Category: អន្តរជាតិ

  • បស្ចិម​លោក​ថ្កោលទោស​ចំពោះ​ផែន​ការធ្វើប្រជាមតិ​បញ្ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ទៅក្នុង សហព័ន្ធ​រុស្ស៊ី

    បស្ចិម​លោក​ថ្កោលទោស​ចំពោះ​ផែន​ការធ្វើប្រជាមតិ​បញ្ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ទៅក្នុង សហព័ន្ធ​រុស្ស៊ី

    សហរដ្ឋ​អាម៉េរិក រួម​នឹង​បណ្ដា​ប្រទេស​លោកខាងលិច ជំទាស់​ទៅនឹង​ផែនការ​ច្របាច់​ទឹកដី ៤ តំបន់​របស់ អ៊ុយ​ក្រែ​ន ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី តាមរយៈ​ការធ្វើប្រជាមតិ និង​ប្រកាសថា លោកខាងលិច​មិន​ទទួលស្គាល់​លទ្ធផល​ជាដាច់ខាត។

    «ការធ្វើប្រជាមតិ​ក្លែ​ក្លាយ​គឺជា​ភាពអាម៉ាស់​ចំពោះ​គោលការណ៍​អធិបតេយ្យ និង​បូរណភាព​ទឹកដី ដែលជា​គ្រឹះ​របស់​ប្រព័ន្ធ​អន្តរជាតិ» ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan កាលពី​ថ្ងៃទី ២០ កញ្ញា បាន​ថ្លែង​ដូច្នេះ។

    ការ​ថ្លែង​របស់ មន្ត្រី​អាម៉េរិក នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​នៅ​តំបន់ Donetsk, Lugansk ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង Kherson, Zaporizhzhia នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន បានប្រកាសថា​នឹងធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ទាំង​ដី​ទាំងនេះ​ទៅក្នុង​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី ២៣ និង ២៧ កញ្ញា​ខាងមុខ។

    លោក Sullivan បញ្ជាក់ថា «បើសិនជា​រឿងនេះ​កើតឡើង សហរដ្ឋ​អាម៉េរិក នឹងមិន​ទទួលស្គាល់​សំណើ​របស់ រុស្ស៊ី ចំពោះ​រាល់​ទឹកដី​ដែល​បាន​រឹបអូស​ពី អ៊ុយ​ក្រែ​ន»។

    អគ្គលេខាធិការ​របស់ ណា​តូ (NATO) Jens Stoltenberg ក៏បាន​ថ្កោលទោស​ចំពោះ​ផែនការ​ខាងលើ ហើយ​ថា ឥរិយាបថ​នេះ​នឹង​ធ្វើឱ្យ​ជម្លោះ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ។

    នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz បាន​ហៅ​ប្រជាមតិ​របស់​តំបន់​ទាំងនោះ​ថា «ក្លាំង​ក្លាយ» និង​ថា ត្រូវតែមាន​ការជំទាស់។

    ចំណែក ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda វិញ បានប្រកាសថា ប្រជាមតិ​នឹង​ក្លាយជា​រឿង​គ្មាន​តម្លៃ។ លោក​ថា ប្រទេស​ប៉ូឡូញ នឹងមិន​ទទួលស្គាល់​ជាដាច់ខាត។

    មុន​នោះ ទីក្រុង​កៀវ បាន​និយាយថា ផែន​ការធ្វើប្រជាមតិរ​បស់ រុស្ស៊ី នឹងមិន​ធ្វើឱ្យមាន​ការប្រែប្រួល​អ្វី​ឡើយ។ «អ៊ុយ​ក្រែ​ន នៅតែ​ចាត់ទុក រុស្ស៊ី ថា​ជា​ប្រទេស​រំលោភបំពាន​បូរណភាព​ទឹកដី​ដោយ​ខុសច្បាប់ ទន្ទឹមនឹងនេះ ទីក្រុង​កៀវ មាន​សិទ្ធិ​រំដោះទឹកដី និង​បន្តធ្វើ​កិច្ចការ​នេះ» រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បញ្ជាក់​ដូច្នេះ។

    រីឯ​ភាគី​រុស្ស៊ី វិញ ប្រធានសភា​ជាន់​ទាប Vyacheslav Volodin បានប្រកាស​គាំទ្រ​ចំពោះ​តំបន់​ទាំងឡាយ​ដែល​ច្របាច់​ខ្លួន​បញ្ចូល​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov បាន​និយាយថា នេះ​គឺជា​បញ្ហា​ដែល​អាស្រ័យទៅលើ​បំណង​របស់​ប្រជាជន​នៅ អ៊ុយ​ក្រែ​ន៕

  • នារី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ត្រូវក្រុម​ជន​ដៃដល់​​រំលោភ​ និង​ដុត​ទាំង​រស់​

