Category: អន្តរជាតិ

  • សភា​ជាន់​ទាប​អាម៉េរិកបាន​​អនុម័ត​សេចក្ដីព្រាងច្បាប់ «ហាមឃាត់ TikTok»

    សភា​ជាន់​ទាប​អាម៉េរិកបាន​​អនុម័ត​សេចក្ដីព្រាងច្បាប់ «ហាមឃាត់ TikTok»

    គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក បានអនុម័ត​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន ហាមឃាត់ TikTok និង​កម្មវិធី​បច្ចេកវិទ្យា​នានា​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ។

    កាលពី​ថ្ងៃទី 01 មីនា 2023 គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក​បាន​បោះឆ្នោត​អនុម័ត ដោយមាន​សន្លឹកឆ្នោត​គាំទ្រ​ចំនួន 24 សំឡេង និង​ប្រឆាំង 16 សំឡេង លើ​សេចក្ដីព្រាងច្បាប់​ហាមឃាត់​បណ្ដាញ​សង្គម TikTok ​របស់​ក្រុមហ៊ុន​ចិន ByteDance ដែល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ជាង 100 លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក។

    ដោយមាន​ច្បាប់​ថ្មី​នេះ ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន អាច​ហាមឃាត់​ការរកស៊ី​ជាមួយនឹង TikTok ដែលនេះ​​មានន័យថា បុគ្គល​នានា​នៅ​សហរដ្ឋ​អាម៉េរិក នឹង​មិនអាច​ចូល​លេង ឬ​ទាញយក​កម្មវិធី​នេះ​នៅលើ​ទូរស័ព្ទ។ សេចក្ដីព្រាងច្បាប់​នេះ​ក៏​ស្នើឱ្យ​ម្ចាស់​សេត​វិមាន​ហាមឃាត់​រាល់​ស្ថាប័ន​ដែល​អាច​បញ្ជូន​ទិន្នន័យសំខាន់ៗរបស់​បុគ្គល​នានា​ទៅកាន់​អង្គភាព​ដែល​ទទួល​ឥទ្ធិពល​របស់​ប្រទេស​ចិន​ផងដែរ។

    «TikTok គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ…។ ដល់​ពេលដែល​ត្រូវធ្វើ​សកម្មភាព​ហើយ» ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក Michael McCaul នៃ​បក្ស​សាធារណរដ្ឋ​ ថ្លែង​ដូច្នេះ។

    ក្រុមតំណាងរាស្ត្រ​របស់​បក្ស​កាន់អំណាច​យល់ថា នេះ​គឺជា​សកម្មភាព «ប្រញាប់ប្រញាល់» និង​ត្រូវការ​ពិភាក្សា​លំអិត​ជាមួយ​ក្រុម​អ្នកជំនាញ។ ដើម្បី​ក្លាយជា​ច្បាប់ សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវការ​ការអនុម័ត​ពី​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់ មុនពេល​បញ្ជូន​ទៅកាន់​លោក បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។

    TikTok កំពុង​ប្រឈម​នឹង​ការតាមដាន និង​រឹតបន្តឹង​កាន់តែខ្លាំងឡើងៗពី​បណ្ដា​ប្រទេស​លោកខាងលិច​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ព្រោះតែ​មានការ​បារម្ភ​ថា ទីក្រុង​ប៉េកាំង​អាច​ប្រមូលយក​ទិន្នន័យ​អ្នកប្រើប្រាស់។

    TikTok និង​គណៈកម្មការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាម៉េរិក (CFIUS) បាន​ចរចា​ជាមួយគ្នា​អស់​ជាង​ពីរ​ឆ្នាំ​មកហើយ ទាក់ទង​នឹង​សំណើ​ស្ដីពី​ការធានា​សុវត្ថិភាព​របស់​ទិន្នន័យ។ TikTok ឱ្យដឹងថា ខ្លួន​បាន​ចំណាយ​ប្រាក់​អស់​ជាង 1.5 ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ច​ការធានា​សុវត្ថិភាព​ទិន្នន័យ និង​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាជ្ញាធរ​អាម៉េរិក៕

  • រថភ្លើង​​ពីរ​គ្រឿង​បុកគ្នា​នៅ​ប្រទេស​ក្រិក សម្លាប់​មនុស្ស​យ៉ាង​តិច 36 នាក់​

    រថភ្លើង​​ពីរ​គ្រឿង​បុកគ្នា​នៅ​ប្រទេស​ក្រិក សម្លាប់​មនុស្ស​យ៉ាង​តិច 36 នាក់​

    រថភ្លើង​ដឹក​អ្នកដំណើរ​បាន​បុក​នឹង​រថភ្លើង​ដឹក​ទំនិញ​នៅ​ក្បែរ​ទីក្រុង Larissa ភាគ​ខាង​កើត​​​​ប្រទេស​ក្រិក បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច 36 នាក់​បាត់បង់ជីវិត​ និង 85 នាក់​រង​របួស​។

    ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ 350 នាក់​ពី Athens ទៅកាន់​ទីក្រុង Thessaloniki ភាគ​ខាងជើង​ប្រទេស​ក្រិ​ក កាលពី​ព្រលប់​ថ្ងៃទី 28 កុម្ភៈ បាន​បុក​គ្នា​នឹង​រថភ្លើង​ដឹកទំនិញ នៅពេល​ទើប​ចេញ​ផុតពី​ផ្លូវ​រូង​ក្រោម​ដី​នៅ Larissa ភាគ​ខាង​កើត​​ប្រទេស​នេះ។

    ការបុក​គ្នា​យ៉ាង​ពេញទំហឹង​នេះ​បណ្ដាលឱ្យ​ទូរថភ្លើង​មួយចំនួន​ត្រូវ​ខូចខាត​ទាំងស្រុង ក្នុងនោះ​មាន​ខ្លះ​ត្រូវ​ឆាបឆេះ ខណៈ​អ្នកដំណើរ​ត្រូវ​ជាប់​ខាងក្នុង។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ប្រហែល 150 នាក់ និង​រថយន្ត​សង្គ្រោះ​ប្រហែល 40 គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ។

    បុគ្គលិក​សង្គ្រោះ​ម្នាក់​និយាយថា យ៉ាងហោចណាស់​មាន​មនុស្ស 36 នាក់​បាន​ស្លាប់ និង 85 នាក់​រងរបួស ក្នុងនោះ​មាន 66 នាក់​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ប៉ុន្តែ ប្រធាន​សមាគម​អ្នកបើកបរ​រថភ្លើង OSE លោក Kostas Genidounias និយាយថា រថភ្លើង​ទាំងពីរ​ខ្សែ​នេះ​ធ្វើដំណើរ​លើផ្លូវ​ដែក​តែមួយ និង​បុក​គ្នា​ដោយផ្ទាល់ ខណៈ​ក្រុមមន្ត្រី និង​ប៉ូលិស​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ។

    ប្រព័ន្ធ​ផ្លូវដែក​ដ៏​ចាស់​របស់​ក្រិ​ក​កំពុង​ត្រូវការ​ការជួសជុល​ឡើងវិញ។ កាលពី​ឆ្នាំ 1972 មាន​គ្រោះថ្នាក់​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ម្ដង​រួច​ហើយ ដោយ​វា​បាន​សម្លាប់​មនុស្ស​ចំនួន 19 នាក់​ ​បន្ទាប់ពី​រថភ្លើង​ពីរ​ខ្សែ​បុក​គ្នា​នៅក្បែរ Larissa៕

  • FBI និយាយថា វីរុស​បង្ក​ជំងឺ​កូ​វីដ-19 អាច​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ចិន

    FBI និយាយថា វីរុស​បង្ក​ជំងឺ​កូ​វីដ-19 អាច​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ចិន

    ប្រធាន FBI យល់ថា កូ​វីដ-19 អាចមាន​ប្រភពពី​ករណី​បែកធ្លាយ​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan ជាការ​ចោទប្រកាន់​ដែល​រដ្ឋាភិបាល​ចិន​ធ្លាប់បាន​ច្រានចោល​ជា​បន្តបន្ទាប់​នាពេល​កន្លង។

    «ការិយាល័យ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក (FBI) តាំងពី​យូរ​មកហើយ​បាន​វាយតម្លៃ​លើ​ប្រភព​របស់​កូ​វីដ-19 ថា អាច​បណ្ដាលមកពី​បញ្ហា​នៅក្នុង​បន្ទប់ពិសោធន៍​នៅ​ទីក្រុង Wuhan» ប្រធាន FBI លោក Christopher Wray និយាយ​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​ដែល​ត្រូវបាន​ផ្សាយ​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។ «នៅទីនេះ​យើង​កំពុងនិយាយ​ពី​ករណី​បែកធ្លាយ​មិនទាន់​ឃើញច្បាស់​នៅ​បន្ទប់ពិសោធន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន»។

    លោក Wray ក៏បាន​ចោទ​រដ្ឋាភិបាល​ចិន​ថា​បាន​ព្យាយាម «រារាំង និង​ធ្វើឱ្យមាន​ភាពច្របូកច្របល់» ចំពោះ​ការស៊ើបអង្កេត​របស់ FBI រួមទាំង​ស្ថាប័ន​រដ្ឋាភិបាល​អាម៉េរិក និង​ដៃគូ​សហការ​បរទេស លើ​ប្រភព​របស់​កូ​វីដ-19។

