Category: អន្តរជាតិ

  • ណាសា​រកឃើញ «ពពក​យក្ស​បង្កបង្កើត​ជីវិត» ត្រជាក់​បំផុត​ក្នុង​ចក្រវាល

    ណាសា​រកឃើញ «ពពក​យក្ស​បង្កបង្កើត​ជីវិត» ត្រជាក់​បំផុត​ក្នុង​ចក្រវាល

    តេ​ឡេ​ស្កុប​អវកាស James Webb របស់​ណា​សា រកឃើញ​ដុំ​ពពក​យក្ស​ផ្ទុក​សមាសធាតុ​មួយចំនួន​ដែល​បង្កើតបានជា​លំហ​មួយ​មាន​សីតុណ្ហភាព -263 អង្សា​សេ។

    នៅក្នុង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Astronomy កាលពី​ថ្ងៃទី 23 មករា ក្រុម​តារាវិទូ​បាន​ប្រើប្រាស់ Webb ដើម្បី​សង្កេតមើល​ផ្នែក​ខាងក្នុង​របស់​ដុំ​ពពក​យក្ស​ដែលមាន​ឈ្មោះថា Chameleon I មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 500 ឆ្នាំ​ពន្លឺ និង​បាន​រកឃើញ​ស្រទាប់​ទឹកកក​មួយ​ដែលមាន​ផ្ទុក​សមាសធាតុ​សំខាន់​ក្នុង​ការកកើត​ជីវិត រួមមាន កាបូន អុកស៊ីសែន អ៊ីដ្រូសែន នី​ដ្រូ​សែន និង​ស្ពាន់ធ័រ ដែល​ត្រូវបាន​ហៅ​ជារួម​ថា COHNS។ ពួកវា​គឺជា​បណ្ដុំ​នៃ​សមាសធាតុ​ដែល​បង្កើត​ពិភព​ដែល​អាច​រស់​នៅបាន។

    បណ្ដា​ដុំ​ពពក​ដូច Chameleon I នេះ ក៏ត្រូវ​បាន​ហៅថា ថ្នាល​បណ្ដុះ​ផ្កាយ ព្រោះថា ការ «ដួលរលំ» របស់​ពួកវា បន្តិចម្ដងៗនឹង​បង្កើតបានជា​ផ្កាយ និង​ភព។ សមាសធាតុ​គីមី​ខាងលើ​ត្រូវបាន​កំណត់ដោយ​បណ្ដា​ស្រទាប់​ទឹកកក​នៅ​ជ្រៅ​ខាងក្នុង​ពពក Chameleon I។

    ក្រៅពី COHNS សាមញ្ញ ក្រុម​តារាវិទូ​ខាងលើ​ក៏បាន​រកឃើញ​ភស្ដុតាង​ស្ដីពី​ទឹក​ដែល​បាន​កក រួម​នឹង​ម៉ូលេគុល​សរីរាង្គ​ស្មុគស្មាញ​ជាង​នេះ មានដូចជា មេ​តា​ណុល មេតាន អា​ម៉ូ​និក និង​កាបូន​អ៊ី​ល​ស៊ុ​ល​ហ្វី​ត (methanol, methane, ammoniac, carbonyl sulfide) ទៀតផង។

    យោងតាម Space/CNN នាពេលខាងមុខ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​គ្រោង​នឹង​ប្រើប្រាស់​ទិន្នន័យ​របស់ James Webb ដើម្បី​គណនា​រក​ទំហំ​របស់​គ្រាប់​ធូលី និង​ទម្រង់​រូបរាង​របស់​ទឹកកក។ ការសង្កេត​ទាំងនេះ​នឹង​បើកផ្លូវ​ឱ្យមាន​ការយល់ដឹង​ច្បាស់​អំពី​ដំណើរការ​កកើត​របស់​បណ្ដា​ម៉ូលេគុល​សាមញ្ញ និង​ស្មុគស្មាញ​ចាំបាច់​ដើម្បី​បង្កើតបានជា​បណ្ដុំ​បង្កបង្កើត​ជីវិត៕

