ការសិក្សាស្រាវជ្រាវថ្មីដែលត្រូវបានប្រកាសកាលពីថ្ងៃទី 23 មករា លើទស្សនាវដ្ដី Nature Geoscience បានបង្ហើបឱ្យដឹងថា ការប្រែប្រួលទិសនៃរង្វិលជុំរបស់ស្នូលផែនដីអាចកើតឡើងក្នុងរង្វង់ប៉ុន្មានទសវត្សរ៍ខាងមុខ។
អំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ 1990 អ្នកវិទ្យាសាស្ត្រ Xiaodong Song នៅបន្ទប់ពិសោធន៍ SinoProbe របស់សាលាផែនដី និងវិទ្យាសាស្ត្រចក្រវាលនៅទីក្រុងប៉េកាំង ប្រទេសចិន សហការជាមួយ Paul Richards នៅសាកលវិទ្យាល័យ Columbia បានផ្ដល់ភស្ដុតាងដំបូងស្ដីពីការវិលដោយឯករាជ្យរបស់ស្នូលផែនដី។
ដើមឡើយ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើរកឃើញថា ស្នូលខាងក្នុងវិលទៅតាមទិញពីលិចទៅកើត បើទោះលឿនជាងបណ្ដាស្រទាប់ផ្សេងៗរបស់ផែនដី។ ទិសនៃរង្វិលនេះភាគច្រើនទទួលរងពីឥទ្ធិពលម៉ាញេទិក និងអគ្គិសនីនៅក្នុងស្នូលរាវខាងក្រៅដែលព័ទ្ធជុំវិញស្នូលរឹងខាងក្នុងបង្អស់ ក៏ដូចជាឥទ្ធិពលនៃទំនាញជាមួយនឹងស្រទាប់កណ្ដាល។
ក៏ប៉ុន្តែ ការរកឃើញកាលពីអំឡុងទសវត្សរ៍ឆ្នាំ 1990 ខាងលើ នៅមានបញ្ហាជាច្រើនដែលមិនទាន់ត្រូវបានដោះស្រាយទាក់ទងនឹងទិសនៃរង្វិលជុំរបស់ស្នូល នៅពេលពិនិត្យដល់កត្តាមួយចំនួនមានដូចជាល្បឿននៃរង្វិលជុំជាដើម។ បញ្ហាទាំងនេះបានជំរុញឱ្យក្រុមអ្នកស្រាវជ្រាវខាងលើប្រឹងប្រែងប្រមូលទិន្នន័យបន្ថែមទៀតដើម្បីបញ្ជាក់ឱ្យបានច្បាស់។
ក្នុងការស្រាវជ្រាវថ្មីបំផុតដែលទើបត្រូវបានប្រកាស ពួកគេបានវិភាគទៅលើរលកសញ្ញាដែលកើតឡើងពីការរញ្ជួយដីតាមធម្មជាតិ ដែលជះកាត់តាមស្នូលផែនដីចាប់ពីទសវត្សរ៍ឆ្នាំ 1960។ ពួកគេរកឃើញថា ស្នូលផែនដីវិលលឿនជាងធៀបនឹងស្រទាប់កណ្ដាល និងសម្បករបស់ផែនដី ទៅតាមទិសពីលិចទៅកើតចាប់តាំងពីទសវត្សរ៍ឆ្នាំ 1970 រហូតមកដល់ប្រហែលឆ្នាំ 2009។ ក្រោយមក រង្វិលនេះហាក់បានឈប់តាំងពីឆ្នាំ 2009 ដល់ 2011។ ចាប់ពីដំណាក់កាលនេះមក រង្វិលស្នូលផែនដីហាក់ប្ដូរទិសជាសន្សឹមៗ។ ការប្រែប្រួលខាងលើនេះទំនងជាស្ថិតក្នុងរង្វង់ 7 ទសវត្សរ៍៕