    ទាក់ទិន​នឹង​ការអះអាង​របស់​ប្រធាន FBI ភាគី​រដ្ឋាភិបាល​ចិន​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។

    នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន និង​សមាជិកសភា​កាលពីពេលថ្មីៗនេះ ក្រសួង​ថាមពល​អាម៉េរិក ដែលជា​អ្នកគ្រប់គ្រង​មូលដ្ឋាន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​នានា យល់ថា វីរុស nCoV អាច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ ប៉ុន្តែ​មិន​ទាក់ទង​នឹង​កម្មវិធី​អាវុធ។

    ការវាយតម្លៃ​របស់ FBI និង​ក្រសួង​ថាមពល ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​របាយការណ៍​សម្ងាត់ ហើយ​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន និង​សមាជិកសភា​កាលពីដើម​ឆ្នាំនេះ។ ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​ចំនួន 4 ផ្សេងទៀត រួម​នឹង​ក្រុម​ប្រឹក្សាជាតិ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាម៉េរិក នៅតែ​គាំទ្រ​សម្មតិកម្ម​ដែលថា វីរុស​ឆ្លង​ពី​សត្វ​មក​មនុស្ស បើទោះជា​មាន «ការជឿជាក់​ក្នុង​កម្រិត​ទាប»។

    ចំណែក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) វិញ មិនទាន់​វាយតម្លៃ​ចុងក្រោយ​អំពី​ប្រភព​របស់​កូ​វីដ-19 ប៉ុន្តែ​យល់ថា nCoV មិនមែនជា​ផ្នែក​មួយ​ក្នុង​កម្មវិធី​អាវុធ​ជីវសាស្ត្រ​របស់​ប្រទេស​ចិន។

    ក្រុមមន្ត្រី​ចិន​កន្លងមកនេះ​នៅតែ​ច្រានចោល​ការសន្និដ្ឋាន​ដែលថា កូ​វីដ-19 អាច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​របស់​ពួកគេ។ ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 ក៏បាន​ទាត់ចោល​ការអះអាង​រប​ស់​ក្រសួង​ថាមពល​អាម៉េរិក និង​បាន​ស្នើឱ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន «បញ្ឈប់​ការ​មួលបង្កាច់» និង «ការធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម​លើ​ប្រភព​កូ​វីដ-19»៕

  • TikTok របស់​ចិនជួប​គ្រោះ​ធំ! សេត​វិមាន​ចេញ​ឱសានវាទ​ស្ដីពី​ការ​លុប​បណ្ដាញ​សង្គម​នេះ​

    TikTok របស់​ចិនជួប​គ្រោះ​ធំ! សេត​វិមាន​ចេញ​ឱសានវាទ​ស្ដីពី​ការ​លុប​បណ្ដាញ​សង្គម​នេះ​

    សេត​វិមាន​បានចេញ​កាលបរិច្ឆេទ 30 ថ្ងៃ​ដើម្បីឱ្យ​ស្ថាប័នរដ្ឋ​ស្វែងរក និង​ធានាថា​មិនមាន​កម្មវិធី TikTok នៅលើ​ឧបករណ៍ និង​ប្រព័ន្ធ​នានា​របស់​រដ្ឋាភិបាល​ស​ហ​ព័ន្ធ។

    ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​ទិន្នន័យ​របស់​សហរដ្ឋ​អាម៉េរិក ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវតែ​លុប TikTok ចេញពី​ទូរស័ព្ទ និង​ប្រព័ន្ធ​នានា ទប់ស្កាត់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​តទៅ​កាន់​បណ្ដាញ​សង្គម​នេះ។ នេះ​បើតាម Shalanda Young ប្រធានការិយាល័យ​គ្រប់គ្រង និង​ថវិកា​របស់​សហរដ្ឋ​អាម៉េរិក (OMB) ឱ្យដឹង​កាលពី​ថ្ងៃទី 27 កុម្ភៈ។

    បទបញ្ជា​នេះ​មិន​អនុវត្ត​ចំពោះ​សកម្មភាព​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ ការអនុវត្ត​ច្បាប់ សន្តិសុខ​ជាតិ ប៉ុន្តែ​ត្រូវការ​ការអនុញ្ញាត​ពី​ប្រធាន​ស្ថាប័ន។ ចំណែក​ស្ថាប័ន​ដែល​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​អាម៉េរិក និង​ប្រជាជន​មិន​រង​ឥទ្ធិពល​ពីបទ​បញ្ជា​ថ្មី​នេះ​ទេ។