  • លិច​កប៉ាល់​ដឹកទំនិញ​នៅលើ​សមុទ្រ​ជប៉ុន នាំឱ្យ​មនុស្ស 18 នាក់​បាត់​ខ្លួន

    លិច​កប៉ាល់​ដឹកទំនិញ​នៅលើ​សមុទ្រ​ជប៉ុន នាំឱ្យ​មនុស្ស 18 នាក់​បាត់​ខ្លួន

    កម្លាំង​ការពារ​ឆ្នេរសមុទ្រ​ជប៉ុន​ប្រកាសថា កប៉ាល់​ដឹកទំនិញ Jintan បាន​លិច​នៅលើ​លំហ​សមុទ្រ Nagasaki នៅពេល​យប់ ហើយ​សមត្ថកិច្ច​សង្គ្រោះបាន 4 នាក់ ចំណែក 18 នាក់​ទៀត​កំពុង​បាត់​ខ្លួន។

    ប៉ូលិស​សមុទ្រ​ជប៉ុន (JCG) បានឱ្យដឹងថា កប៉ាល់ Jintan បាន​បញ្ចេញ​សញ្ញា​សុំ​ជួយសង្គ្រោះ​នៅវេលា​ម៉ោង​ប្រហែល 23 និង 15 នាទី (ម៉ោង 21 និង 15 នាទី​នៅ​កម្ពុជា) ថ្ងៃទី 24 មករា ចេញពី​តំបន់​សមុទ្រ​របស់​ខេត្ត Nagasaki និង​មាន​ចម្ងាយ​ពី​កោះ Danjo ប្រហែល 110 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច។

    ក្រុម​នាវិក​ពេលនោះ​បាន​ប្រាប់ថា «កប៉ាល់​ផ្អៀង និង​ចូល​ទឹក» ហើយ​ថា​បាន​ឡើង​ទូក​សង្គ្រោះបន្ទាន់​មុនពេល​កប៉ាល់​នេះ​លិច។ នៅលើ​កប៉ាល់ Jintan នេះ​មាន​មនុស្ស 14 នាក់​ជា​ជនជាតិ​ចិន និង 8 នាក់​ជា​ជនជាតិ​មី​យ៉ាន​ម៉ា។

    JCG បញ្ជាក់ថា កប៉ាល់ Jintan មាន​ទម្ងន់ 6,600 តោន ចុះឈ្មោះ​នៅ​ហុងកុង។ ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន ឱ្យដឹងថា បាន​បង្កើត​ក្រុម​ទំនាក់ទំនង​មួយ​រួច​ហើយ​ដើម្បី​សម្រួល​ដល់​ករណី​លិច​កប៉ាល់​នេះ។

    ​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅពេល​ប្រទេស​ជប៉ុន​កំពុង​​រង​អាកាសធាតុ​ត្រជាក់​ខ្លាំង ក្នុងនោះ សីតុណ្ហភាព​នៅ​លើ​កោះ​មួយចំនួន​នៅ​​ក្បែរ​កន្លែងកើតហេតុ​បំផុត ចុះ​ត្រជាក់​ដល់ 3 អង្សា​សេ នៅពេល​ថ្ងៃ៕

  • «នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី» រំកិល​ទៅមុខ​ថែម 10 វិនាទី​ទៀតហើយ!

    «នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី» រំកិល​ទៅមុខ​ថែម 10 វិនាទី​ទៀតហើយ!

    ដោយសារតែ​ការគំរាមកំហែង​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ឆ្នាំនេះ​ទ្រនិចនាឡិកា​ប្រាប់​ថ្ងៃ​វិនាស​របស់​ផែនដី​ត្រូវបាន​រំកិល​ទៅមុខ 10 វិនាទី​បន្ថែមទៀត ដោយ​ស្ថិតនៅ​ឆ្ងាយ​ពី​ចំណុច​កណ្ដា​អធ្រាត្រ​ត្រឹមតែ 90 វិនាទី​ប៉ុណ្ណោះ។

    កាលពី​ម៉ោង 22 ថ្ងៃទី 24 មករា ម៉ោង​នៅ​កម្ពុជា ព័ត៌មាន​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​តូ​មិច (BAS) បានប្រកាស​ពី​ការ​រំកិល​ទ្រនិច​នាទី​របស់​នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី​ទៅកាន់​តែ​ជិត​ដល់​ចំណុច​ពាក់​កណ្ដាលយប់ ដែល​នេះ​គឺជា​ការប្រែប្រួល​ដំបូង​នៅក្នុង​រយៈពេល 3 ឆ្នាំ​កន្លង។ បច្ចុប្បន្ន ទ្រនិចនាឡិកា​នេះ​ត្រូវ​បានដាក់​ត្រង់ចំណុច 90 វិនាទី​មុន​ពាក់​កណ្ដាលយប់។ ក្នុង​ប្រវត្តិសាស្ត្រ 76 ឆ្នាំ​របស់​នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី មនុស្សជាតិ​មិន​ធ្លាប់​ដើរ​ដល់​ក្បែរ​ចំណុច​មហន្តរាយ​សកល​ដល់​កម្រិត​នេះឡើយ។

    នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​នៅពេល​សង្គ្រាមត្រជាក់​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ 1947 និង​ស្ថិតនៅ​ត្រង់ចំណុច 7 នាទី​មុន​ពាក់​កណ្ដាលយប់។ ជា​រៀងរាល់ឆ្នាំ សមាជិក​ទាំងឡាយ​រប​ស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ និង​សន្តិសុខ​របស់ BAS នឹង​កែប្រែ​ទ្រនិចនាឡិកា​ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​ដែល​បង្កើតឡើង​ដោយ​ព្រឹត្តិការណ៍​នានា​ក្នុង​ឆ្នាំ​ចាស់ ដែល​បាន​រុញច្រាន​មនុស្សជាតិ​ទៅជិត ឬ​ឆ្ងាយ​ពី​ហានិភ័យ​នៃ​ការបំផ្លាញ​ខ្លួនឯង។ បច្ចុប្បន្ន នាឡិកា​ថ្ងៃ​វិនាស​នៃ​ផែនដី​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្រមាន​អំពី​ការគំរាមកំហែង​ដែលមាន​ប្រភពពី​គ្រប់​អាវុធ​ប្រល័យ​លោក ការបំផ្លិចបំផ្លាញ​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម ចំពោះ​ពិភពលោក។

    ឆ្នាំ 2020 ទ្រនិចនាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី ស្ថិតនៅ​ត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់។ ក្នុង​រយៈពេល 2 ឆ្នាំ​កន្លង ទ្រនិចនាឡិកា​នេះ​ស្ថិតនៅត្រង់​ចំណុច​នេះ​ដដែល។

    ឆ្នាំនេះ BAS រំកិល​ទ្រនិច​នាទី​របស់​នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី​ទៅមុខ ដោយសារតែ​ការគំរាមកំហែង​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ បច្ចុប្បន្ន នាឡិកា​នេះ​កំពុងស្ថិត​នៅត្រង់ចំណុច 90 វិនាទី​មុន​ពាក់​កណ្ដាលយប់ ដែល​នេះ​បង្ហាញថា ពិភពលោក​​ទាំង​មូល​​កំ​ពុង​ស្ថិត​នៅក្បែរ​មាត់ជ្រោះ​មហន្តរាយ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក» BAS បញ្ជាក់​ដូច្នេះ៕

  • អគ្គិសនី​អង់គ្លេសផ្ដល់​ប្រាក់​ឱ្យ​​អតិថិ​ជន​​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​​ភ្លើង

    អគ្គិសនី​អង់គ្លេសផ្ដល់​ប្រាក់​ឱ្យ​​អតិថិ​ជន​​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​​ភ្លើង

    ក្រុមហ៊ុន​អគ្គិសនី National Grid ប្រកាស​អនុវត្ត​កម្មវិធី​ផ្ដល់ជំនួយ​ជា​ទឹកប្រាក់​ដើម្បីឱ្យ​អតិថិជន​នៅ​អង់គ្លេស​ប្រើប្រាស់​អគ្គិសនី​តិចជាង​មុន​នៅ​​ក្នុង​ម៉ោង​មមាញឹក។

    ក្រុមហ៊ុន​អគ្គិសនី និង​ឧស្ម័ន​ពហុ​ជាតិ National Grid ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី 22 មករា បានឱ្យដឹងថា នឹង​ចំណាយ​ប្រាក់​ដើម្បីឱ្យ​អតិថិជន​ក្នុងប្រទេស​នេះ​ប្រើប្រាស់​អគ្គិសនី​តិចជាង​មុន​នៅក្នុង 2 ថ្ងៃ​ដើម​សប្ដាហ៍។ នេះ​គឺជា​ករណី​ដំបូង​ដែល National Grid អនុវត្ត​កម្មវិធី​នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​ខ្វះ​អគ្គិសនី។