    នារី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ត្រូវក្រុម​ជន​ដៃដល់​​រំលោភ​ និង​ដុត​ទាំង​រស់​

    នារី​ពលរដ្ឋ​ឥណ្ឌា​ម្នាក់​អាយុ​ ១៦ ឆ្នាំ​ ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្រោយ​ពី​ត្រូវ​បុរស​ ២ នាក់​ចាប់​រំលោភ​ និង​ដុត​ទាំង​រស់​នៅ​ក្នុង​រដ្ឋ​ Uttar Pradesh។

    នារី​វ័យ​ ១៦ ឆ្នាំ​ខាង​លើ​ស្ថិត​ក្នុង​វណ្ណៈ Dalit ដែល​ជា​ស្រទាប់​វណ្ណៈ​​​តូច​ទាប​បំផុត​ក្នុង​សង្គម​របស់​ ជនជាតិ​ហិណ្ឌូ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃទី​ ២០ កញ្ញា ដោយ​សារ​តែ​របួស​ធ្ងន់​ធ្ងរ​ បន្ទាប់​ពី​បាន​ព្យាបាល​ច្រើន​ថ្ងៃ​។ នារី​រង​គ្រោះ​ត្រូវ​បាន​បុរស​ ២ នាក់​ចាប់​រំលោភ​ផ្លូវ​ភេទ​ និង​ដុត​ទាំង​រស់​កាលពី​ដើម​ខែ​នេះ​។

    «យើង​បាន​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​ក្នុង​រយៈ​ពេល ២ ម៉ោង​បន្ទាប់​ពី​ទទួលបាន​របាយការណ៍​ និង​ធានា​ថា​នឹង​មាន​វិធានការ​ច្បាប់​សមស្រប» មេប៉ូលិស Dinesh Kumar Prabhu ប្រាប់​ដូច្នេះ​ និង​បន្ថែម​ថា កម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ផ្ទះ​របស់​នារីរងគ្រោះ​ ដើម្បី​ធានា​ថា​មិន​មាន​បញ្ហា​ផ្សេង​ទៀត​កើត​ឡើង​។ គ្រួសារ​របស់​ជនរង​គ្រោះ​តែង​តែ​ត្រូវ​គេ​​គំរាម ឬ​វាយ​ប្រហារ​នៅ​ក្នុង​ករណី​ដូច​គ្នា​នេះ​នា​ពេល​កន្លង​។

    នារី​វ័យ ១៦ ឆ្នាំ​ខាងលើ​បាន​បាត់បង់ជីវិត​មិន​ដល់​ ១ សប្ដាហ៍​បន្ទាប់​ពី​ករណី​នារី​ជា​បងប្អូន​ Dalit ២ នាក់ អាយុ​ ១៥ ឆ្នាំ និង ១៧ ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ចងក​ព្យួរ​លើ​ដើម​ឈើ​នៅ​ក្នុង​រដ្ឋ Uttar Pradesh។ បុរស​ ៦ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​រំលោភ​ផ្លូវ​ភេទ និង​សម្លាប់​នារី​ទាំង​ពីរ​នាក់​នេះ​។

    Uttar Pradesh ដែល​ជា​រដ្ឋ​ក្រីក្រ​របស់ ឥណ្ឌា មាន​ប្រជាជន​ ២៣០ លាន​នាក់ គឺជា​កន្លែង​ដែល​កើត​មាន​ករណី​រំលោភ​សម្លាប់​ជា​ញឹកញាប់។

    ក្នុង​ឆ្នាំ​ ២០២១ នៅ​ ប្រទេស​ឥណ្ឌា មាន​ករណី​រំលោភ​​ចំនួន ៣២,០០០ លើក​​ត្រូវ​បាន​រាយការណ៍​ នេះ​បើ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ តួលេខ​​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​នេះ​ឆ្ងាយ ព្រោះ​មានករណី​ខ្លះ​ ក្រុមគ្រួសារ​ជន​រង​គ្រោះ​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​៕

  • ប្រទេស​ថៃ លុបកូវីដ-១៩ ចេញពី​បញ្ជី​ឈ្មោះ​ជំងឺ​ដែល​ត្រូវ​ហាម​ចូល​ប្រទេស​

    ប្រទេស​ថៃ លុបកូវីដ-១៩ ចេញពី​បញ្ជី​ឈ្មោះ​ជំងឺ​ដែល​ត្រូវ​ហាម​ចូល​ប្រទេស​

    អ្នក​នាំពាក្យ​រង​របស់​ រដ្ឋាភិបាល​ថៃ បាន​លើក​ឡើង​ថា កូវីដ-១៩ នឹង​លែង​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​ពី​ជំងឺ​ដែល​ត្រូវ​ហាម​ចូល​ ឬ​ស្នាក់​នៅ​ក្នុង​ប្រទេស​នេះ​។