    ប្រធាន​អង្គភាព​ការពារ​ទិន្នន័យ​សហព័ន្ធ Chris DeRusha បាន​ថ្លែងថា បទបញ្ជា​នេះ «ស្ថិតក្នុង​ការសន្យា​រប​ស់​វ៉ា​ស៊ី​ង​តោន​ស្ដីពី​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ក៏ដូចជា​ឯកជន​ភាព សន្តិសុខសម្រាប់​ប្រជាពលរដ្ឋ​អាម៉េរិក»។

    ក្រុមហ៊ុន TikTok មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ចំពោះ​អនុស្សរណៈ​របស់ OMB។ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok កន្លងមក​ធ្លាប់បាន​បដិសេធ​ច្រើនដង​ចំពោះ​ការ​ចោទថា​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដើម្បី​តាមដាន​ពលរដ្ឋ​អាម៉េរិក និង​យល់ថា បណ្ដា​ព័ត៌មាន​មិន​ពិត​បណ្ដាលឱ្យមាន​ការព្រួយបារម្ភ​កើនឡើង។

    កាលពី​ខែធ្នូ 2022 សភា​អាម៉េរិក​បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការហាម​បុគ្គលិក​រដ្ឋ​ប្រើប្រាស់ TikTok នៅលើ​ឧបករណ៍​នានា​របស់​រដ្ឋាភិបាល។ ថ្ងៃនេះ គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក​នឹង​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​អនុញ្ញាតិ​ឱ្យ​ប្រធានាធិបតី បៃ​ដិ​ន មាន​សិទ្ធិ​ហាម TikTok នៅលើ​ឧបករណ៍​ទាំងអស់​នៅ​សហរដ្ឋ​អាម៉េរិក៕

  • មេដឹកនាំ​គាំទ្រ​រុស្ស៊ី​បំផុត​នៅ EU បារម្ភ​ពី​លទ្ធភាព​ដែល​អឺរ៉ុប​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន

    មេដឹកនាំ​គាំទ្រ​រុស្ស៊ី​បំផុត​នៅ EU បារម្ភ​ពី​លទ្ធភាព​ដែល​អឺរ៉ុប​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី Orban ឱ្យដឹងថា ហុង​គ្រី​ប្ដេជ្ញា​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី និង​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ប្រទេស​មួយចំនួន​នៅក្នុង​សហភាព​អឺរ៉ុប ដែល​អាច​នឹង​បញ្ជូន​ទ័ព​ទៅកាន់​សមរភូមិ។

    «អឺរ៉ុប​ទាំងមូល​កំពុង​ធ្លាក់​ជាបណ្ដើរៗទៅក្នុង​សង្គ្រាម នៅពេល​បណ្ដាល​ប្រទេស​របស់​សហភាព​អឺរ៉ុប (EU) កំពុង​បញ្ជូន​រថក្រោះ និង​ពិនិត្យ​លទ្ធភាព​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន» នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban ថ្លែង​នៅ​ចំពោះមុខ​សភា​កាលពី​ថ្ងៃទី 27 កុម្ភៈ​ដូច្នេះ។ លោក​បន្តថា បើសិន​ស្ថានការណ៍​នៅតែ​បន្ត​វិ​វត្ត​បែបនេះ នឹងមាន​ប្រទេស​ខ្លះ​ចង់​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែ​ន។

    លោក Orban អះអាងថា រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញាចិត្ត​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី និង​អំពាវនាវ​ដល់​សមាជិក​សភា ចូលរួម​គាំទ្រ​និន្នាការ​នេះ។

    «ពួកគេ​ចង់​អូស​ពួកយើង​ទៅក្នុង​សង្គ្រាម​នេះ…។ យើង​ត្រូវការ​បទបញ្ជា​ឈប់​បាញ់ និង​ការចរចា​រក​សន្តិភាព។ នេះ​គឺជា​មូលហេតុ​ដែល​ហុង​គ្រី​ប្ដេជ្ញា​អំពាវនាវ​រក​សន្តិភាព​នៅលើ​ឆាក​អន្តរជាតិ» លោក Orban បន្ថែម​ដូច្នេះ។

    លោក Orban ចង់ឱ្យ​ហុង​គ្រី​ឈរ​នៅក្រៅ​សង្គ្រាម និង​មិន​ផ្ដល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ហើយ​លោក​ក៏​សម្ដែង​ការគាំទ្រ​ចំពោះ​ផែនការ​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ស្នើឡើង​ដោយ​ប្រទេស​ចិន។