    គ្រួសារ និង​ក្រុមហ៊ុន​ជាង 1 លាន​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​តម្រូវ​ការបត់បែន (DFS) នឹងត្រូវ​បាន​ដក​ថ្លៃ​ប្រើ​ប្រាស់​អគ្គិសនី​ប្រហែល 3 ផោន​សម្រាប់​រៀងរាល់ 1 គីឡូ​វ៉ាត​ដែល​ពួកគេ​សំច័យ​បាន​នៅក្នុង​អំឡុងពេល​ពី​ម៉ោង 17-18 ចាប់ពី​ថ្ងៃទី 23 ដល់ 24 មករា។ តាម​ការ​គណនា ការដក​ថ្លៃ​អគ្គិសនី​នេះ​មានតម្លៃ​ចន្លោះ​ពី 6 ទៅ 20 ផោន។

    ក្រុមហ៊ុន National Grid បញ្ជាក់ថា កម្មវិធី​នេះ​មិនមែន​មានន័យថា ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ជួប​ហានិភ័យ​នោះទេ ដូច្នេះ​គ្រប់គ្នា​មិនត្រូវ​បារម្ភ​ឡើយ។

    បណ្ដា​ប្រទេស​នៅ​អឺរ៉ុប កំពុង​ប្រឈម​នឹង​វិបត្តិ​ថាមពល​ក្នុង​រដូវរងា នៅពេល​តម្លៃ​ឥន្ធនៈ​កើនឡើង​ខ្ពស់​ដោយ​សារ​ឥទ្ធិពល​នៃ​សង្គ្រាម​​​រុស្ស៊ី-អ៊ុយ​ក្រែ​ន។ ទី​ក្រុម​មូ​ស្គូបាន​កាត់បន្ថយ​ការនាំចេញ​ឧស្ម័ន​ទៅកាន់​អឺរ៉ុប ធ្វើឱ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​នេះ ត្រូវ​ទិញ​ឧស្ម័ន​ពី​ប្រភព​ផ្សេង​ក្នុងតម្លៃ​ថ្លៃ នាំឱ្យ​ការចំណាយ​របស់​ប្រជាជន​ទៅលើ​ថាមពល​មាន​ការ​កើនឡើង​ខ្ពស់​ខ្លាំង៕

  • ករណី​បាញ់ប្រហារ​ទី​បី​​​នៅ California បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​ និង​រង​របួស​

    ករណី​បាញ់ប្រហារ​ទី​បី​​​នៅ California បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​ និង​រង​របួស​

    (សហរដ្ឋ​អាម៉េរិក) – ប៉ូលិស​នៅ Oakland ឱ្យដឹងថា មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​ផ្សេងទៀត​បាន​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង 7 នាក់​របួស ដែល​នេះ​គឺជា​ករណី​បាញ់ប្រហារ​ទី​បី​ក្នុង​រង្វង់ 3 ថ្ងៃ នៅ​រដ្ឋ California។

    យោង​តាម​ក្រុមមន្ត្រី​នៅ Oakland កម្លាំង​ប៉ូលិស​ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្ទះមួយ​ចំនួន​នៅក្បែរ​មហាវិថី Macarthur នៅវេលា​ម៉ោង 18 ថ្ងៃទី 23 មករា (ម៉ោង 6 ថ្ងៃទី 24 មករា​នៅ​កម្ពុជា) បន្ទាប់ពី​ទទួល​បានសញ្ញា​ជូនដំណឹង​ពី​ប្រព័ន្ធ​ចាប់​សំឡេង​កាំភ្លើង​​ស្វ័យប្រវត្ត។ សមត្ថកិច្ច​បាន​រកឃើញ​សម្បក​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​នៅ​ឯស្ថានីយប្រេងឥន្ធនៈ​មួយ​ក្បែរ​ទីលាន​សាលា​រៀន Mills College ប៉ុន្តែ​មិនឃើញ​ជនរងគ្រោះ។

    សមត្ថកិច្ច​នៅ Oakland ប្រកាសថា ករណី​ផ្ទុះអាវុធ​កើតឡើង «រវាង​មនុស្ស​មួយចំនួន»។ បន្ទាប់មក មន្ទីរពេទ្យ​មួយចំនួន​ក៏បាន​ទាក់ទង​ទៅកាន់​ប៉ូលិស និង​រាយការណ៍​អំពី​ការទទួល​ជនរងគ្រោះ​ដែល​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង។

    សាក្សី​​​និយាយថា ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះឡើង​ក្នុងពេល​កំពុង​ថត​វីដេអូ​ចម្រៀង។ មនុស្ស 7 នាក់​​រងរបួស​ស្រាល ខណៈ​​ដែល​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ សមាជិកគ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់ថា មានឈ្មោះ Mario Navarro អាយុ 18 ឆ្នាំ។

