Category: អន្តរជាតិ

  • អង្គការសហប្រជាជាតិ អំពាវនាវ​ដល់ រុស្ស៊ី ឱ្យ​ផ្ដល់​សំណង​ដល់ អ៊ុយ​ក្រែ​ន

    អង្គការសហប្រជាជាតិ អំពាវនាវ​ដល់ រុស្ស៊ី ឱ្យ​ផ្ដល់​សំណង​ដល់ អ៊ុយ​ក្រែ​ន

    មហាសន្និបាត​អង្គការសហប្រជាជាតិ អនុម័ត​សេចក្ដីសម្រេច​ស្ដីពី​ការគាំទ្រ​យន្តការ​ស្នើឱ្យ រុស្ស៊ី ផ្ដល់​សំណង​លើ​ការខូចខាត​ដល់​មនុស្ស និង​ទ្រព្យ​​សម្បត្តិ​ទៅឱ្យ អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម។

    សេចក្ដីសម្រេច​ដែល​មិនមាន​លក្ខណៈ​ចាប់បង្ខំ​នេះ ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ អនុម័ត បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី 14 វិច្ឆិកា ដែល​ទទួលបាន​ការគាំទ្រ 94 សំឡេង, ប្រឆាំង 14 សំឡេង និង អនុបវាទ 63 សំឡេង។

    រុស្ស៊ី ចិន គុយបា កូរ៉េខាងជើង និង អ៊ីរ៉ង់ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​បោះឆ្នោត​ប្រឆាំង ខណៈដែល ឥណ្ឌា អ៊ីស្រាអែល និង ប្រេ​ស៊ី​ល ស្ថិតក្នុង​ចំណោម​ប្រទេស​បោះឆ្នោត​អនុបវាទ។

    យោងតាម​សេចក្ដីសម្រេច រុស្ស៊ី «ត្រូវតែ​ទទួលផល​វិបាក​ផ្លូវច្បាប់​សម្រាប់​រាល់​សកម្ម​ភាពខុស​ច្បាប់​អន្តរជាតិ ក្នុងនោះ​ក៏មាន​ការបង់ប្រាក់​សំណង​សម្រាប់​រាល់​ការខូចខាត​ដែល​កើត​ដោយសារ​សកម្មភាព​ទាំងនេះ»។ សេចក្ដីសម្រេច​ខាងលើ​ក៏បាន​អំពាវនាវ​ឱ្យ​បង្កើត​ស្ថិតិ​ផ្លូវការ​មួយ​ស្ដីពី​ការខូចខាត​ដែល អ៊ុយ​ក្រែ​ន បាន​ទទួលរង​នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី។

    សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី 14 វិច្ឆិកា អាចជួយ​ឱ្យ អ៊ុយ​ក្រែ​ន លើកឡើង​នូវ​ការទាមទារ​ចំពោះ​ទ្រព្យ​ដែលមាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​របស់ រុស្ស៊ី ដែល សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធ​អឺរ៉ុប បាន​បង្កក បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង។

    ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ​អង្គការសហប្រជាជាតិ Sergiy Kyslytsya អះអាងថា ធ្លាប់មាន​ករណីបែបនេះ​រួចមកហើយ ដែល​កាលណោះ អ៊ីរ៉ាក់ ត្រូវ​សង​ការខូចខាត 52.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ឱ្យ កូ​វ៉ែត ក្រោយពី​ការ​​​វាយ​ប្រហារ​កាលពី​ឆ្នាំ 1990។ សកម្មភាព​នេះ​ត្រូវបាន​តាមដាន​ដោយ ក្រុមប្រឹក្សា​សំណង​នៃ​អង្គការសហប្រជាជាតិ។

    ចំណែក ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅ អង្គការសហប្រជាជាតិ Vassily Nebenzia បាន​ចោទ អ៊ុយ​ក្រែ​ន និង​ប្រទេស​លោកខាងលិច​ថា កំពុង​រក​វិធី​ដើម្បី «ការពារ​អំពើ​រឹបអូស​ទ្រព្យ​ដែល​បាន​បង្កក ក្នុង​គោល​ដៅ​​ប្រើប្រាស់​ដើម្បី​អូសបន្លាយ​ពេល និង​បង្កើន​សភាព​ធ្ងន់ធ្ងរ​ដល់​សង្គ្រាម»។

    ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី 22 កញ្ញា បានឱ្យដឹងថា ការខូចខាត​ដែល​ប្រទេស​នេះ​ទទួលរង​គឺ​ឡើងដល់​ជិត 1 ទ្រី​លាន​ដុល្លារ​អាម៉េរិក (1,000,000,000,000.00) ច្រើនជាង 5 ដង ធៀប​នឹង GDP ប្រចាំឆ្នាំ​អំឡុង​ពេលមុន​សង្គ្រាមរ​បស់​ប្រទេស​នេះ៕

  • ចាក់​ជះ​ធាតុ​រាវ​ក្នុង​ពិព័រណ៍​សាកសព​អប់ (ម៉ាំ​មី/Mummy) ដើម្បី​អំពាវនាវ​ឱ្យ​ការពារ​បរិស្ថាន (វីដេអូ)

    ចាក់​ជះ​ធាតុ​រាវ​ក្នុង​ពិព័រណ៍​សាកសព​អប់ (ម៉ាំ​មី/Mummy) ដើម្បី​អំពាវនាវ​ឱ្យ​ការពារ​បរិស្ថាន (វីដេអូ)

    (អេ​ស្ប៉ា​ញ)-ក្រុម​សកម្មជន​បរិស្ថាន​នាំគ្នា​ចាក់ និង​ជះ​ធាតុ​រាវ​ទៅលើ​ទូ​ដាក់​សាកសព​អប់​ដែល​គេ​ហៅថា ម៉ាំ​មី (Mummy) នៅក្នុង​សារមន្ទីរ​មួយ​នៅ Barcelona ក្នុង​បំណង​អំពាវនាវ​ឱ្យមាន​សកម្មភាព​ការពារ​បរិស្ថាន។

    សកម្មជន​បរិស្ថានពីរ​រូប បាន​ចាក់ និង​ជះ​ធាតុ​រាវ​ពណ៌​ប្រផេះ និង​ក្រហម​ពី​ដប​ទឹក​សុទ្ធ ទៅលើ​ទូកញ្ចក់​ការពារ​សាកសព​អប់​ដែល​គេ​ដាក់​ជាការ​បង្ហាញ​ត្រាប់ ព្រមទាំង​ជះ​ធាតុ​រាវ​នោះ​ទៅលើ​ស៊ុម​រូបគំនូរ​ដែល​ព្យួរ​ជុំវិញ​ជញ្ជាំង​នៅក្នុង​សារមន្ទីរ​អេ​ហ្ស៊ី​ប នៅ Barcelona កាលពី​ថ្ងៃទី 13 វិច្ឆិកា។

    បន្ទាប់មក ពួកគេ​ដាក់​ដៃ​ទៅលើ​ប្រអប់​កញ្ចក់​តាំង​បង្ហាញ និង​លើក​បដា​ដែល​សរសេរថា «យុត្តិធម៌​អាកាសធាតុ»។ នៅពេល​ក្រុមប៉ូលិស​មកដល់ សកម្មជន​បរិស្ថាន​ទាំងពីរ​នាក់​ក៏បាន​សហការ និង​មិន​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ ខាង​សារមន្ទីរ​និយាយថា នឹងដាក់​ពាក្យ​ប្ដឹង​ដើម្បី​ទាមទារ​សំណង។

    សកម្មជន​ខាងលើ​ស្ថិតក្នុង​ក្រុម Futuro Vegetal ដែលជា​អ្នកការពារ​បរិស្ថាន​នៅ ប្រទេស​អេ​ស្ប៉ា​ញ និង​ធ្លាប់​បានដាក់​ដៃ​ទៅលើ​រូបគំនូរ​នៅក្នុង​សារមន្ទីរ Prado នៅ ម៉ា​ឌ្រី​ដ កាលពីដើម​ខែវិច្ឆិកា។

    នេះ​គឺជា​សកម្មភាព​ថ្មី​បំផុត​នៅក្នុង​ចំណោម​បាតុកម្ម​របស់​ក្រុម​ការពារ​បរិស្ថាន។ កន្លងមក ពួកគេ​ធ្លាប់​ជះ​ទឹក​ស៊ុប​ទៅលើ​គំនូរ​របស់ Vicent van Gogh នៅ ទីក្រុង​ឡុង​ដ៍ និង រ៉ូម ព្រមទាំង​បាន​ប៉ាត​ដំឡូងបារាំង​កិន​ទៅលើ​ផ្ទាំង​គំនូរ​ដែល​ជា​កំពូល​ស្នាដៃ​របស់​វិចិត្រករ Monet។