    កាលពី​ថ្ងៃទី 24 កុម្ភៈ ប្រទេស​ចិន​បានប្រកាស​ឯកសារ 12 ចំណុច​ស្ដីពី​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏បាន​អំពាវនាវ​ដល់​ភាគី​ជម្លោះ​ចូល​តុ​ចរចា​ឡើងវិញ។ រុស្ស៊ី​បាន​សាទរ​ចំពោះ​សំណើ​នេះ ខណៈដែល​អាម៉េរិក​យល់ថា ចិន​មិនមាន​អ​ព្យា​ក្រឹ​ត​ភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើជា​អ្នក​ផ្សះផ្សា។

    លោក Orban ត្រូវបាន​គេ​មើលឃើញថា​ជា​មេដឹកនាំ​ដែល​គាំទ្រ​រុស្ស៊ី​បំផុត​នៅក្នុង​ចំណោម​ប្រទេស​ចំនួន 27 ដែលជា​សមាជិក​របស់ EU។ កន្លងមក លោក Orban ធ្លាប់បាន​ប្រកាសថា សហភាព​អឺរ៉ុប​នឹង​បំផ្លាញ​ខ្លួនឯង​ព្រោះតែ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី៕

  • សហរដ្ឋ​អាម៉េរិក​ផ្ដល់ជំនួយ​បន្ថែម​ជាង 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ផ្ដល់ជំនួយ​បន្ថែម​ជាង 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក​ប្រកាសថា ប្រទេស​នេះ​ផ្ដល់​ថវិកា​ជាង 1.2 ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​ជួយ​ឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​អាច​បន្តធ្វើ​សកម្មភាព។

    «ជំនួយ​សេដ្ឋកិច្ច​ពី​យើង​កំពុង​ជួយ​ឱ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ស្ថាប័នសំខាន់ៗរក្សា​សកម្មភាព​នៅក្នុង​ស្ថានការណ៍​ពិសេស» រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen កាលពី​ថ្ងៃទី 27 កុម្ភៈ ប្រកាស​ដូច្នេះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋធានី​កៀវ។ ក្រៅពីនេះ ខ្ទង់​ជំនួយ​នេះ​ក៏​ជួយ​ឱ្យ​អ៊ុយ​ក្រែ​ន​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រដ្ឋការ គ្រូបង្រៀន និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ផងដែរ។

    លោកស្រី Yellen ឱ្យដឹងថា ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន​តម្លៃ 1.25 ពាន់​លាន​ដុល្លារ​នេះ គឺជា​ខ្ទង់​ដំបូង​ក្នុង​កញ្ចប់​ជំនួយ​តម្លៃ 10 ពាន់​លាន​ដុល្លារ​ដែល​អាម៉េរិក​នឹង​ផ្ដល់ឱ្យ​ទីក្រុង​កៀវ​នា​ប៉ុន្មាន​ខែ​ខាងមុខ។ សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ផ្ដល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​យោធា​ច្រើនជាងគេ​ដល់​អ៊ុយ​ក្រែ​ន នៅក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លង ដោយ​វា​បាន​ឡើងដល់​ជិត 50 ពាន់​លាន​ដុល្លារ។

    លោកស្រី Yellen បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក​នៅក្នុង​ឆ្នាំនេះ​នឹង​ផ្ដោតទៅលើ​ការទប់ស្កាត់​អំពើ​គេច​ទណ្ឌកម្ម​ពី​លោកខាងលិច​របស់​រុស្ស៊ី។

    អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន Emine Dzheppar កាលពី​ថ្ងៃទី 25 កុម្ភៈ 2023 បានឱ្យដឹងថា ប្រទេស​នេះ​បាន​ខាតបង់​សរុប​គិត​ជា​ទឹកប្រាក់​គឺ​ឡើង​ជិត​ដល់ 138 ពាន់​លាន​ដុល្លារ ក្នុងនោះ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​គឺ 35.6 ពាន់​លាន​ដុល្លារ និង​ផ្ទះសំបែង 54 ពាន់​លាន​ដុល្លារ​ ដោយសារ​សង្គ្រាម​បច្ចុប្បន្ន៕

  • សិង្ហ​បុរី​នឹងមាន​នាវាមុជទឹក​ទំនើប​ បំបាំងកាយ​ នៅ​ចុងឆ្នាំ 2023

    សិង្ហ​បុរី​នឹងមាន​នាវាមុជទឹក​ទំនើប​ បំបាំងកាយ​ នៅ​ចុងឆ្នាំ 2023

    ក្រសួងការពារជាតិ​សិង្ហ​បុរី ឱ្យដឹងថា នៅ​ចុង​ទសវត្សរ៍​នេះ នាវាមុជទឹក​ទាំង 4 គ្រឿង​ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​អាល្លឺម៉ង់ នឹងធ្វើ​សកម្មភាព​ក្នុង​តំបន់​សមុទ្រ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហ​បុរី លោក Ng Eng Hen បានឱ្យដឹងថា ចាប់ពីពេលនេះ​ដល់​ចុងឆ្នាំ 2023 ទ័ពជើងទឹក​សិង្ហ​បុរី (RSN) នឹង​ទទួលបាន​នាវាមុជទឹក​ដំបូង​ក្នុងចំណោម​នាវា​ថ្មី​ដែល​ត្រូវ​បានដាក់​បណ្ដែត​ទឹក​នៅ​ទីក្រុង Kiel (អាល្លឺម៉ង់) កាលពីពេលថ្មីៗនេះ។