    ហេតុការណ៍​ខាងលើ​គឺជា​ករណី​បាញ់ប្រហារ​ទី​បី​នៅក្នុង​រដ្ឋ California ក្នុងអំឡុងពេល​ 3 ថ្ងៃ​​កន្លង។ ករណី​បាញ់ប្រហារ​មុន​នោះ​ប៉ុន្មាន​ម៉ោង បាន​កើតឡើង​នៅក្នុង​ទីតាំង​ដាច់ដោយឡែក​​ក្នុង​ទីក្រុង Half Moon Bay មាន​ចម្ងាយ​ប្រហែល 65 គីឡូម៉ែត្រ​ពី Oakland និង​បាន​​បណ្ដាលឱ្យ​មនុស្ស 7 នាក់​ស្លាប់។

    ករណី​បាញ់ប្រហារ​មួយ​ផ្សេងទៀត​នៅ Monterey Park ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី 21 មករា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 11 នាក់​បាត់​បង់​ជីវិត។ ជនសង្ស័យ​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹងច្បាស់​​ពី​មូលហេតុ។

    នៅក្នុង 3 សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ 2023 សហរដ្ឋ​អាម៉េរិក​កើត​មាន​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​សរុប​ចំនួន 39 លើក​មក​ហើយ​៕

  • ស្នូលផែនដី​អាច​ចាប់ផ្ដើម​វិល​បញ្ច្រាសទិស​បច្ចុប្បន្ន​នៅ​ពេល​ឆាប់ៗ​ខាងមុខ

    ស្នូលផែនដី​អាច​ចាប់ផ្ដើម​វិល​បញ្ច្រាសទិស​បច្ចុប្បន្ន​នៅ​ពេល​ឆាប់ៗ​ខាងមុខ

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 23 មករា លើ​ទស្សនាវដ្ដី Nature Geoscience បាន​បង្ហើប​ឱ្យដឹងថា ការប្រែប្រួល​ទិស​នៃ​រង្វិល​ជុំ​​របស់​ស្នូលផែនដី​អាច​កើតឡើង​ក្នុង​រង្វង់​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ។

    អំឡុង​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ 1990 អ្នកវិទ្យាសាស្ត្រ Xiaodong Song នៅ​បន្ទប់ពិសោធន៍ SinoProbe របស់​សាលា​ផែនដី និង​វិទ្យាសាស្ត្រ​ចក្រវាល​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សហការ​ជាមួយ Paul Richards នៅ​សាកលវិទ្យាល័យ Columbia បានផ្ដល់​ភស្ដុតាង​ដំបូង​ស្ដីពី​ការវិល​ដោយ​ឯករាជ្យ​របស់​ស្នូលផែនដី។

    ដើម​ឡើយ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​​​រកឃើញថា ស្នូល​ខាងក្នុង​វិល​ទៅតាម​ទិញ​ពី​លិចទៅ​កើត បើ​ទោះ​លឿន​ជាង​បណ្ដា​ស្រទាប់ផ្សេងៗរបស់​ផែនដី។ ទិស​នៃ​រង្វិល​​នេះ​ភាគច្រើន​ទទួលរង​ពី​ឥទ្ធិពល​ម៉ាញេទិក និង​អគ្គិសនី​នៅ​ក្នុង​ស្នូល​រាវ​ខាងក្រៅ​ដែល​ព័ទ្ធជុំវិញ​ស្នូល​រឹង​ខាងក្នុង​បង្អស់ ក៏ដូចជា​ឥទ្ធិពល​នៃ​ទំនាញ​ជាមួយនឹង​ស្រទាប់កណ្ដាល​។

    ក៏ប៉ុន្តែ ការរកឃើញ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1990 ខាងលើ ​នៅមាន​បញ្ហា​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​ទាក់ទង​នឹង​ទិស​នៃ​រង្វិល​ជុំ​​របស់​ស្នូល នៅពេល​ពិនិត្យ​ដល់​កត្តា​មួយចំនួន​មានដូចជា​ល្បឿន​នៃរ​ង្វិ​លជុំ​​ជាដើម។ បញ្ហា​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ប្រឹងប្រែង​ប្រមូល​ទិន្នន័យ​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់។

