TikTok របស់​ចិនជួប​គ្រោះ​ធំ! សេត​វិមាន​ចេញ​ឱសានវាទ​ស្ដីពី​ការ​លុប​បណ្ដាញ​សង្គម​នេះ​

សេត​វិមាន​បានចេញ​កាលបរិច្ឆេទ 30 ថ្ងៃ​ដើម្បីឱ្យ​ស្ថាប័នរដ្ឋ​ស្វែងរក និង​ធានាថា​មិនមាន​កម្មវិធី TikTok នៅលើ​ឧបករណ៍ និង​ប្រព័ន្ធ​នានា​របស់​រដ្ឋាភិបាល​ស​ហ​ព័ន្ធ។

ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​ទិន្នន័យ​របស់​សហរដ្ឋ​អាម៉េរិក ស្ថាប័នរដ្ឋ​ទាំងអស់​ត្រូវតែ​លុប TikTok ចេញពី​ទូរស័ព្ទ និង​ប្រព័ន្ធ​នានា ទប់ស្កាត់​បណ្ដាញ​អ៊ី​ន​ធើ​ណិ​តទៅ​កាន់​បណ្ដាញ​សង្គម​នេះ។ នេះ​បើតាម Shalanda Young ប្រធានការិយាល័យ​គ្រប់គ្រង និង​ថវិកា​របស់​សហរដ្ឋ​អាម៉េរិក (OMB) ឱ្យដឹង​កាលពី​ថ្ងៃទី 27 កុម្ភៈ។

បទបញ្ជា​នេះ​មិន​អនុវត្ត​ចំពោះ​សកម្មភាព​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ ការអនុវត្ត​ច្បាប់ សន្តិសុខ​ជាតិ ប៉ុន្តែ​ត្រូវការ​ការអនុញ្ញាត​ពី​ប្រធាន​ស្ថាប័ន។ ចំណែក​ស្ថាប័ន​ដែល​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​អាម៉េរិក និង​ប្រជាជន​មិន​រង​ឥទ្ធិពល​ពីបទ​បញ្ជា​ថ្មី​នេះ​ទេ។

ប្រធាន​អង្គភាព​ការពារ​ទិន្នន័យ​សហព័ន្ធ Chris DeRusha បាន​ថ្លែងថា បទបញ្ជា​នេះ «ស្ថិតក្នុង​ការសន្យា​រប​ស់​វ៉ា​ស៊ី​ង​តោន​ស្ដីពី​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ក៏ដូចជា​ឯកជន​ភាព សន្តិសុខសម្រាប់​ប្រជាពលរដ្ឋ​អាម៉េរិក»។

ក្រុមហ៊ុន TikTok មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ចំពោះ​អនុស្សរណៈ​របស់ OMB។ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok កន្លងមក​ធ្លាប់បាន​បដិសេធ​ច្រើនដង​ចំពោះ​ការ​ចោទថា​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ដើម្បី​តាមដាន​ពលរដ្ឋ​អាម៉េរិក និង​យល់ថា បណ្ដា​ព័ត៌មាន​មិន​ពិត​បណ្ដាលឱ្យមាន​ការព្រួយបារម្ភ​កើនឡើង។

កាលពី​ខែធ្នូ 2022 សភា​អាម៉េរិក​បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការហាម​បុគ្គលិក​រដ្ឋ​ប្រើប្រាស់ TikTok នៅលើ​ឧបករណ៍​នានា​របស់​រដ្ឋាភិបាល។ ថ្ងៃនេះ គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​ជាន់​ទាប​អាម៉េរិក​នឹង​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​មួយ​ដែល​អនុញ្ញាតិ​ឱ្យ​ប្រធានាធិបតី បៃ​ដិ​ន មាន​សិទ្ធិ​ហាម TikTok នៅលើ​ឧបករណ៍​ទាំងអស់​នៅ​សហរដ្ឋ​អាម៉េរិក៕

Advertisement