    ក្នុង​ប្រកា​សកាល​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ លោក Ng Eng Hen ឱ្យដឹងថា «ចំពោះ​ទ័ពជើងទឹក យើង​បានដាក់​បណ្ដែត​ទឹក​នាវាមុជទឹក Invincible ទី​ពីរ និង​ទី​បី​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ Kiel។ ចុងឆ្នាំ​នេះ យើង​រំពឹងថា នាវាមុជទឹក​ដំបូង​នឹង​មកកាន់​មូលដ្ឋាន។ នៅ​ចុង​ទសវត្សរ៍​នេះ នាវាមុជទឹក​ទាំង 4 គ្រឿង​ដែល​បាន​បញ្ជា​ទិញ​ពី​អាល្លឺម៉ង់ នឹងធ្វើ​សកម្មភាព​ក្នុង​តំបន់​សមុទ្រ​របស់​ប្រទេស​សិង្ហ​បុរី»។

    យោងតាម​លោក Ng Eng Hen នាវាមុជទឹក​ប៉ុន្មាន​គ្រឿង​ខាងលើ​ត្រូវបាន​បំពាក់​មុខងារ​មួយចំនួន​ដែល​ជួយ​ឱ្យ​ពួកវា​បំបាំងកាយ​បានល្អ រហ័សរហួន និង​មុជទឹក​បានយូរ​ជាង​មុន។

    កាលពី​ចុងឆ្នាំ 2022 សិង្ហ​បុរី​បានដាក់​បណ្ដែត​ទឹក​នាវាមុជទឹក​ចំនួន 2 គ្រឿង​នៅ Kiel។ នាវា​ទាំងនេះ​គឺជា​ប្រភេទ​អគ្គិសនី-ម៉ា​ស៊ូ​ត ថ្នាក់ 218SG និង​មាន​ឈ្មោះថា RSN Impeccable និង RSN Illustrious។

    កិច្ចសន្យា​ទិញដូរ​រវាង​អាល្លឺម៉ង់ និង​សិង្ហ​បុរី រួមមាន​នាវាមុជទឹក​ចំនួន 4 គ្រឿង​ដែល​អាចធ្វើ​សកម្មភាព​បាន​យ៉ាង​សមស្រប​នៅ​តំបន់​សមុទ្រ​របស់​សិង្ហ​បុរី។ ក្រុមហ៊ុន​ឧ​ស្សហកម្ម​អាល្លឺម៉ង់ ThyssenKrupp Marine Systems (tkMS) គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សាងសង់​នាវាមុជទឹក​នៅក្នុង​កិច្ចសន្យា​ជាមួយ​សិង្ហ​បុរី៕

  • អ៊ុយ​ក្រែ​ន​ប្រកាសថា កំពុង​ត្រៀមខ្លួន «រំដោះ» ឧបទ្វីប​គ្រី​មៀ (Crimea)

    អ៊ុយ​ក្រែ​ន​ប្រកាសថា កំពុង​ត្រៀមខ្លួន «រំដោះ» ឧបទ្វីប​គ្រី​មៀ (Crimea)

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹងថា អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​អាវុធ បង្កើត​កងពលតូច​មួយ​ចំនួន​ដើម្បី​រំដោះ​គ្រី​មៀ ជា​ឧបទ្វីប​ដែល​ត្រូវបាន​រុស្ស៊ី​រឹបអូស​កាលពី​ឆ្នាំ 2014។

    «យើង​កំពុង​ត្រៀម​សម្រាប់​ជំហាន​នានា​ក្នុង​ផ្នែក​កងទ័ព ក៏ដូចជា​បាន​ត្រៀម​ស្មារតី​រួចហើយ។ អំពី​បច្ចេកទេស យើង​កំពុង​ត្រៀម​អាវុធ ស្ដារ​កម្លាំង​ទ័ព បង្កើត​កងពលតូច​វា​យ​ប្រហារ​សម្រាប់​គោលដៅផ្សេងៗគ្នា» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី 24 កុម្ភៈ 2023 នៅពេល​ត្រូវបាន​សួរ​អំពី «ការរំដោះ​គ្រី​មៀ​ក្នុងឆ្នាំនេះ»។