    នាថ្ងៃទី ២០ កញ្ញា​នេះ គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​លើ​បទបញ្ជា​​មួយ​ដែល​លុប​កូវីដ-១៩ ចេញពី​បញ្ជី​ឈ្មោះ​ស្ដីពី​ជំងឺ​ដែល​ត្រូវ​ហាម​ឃាត់​ការ​ផ្ដល់​ទិដ្ឋាការ​ចូល​មក​ប្រទេស​នេះ។ អ្នក​នាំពាក្យ​រង​របស់ រដ្ឋាភិបាល​ថៃ លោក​ស្រី Rachada Dhnadirek បាន​ឱ្យ​ដឹង​ថា បទបញ្ជា​នេះ​មាន​សុពលភាព​ភ្លាម​ៗ​បន្ទាប់​ពីត្រូវ​បាន​ប្រកាស​ ហើយ​ថា​គ្រោង​នឹង​ប្រកាស​នា​ពេល​ឆាប់ៗ​នេះ​។

    ស្ថានភាព​ និង​ជំងឺ​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ត្រូវ​ហាមឃាត់​​ការ​ផ្ដល់​ទិដ្ឋាការ​ ឬ​ហាម​ការ​ចូល​មក​ប្រទេស​ថៃ​ ​រួម​មាន ជំងឺ​ឃ្លង់ ជំងឺ​របេងស្ថិត​ក្នុង​ដំណាក់​កាល​គ្រោះ​ថ្នាក់ ជំងឺជើង​ដំរី មនុស្ស​ញៀន​ថ្នាំ​ញៀន អ្នក​ញៀន​នឹង​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ និង​ជំងឺ​ស្វាយដំណាក់​កាល​ទី ៣។

    ក្នុង​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល​ថៃ បាន​ប្រកាស​ថា​ ក្នុង​អំឡុង​ ២៤ ម៉ោង​កន្លង ប្រទេស​នេះ​មានអ្នក​ស្លាប់​ចំនួន ១៥ នាក់ ដោយ​សារ​ជំងឺ​កូវីដ-១៩ និង​ករណី​ឆ្លង​ថ្មី​ចំនួន ៧៧៤​ នាក់​។

    ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជាមធ្យម​ក្នុង​អំឡុង ១៤ ថ្ងៃ​ គិត​ត្រឹម​ថ្ងៃទី ២០​ កញ្ញា​ នៅ​ ប្រទេ​សថៃ គឺ​ ៩៥៨​ នាក់ ថយចុះជិត​ពាក់កណ្ដាល​ បើធៀប​នឹង​ ១,៦៦៥ ករណី​/​ថ្ងៃ ក្នុង​អំឡុង ១៤ ថ្ងៃ គិត​ត្រឹម​ថ្ងៃទី ៧ កញ្ញា​៕

  • ប្រជាជន​ម៉ិ​ក​ស៊ិ​ក ភ័យ​ស្លន់ស្លោ ពេល​រញ្ជួយ​ធរណី​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ពីរលើក

    ប្រជាជន​ម៉ិ​ក​ស៊ិ​ក ភ័យ​ស្លន់ស្លោ ពេល​រញ្ជួយ​ធរណី​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ពីរលើក

    រញ្ជួយ​ដី​កម្លាំង ៧.៤ រិច​ទ័​រ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បណ្ដាលឱ្យ​ប្រជាជន​ភ័យ​ស្លន់ស្លោ នៅពេល​វា​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​នៃ​គ្រោះមហន្តរាយ​រញ្ជួយ​ដី ២ លើក ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ ១៩៨៥ និង ២០១៧។

    ស្ថាប័ន​គ្រប់គ្រង​គ្រោះ​រញ្ជួយ​ធរណី​របស់ ម៉ិ​ក​ស៊ិ​ក បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ថ្មី​នេះ​កើតឡើង​នៅ​ថ្ងៃទី ១៩ កញ្ញា ដោយ​ចំណុចកណ្ដាល​ស្ថិតនៅ​ក្បែរ​ឆ្នេរ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក ជម្រៅ ១៥ គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពីរ រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ ប្រហែល ៤០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច។

    ការប្រកាសអាសន្ន​អំពី​គ្រោះ​រញ្ជួយ​ដី​នៅ ម៉ិ​ក​ស៊ី​កូ បាន​បន្លឺឡើង មួយ​ម៉ោង​ក្រោយពី​រដ្ឋធានី​នេះ​បានធ្វើការ​ហ្វឹកហ្វឺន​បន្ទា​ន់ ដែលជា​ផ្នែក​មួយ​ដើម្បី​រម្លឹក​ដល់​ខួប​គ្រោះមហន្តរាយ​កាលពី​ឆ្នាំ ១៩៨៥ និង ២០១៧។