    ក្រុម Futuro Vegetal បានឱ្យដឹងថា ករណី​បាតុកម្ម​ថ្មី​បំផុតនេះ​​គឺ​ដើម្បី «បង្ហាញ​នូវ​ស្ថានការណ៍​បន្ទាន់» ដែល​ពិភពលោក​កំពុង​ប្រឈម។ «បច្ចុប្បន្ន កាកសំណល់​ជ័រ 99% នៅលើ​ពិភពលោក​ត្រូវបាន​ផលិតឡើង​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល» ក្រុម​នេះ​អះអាង​ដូច្នេះ។

    Futuro Vegetal ចង់ឱ្យ អេ​ស្ប៉ា​ញ ឈប់​ផ្ដល់ជំនួយ​ដល់​វិស័យ​ចិញ្ចឹមសត្វ និង​ស្នើឱ្យ​ប្រើប្រាស់​ប្រាក់​ជំនួយ​នេះ​ដើម្បី​ជំរុញ​ការផលិត​អាហារ​ដែលមាន​ប្រភពពី​រុក្ខជាតិ៕

  • ប្រទេស​ស្លូ​វេ​នី មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

    ប្រទេស​ស្លូ​វេ​នី មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

    មេធាវី Natasa Pirc Musar នឹង​ក្លាយជា​ប្រធានាធិបតី​ភេទ​ស្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ស្លូ​វេ​នី បន្ទាប់ពី​យកឈ្នះ​លើ​គូប្រជែង​ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស Logar នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការរាប់​សន្លឹកឆ្នោត។

    «ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ក្លាយជា​ប្រធានាធិបតី​ពិតប្រាកដ​មួយរូប​សម្រាប់​ប្រជាជន​គ្រប់រូប ធ្វើ​សកម្មភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​សម​ស្របតាម​ធម្មនុញ្ញ» លោកស្រី Musar ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​បានប្រកាស​ជ័យជំនះ​កាលពី​ថ្ងៃទី 13 វិច្ឆិកា។

    ទិន្នន័យ​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​យោងទៅតាម​តួលេខ 99% នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​បង្ហាញថា លោកស្រី Pirc Musar វ័យ 54 ឆ្នាំ ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ 53.86% នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​ពីរ​សម្រាប់​កៅអី​ប្រធានាធិបតី​ស្លូ​វេ​នី។ ចំណែក​គូប្រជែង​របស់លោក​ស្រី គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស Andze Logar ទទួលបាន​សន្លឹកឆ្នោត​ត្រឹម 46.14% ប៉ុណ្ណោះ។ អត្រា​នៃ​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​គឺ 49.9%។

    លោកស្រី Natasa Pirc Musar គឺជា​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ជា​មេធាវី​ដែលមាន​ឥទ្ធិពល​នៅ ស្លូ​វេ​នី។ លោកស្រី​ឃោសនា​រក​សំឡេងឆ្នោត​ដោយយោង​ទៅលើ​គោលនយោបាយ​ទាក់ទិន​នឹង​សិទ្ធិមនុស្ស នីតិរដ្ឋ និង​បណ្ដា​បញ្ហា​សុខុមាលភាព​សង្គម។ ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង លោក Logar រកបាន​សំឡេងឆ្នោត​គាំទ្រ 33.9% ចំណែក​លោកស្រី Musar រកបាន​តែ 26.9%៕

  • ប្រជាជន​អ៊ុយក្រែន នៅទីក្រុង​ Kherson យំក្នុង​ថ្ងៃ​រំដោះ​ ព្រោះ​តែ​រំភើប​ខ្លាំង​

    ប្រជាជន​អ៊ុយក្រែន នៅទីក្រុង​ Kherson យំក្នុង​ថ្ងៃ​រំដោះ​ ព្រោះ​តែ​រំភើប​ខ្លាំង​

    ក្រោយ​ពី រុស្ស៊ី បាន​ដក​ទ័ព​ ប្រជាជន​នៅទីក្រុង Kherson នាំគ្នា​កាន់​ទង់ជាតិ និង​ផ្កា​ចេញ​ទៅកាន់​​​ដង​ផ្លូវ​ អ្នក​ខ្លះ​ក៏​យំ​ព្រោះ​តែ​រំភើប​ខ្លាំង​​នៅ​ពេល​ទទួល​ស្វាគមន៍​កងកម្លាំង​របស់ អ៊ុយក្រែន​ ដែល​ចូល​មក​រំដោះ​ទីក្រុង​នេះ​។