    លោក​ក៏បាន​ឱ្យដឹងថា អ៊ុយ​ក្រែ​ន​បាន​បញ្ជូនទាហាន​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​បរទេស។ លោក​បន្តថា «ក្រោយមក​នឹង​មាន​​ជំហាន​សមស្រប​ដើម្បី​ដណ្ដើម​ទឹកដី​មកវិញ»។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មិនបាន​និយាយ​ច្បាស់​អំពី​ជំហាននីមួយៗ ក៏ដូចជា​ពេលវេលា​នៃ​ការបើក​យុទ្ធនា​ការរំដោះ​គ្រី​មៀ​នោះទេ។ លោក​ថា «បើសិន​គ្រាន់តែ​សម្ដែង​ពី​អារម្មណ៍ ការចង់បាន និង​សម្ដី​ គឺ​មិន​គ្រប់គ្រាន់ យើង​ត្រូវតែ​ធ្វើ​សកម្មភាព។ គ្រប់យ៉ាង​ស្ថិតនៅលើ​យើង»។

    លោក ហ្សេ​ឡែ​ន​ស្គី ថ្លែងថា បើសិន​មិនមាន​អាវុធ​គ្រប់គ្រាន់ អ៊ុយ​ក្រែ​ន​អាច​នឹង​ចាញ់ ប៉ុន្តែ​សាមគ្គីភាព​នៅតែ​ជា «កត្តា​សំខាន់បំផុត​ដើម្បី​ដណ្ដើមបាន​ជ័យជម្នះ»។

    រុស្ស៊ី​បានដាក់​បញ្ចូល​ឧបទ្វីប​គ្រី​មៀ​​របស់​អ៊ុយក្រែន​ ទៅក្នុង​ទឹក​ដី​​​ខ្លួន​កាលពី​ឆ្នាំ 2014។ រុស្ស៊ី​បាន​និយាយថា លទ្ធផល​នៃ​ការធ្វើប្រជាមតិ​បង្ហាញថា ពលរដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ​គ្រី​មៀ មានបំណង​ក្លាយជា​ផ្នែក​មួយ​របស់​រុស្ស៊ី ប៉ុន្តែ អ៊ុយ​ក្រែ​ន និង​បណ្ដា​ប្រទេស​បស្ចិម​លោក​ចាត់ទុកថា នេះ​គឺជា​ទង្វើ​ខុសច្បាប់៕

  • សារព័ត៌មាន​អាម៉េរិក​ថា «ចិន​មានបំណង​ផ្គត់ផ្គង់​​កាំភ្លើង​ធំ និង UAV ដល់​រុស្ស៊ី»

    សារព័ត៌មាន​អាម៉េរិក​ថា «ចិន​មានបំណង​ផ្គត់ផ្គង់​​កាំភ្លើង​ធំ និង UAV ដល់​រុស្ស៊ី»

    មន្ត្រី​សហរដ្ឋ​អាម៉េរិក​បានឱ្យដឹងថា ចិន​កំពុង​ពិចារណា​លើ​ការបញ្ជូន​កាំភ្លើង​ធំ និង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ទៅឱ្យ​រុស្ស៊ី បើទោះជា​បាន​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​សន្តិវិធី​សម្រាប់​អ៊ុយ​ក្រែ​ន នេះ​បើតាម Wall Street Journal (WSJ)។

    សារព័ត៌មាន WSJ កាលពី​ថ្ងៃទី 24 កុម្ភៈ បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​អាម៉េរិក​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា បើ​ចិន​សម្រេចចិត្ត​ផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​រុស្ស៊ី ក្នុងចំណោម​អាវុធ​ទាំងនោះ​នឹងមាន​ទាំង​កាំភ្លើង​ធំ និង​យន្តហោះ UAV ដើម្បី​ជួយ​ដល់ទី​ក្រុង​មូ​ស្គូ ទប់ស្កាត់​ការ​វាយបក​របស់​ទីក្រុង​កៀវ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​រដូវក្ដៅ​នេះ។

    មន្ត្រី​អាម៉េរិក​ខាងលើ​និយាយថា ប្រទេស​ចិន បច្ចុប្បន្ន​មិនទាន់មាន​ការបញ្ជូន​អាវុធ​ទៅឱ្យ​រុស្ស៊ី​នៅឡើយ ប៉ុន្តែ​បើសិន​ទីក្រុង​ប៉េកាំង​ផ្ដល់​អាវុធ​ទៅឱ្យ​មូ​ស្គូ នោះ​អាច​រុញច្រាន​ទំនាក់ទំនង​រវាង​ចិន និង​លោកខាងលិច​កាន់តែ​តានតឹង​ថែម​មួយកម្រិត​ទៀត និង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ក៏ដូចជា​ធ្វើឱ្យ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​រង​ផលវិបាកធ្ងន់​ធ្ងរ​​កាន់តែខ្លាំង។

