាក់​ទៀត​រងរបួស ប៉ូលិស​ក្នុង​តំបន់​បាន​គ្រប់គ្រង​ស្ថានការណ៍។ យើង​បាន​ចាប់ខ្លួន​ជង​សង្ស័យ​ម្នាក់» លោក Kissana Phathanacharoen ប្រាប់ AFP ដូច្នេះ។

    Bangkok Post ឱ្យដឹងថា អ្នកនាំពាក្យ​ម្នាក់​និយាយថា មន្ត្រី​ទាហាន​ម្នាក់​ដែលមាន​ជំងឺផ្លូវចិត្ត បានសម្លាប់​មនុស្ស​ម្នាក់ និង​បង្ក​របួសស្នាម​ដល់​មនុស្ស​ម្នាក់ទៀត ព្រមទាំង​គំរាម​សម្លាប់​មនុស្ស ១០ នាក់។

    ជនសង្ស័យឈ្មោះ Yongyut Mangkornkim ត្រូវបានចាប់ខ្លួន

    យោងតាម Bangkok Post ជនសង្ស័យ​ឈ្មោះ Yongyut Mangkornkim អាយុ ៥៩ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។ ក៏ប៉ុន្តែ មូលហេតុ​នៃ​ករណី​ផ្ទុះអាវុធ​នេះ មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ។