លោក ចូ បៃដិន អះអាង​ជា​ថ្មី ៖ អាម៉េរិក នឹង​ចូល​ធ្វើអន្តរាគមន៍​បើ​សិន​ កោះតៃវ៉ាន់ ត្រូវ​រង​ការ​វាយ​ប្រហារ​

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃដិន

ប្រធានាធិបតី​អាម៉េរិក បាន​ថ្លែង​ថា កងកម្លាំង​របស់ សហរដ្ឋ​អាម៉េរិក នឹង​ការ​ពារ​ កោះតៃវ៉ាន់ បើសិន​កោះ​នេះ​ត្រូវ​គេ​វាយប្រហារ​ ខណៈ​ដែល​អះអាង​ថា គោលនយោបាយ​ «ចិន​តែ​មួយ» មិន​ប្ដូរ​ផ្លាស់​។

«មាន​ការ​ចូល​ធ្វើ​អន្តរាគមន៍​ បើសិន​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ពី​មុន​ កើត​ឡើង​» លោក​ បៃដិន បាន​ឆ្លើយ​នឹង​អ្នក​ដឹក​នាំ​កម្មវិធី Scott Pelley របស់​ទូរទស្សន៍ CBS នៅ​ក្នុង​កិច្ច​សម្ភាស​កាលពី​ម្សិល​មិញ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​សហរដ្ឋ​អាម៉េរិក «ការ​ពារកោះ (តៃវ៉ាន់)» ឬទេ។

ប្រធានាធិបតី​អាម៉េរិក ក៏​បាន​បញ្ជាក់​ថា គោលនយោបាយ «ចិន​តែ​មួយ» របស់ វ៉ាស៊ីងតោន មិន​ប្ដូរ​ផ្លាស់​។ «យើង​ឯកភាព​ជាមួយ​នឹង​អ្វី​ដែល​បាន​ចុះ​ហត្ថលេខា​​យូរ​មក​ហើយ​។ នោះ​គឺ​គោលនយោបាយ​ចិន​តែ​មួយ​។ យើង​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ កោះ​តៃវ៉ាន់ ឯករាជ្យ​។ នោះ​គឺជា​សិទ្ធិ​របស់​ពួក​គេ​» លោក​ បៃដិន ថ្លែង​ដូច្នេះ​។

នៅ​ពេល​ត្រូវ​បាន​ស្នើ​ឱ្យ​បកស្រាយ​អំពី​ការ​អះអាង​​របស់​លោក បៃដិន អ្នកនាំពាក្យ​របស់​ សេតវិមាន អធិប្បាយ​​ថា គោលនយោបាយ​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​ តៃវ៉ាន់ មិន​ផ្លាស់​ប្ដូរ​។

ផែនទី​ចិន​ដីគោក និង​កោះតៃវ៉ាន់

កន្លង​មក លោក បៃដិន ធ្លាប់​បាន​ថ្លែង​ច្រើន​លើក​ហើយ​ថា អាម៉េរិក និង​ចូល​ធ្វើ​អន្តរាគមន៍​ បើ​សិន​ កោះតៃវ៉ាន់ រង​ការ​វាយ​ប្រហារ​ ប៉ុន្តែ លោក​ក៏​នៅ​តែ​អះអាង​ថា អាម៉េរិក តែង​តែ​គោរព​គោលនយោបាយ​ «ចិន​តែ​មួយ»។

ភាគី​​ខាង​ចិន​ដីគោក និង​ អាជ្ញាធរ​ចិន​កោះ​តៃវ៉ាន់ មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​ ប្រធានាធិបតី​អាម៉េរិក​។

រដ្ឋាភិបាល​ចិន​ដីគោក តែង​ចាត់​ទុក​ កោះតៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ដែល​មិន​អាច​កាត់​ផ្ដាច់​​ចេញ​បាន និង​រង់​ចាំ​តែ​ការបង្រួប​បង្រួម​ ហើយ​ថា​នឹង​ប្រើ​កម្លាំង​បាយ​បើ​សិន​ចាំបាច់​។ ចំណែក​ សហរដ្ឋ​អាម៉េរិក​ វិញ បាន​សន្យា​ថា «គោរព» គោលការណ៍​ «ចិន​តែ​មួយ» ប៉ុន្តែ​នៅ​តែ​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​ កោះតៃវ៉ាន់ និង​ផ្គត់​ផ្គង់​អាវុធទំនើប​ៗ​របស់​កោះ​នេះ​៕

Advertisement