ណាសា​រកឃើញ «ពពក​យក្ស​បង្កបង្កើត​ជីវិត» ត្រជាក់​បំផុត​ក្នុង​ចក្រវាល

ពពក Chameleon I ពណ៌ផ្ទៃមេឃត្រូវបានបំភ្លឺដោយពន្លឺពីបណ្ដាផ្កាយនៅសែនឆ្ងាយ នៅក្នុងការសង្កេតរបស់តេឡេស្កុបអវកាស James Webb

តេ​ឡេ​ស្កុប​អវកាស James Webb របស់​ណា​សា រកឃើញ​ដុំ​ពពក​យក្ស​ផ្ទុក​សមាសធាតុ​មួយចំនួន​ដែល​បង្កើតបានជា​លំហ​មួយ​មាន​សីតុណ្ហភាព -263 អង្សា​សេ។

នៅក្នុង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Astronomy កាលពី​ថ្ងៃទី 23 មករា ក្រុម​តារាវិទូ​បាន​ប្រើប្រាស់ Webb ដើម្បី​សង្កេតមើល​ផ្នែក​ខាងក្នុង​របស់​ដុំ​ពពក​យក្ស​ដែលមាន​ឈ្មោះថា Chameleon I មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 500 ឆ្នាំ​ពន្លឺ និង​បាន​រកឃើញ​ស្រទាប់​ទឹកកក​មួយ​ដែលមាន​ផ្ទុក​សមាសធាតុ​សំខាន់​ក្នុង​ការកកើត​ជីវិត រួមមាន កាបូន អុកស៊ីសែន អ៊ីដ្រូសែន នី​ដ្រូ​សែន និង​ស្ពាន់ធ័រ ដែល​ត្រូវបាន​ហៅ​ជារួម​ថា COHNS។ ពួកវា​គឺជា​បណ្ដុំ​នៃ​សមាសធាតុ​ដែល​បង្កើត​ពិភព​ដែល​អាច​រស់​នៅបាន។

បណ្ដា​ដុំ​ពពក​ដូច Chameleon I នេះ ក៏ត្រូវ​បាន​ហៅថា ថ្នាល​បណ្ដុះ​ផ្កាយ ព្រោះថា ការ «ដួលរលំ» របស់​ពួកវា បន្តិចម្ដងៗនឹង​បង្កើតបានជា​ផ្កាយ និង​ភព។ សមាសធាតុ​គីមី​ខាងលើ​ត្រូវបាន​កំណត់ដោយ​បណ្ដា​ស្រទាប់​ទឹកកក​នៅ​ជ្រៅ​ខាងក្នុង​ពពក Chameleon I។

ក្រៅពី COHNS សាមញ្ញ ក្រុម​តារាវិទូ​ខាងលើ​ក៏បាន​រកឃើញ​ភស្ដុតាង​ស្ដីពី​ទឹក​ដែល​បាន​កក រួម​នឹង​ម៉ូលេគុល​សរីរាង្គ​ស្មុគស្មាញ​ជាង​នេះ មានដូចជា មេ​តា​ណុល មេតាន អា​ម៉ូ​និក និង​កាបូន​អ៊ី​ល​ស៊ុ​ល​ហ្វី​ត (methanol, methane, ammoniac, carbonyl sulfide) ទៀតផង។

យោងតាម Space/CNN នាពេលខាងមុខ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​គ្រោង​នឹង​ប្រើប្រាស់​ទិន្នន័យ​របស់ James Webb ដើម្បី​គណនា​រក​ទំហំ​របស់​គ្រាប់​ធូលី និង​ទម្រង់​រូបរាង​របស់​ទឹកកក។ ការសង្កេត​ទាំងនេះ​នឹង​បើកផ្លូវ​ឱ្យមាន​ការយល់ដឹង​ច្បាស់​អំពី​ដំណើរការ​កកើត​របស់​បណ្ដា​ម៉ូលេគុល​សាមញ្ញ និង​ស្មុគស្មាញ​ចាំបាច់​ដើម្បី​បង្កើតបានជា​បណ្ដុំ​បង្កបង្កើត​ជីវិត៕

Advertisement