    ​ថ្ងៃទី 11 វិច្ឆិកាត្រូវ​បាន​ប្រធានាធិបតី​ ហ្សេឡែនស្គី ហៅ​ថា «ថ្ងៃ​ប្រវត្តិសាស្ត្រ» នៅ​ពេល​ កង​ទ័ព​អ៊ុយក្រែន ចូល​ទៅ​គ្រប់គ្រង​ទីក្រុង Kherson ដោយ​មាន​ការ​ទទួល​ស្វាគមន៍​របស់​ប្រជាជន​នៅ​ទីន​នេះ​។ ប្រជាជន​ភាគ​ច្រើន​នៅ Kherson បាន​ភៀស​ខ្លួន​ទៅ​តាម​បទបញ្ជា​របស់ រុស្ស៊ី មុន​ពេល​ដង​ទ័ព​។ អ្នក​ដែល​ក្រាញ​ននៀល​នៅ​ក្នុង​ទីក្រុង​នេះ​ មាន​ការ​រំភើប​ជា​ខ្លាំង​ព្រោះ​តែ​ការ​រីក​រាយ​បន្ទាប់​ពី​ត្រូវ​រង់ចាំ​អស់​ជា​ច្រើន​ថ្ងៃ​។

    មនុស្ស​ម្នា​លើក​ទង់ជាតិ​អ៊ុយក្រែន​ នៅ​ជុំវិញ​ទីលាន​ Svoboda និង​លើក​ដៃ​ ឱប​ថើប​ទាហានរបស់ ​អ៊ុយក្រែន​ ដែល​ចូល​មក​រំដោះ​។

    ក្រុម​ប្រជាពលរដ្ឋខ្លះ​ក៏​នាំ​គ្នា​តម្រៀប​ទង់​ជាតិ​អ៊ុយក្រែន ​ក្បែរ​ដង​ផ្លូវ​ ខណៈ​រថយន្ត​នានា​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក៏​ចុច​ស៊ីផ្លេ​ជាប់​ៗ​គ្នា ដើម្បី​អបអរ​សាទរ​ចំពោះ​ដំណើរ​ចូល​មក​កាន់​ទីក្រុង​ Kherson របស់ កងកម្លាំង​អ៊ុយក្រែន​។

    ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី ប្រកាស​ថា ទាហាន​សរុប​ជាង 30,000 នាក់ និង​អង្គភាព​គ្រប់​គ្រង​​អាវុធ និង​​សម្ភារ​​ជាង 5,000 អង្គភាព​ផ្សេង​ទៀត​ត្រូវ​បាន​ដក​ទៅ​កាន់​ច្រាំង​ខាង​កើត​នៃ​ទន្លេ​ Dnieper បញ្ចប់​ការ​គ្រប់គ្រង​ 8 ខែ​នៅ Kherson៕

  • អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​កងក​ម្លាំ​ង​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់

    អ៊ុយ​ក្រែ​ន អំពាវនាវ​ដល់​កងក​ម្លាំ​ង​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់

    កងទ័ព​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ដល់​ទាហាន​នៅក្នុង​កងកម្លាំង​ចម្រុះ​រុស្ស៊ី-បេឡា​រុស ឱ្យ​ទម្លាក់អាវុធ​ចុះចាញ់ បើសិន​ពួកគេ​ត្រូវបាន​បញ្ជា​ឱ្យ​វាយលុក​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

    «ផ្ញើជូន​បណ្ដា​ទាហាន​បេឡា​រុស ៖ បើសិន​អ្នក​មិនមាន​ជម្រើស​ផ្សេង​ក្រៅតែពី​ការអនុវត្ត​តាម​បទបញ្ជា​ឱ្យ​ឆ្លងដែន​ដើម្បី​ចូលរួម​សង្គ្រាម​របស់ រុស្ស៊ី ប្រឆាំងនឹង អ៊ុយ​ក្រែ​ន ចូរ​បិទ​ម៉ាស៊ីន​យានយន្ត ដោះ​គ្រាប់ លើក​ទង់​ស ហើយ​​រង់ចាំ​ជួប​តំណាង​របស់​យើងខ្ញុំ» អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន សរសេរ​សារ​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី 11 វិច្ឆិកា​ដូច្នេះ។

