Category: អន្តរជាតិ

  • យន្តហោះ​ចម្បាំង​របស់ ប៊ុលហ្គារី បាត់​ខ្លួន ក្នុង​ពេលធ្វើ​សមយុទ្ធ​រួមជាមួយ​អាមេរិក

    យន្តហោះ​ចម្បាំង​របស់ ប៊ុលហ្គារី បាត់​ខ្លួន ក្នុង​ពេលធ្វើ​សមយុទ្ធ​រួមជាមួយ​អាមេរិក

    យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​កងទ័ព​អាកាស​នៃ​ប្រទេស​ប៊ុលហ្គារី បាន​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា ពេល​កំពុង​ហោះ​ហើរ​ក្នុង​លំ​ហាត់​សមយុទ្ធ​លើ​ដែនសមុទ្រ​របស់​ប្រទេស​នេះ នា​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021។

    ស្ថានីយទូរទស្សន៍​ជាតិ​ប៊ុលហ្គារី (BNT) ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​នេះ ឱ្យដឹងថា យន្ត​ហោះ MiG-29 បាន​បាត់​ខ្លួន​នៅវេលា​ម៉ោង 00៖45នាទី នៃ​ថ្ងៃទី9 ខែមិថុនា (ម៉ោង​ក្នុងស្រុក) នៅក្នុង​ក្របខណ្ឌ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដែលមាន​ឈ្មោះថា «Shabla 21» ជាមួយនឹង​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក នៅ​សមុទ្រ​ខ្មៅ។

    BNT រាយការណ៍​ថា ក្រុមមន្ត្រី នៃ​ប្រទេស​ប៊ុលហ្គារី ភ្លាមនោះ​ក៏បាន​ចាប់ផ្ដើម​យុទ្ធនាការ​ស្វែងរក និង​សង្គ្រោះ។ ការស្វែងរក​អ្នកបើកបរ និង​យន្តហោះ នៅតែ​ត្រូវបាន​ធ្វើឡើង។ សកម្មភាព​ស្វែងរក​នេះ មានការ​ចូលរួម​រប​ស់​កងកម្លាំង​ជាច្រើន​ប្រភេទ រួមមាន​ទាំង​ទ័ពអាកាស ទ័ពជើងទឹក និង​ប៉ូលិស​ការពារ​ព្រំដែន​ផងដែរ។

    យោងតាម​ការប្រកាស​នៅលើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ ប៊ូល​ហ្គា​រី សមយុទ្ធ «Shabla 21» បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី7 ខែមិថុនា ហើយ​បើតាម​ផែនការ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី11 ខែមិថុនា។ ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​ទាហាន​ជាង 2,000នាក់ មកពី​កងទ័ព​ប៊ុលហ្គារី និង​សហរដ្ឋអាមេរិក៕

    ប្រភព៖ Xinhuanet
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 729​នាក់​និង​អ្នកស្លាប់​ថ្មី​ចំនួន 11​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី8​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 36,240​​នាក់ ក្នុងនោះ​មាន 289​នាក់​បាន​បាត់​បង់ជីវិត,

    29,047​នាក់​បានជា និង​ 6,584​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។
    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 174,749,068​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 158,157,982​នាក់​បានជា, 3,762,883​នាក់​បាន​ស្លាប់ និង 12,828,203​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • COVID-19 បំប្លែង​ខ្លួន​ B.1.617.2 ពី ឥណ្ឌា កំពុង​រាតត្បាត​ សិង្ហ​បុរី

    COVID-19 បំប្លែង​ខ្លួន​ B.1.617.2 ពី ឥណ្ឌា កំពុង​រាតត្បាត​ សិង្ហ​បុរី

    ការកំណត់​ទិន្នន័យ​ហ្ស៊ែ​ន ឬ​ឌី​អិន​អេ (DNA) របស់​វីរុស​Covid-19 (genomic sequencing) បាន​បង្ហាញថា វីរុស​បំប្លែង​ខ្លួន​ឈ្មោះ Delta ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា កំពុង​បង្ហាញ​វត្តមាន​ភាគច្រើន​នៅក្នុង​ចំណោម​ករណី​ឆ្លង Covid-19 នៅ សិង្ហ​បុរី ដែល​នេះ​គឺជា​ភ័ស្ដុតាង​បញ្ជាក់​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​របស់​វីរុស​ក្លាយ​ពូជ​ថ្មី។

    អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី កាលពី​ម្សិលមិញ បានឱ្យដឹងថា នៅក្នុង​ចំណោម​ករណី​វិជ្ជមាន​នឹង Covid-19 នៅ​ប្រទេស​នេះ មាន 449ករណី​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​បំប្លែង​ខ្លួន​ដ៏​គួរឱ្យ​ព្រួយបារម្ភ ក្នុងនោះ​មាន 428នាក់ ឆ្លង​វីរុស​បំប្លែង​ខ្លួន Delta ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា។ សិង្ហ​បុរី បច្ចុប្បន្ន បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 62,219ករណី ក្នុងនោះ​មាន 34នាក់​បាន​ស្លាប់។ សិង្ហ​បុរី គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច ដែល​ធ្វើ​ការកំណត់​ហ្ស៊ែ​ន លើ​ករណី​វិជ្ជមាន​នឹង Covid-19 ទាំងអស់​ដែល​បាន​រកឃើញ។

    អ្នកនាំពាក្យ​ខាងលើ ឱ្យដឹងថា យោងតាម​ការវិភាគ​បច្ចុប្បន្ន វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយចំនួន​របស់ Covid-19 ក្នុងនោះ​មាន​ទាំង Delta ផងដែរ គឺ «ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់»។

    វីរុស​Covid-19 ប្រភេទ Delta ឬ​ហៅថា B.1.617.2 ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ជាង 60 ក្នុង​រយៈពេល 6ខែ​កន្លងទៅនេះ ចាប់តាំងពី​វា​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ2020។ B.1.617.2 គឺជា​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ចេញពី​ប្រភេទ B.1.617។ B.1.617 មាន​វ៉ា​រ្យ៉​ងរ​ង​ចំនួន 3ប្រភេទ​គឺ B.1.617.1, B.1.617.2 និង B.1.617.3។ WHO បាន​ចាត់​វីរុស​បំប្លែង​ខ្លួន​ប្រភេទ B.1.617 នេះ ទៅក្នុង​ក្រុម «បំប្លែង​ខ្លួន ដែល​គួរ​យកចិត្តទុកដាក់» ព្រោះថា ពួកវា​បង្កឱ្យមាន​ការ​ឆ្លង​រាលដាល​លឿន ឬ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​អ្នក​ដែល​បាន​ឆ្លង​វីរុស​ប្រភេទ​នេះ។ Covid-19 បំប្លែង​ខ្លួន​ប្រភេទ B.1.617 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា គឺជា​វីរុស​ក្លាយ​ពូជ​ថ្មី ដែល​បំប្លែង​ខ្លួន​ចេញពី Covid-19 ប្រភេទ B.1.1.7 របស់ អង់គ្លេស។

    សិង្ហ​បុរី បាន និង​កំពុង​ប្រតិកម្ម​ខ្លាំងក្លា​ទៅនឹង​ការរកឃើញ​ខាងលើ ដោយបាន​ហាម​អ្នកដំណើរ​ពី​ប្រទេស​ឥណ្ឌា កាលពី​ខែមេសា ទន្ទឹមនឹង​ការដាក់​បម្រាម​គោចរ​មួយចំនួន​ដែល​កំណត់ដោយ​រដ្ឋាភិបាល។ ពលរដ្ឋ​សិង្ហ​បុរី ក៏​ត្រូវបាន​កាត់បន្ថយ​​ការ​ជួប​ជុំ បិទទ្វារ​សាលារៀន និង​ហាម​ការ​ទទួលទាន​អាហារ​នៅក្នុង​កន្លែង​បិទ​ជិត​ផងដែរ ដើម្បី​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ៕

    ប្រភព​៖ Reuters, Newscientist
    ប្រែសម្រួល​៖ បុត្រា

  • ចិន ថា «ការពារ​អធិបតេយ្យភាព លើ កោះ​តៃវ៉ាន់ ដោយ​គ្រប់​មធ្យោបាយ» ក្រោយ​តំណាងរាស្ត្រ​អាមេរិក ជិះ​យន្ត​ហោះ​យោធា​ ទៅ​​ជួប​មេដឹកនាំ​តៃវ៉ាន់