    ប្រធានាធិបតី Andres Manuel Lopez Obrador បាន​បង្ហោះ​សារ​លើ Twitter ថា មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារ​វត្ថុ​បែកបាក់​បាន​ធ្លាក់​ទៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ Manzanillo ភាគ​ខាងលិច​របស់​រដ្ឋ Colima។

    «នោះ​គឺជា​ហេតុការណ៍​ចៃដន្យ​ដ៏​គួរឱ្យ​ភ័យខ្លាច! ហេតុអ្វី​បែរជា​កើតឡើង​ចំ​ថ្ងៃនេះ?» លោកយាយ Laura Resendiz វ័យ ៧៣ ឆ្នាំ បាន​ថ្លែង​ដូច្នេះ នៅ​ខាងក្រៅ​អគារ​ដែល​គាត់​រស់នៅ ក្នុង រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ។

    នេះ​គឺជា​គ្រោះ​រញ្ជួយ​ដី​ធំ​ទី ៣ ដែល​កើតឡើង​នៅ ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុង​ថ្ងៃទី ១៩ កញ្ញា។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​រញ្ជួយ​ដី​របស់​ប្រទេស​នេះ​បានឱ្យដឹងថា នេះ​គឺជា​ហេតុការណ៍​ចៃដន្យ​ធម្មតា។ «ពុំមាន​មូលហេតុ​បែប​វិទ្យាសាស្ត្រ​ណាមួយ​ដើម្បី​បកស្រាយ​ឡើយ»។

    ក៏ប៉ុន្តែ នៅក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សាមញ្ញ ហេតុការណ៍​នេះ​បានធ្វើឱ្យ​ពួកគេ​ដាក់​សំណួរ​ជាច្រើន​ទាក់ទង​នឹង​អប្បិយ​ជំនឿផ្សេង៕

  • ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ ប្រទេស​កាណាដា ត្រូវគេ​គប់​គ្រាប់បែក​សាំង

    ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ ប្រទេស​កាណាដា ត្រូវគេ​គប់​គ្រាប់បែក​សាំង

    បុរស​ម្នាក់​បាន​គប់​គ្រាប់បែក​សាំង​ចូលទៅក្នុង​ស្ថានទូត​រុស្ស៊ី នៅ រដ្ឋធានី​អូ​តា​វ៉ា ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យ​មានការ​ខូចខាត​ដល់​អាយុជីវិត​មនុស្ស ឬ​ទ្រព្យសម្បត្តិ។

    «ម៉ោង​ប្រហែល ០ និង ១៦ នាទី ថ្ងៃទី ១២ កញ្ញា មនុស្ស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​គប់​គ្រាប់បែក​សាំង​ពី​ខាងក្រៅ​របង ចូលទៅក្នុង​បរិវេណ​ស្ថានទូត។ បុរស​នេះ​រត់​ពី​សួន​ដែល​នៅក្បែរ​ស្ថានទូត គប់​គ្រាប់បែក​សាំង ហើយក៏​បាត់ស្រមោល» អគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ ប្រទេស​កាណាដា Oleg Stepanov ប្រកាស​កាលពី​ថ្ងៃទី ១៩ កញ្ញា។

    «ដប​កែវ​បាន​បែក ប៉ុន្តែ​ធាតុ​ផ្សំ​មិន​ឆាបឆេះ…។ ពុំមាន​បុគ្គលិក​ណា​ម្នាក់​របស់​ស្ថានទូត​ត្រូវ​រងរបួស ទ្រព្យសម្បត្តិ​របស់​ស្ថានទូត​ក៏​មិនបាន​រង​ការខូចខាត» លោក Stepanov បញ្ជាក់ និង​បង្ហើប​ឱ្យដឹងថា ស្ថានទូត​រុស្ស៊ី នៅ អូ​តា​វ៉ា បាន​ផ្ញើ​កំណត់​ការទូត​ទៅកាន់ ក្រសួងការបរទេស​កា​ណ​ដា រួចហើយ។

    ប៉ូលិស​សេះ​កាណាដា បានប្រកាសថា បាន​បើក​ការស្រាវជ្រាវ​លើ​ករណី​ខាងលើ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម ខណៈដែល​ប៉ូលិស​នៅ អូ​តា​វ៉ា មុន​នោះ​និយាយថា មិនបាន​ដឹង​អំពី​ករណី​គប់​គ្រាប់បែក​សាំង​នេះ។