    កងទ័ព​អ៊ុយ​ក្រែ​ន ប្រកាសថា ទាហាន​បេឡា​រុស ដែល​ទម្លាក់អាវុធ​នឹងត្រូវ​បាន​ធានា​ទៅលើ​កន្លែង​ស្នាក់នៅ។ សម្ភារ និង​អាវុធ​របស់​ពួកគេ​នឹង​ត្រូវបាន​រក្សាទុក​សម​ស្រប ហើយ​ទាហាន​អាច​ត្រលប់​ទៅផ្ទះ និង​ទទួល​អាវុធ​ទៅវិញ​ក្រោយពី​សង្គ្រាម​បានបញ្ចប់។

    អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន ក៏បាន​អំពាវនាវ​ឱ្យ ទាហាន​រុស្ស៊ី ក្នុង​កងកម្លាំង​ចម្រុះ​ជាមួយ បេឡា​រុស ដាក់អាវុធ​ចុះចាញ់​ផងដែរ។ «គ្រប់គ្នា​នឹងត្រូវ​បាន​ប្រព្រឹត្ត​ទៅតាម​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ និង​បាន​ត្រលប់​ទៅផ្ទះ​នៅពេល​សង្គ្រាម​បានបញ្ចប់ មិន​ដូច្នេះ​ទេ គ្រប់គ្នា​មានតែ​រង់ចាំ​ការស្លាប់​នៅលើ​សមរភូមិ​ប៉ុណ្ណោះ» សារ​របស់ អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន មាន​ឃ្លា​សរសេរ​ដូច្នេះ។

    បេឡា​រុស គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ រុស្ស៊ី និង​បាន​អនុញ្ញាតឱ្យ ទីក្រុង​មូ​ស្គូ ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ដើម្បី​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ បេឡា​រុស ក៏​ត្រូវបាន​សង្ស័យថា អនុញ្ញាតឱ្យ រុស្ស៊ី ប្រើប្រាស់​ដែនអាកាស​ដើម្បី​បាញ់​ប្លោង​មី​ស៊ី​ល​ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ផងដែរ៕

  • ប្រធានាធិបតី​អាម៉េរិក ថា ជីវិត​​នៅ​លើ​​ពិភព​ផែនដី​​កំពុង​​រង​​ការ​គំរាម​កំហែង

    ប្រធានាធិបតី​អាម៉េរិក ថា ជីវិត​​នៅ​លើ​​ពិភព​ផែនដី​​កំពុង​​រង​​ការ​គំរាម​កំហែង

    លោក ចូ បៃ​ដិ​ន បាន​ព្រមាន​ថា វិបត្តិ​អាកាសធាតុ​កំពុងតែ​គំរាមកំហែង​ដល់ «ភាព​រស់រាន​របស់​ពិភព​ផែនដី» និង​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន។

    «វិបត្តិ​អាកាសធាតុ​គឺជា​បញ្ហា​សន្តិសុខ​របស់​មនុស្សជាតិ សន្តិសុខ​សេដ្ឋកិច្ច សន្តិសុខ​បរិស្ថាន សន្តិសុខ​ជាតិ និង​ជា​រឿង​ស្លាប់​រស់​របស់​ពិភព​ផែនដី» ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ថ្លែង​កាលពី​ថ្ងៃទី 11 វិច្ឆិកា នៅក្នុង​សន្និសីទ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ របស់ អង្គការសហប្រជាជាតិ ឆ្នាំ 2022 (COP29) នៅ​ទីក្រុង Sharm el-Sheikh នៃ ប្រទេស​អេ​ហ្ស៊ី​ប។

    ប្រធានាធិបតី​អាម៉េរិក ក៏បាន​អះអាងថា សហរដ្ឋ​អាម៉េរិក កំពុងតែ​ដើរ​លើផ្លូវ​ត្រូវ​ដើម្បី​ទៅដល់​ឆ្នាំ 2030 សម្រេចបាន​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​បាន​ពី 50 ទៅ 52%។

    លោក បៃ​ដិ​ន ក៏បាន​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន ក្នុង​បំណង​គ្រប់គ្រង​ស្ថានភាព​ឡើង​កម្ដៅ​ទូទាំង​សកលលោក។ «នេះ​គឺជា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់មេ​ដឹកនាំ​ទូទាំង​ពិភពលោក» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ។