    ចិន ថា «ការពារ​អធិបតេយ្យភាព លើ កោះ​តៃវ៉ាន់ ដោយ​គ្រប់​មធ្យោបាយ» ក្រោយ​តំណាងរាស្ត្រ​អាមេរិក ជិះ​យន្ត​ហោះ​យោធា​ ទៅ​​ជួប​មេដឹកនាំ​តៃវ៉ាន់

    ក្រសួងការពារជាតិ​ចិន ប្រកាសថា នឹង​ការពារ​អធិបតេយ្យភាព​លើ កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រតិភូ​សហរដ្ឋអាមេរិក បានធ្វើ​ទស្សនកិច្ច​ខ្លី​មកកាន់​កោះ​នេះ ដោយ​ជិះ​យន្តហោះ​របស់​កងទ័ព។

    «កងទ័ព​រំដោះប្រជាជន​ចិន (PLA) នឹង​ឆ្លើយតប ដោយ​ការប្ដេជ្ញាចិត្ត ការពារ​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី ដោយ​ប្រើ​គ្រប់​មធ្យ​បាយ​ទាំងអស់ បើសិន​ជាមាន​គេ​មក​បំបែក តៃវ៉ាន់ ចេញពី​ប្រទេស​ចិន» អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Wu Qian បានឱ្យដឹង​កាលពី​ម្សិលមិញ។

    ការអធិប្បាយ​ខាងលើ ត្រូវបាន​លើកឡើង បន្ទាប់ពី​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា C-17 នៃ​កងទ័ពអាកាស​របស់ សហរដ្ឋ​អាមេរិក បាន​ដឹក​ប្រតិភូ ដែល​រួមមាន តំណាងរាស្ត្រ 3រូប​នៃ​សភា​ជាន់ខ្ពស់ ចុះចត​លើ​ទីក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ និង​ឈប់​នៅទីនេះ​រយៈពេល 3ម៉ោង កាលពី​ថ្ងៃទី6 ខែមិថុនា។ ប្រតិភូ​អាមេរិក​នេះ បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់ លោក Tsai Ing-wen និង​បាន​សន្យាថា ផ្ដល់​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 750,000ដូ​ស ដល់​កោះ​នេះ​ផងដែរ។

    លោក Wu Qian

    លោក Wu Qian ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់​តំណាងរាស្ត្រ​អាមេរិក បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏ដូចជា​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ អ្នកនាំពាក្យ​រូបនេះ បាន​ហៅ​សកម្មភាព​ខាងលើនេះ​ថា​ជា ឥរិយាបថ «មិន​ប្រកបដោយ​ការទទួលខុសត្រូវ»។ លោក Wu Qian បន្ថែមថា គណៈ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (Democratic Progressive Party) ដែល​កំពុងកាន់​អំណាច​នៅ តៃវ៉ាន់ កំពុង «ប្រលែង​លេង​ជាមួយ​ភ្លើង» ហើយ​ថា ប្រាកដជា​ទទួល​បរាជ័យ។

    កន្លងមក អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ចិន Zhao Lijian ក៏បាន​និយាយថា សហរដ្ឋអាមេរិក មិនគួរ​បញ្ជូន​សារ​ខុសឆ្គង ដល់​កម្លាំង​គាំទ្រ​ឯករាជ្យ​នៅ​តៃវ៉ាន់  ហើយ​ទន្ទឹមនឹងនេះ គួរតែ​បញ្ចប់​រាល់​សកម្មភាព​ផ្លូវការ​ជាមួយ​កោះ​នេះ។

    ប្រទេស​ចិន ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា នឹង​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​បង្រួបបង្រួម បើសិន​ចាំបាច់។ ចំណែក សហរដ្ឋអាមេរិក វិញ បើទោះជា ទទួលស្គាល់​ប្រទេស​ចិន​តែមួយ ប៉ុន្តែ អាមេរិក នៅតែ​សន្យា​ជួយ​ដល់​កោះ​តៃវ៉ាន់ ក្នុងការ​រក្សា​សិទ្ធិ​ការពារ​ខ្លួន ដោយយោង​ទៅតាម​សន្ធិសញ្ញា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ឆ្នាំ1979 និង​តែង​ផ្គត់ផ្គង់​អាវុធ​ដល់​កោះ​នេះ​ជា​ញឹកញាប់។