    ក្នុងការ​ស្រាវជ្រាវ​ថ្មី​បំផុត​ដែល​ទើបត្រូវ​បានប្រកាស ពួកគេ​បាន​វិភាគ​ទៅលើ​រលកសញ្ញា​ដែល​កើតឡើង​ពី​ការរញ្ជួយ​ដី​​តាម​​ធម្មជាតិ ដែល​ជះ​កាត់​តាម​ស្នូលផែនដី​ចាប់ពី​ទសវត្សរ៍​ឆ្នាំ 1960។ ពួកគេ​រកឃើញថា ស្នូលផែនដី​វិល​លឿន​ជាង​ធៀប​នឹង​ស្រទាប់​កណ្ដាល និង​សម្បក​របស់​ផែនដី ទៅតាម​ទិស​ពី​លិចទៅ​កើត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ 1970 រហូតមកដល់​ប្រហែល​ឆ្នាំ 2009។ ក្រោយមក រ​ង្វិ​ល​នេះ​ហាក់​បាន​ឈប់​តាំងពី​ឆ្នាំ 2009 ដល់ 2011។ ចាប់ពី​ដំណាក់កាល​នេះ​មក រ​ង្វិ​លស្នូល​ផែនដី​​ហាក់​ប្ដូរ​ទិស​ជាសន្សឹមៗ។ ការប្រែប្រួល​ខាងលើនេះ​ទំនងជា​ស្ថិត​ក្នុងរង្វង់​ 7 ទសវត្សរ៍៕

  • រុស្ស៊ី​ថា ពិភពលោក​ខិតជិត​ដល់​លទ្ធភាព​កើត «សង្គ្រាមលោក​លោក​ទី​បី»

    រុស្ស៊ី​ថា ពិភពលោក​ខិតជិត​ដល់​លទ្ធភាព​កើត «សង្គ្រាមលោក​លោក​ទី​បី»

    លោក Dmitry Medvedev ចោទ​សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​ថា ហាក់​បញ្ឆេះ​សង្គ្រាមលោកលើកទីបី​ដោយ​ការត្រៀម​វាយប្រហារ​លើ​រុស្ស៊ី ធ្វើឱ្យ​ប្រទេស​នេះ​ត្រូវតែ​បញ្ចេញ​សកម្មភាព។

    «យើង​គួរតែ​ជួយ​ឱ្យ​គ្រប់គ្នា​លើ​សកលលោក​យល់ថា យុទ្ធនាការ​យោធា​ដែល​កំពុង​កើតឡើង​គឺជា​ប្រតិកម្ម​ដោយ​បង្ខំ និង​ជា​ជម្រើស​ចុងក្រោយ​នៅ​ចំពោះមុខ​ការត្រៀម​វាយប្រហារ​ពី​សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត។ ជាក់ច្បាស់​ណាស់ ពិភពលោក​បាន​ខិត​ទៅជិត​លទ្ធភាព​កើតមាន​សង្គ្រាមលោកលើកទី​បី ព្រោះតែ​បញ្ហា​ដែល​បាន​កើតឡើង​មុន​នោះ» អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Dmitry Medvedev ថ្លែង​កាលពី​ថ្ងៃទី 23 មករា​ដូច្នេះ។

    លោក Medvedev ក៏បាន​និយាយថា «វិបត្តិ​ធ្ងន់ធ្ងរ» នៅឯ​អង្គការសហប្រជាជាតិ និង​បណ្ដា​អង្គការ​អន្តរជាតិ​ដទៃ កំពុង​ត្រូវបាន​លោកខាងលិច​កែប្រែ​ឱ្យទៅជា​សមរភូមិ។

    សហរដ្ឋ​អាម៉េរិក មិនទាន់​បញ្ចេញ​ប្រតិកម្ម​នៅឡើយ​ទាក់ទិន​នឹង​ការអះអាង​របស់ អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី Dmitry Medvedev។

    លោក Medvedev មុន​នោះ​ក៏​ធ្លាប់បាន​ព្រមាន​ថា ការប្រឹងប្រែង​សុំចូល​ជា​សមាជិក​នៃ​សម្ព័ន្ធមិត្ត​យោធា​ណា​តូ​របស់​អ៊ុយ​ក្រែ​ន នឹង «ព​ន្លឿ​ន​ការចាប់ផ្ដើម​សង្គ្រាមលោកលើកទីបី»។

    លោក Medvedev ក៏​ធ្លាប់បាន​រម្លឹក​ជាច្រើនលើក​នូវ​ការប្រកាស​ដែលថា រុស្ស៊ី​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ​នៅពេល​ចាំបាច់ «ដោយ​មិនត្រូវ​សុំច្បាប់ និង​ពិភាក្សា​ជាមួយ​អ្នកណា​ទាំងអស់»៕

  • រដ្ឋ California មាន​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស 7 នាក់