    ប្រធានាធិបតី​អាម៉េរិក បន្តថា «បណ្ដា​ប្រទេស​ដែលមាន​លទ្ធភាព គួរតែ​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បីឱ្យ​ពួកគេ​អាចដាក់​ចេញ​នូវ​ការសម្រេចចិត្ត​ទាក់ទង​នឹង​អាកាសធាតុ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ដំណើរការ​ផ្លាស់ប្ដូរ​ថាមពល​របស់​ពួកគេ និង​កសាង​ផ្លូវ​ទៅកាន់​ការរីកចម្រើន​ស​ម​ស្រប​ជាមួយនឹង​អាកាសធាតុ​របស់​យើង»។

    សន្និសីទ​អាកាសធាតុ COP27 ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី 06 ដល់ 18 វិច្ឆិកា 2022 នៅ អេ​ហ្ស៊ី​ប។ អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពី​ថ្ងៃទី 07 វិច្ឆិកា បាន​ព្រមាន​ថា បណ្ដា​ប្រទេស​មាន 2 ជម្រើស​គឺ សាមគ្គី​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ ឬ «ធ្វើអត្តឃាត​ជា​ក្រុម»៕

  • ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម ​រួមចំណែក 13 ពាន់​លាន​ដុល្លារ​សម្រាប់​ការដោះស្រាយ​បញ្ហា​អាកាសធាតុ

    ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម ​រួមចំណែក 13 ពាន់​លាន​ដុល្លារ​សម្រាប់​ការដោះស្រាយ​បញ្ហា​អាកាសធាតុ

    ជំនួយ​សម្រាប់​សកម្មភាព​ដោះស្រាយ​បញ្ហា​អាកាសធាតុ​គឺជា «ប្រការ​សំខាន់​ដើម្បី​សម្រេចបាន​នូវ​ការរីកចម្រើន​គ្រប់​វិស័យ និង​ជួយ​ដល់​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ពិសេស​គឺ​នៅតាម​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត»ប្រធាន​សមាគម​ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម (IDBG) សង្កត់ធ្ងន់​ដូច្នេះ​។

    ប្រធាន IDBG លោក Mohamed Al-Jasser ឱ្យដឹងថា បម្រែបម្រួល​អាកាសធាតុ​បន្ត​ជាការ​គំរាមកំហែង​ចំពោះ​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច-សង្គម ក៏ដូចជា​សុខភាព និង​ការរីកចម្រើន​របស់​ស​ង្គ​ម។ លោក Mohamed Al-Jasser បញ្ជាក់ថា គោលដៅ​របស់ IDBG គឺ​ការជំរុញ​ដំណើរការ​ផ្លាស់ប្ដូរ​ប្រកបដោយ​សមធម៌ និង​ទូទៅ។

    នៅក្នុង​វេទិកា​ស្ដីពី​ហិរញ្ញវត្ថុ​អាកាសធាតុ​កាលពី​ថ្ងៃទី 10 វិ​ច្ឆ​កា នៅក្រៅ​សន្ន​សីទ​លើក​ទី 27 របស់​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP27) ដែល​រៀបចំ​ដោយ អេ​ហ្ស៊ី​ប ចាប់ពី​ថ្ងៃទី 06 ដល់ 18 វិច្ឆិកា 2022 លោក Al-Jasser ថ្លែង​ថា ក្រុម​សម្របសម្រួល​អារ៉ាប់ បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​តម្លៃ 24 ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​សកម្មភាព​អាកាសធាតុ​ក្នុង​រយៈពេល 8 ឆ្នាំ​ខាងមុខ ក្នុងនោះ IDBG នឹង​រួម​ចំណែក 13 ពាន់​លាន​ដុល្លារ។

    គោលដៅ​របស់​ខ្ទង់​ថវិកា​ដែល​នឹង​​​ត្រូវបាន​ផ្ដល់ឱ្យ​ក្នុងដំណាក់កាល​ចាប់ពី​ឆ្នាំ 2023 ដល់ 2030 នេះ គឺ​ដើម្បី​ជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បណ្ដា​គម្រោង​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​កើតឡើង​ពី​បម្រែបម្រួល​អាកាសធាតុ ក្នុង​នោះ​ក៏​មាន​ការ​លើកកម្ពស់​សមត្ថភាព​ស្ដារ​ប្រព័ន្ធ​ស្បៀង ចរាចរណ៍​ស្អាត ប្រព័ន្ធ​ទីក្រុង និង​សន្តិសុខ​ថាមពល​ផងដែរ​។