    ស្ថានទូត​រុស្ស៊ី នៅ កាណាដា បាន​ហៅ​ករណី​គប់​គ្រាប់បែក​សាំង​នេះ​ថា​ជា «អំពើ​ភារ​វក​ម្ម»។ ក្រសួងការបរទេស​រុស្ស៊ី កាលពី​ថ្ងៃទី ១៩ កញ្ញា ក៏បាន​កោះហៅ ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​ប្រទេស​នេះ ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​ករណី «ប៉ូលិស​នៅ អូ​តា​វ៉ា ធ្វើ​ព្រងើយ​នៅ​ចំពោះមុខ​ក្រុមបាតុករ​ដែលមាន​កំហឹង» រារាំង​មនុស្ស​មិន​ឱ្យមក​ស្ថានទូត​រុស្ស៊ី។

    ចំណែក ប៉ូលិស​កាណាដា វិញ បាន​អះអាងថា សមត្ថកិច្ច​ប្រទេស​នេះ តែងតែ​យកចិត្តទុកដាក់​ការពារ​ស្ថានទូត​រុស្ស៊ី ឱ្យបាន​សមស្រប៕

  • ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ដង្ហែ​ដល់​ទីស្ងប់​សុខ​ចុង​ក្រោយ និង​បាន​បញ្ចុះរួច​រាល់

    ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ដង្ហែ​ដល់​ទីស្ងប់​សុខ​ចុង​ក្រោយ និង​បាន​បញ្ចុះរួច​រាល់

    ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​វិមាន​ Windsor ជាទី​ដែល​ទ្រង់​នឹង​ត្រូវ​បាន​បញ្ចុះ​នៅ​ក្បែរ​ស្វាមីរបស់​ទ្រង់ ​គឺ​ព្រះអង្គម្ចាស់ Philip។

    ព្រះទីន័ង​ដឹក​​ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ទៅ​ដល់​វិមាន Windsor កាល​ពី​រសៀល​ថ្ងៃទី ១៩ កញ្ញា ក្រោយ​ពី​ធ្វើ​ដំណើរ​ជាង​ ៣០ គីឡូម៉ែត្រ ពី​ខ្លោង​ទ្វារ Wellington នៅ​រាជធានីឡុងដ៍​របស់​ អង់គ្លេស​។ ប្រជាជន​ឈរ​នៅ​តាម​ដងផ្លូវ​ដែល​ក្បួន​ដង្ហែព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ឆ្លង​កាត់​។ មនុស្ស​មួយចំនួន​នាំ​គ្នា​បាច​ផ្កា និង​អ្នក​ខ្លះ​ហ៊ោ​ដើម្បី​យាង​ដំណើរ​អតីត​មហាក្សត្រី​។

    ពិធី​បញ្ចុំ​ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ដែល​មាន​ភ្ញៀវ​ចូល​រួម​ប្រមាណ ៨០០ នាក់​ ត្រូវ​បាន​ធ្វើឡើង​នៅ​វិហារ St George ក្នុង​សួន​របស់​​វិមាន Windsor មុនពេល​ព្រះសព​ត្រូវ​បាន​បញ្ចុះ។ ក្រុម​មេដឹកនាំ​សាសនា​អានធម៌​អធិដ្ឋាន មុន​ពេល​មកុដ ដំបងរាជ និង​គ្រាប់​បាល់​រាជាធិបតេយ្យ ដែល​ជា​វត្ថុ​តំណាង​ឱ្យ​របប​រាជានិយម ត្រូវ​បាន​លើក​ឡើង​ពី​ព្រះសព និង​ដាក់​នៅ​លើអាសនៈ។

    បន្ទាប់​មក ចៅហ្វាវាំង ​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ដែល​បម្រើ​រាជវង្ស ធ្វើ​ពិធី​កាច់​បំបាក់​ដំបងរាជជា​​ ២ កំណាត់ ហើយ​ដាក់​​ទៅ​លើ​ព្រះសព​ ដើម្បី​បង្ហាញ​អំពីការ​បញ្ចប់​​ដំណាក់​កាល​បម្រើ​ប្រទេស​ជាតិ និង​បញ្ចប់​រជ្ជកាល​របស់ អតីត​មហាក្សត្រី Elizabeth ទី ២។

    ក្រោយ​មក ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ត្រូវ​បាន​ដាក់​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​សម្រាប់ព្រះ​សព​របស់​​រាជវង្ស។

    ពិធី​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ប្រធានគណៈអាចារ្យ​ Canterbury Justin Welby ដែល​ជា​មេដឹកនាំ​វិហារ​គ្រិស្ត​សាសនា​អង់គ្លេស​ អាន​ធម៌​បួងសួង​ និង​ក្រុម​ស្មូត ស្មូត​បទ​ «សូមព្រះប្រទានពរដល់ព្រះមហាក្សត្រី»៕