    រដ្ឋ California មាន​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស 7 នាក់

    (សហរដ្ឋ​អាម៉េរិក) – California បន្ត​កើតមាន​ហេតុការណ៍​បាញ់ប្រហារ​នៅ Half Moon Bay បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ម្នាក់​រងរបួស។

    សារព័ត៌មាន​អាម៉េរិក​កាលពី​ថ្ងៃទី 23 មករា (24 នៅ​កម្ពុជា) បាន​ផ្សាយ​ថា ទីក្រុង Half Moon Bay ក្នុងស្រុក San Mateo របស់​រដ្ឋ California បានកើត​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​កសិដ្ឋាន​ពីរ​ដែល​នៅក្បែរ​គ្នា បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ម្នាក់​របួស​ធ្ងន់ធ្ងរ។

    សមត្ថកិច្ច​មិនទាន់​ប្រកាស​ព័ត៌មាន​លំអិត ប៉ុន្តែ​បាន​បញ្ជាក់ថា កំពុង​ដោះស្រាយ​ករណី​បាញ់ប្រហារសម្លាប់​​មនុស្ស​ច្រើន​នាក់ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​រួចហើយ។ LA Times បាន​ផ្សាយ​ថា ជនសង្ស័យ​គឺជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់​កើតហេតុ និង​មាន​អាយុ 67 ឆ្នាំ។

    NBC Bay Area ដកស្រង់​សម្ដី​មន្ត្រី​របស់​ទីក្រុង Half Moon Bay បានឱ្យដឹងថា ជនរងគ្រោះ​នានា​នៅ​ក្នុងករណី​បាញ់ប្រហារ​នេះ​គឺជា​កសិករ​ដើមកំណើត​ចិន ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​មូលហេតុ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​នៅឡើយ។

    អភិបាលរដ្ឋ California លោក Gavin Newsom ដែល​កំពុងស្ថិត​នៅឯ Monterey Park ដើម្បី​ចូលរួម​ដោះស្រាយ​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​យ៉ាងតិច 11 នាក់​មុន​នោះ បាន​សម្ដែង​ការបារម្ភ​ចំពោះ​ហេតុការណ៍​នេះ។

    ករណី​បាញ់ប្រហារ​នៅ​ទីក្រុង Half Moon Bay បាន​កើតឡើង​ក្រោយពី​មាន​ករណី​បាញ់រះ​នៅ Monterey Park រដ្ឋ California ដូចគ្នា ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 11 នាក់​បាន​បាត់​បង់ជីវិត និង 9 នាក់​រងរបួស។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ថា មានឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើ​នេះ​នៅឡើយ៕

  • EU អនុម័ត​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ​រាប់រយ​លាន​អឺរ៉ូ​សម្រាប់​អ៊ុយ​ក្រែ​ន

    EU អនុម័ត​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ​រាប់រយ​លាន​អឺរ៉ូ​សម្រាប់​អ៊ុយ​ក្រែ​ន

    ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃទី 23 មករា ក្រុម​រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប (EU) បានអនុម័ត​កញ្ចប់​ជំនួយ​យោធា​តម្លៃ 500 លាន​អឺរ៉ូ សម្រាប់​អ៊ុយ​ក្រែ​ន។

    កញ្ចប់​ជំនួយ​យោធា​ទី 7 ដែលមាន​តម្លៃ 500 លាន​អឺ​រ៉ូ ស្មើនឹង 544 លាន​ដុល្លារ​អាម៉េរិក​របស់​សហ​ភាព​អឺរ៉ុប​នេះ​គឺជា​របៀបវារៈ​សំខាន់​មួយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់ EU ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

    កញ្ចប់​ជំនួយ​ថ្មី​ខាងលើនេះ​ត្រូវបាន​អនុម័ត​រួមជាមួយ​ខ្ទង់​ប្រាក់​ជំនួយ​បន្ថែម 45 លាន​អឺរ៉ូ សម្រាប់​សកម្មភាព​ហ្វឹកហ្វឺន​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន។

    យោងតាម​របៀបវារៈ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់ EU ក៏​នឹង​ពិភាក្សាគ្នាអំ​ពី​កញ្ចប់​ទណ្ឌកម្ម​ទី 10 សំដៅលើ​រុស្ស៊ី ដែល​នឹងមាន​សុពលភាព​ចាប់ពី​ខែក្រោយ​ផងដែរ។