    ប្រធាន​សមាគម​ធនាគារ​អភិវឌ្ឍ​អ៊ីស្លាម (IDBG) សង្កត់ធ្ងន់ថា ជំនួយ​សម្រាប់​សកម្មភាព​ដោះស្រាយ​បញ្ហា​អាកាសធាតុ​គឺជា «ប្រការ​សំខាន់​ដើម្បី​សម្រេចបាន​នូវ​ការរីកចម្រើន​គ្រប់​វិស័យ និង​ជួយ​ដល់​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ ពិសេស​គឺ​នៅតាម​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត» របស់ IDBG៕

  • សហរដ្ឋ​អាម៉េរិក បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ថ្មី​​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ថ្មី​​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន

    ថវិកា​ជំនួយ​ផ្នែក​សន្តិសុខ​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន កើនឡើង​ដល់ជាង​ 18 ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ខែកុម្ភៈ 2022 បន្ទាប់​ពី​ មន្ទីរ​បញ្ចកោណ បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ថ្មី​នេះ​។

    មន្ទីរ​បញ្ច​កោណ កាលពីកាលពី​ថ្ងៃទី 10 វិច្ឆិកា​ 2022 បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​តម្លៃ 400 លាន​ដុល្លារ​សម្រាប់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​បណ្ដា​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​ផងដែរ។

    លេខា​រង​ផ្នែក​សារព័ត៌មាន​របស់ មន្ទីរ​បញ្ច​កោណ Sabrina Singh បញ្ជាក់ថា កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក នឹង​រួមមាន ប្រព័ន្ធ​ការពារ​ដែនអាកាស​កម្រិត​ទាប និង​មាន​សមត្ថភាព​ចល័ត​កម្រិត​ខ្ពស់ Avenger ចំនួន 4 ក៏ដូចជា​មី​ស៊ី​ល Stinger សម្រាប់​ប្រព័ន្ធ​ទាំង 4 នេះ។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន ផ្ដល់ឱ្យ ទីក្រុង​កៀវ នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស Avenger។

    កញ្ចប់​ជំនួយ​ថ្មី​នេះ​ក៏មាន​មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស HAWK រួម​នឹង​គ្រាប់កាំភ្លើង​ធំ គ្រាប់កាំភ្លើង​ត្បាល់ រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS និង​គ្រាប់កាំភ្លើង​ជាង 20 លាន​គ្រាប់​សម្រាប់​អាវុធ​ធុន​ស្រាល។

    កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 10 វិច្ឆិកា​នេះ បាននាំ​ឱ្យ​ថវិកា​ជំនួយ​ផ្នែក​សន្តិសុខ​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន កើនឡើង​ដល់ 18.6 ពាន់​លាន​ដុល្លារ រាប់​ចាប់ពី​ខែកុម្ភៈ 2022៕

  • ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស បង្កក​ទ្រព្យ​តម្លៃ​ជាង 20 ពាន់​លាន​ដុល្លារ​របស់ រុស្ស៊ី

    ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស បង្កក​ទ្រព្យ​តម្លៃ​ជាង 20 ពាន់​លាន​ដុល្លារ​របស់ រុស្ស៊ី

    ចាប់ពី​ខែកុម្ភៈ​ដល់​ខែតុលា 2022 ប្រា​ក់ជាង 18 ពាន់​លាន​ផោន​អង់គ្លេស នៅក្នុង​បណ្ដា​មូលនិធិ​ដែល​ត្រូវបាន​បង្ក​កដោយ ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស គឺជា​កម្មសិទ្ធិ ឬ​តំណាង​របស់​ក្រុម​ជនជាតិ​រុស្ស៊ី ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទណ្ឌកម្ម។

    យោងតាម Sputniknews កាលពី​ថ្ងៃទី 10 វិច្ឆិកា ការិយាល័យ​អនុវត្ត​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់ ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស (OFSI) បាន​បញ្ជាក់ថា ប្រទេស​នេះ​បាន​បង្កប​ទ្រព្យ​តម្លៃ 18.39 ពាន់​លាន​ផោន​អង់គ្លេស (21 ពាន់​លាន​ដុល្លារ​អាម៉េរិក) របស់ រុស្ស៊ី ក្នុងដំណាក់កាល​ពី​ខែកុម្ភៈ​ដល់​តុលា 2022 ដើម្បី​ឆ្លើយតប​នឹង​យុទ្ធនាការ​យោធា​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន។