  • អង់គ្លេស​ ជិត​ប្រារព្ធ​​ពិធី​​បញ្ចុះ​ព្រះ​សព​​អតីត​​មហា​ក្សត្រី​ ​Elizabeth​ ទី​ ២ (វីដេអូ)

    អង់គ្លេស​ ជិត​ប្រារព្ធ​​ពិធី​​បញ្ចុះ​ព្រះ​សព​​អតីត​​មហា​ក្សត្រី​ ​Elizabeth​ ទី​ ២ (វីដេអូ)

    ពិធី​បញ្ចុះ​ព្រះសព​អតីត​មហាក្សត្រី​ Elizabeth ទី២ គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ១១ ព្រឹក (ម៉ោង​ ១៧ នៅ​​ កម្ពុជា) ថ្ងៃ​នេះ នៅ​​ក្នុង​​វិហារ Westminster នា​ទីក្រុង​ឡុងដ៍​ ដោយ​មាន​ភ្ញៀវ​ចូល​រួម​ប្រមាណ ២,០០០ នាក់ បន្ទាប់​ពី​ព្រះសព​ត្រូវ​បាន​ដង្ហែ​ពី​មហា​សាល Westminster។

    សំឡេង​ជួង​ដំបូង​បាន​ចាប់​ផ្ដើម​បន្លឺ​ឡើង​ដើម្បី​រម្លឹក​ដល់​ព្រះវិញ្ញាណក្ខន្ធ​របស់​អតីត​មហា​ក្សត្រី​ នៅ​ខាង​ក្រៅ​វិហារ Westminster។ សំឡេង​ជួង​​នឹង​បន្លឺ​ឡើង​មួយ​នាទី​ម្ដង ចំនួន ៩៦ ដង ​ដែល​តំណាង​ឱ្យ​ព្រះជន្ម​របស់​មហា​​ក្សត្រី​អង់គ្លេស​។

    ប្រធានធិប​តី​អាម៉េរិក និង​ភរិយា ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ជិត ៥០០ នាក់ ក្នុង​នោះ​មាន​មេដឹក​នាំ​យ៉ាង​តិច ៧០ នាក់ មាន​ដូច​ ប្រធានាធិបតី​បារាំង​, ប្រធានាធិបតី​ប្រេស៊ីល, ប្រធានាធិបតី​អាល្លឺម៉ង់, នាយករដ្ឋមន្ត្រី​នូវែលសេឡង់,​ នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ នាយករដ្ឋមន្ត្រី​កាណាដា​ ជា​ដើ​ម។ល។ ដែល​នឹង​ចូល​រួម​ពិធី​បញ្ចុះ​ព្រះសព​អតីត​មហាក្សត្រី​ Elizabeth ទី ២។

    ព្រះមហា​ក្សត្រ​ជប៉ុន និង​មហា​សី ក៏​គ្រោង​នឹង​បង្ហាញ​ព្រះវត្តមាន​នៅ​ក្នុង​ព្រះ​រាជពិធី​ខាងលើ​ ​​រួម​ជាមួយ​នឹង​មហា​ក្សត្រ​ មហា​ក្សត្រី​ មហេសី រាជទាយាទ​ ព្រះ​អង្គម្ចាស់ អ្នក​អង្គ​ម្ចាស់​ ​ប្រហែល​ជាង ២០ អង្គ ដែល​យាង​មក​ពី​ប្រទេស​មួយ​ចំនួន​មាន​ដូច​ជា អេស្ប៉ាញ, ហូឡង់, បែហ្ស៊ិក, ន័រវែស, ដាណឺម៉ាក និង​ស៊ុយអែត​។ល។

    https://www.youtube.com/watch?v=OuENY9sKTxQ

     

  • រញ្ជួយ​ដី​នៅ​ តៃវ៉ាន់ ៖ ពិតាន​នៃ​អគារ​មជ្ឈមណ្ឌល​កីឡា​នៅ តៃវ៉ាន់ ត្រូវ​ធ្លាក់​បាក់បែក​គួរ​ឱ្យ​ភ័យ​រន្ធត់

    រញ្ជួយ​ដី​នៅ​ តៃវ៉ាន់ ៖ ពិតាន​នៃ​អគារ​មជ្ឈមណ្ឌល​កីឡា​នៅ តៃវ៉ាន់ ត្រូវ​ធ្លាក់​បាក់បែក​គួរ​ឱ្យ​ភ័យ​រន្ធត់

    សាល​លេង​កីឡា​វាយ​សី​នៅ​ភាគ​ខាងជើង​របស់ កោះ​តៃវ៉ាន់ ត្រូវ​ញាប់​ញ័រ និង​ធ្លាក់​បាក់បែក​គួរ​ភ័យខ្លាច នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​កម្លាំង ៦.៨ រិច​ទ័​រ កាលពី​ម្សិលមិញ។

