ប្រជាជន​ម៉ិ​ក​ស៊ិ​ក ភ័យ​ស្លន់ស្លោ ពេល​រញ្ជួយ​ធរណី​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ពីរលើក

រញ្ជួយ​ដី​កម្លាំង ៧.៤ រិច​ទ័​រ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បណ្ដាលឱ្យ​ប្រជាជន​ភ័យ​ស្លន់ស្លោ នៅពេល​វា​កើតឡើង​ចំ​ថ្ងៃ​រម្លឹក​ខួប​នៃ​គ្រោះមហន្តរាយ​រញ្ជួយ​ដី ២ លើក ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ ១៩៨៥ និង ២០១៧។

ស្ថាប័ន​គ្រប់គ្រង​គ្រោះ​រញ្ជួយ​ធរណី​របស់ ម៉ិ​ក​ស៊ិ​ក បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​ថ្មី​នេះ​កើតឡើង​នៅ​ថ្ងៃទី ១៩ កញ្ញា ដោយ​ចំណុចកណ្ដាល​ស្ថិតនៅ​ក្បែរ​ឆ្នេរ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក ជម្រៅ ១៥ គីឡូម៉ែត្រ និង​មាន​ចម្ងាយ​ពីរ រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ ប្រហែល ៤០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច។

ការប្រកាសអាសន្ន​អំពី​គ្រោះ​រញ្ជួយ​ដី​នៅ ម៉ិ​ក​ស៊ី​កូ បាន​បន្លឺឡើង មួយ​ម៉ោង​ក្រោយពី​រដ្ឋធានី​នេះ​បានធ្វើការ​ហ្វឹកហ្វឺន​បន្ទា​ន់ ដែលជា​ផ្នែក​មួយ​ដើម្បី​រម្លឹក​ដល់​ខួប​គ្រោះមហន្តរាយ​កាលពី​ឆ្នាំ ១៩៨៥ និង ២០១៧។

ប្រធានាធិបតី Andres Manuel Lopez Obrador បាន​បង្ហោះ​សារ​លើ Twitter ថា មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារ​វត្ថុ​បែកបាក់​បាន​ធ្លាក់​ទៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ Manzanillo ភាគ​ខាងលិច​របស់​រដ្ឋ Colima។

«នោះ​គឺជា​ហេតុការណ៍​ចៃដន្យ​ដ៏​គួរឱ្យ​ភ័យខ្លាច! ហេតុអ្វី​បែរជា​កើតឡើង​ចំ​ថ្ងៃនេះ?» លោកយាយ Laura Resendiz វ័យ ៧៣ ឆ្នាំ បាន​ថ្លែង​ដូច្នេះ នៅ​ខាងក្រៅ​អគារ​ដែល​គាត់​រស់នៅ ក្នុង រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ។

នេះ​គឺជា​គ្រោះ​រញ្ជួយ​ដី​ធំ​ទី ៣ ដែល​កើតឡើង​នៅ ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុង​ថ្ងៃទី ១៩ កញ្ញា។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​រញ្ជួយ​ដី​របស់​ប្រទេស​នេះ​បានឱ្យដឹងថា នេះ​គឺជា​ហេតុការណ៍​ចៃដន្យ​ធម្មតា។ «ពុំមាន​មូលហេតុ​បែប​វិទ្យាសាស្ត្រ​ណាមួយ​ដើម្បី​បកស្រាយ​ឡើយ»។

ក៏ប៉ុន្តែ នៅក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សាមញ្ញ ហេតុការណ៍​នេះ​បានធ្វើឱ្យ​ពួកគេ​ដាក់​សំណួរ​ជាច្រើន​ទាក់ទង​នឹង​អប្បិយ​ជំនឿផ្សេង៕

Advertisement