    របាយការណ៍​វាយតម្លៃ​ប្រចាំឆ្នាំ​របស់ OFSI ដែល​បានប្រកាស​កាលពី​ម្សិលមិញ មាន​ឃ្លា​សរសេរថា «ចាប់ពី​ថ្ងៃទី 22 កុម្ភៈ​ដល់​ថ្ងៃទី 20 តុលា 2022 ប្រាក់​ចំនួន 18.39 ពាន់​លាន​ផោន​អង់គ្លេស នៅក្នុង​បណ្ដា​មូលនិធិ​ដែល​ត្រូវបាន​បង្កក ត្រូវបាន​រាយការណ៍​ឱ្យ OFSI ថា ជា​កម្មសិទ្ធិ ឬ​តំណាង​របស់​ក្រុម​ជនជាតិ​រុស្ស៊ី ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទណ្ឌកម្ម»។

    ទិន្នន័យ​ដែល​ទើបត្រូវ​បានលើកឡើង​នេះ បង្ហាញ​អំពី​ការកើនឡើង​យ៉ាងខ្ពស់​នៃ​ទ្រព្យសម្បត្តិ​របស់ រុស្ស៊ី ដែល​ត្រូវបាន អង់គ្លេស បង្កក រាប់​ចាប់ពី​ខែកញ្ញា 2021 ដែល​មុន​នោះ មានតែ 44.5 លាន​ផោន​ប៉ុណ្ណោះ។

    OFSI ក៏បាន​បន្ថែម ជនជាតិ​រុស្ស៊ី ចំនួន 1,271 នាក់ ទៅក្នុង​បញ្ជី​ទណ្ឌកម្ម ចាប់ពី​ថ្ងៃទី 22 កុម្ភៈ​ដល់ 24 សីហា 2022។ មនុស្ស​តែ 11 នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ដក​ចេញពី​បញ្ជី​ទណ្ឌកម្ម​នៅក្នុងពេល​ដំណាលគ្នា​នេះ៕

  • អ៊ីរ៉ង់ ប្រកាសថា ផលិត​បាន​​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងលើស​ពី​ 5 ដង

    អ៊ីរ៉ង់ ប្រកាសថា ផលិត​បាន​​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងលើស​ពី​ 5 ដង

    ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ បានប្រកាសថា ពួកគេ​ផលិត​បាន​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងប្រភេទ​ Hypersonic​ និង​វាយតម្លៃថា នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​វិស័យ​ការពារជាតិ​របស់​ប្រទេស​នេះ។

    «មី​ស៊ី​ល​នេះ​មាន​ល្បឿន​លឿនខ្លាំង​ អាច​ចល័ត​នៅក្នុង និង​ក្រៅ​បរិយាកាស។ វា​គឺជា​ជំហាន​ដ៏​ធំ​នៅក្នុង​វិស័យ​មី​ស៊ី​ល ដែល​ត្រូវបាន​អភិវឌ្ឍ​ដើម្បី​សំដៅលើ​ខែល​ការពារ​មី​ស៊ី​ល​របស់​សត្រូវ» មេបញ្ជាការ​កងកម្លាំង​អវកាស​នៃ​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) លោក Amir Ali Hajizadeh បានឱ្យដឹង​ដូច្នេះ​នៅថ្ងៃនេះ បន្ទាប់ពី​បានប្រកាសថា ប្រទេស​នេះ​ផលិត​បាន​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ប្រភេទ​ Hypersonic។

    លោក Amir Ali Hajizadeh មិនបាន​បង្ហើប​ព័ត៌មាន​លម្អិត​ស្ដីពី​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង (hypersonic missile) ​នេះ ក៏ដូចជា​មិនទាន់មាន​ដំណឹង​ទាក់ទិន​នឹង​ការសាកល្បង​អាវុធ​ប្រភេទ​នេះ​របស់ អ៊ីរ៉ង់ នៅឡើយ។

    មី​ស៊ី​ល Hypersonic គឺជា​អាវុធ​មាន​ល្បឿន​លឿន​ជាង​សំឡេង​យ៉ាងតិច 5 ដង ដែល​ប្រហែល​ជាង 6,200 គីឡូម៉ែត្រ/ម៉ោង។ ល្បឿន​នេះ រួម​នឹង​គន្លង​គោចរ​ស្មុគស្មាញ ធ្វើឱ្យ​អាវុធ​ប្រភេទ​នេះ​ហាក់​មិនអាច​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ខែល​ការពារ​មី​ស៊ី​ល​នាបច្ចុប្បន្ន៕