    ទាក់ទង​នឹង​ការអះអាង​របស់​មន្ត្រី​អាម៉េរិក​ដែល​ត្រូវបាន​សារព័ត៌មាន WSJ លើកឡើង​ខាងលើ ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។

     

  • វីដេអូ​ស្ដីពី​ហេតុការណ៍​បាក់​អណ្ដូងរ៉ែ​នៅ​ប្រទេស​ចិន​ដែលបណ្ដាល​ឱ្យ​មនុស្ស​ 47 បាត់​ខ្លួន

    វីដេអូ​ស្ដីពី​ហេតុការណ៍​បាក់​អណ្ដូងរ៉ែ​នៅ​ប្រទេស​ចិន​ដែលបណ្ដាល​ឱ្យ​មនុស្ស​ 47 បាត់​ខ្លួន

    ករណី​បាក់​អណ្ដូងរ៉ែ​នៅ​ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) របស់​ប្រទេស​ចិន បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 6 នាក់ ខណៈ 6 នាក់​ទៀត​រងរបួស និង 47 នាក់​បាន​បាត់​ខ្លួន។

    អណ្ដូងរ៉ែ​នៅ​តំបន់ Alxa ជា​ទឹកដី​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង​ បាន​បាក់ស្រុត​កាលពី​ល្ងាច​ថ្ងៃទី 22 កុម្ភៈ 2023។ វីដេអូ​ដែល​ត្រូវបាន​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​បង្ហាញថា ជញ្ជាំង​ដី និង​ថ្ម​ដ៏​ធំ​មួយ​បាក់​ស្រុតចុះ​តាម​ជម្រាល ជាទី​ដែល​យានយន្ត​ទាញយក​រ៉ែ​កំពុង​ផ្លាស់​ទី។

    ក្រុមមន្ត្រី​ក្នុង​តំបន់ កាលពី​ថ្ងៃទី 23 កុម្ភៈ​បានប្រកាសថា បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ចំនួន 6 នាក់ និង​អ្នករងរបួស​ចំនួន 6 នាក់​បន្ទាប់​ពី​មាន​​ហេតុការណ៍​បាក់​អណ្ដូងរ៉ែ​។ បុគ្គលិក​សង្គ្រោះ​ប្រហែល 1,600 នាក់​កំពុង​ស្វែងរក​អ្នក​ដែល​កំពុង​​បាត់​ខ្លួន។

    មូលហេតុ​នៃ​ការបាក់​អណ្ដូងរ៉ែ​នេះ​ត្រូវបាន​គេ​ជឿថា អាច​បណ្ដាលមកពី​កង្វះ​នៃ​ការបណ្ដុះបណ្ដាល​ស្ដីពី​សុវត្ថិភាព​ក្នុង​ការដ្ឋាន។ ក្រុមហ៊ុន​គ្រប់គ្រង​អណ្ដូងរ៉ែ​ខាងលើ កាលពី​ឆ្នាំ​កន្លង​ក៏ត្រូវ​បាន​អាជ្ញាធរ​ចិន​ពិន័យ​ជាច្រើន​ករណី ក្នុងនោះ​មាន​ទាំង​បញ្ហា​គ្រប់គ្រង​ផ្លូវ​គ្រោះថ្នាក់​ ឃ្លាំង​ផ្ទុក​វត្ថុ​ធាតុ​ងាយ​បង្ក​គ្រោះថ្នាក់ ការ​មិន​ធានា និង​ខ្វះ​ការបណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព​ការងារជា​ដើម។

    តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​ខាងក្នុង​គឺជា​ដែនដី​រុករក​រ៉ែ​សំខាន់ ក្នុងនោះ​មាន​ធ្យូងថ្ម ដី​កម្រ និង​រ៉ែផ្សេងៗជាច្រើន​ទៀត​របស់​ប្រទេស​ចិន។ ប្រទេស​នេះ​កំពុងតែ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ចំនួន​ករណី​គ្រោះថ្នាក់​ស្លាប់​មនុស្ស​នៅតាម​ការដ្ឋាន​អណ្ដូងរ៉ែ ដោយ​ការយកចិត្តទុកដាក់​ទៅលើ​ការធានា​សុវត្ថិភាព​ការងារ ក៏ដូចជា​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​របស់​បណ្ដា​អណ្ដូងរ៉ែ​ដែលមាន​ទំហំ​តូច និង​ខ្វះ​ឧបករណ៍​ចាំបាច់៕