    ទាក់ទង​នឹង​ជំនួយ​យោធា​ខាងលើ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov កាលពី​ថ្ងៃទី 23 មករា បាន​រិះគន់​ដល់​ការ​ផ្ដល់ជំនួយ​យោធា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​​ដែល​បស្ចិម​លោក​បាន និង​កំពុង​ផ្ដល់​ឱ្យ​​​អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី៕

  • ករណី​បាញ់​សម្លាប់​មនុស្ស​ជាង​ 10 នាក់​នៅ California៖ ​ចៅ​​ម្ចាស់​ក្លឹប​​ដណ្ដើម​កាំភ្លើង​ពី​ជនសង្ស័យ​ ទប់​ស្កាត់​អំពើ​បាញ់​ប្រហារ​ទីពីរ​

    ករណី​បាញ់​សម្លាប់​មនុស្ស​ជាង​ 10 នាក់​នៅ California៖ ​ចៅ​​ម្ចាស់​ក្លឹប​​ដណ្ដើម​កាំភ្លើង​ពី​ជនសង្ស័យ​ ទប់​ស្កាត់​អំពើ​បាញ់​ប្រហារ​ទីពីរ​

    វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ Brandon Tsay បាន​ប្រទាញប្រទង់ និង​ដណ្ដើមបាន​អាវុធ​ពី​ជនសង្ស័យ​ក្នុងករណី​បាញ់សម្លាប់​មនុស្ស​នៅ California សហរដ្ឋ​អាម៉េរិក។

    Brandon Tsay អាយុ 26 ឆ្នាំ ទទួលបាន​ការសរសើ​រថា​ជា​វីរបុរស បន្ទាប់ពី​ដណ្ដើមបាន​កាំភ្លើង​របស់​ជនសង្ស័យ Huu Can Tran ដែល​មុន​នោះបាន​បាញ់សម្លាប់​មនុស្ស​យ៉ាងតិច 11 នាក់ និង​បង្ក​របួស​ដល់​មនុស្ស 9 នាក់​នៅក្នុង​ក្លឹប​កំសាន្ត​មួយ​នៅ Monterey Park រដ្ឋ California។ សកម្មភាព​របស់ Tsay ត្រូវបាន​វាយតម្លៃថា បាន​ទប់ស្កាត់​ករណី​បាញ់ប្រហារ​លើក​ទី​ពីរ​នៅក្នុង​ក្លឹប​រាត្រី Lai Lai ក្នុង​តំបន់ Alhambra ជាទី​ដែល Tsay ប្រឈមមុខ​នឹង​ជនសង្ស័យ។

    វីដេអូ​ដកស្រង់​ពី​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ក្លឹប​រាត្រី Lai Lai ដែល​ត្រូវបាន NBC News ចុះផ្សាយ​ក្នុង​ថ្ងៃទី 24 មករា បង្ហាញ​អំពី​សកម្មភាព​របស់ Tsay និង​ជនសង្ស័យ Huu Can Tran ប្រទាញប្រទង់​គ្នា​នៅក្នុង​កន្លែង​មិនមាន​មនុស្ស​របស់​ក្លឹប Lai Lai។

    ជនសង្ស័យ​ឈ្មោះ Huu Can Tran

    Tsay ដែលមាន​ជីតា​ជា​ម្ចាស់​ក្លឹប Lai Lai មិនបាន​ដឹងថា ជនសង្ស័យ​ដែល​ខ្លួន​កំពុង​ប្រឈមមុខ មុន​នោះ​ប្រហែល 20 នាទី បានសម្លាប់​មនុស្ស​យ៉ាងតិច 11 នាក់ និង​បង្ក​របួស​ដល់​មនុស្ស 9 នាក់​នៅក្នុង​ក្លឹប​នៅឯ Monterey Park នោះឡើយ។

    https://www.youtube.com/watch?v=9QF2PCn0bjA

    Tsay ត្រូវបាន​មនុស្សម្នា​កោតសរសើរ​ថា​ជា​វីរបុរស​ដែល​បញ្ចេញ​សកម្មភាព​ដ៏​ក្លាហាន នៅពេល​ប្រឈមមុខ​ជា​មួយនឹង​​ជនសង្ស័យ​ក្នុងករណី​បាញ់រះ។ សមត្ថកិច្ច​ជឿថា ជនសង្ស័យ​មានបំណង​ធ្វើការ​បាញ់ប្រហារ​ជា​លើក​ទីពីរ​ ប៉ុន្តែ Tsay បាន​ទប់ស្កាត់​ទាន់ពេល៕