    យោងតាម​នាយកដ្ឋាន​ឧតុនិយម​តៃវ៉ាន់ (CWB) នៅវេលា​ម៉ោង​ជិត ១៤ ថ្ងៃទី ១៨ កញ្ញា កោះ​នេះ​បាន​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​កម្លាំង ៦.៨ រិច​ទ័​រ នៅក្នុង​ជម្រៅ ៧ គីឡូម៉ែត្រ។ នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់ តៃវ៉ាន់ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ៥៤ នាទី បានទទួល​ព័ត៌មាន​ស្ដីពី​ពិតាន​របស់​សាល​លេង​កីឡា​នៅ​ជា​ន់ទី ៥ នៃ​អគារ​មជ្ឈមណ្ឌល​កីឡា​មួយ​ក្នុងស្រុក Bade របស់​ទីក្រុង Taoyuan ត្រូវ​បាក់​ធ្លាក់​ទាំងស្រុង​នៅក្នុង​គ្រោះ​រញ្ជួយ​ដី។ ហេតុការណ៍​នេះ​បានធ្វើឱ្យ​មនុស្ស​មួយចំនួន​រងរបួស។

    សារព័ត៌មាន​តៃវ៉ាន់ ថ្ងៃនេះ​បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ខាងលើ​បានសម្លាប់​មនុស្ស​ម្នាក់ និង ១៤៦ នាក់​រងរបួស គ្រា​ដែល​ជិត ៥០០ នាក់​កំពុង​ជាប់​នៅក្នុង​តំបន់ភ្នំ​ភាគ​ខាងកើត​កោះ​នេះ។

  • ប្រធានាធិបតី បៃ​ដិ​ន ប្រកាសថា «ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក បានបញ្ចប់

    ប្រធានាធិបតី បៃ​ដិ​ន ប្រកាសថា «ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក បានបញ្ចប់

    ប្រធានាធិបតី ចូ បៃ​ដិ​ន ប្រកាសថា  ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នៅ សហរដ្ឋ​អាម៉េរិក បានបញ្ចប់ ប៉ុន្តែ​ថា រដ្ឋាភិបាល​នៅតែមាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ​ដើម្បី​ទប់ទល់​នឹង​ប្រភេទ​វីរុស​ដែល​បានសម្លាប់​មនុស្ស​ជាង ១ លាន​នាក់​នៅ​ប្រទេស​នេះ។

    «ជំងឺ​រាតត្បាត​សកល​បានបញ្ចប់ ប៉ុន្តែ​យើង​នៅមាន​បញ្ហា​ជាមួយនឹង​កូ​វីដ-១។ យើង​នៅតែ​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ដោះស្រាយ ប៉ុន្តែ ជំងឺ​រាតត្បាត​សកល​នេះ​បានបញ្ចប់​ហើយ។ ដូច​អ្នក​បានឃើញ​ហើយ លែងមាន​អ្នកណា​ពាក់​ម៉ាស។ គ្រប់គ្នា​ទំនងជា​កំពុងស្ថិត​ក្នុងស្ថានភាព​ល្អប្រសើរ។ ខ្ញុំ​គិតថា គ្រប់យ៉ាង​បាន​ប្រែប្រួល» ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្លែង​នៅក្នុង​កម្មវិធី «៦០ នាទី» របស់ CBS កាលពី​ថ្ងៃទី ១៨ កញ្ញា។

    យោងតាម CNN ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅតែ​កំណត់ថា កូ​វីដ-១៩ គឺជា​ស្ថានភាព​បន្ទាន់​នៃ​សុខភាព​សាធារណៈ ខណៈដែល អង្គការ​សុខភាព​ពី​ភព​លោក (WHO) ក៏​អះអាង​ដូច្នេះ។ ការអធិប្បាយ​របស់លោក ចូ បៃ​ដិ​ន ត្រូវ​បានលើកឡើង​បន្ទាប់ពី​មានការ​ថ្លែង​ប្រកបដោយ​ភាពជឿជាក់​ពី​ក្រុម​មេដឹកនាំ​ផ្នែក​សុខាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​សប្ដាហ៍​កន្លង ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា «សប្ដាហ៍​កន្លង តួលេខ​ប្រចាំ​សប្ដាហ៍​ស្ដីពី​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ បាន​ថយចុះ​ទាប​បំផុត​រាប់​ចាប់ពី​ខែមីនា ២០២០។ យើង​មិន​ធ្លាប់បាន​ស្ថិតក្នុង​ស្ថាន​ភាពល្អ​បែបនេះ ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​បាន​ផ្ទុះឡើង»។

