អ៊ុយ​ក្រែ​ន រកឃើញ «ផ្នូរ​បញ្ចុះ​សាកសព​រួម» កប់​មនុស្ស​រាប់រយ​នាក់​នៅ Izyum

ទាហានអ៊ុយក្រែន ប្រើប្រាស់​ម៉ាស៊ីន​ស្វែង​រក​លោហធាតុ​នៅ​ឯផ្នូរ​បញ្ចុះ​សាកសព​រួម​ នៅ Izyum

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​បាន​រកឃើញ​ផ្នូរ​បញ្ចុះ​សាកសព​រួម​ដែល​កប់​មនុស្ស​ជាង ៤៤០ នាក់​នៅ Izyum បន្ទាប់ពី​បាន​ចូល​គ្រប់គ្រង​ទីក្រុង​នេះ​ឡើងវិញ។

«មួយ​ក្នុងចំណោម​ផ្នូរ​បញ្ចុះ​សាកសពធំៗក្នុង​ទីរួមស្រុក​ដែល​ត្រូវបាន​រំដោះ មាន​សាកសព​ជាង ៤៤០ នាក់។ មនុស្ស​មួយចំនួន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ធំ ចំណែក​អ្នកខ្លះ​ក៏​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស» Serhiy Bolvinov ដែលជា​អភិបាលខេត្ត Kharkov នៅ​ភាគ​ឦសាន​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៥ កញ្ញា បានឱ្យដឹង​ដូច្នេះ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី យល់ថា កងទ័ព​រុស្ស៊ី ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ «ផ្នូរ​បញ្ចុះសព​រួម» នៅ Izyum។ លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ភ្ជាប់​ព្រឹត្តិការណ៍​នេះ​ទៅនឹង​ការចោទប្រកាន់​អំពី​បទ «សម្លាប់​រង្គាល​នៅ Bucha» ជា​ទីរួមស្រុក​មួយ​នៅ​ជាយ រដ្ឋធានី​កៀវ ដែល​ត្រូវបាន អ៊ុយ​ក្រែ​ន លើកឡើង​បន្ទាប់ពី រុស្ស៊ី បានបញ្ចប់​ដំណាក់​ដំបូង​នៃ​យុទ្ធនាការ​យោធា និង​ដកទ័ព​ចេញពី​ភាគ​ខាងជើង​ប្រទេស​នេះ។

ផែនទី​ស្ដីពី​ អ៊ុយក្រែន

រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទៅនឹង​ព័ត៌មាន​ទាក់ទិន​នឹង «ផ្នូរ​បញ្ចុះ​សាកសព​រួម» នៅ Izyum នៅឡើយ។ ប៉ុន្តែ កាលពី​ខែមេសា វិមាន​ក្រឹម​ឡាំង ធ្លាប់បាន​ច្រានចោល​ការចោទប្រកាន់រ​បស់ អ៊ុយ​ក្រែ​ន អំពី​ករណី​សម្លាប់​រង្គាល​នៅ Bucha ដោយ​ប្រកាសថា នេះ​គឺជា​ព័ត៌មាន​ប្រឌិត៕

Advertisement