  • លោក ចូ បៃដិន អះអាង​ជា​ថ្មី ៖ អាម៉េរិក នឹង​ចូល​ធ្វើអន្តរាគមន៍​បើ​សិន​ កោះតៃវ៉ាន់ ត្រូវ​រង​ការ​វាយ​ប្រហារ​

    លោក ចូ បៃដិន អះអាង​ជា​ថ្មី ៖ អាម៉េរិក នឹង​ចូល​ធ្វើអន្តរាគមន៍​បើ​សិន​ កោះតៃវ៉ាន់ ត្រូវ​រង​ការ​វាយ​ប្រហារ​

    ប្រធានាធិបតី​អាម៉េរិក បាន​ថ្លែង​ថា កងកម្លាំង​របស់ សហរដ្ឋ​អាម៉េរិក នឹង​ការ​ពារ​ កោះតៃវ៉ាន់ បើសិន​កោះ​នេះ​ត្រូវ​គេ​វាយប្រហារ​ ខណៈ​ដែល​អះអាង​ថា គោលនយោបាយ​ «ចិន​តែ​មួយ» មិន​ប្ដូរ​ផ្លាស់​។

    «មាន​ការ​ចូល​ធ្វើ​អន្តរាគមន៍​ បើសិន​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ពី​មុន​ កើត​ឡើង​» លោក​ បៃដិន បាន​ឆ្លើយ​នឹង​អ្នក​ដឹក​នាំ​កម្មវិធី Scott Pelley របស់​ទូរទស្សន៍ CBS នៅ​ក្នុង​កិច្ច​សម្ភាស​កាលពី​ម្សិល​មិញ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​សហរដ្ឋ​អាម៉េរិក «ការ​ពារកោះ (តៃវ៉ាន់)» ឬទេ។

    ប្រធានាធិបតី​អាម៉េរិក ក៏​បាន​បញ្ជាក់​ថា គោលនយោបាយ «ចិន​តែ​មួយ» របស់ វ៉ាស៊ីងតោន មិន​ប្ដូរ​ផ្លាស់​។ «យើង​ឯកភាព​ជាមួយ​នឹង​អ្វី​ដែល​បាន​ចុះ​ហត្ថលេខា​​យូរ​មក​ហើយ​។ នោះ​គឺ​គោលនយោបាយ​ចិន​តែ​មួយ​។ យើង​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ កោះ​តៃវ៉ាន់ ឯករាជ្យ​។ នោះ​គឺជា​សិទ្ធិ​របស់​ពួក​គេ​» លោក​ បៃដិន ថ្លែង​ដូច្នេះ​។

    នៅ​ពេល​ត្រូវ​បាន​ស្នើ​ឱ្យ​បកស្រាយ​អំពី​ការ​អះអាង​​របស់​លោក បៃដិន អ្នកនាំពាក្យ​របស់​ សេតវិមាន អធិប្បាយ​​ថា គោលនយោបាយ​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​ តៃវ៉ាន់ មិន​ផ្លាស់​ប្ដូរ​។

    ផែនទី​ចិន​ដីគោក និង​កោះតៃវ៉ាន់

    កន្លង​មក លោក បៃដិន ធ្លាប់​បាន​ថ្លែង​ច្រើន​លើក​ហើយ​ថា អាម៉េរិក និង​ចូល​ធ្វើ​អន្តរាគមន៍​ បើ​សិន​ កោះតៃវ៉ាន់ រង​ការ​វាយ​ប្រហារ​ ប៉ុន្តែ លោក​ក៏​នៅ​តែ​អះអាង​ថា អាម៉េរិក តែង​តែ​គោរព​គោលនយោបាយ​ «ចិន​តែ​មួយ»។

    ភាគី​​ខាង​ចិន​ដីគោក និង​ អាជ្ញាធរ​ចិន​កោះ​តៃវ៉ាន់ មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​ ប្រធានាធិបតី​អាម៉េរិក​។

    រដ្ឋាភិបាល​ចិន​ដីគោក តែង​ចាត់​ទុក​ កោះតៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ដែល​មិន​អាច​កាត់​ផ្ដាច់​​ចេញ​បាន និង​រង់​ចាំ​តែ​ការបង្រួប​បង្រួម​ ហើយ​ថា​នឹង​ប្រើ​កម្លាំង​បាយ​បើ​សិន​ចាំបាច់​។ ចំណែក​ សហរដ្ឋ​អាម៉េរិក​ វិញ បាន​សន្យា​ថា «គោរព» គោលការណ៍​ «ចិន​តែ​មួយ» ប៉ុន្តែ​នៅ​តែ​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​ កោះតៃវ៉ាន់ និង​ផ្គត់​ផ្គង់​អាវុធទំនើប​ៗ​របស់​កោះ​នេះ​៕