    ប្រតិភូ​របស់​ សហរដ្ឋ​អាមេរិក​ និង​ក្រុម​មន្ត្រី​កោះ​តៃវ៉ាន់​ នៅ​ព្រលាន​យន្ត​ហោះ​ Songshan នៃ​កោះ​តៃវ៉ាន់

    ភាព​តានតឹង​អាច​នឹង​កាន់តែ​អាក្រក់​ជាង​នេះ នៅពេល​ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក-តៃវ៉ាន់ Rupert Hammond-Chambers បានឱ្យដឹងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន ជិត​អនុម័ត​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ថ្មី​មួយចំនួន ឱ្យ​កោះ​តៃវ៉ាន់។ នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា សកម្មភាព​ប្រឈម​នឹង «បន្ទាត់​ក្រហម» របស់​ប្រទេស​ចិន ហើយ​អាច​នាំឱ្យ «មហា​យក្ស» អាស៊ី​មួយ​នេះ ប្រតិកម្ម​ខ្លាំងក្លា​ជាង​មុន ចំពោះ​បញ្ហា​កោះ​តៃវ៉ាន់៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ Antonio Guterres ជាប់ឆ្នោត​អាណត្តិ​ទី​ពីរ

    អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ Antonio Guterres ជាប់ឆ្នោត​អាណត្តិ​ទី​ពីរ

    នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី8 ខែមិថុនា នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ជាប់ឆ្នោត​អាណត្តិ​ទី​ពីរ ជា​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ។

    បុគ្គល​ប្រមាណ​ជា 10រូប​ផ្សេងទៀត ក៏មាន​បំណង​ប្រជែង​ឆ្នោត​សម្រាប់​តំណែង​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ (UN) នេះដែរ ប៉ុន្តែ សុទ្ធតែ​មិនបាន​ក្លាយជា​បេក្ខភាព​ផ្លូវការ ព្រោះថា មិន​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ណាមួយ ក្នុងចំណោម​សមាជិក​ចំនួន 193ប្រទេស នៃ​អង្គការ​នេះ។ ដូច្នេះ នៅក្នុង​ការបោះឆ្នោត​ខាងលើ អតីត​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល វ័យ 72ឆ្នាំ លោក Antonio Guterres ពុំមាន​គូប្រជែង​នោះទេ។ លោក Antonio Guterres បាន​កាន់តំណែង​នេះ តាំងពី​ឆ្នាំ2017។ អាណត្តិ 5ឆ្នាំ​លើក​ទី​ពីរ​របស់លោក Antonio Guterres នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី1 ខែមករា ឆ្នាំ2022។

    នៅក្នុង​អាណត្តិ​ដំបូង​របស់ខ្លួន លោក Antonio Guterres ត្រូវ​ផ្ដោតទៅលើ​ការកាត់បន្ថយ​ហានិភ័យ នៃ​ការខូចខាត​ដែល​កើតឡើង​ដោយសារ​គោលនយោបាយ​ការបរទេស​ឯកតោភាគី បញ្ហា​ជាតិនិយម​ជ្រុល របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​កាលណោះ​គឺ​លោក Donald Trump ជា​បុគ្គល​ដែល​តែង​ដាក់​ជា​សំណួរ​ស្ដីពី​តម្លៃ​របស់​អង្គការសហប្រជាជាតិ និង​ពហុភាគី​និយម។

    សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែល​ផ្ដល់​វិភាគទាន​ច្រើនជាងគេ​ដល់​អង្គការសហប្រជាជាតិ ពោលគឺ​ប្រហាក់ប្រហែល​នឹង 22% នៃ​ថវិកា​សរុប​ប្រចាំឆ្នាំ និង ¼ នៃ​ថវិកា​សរុប​សម្រាប់​កម្លាំង​រក្សា​សន្តិភាព។ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បានចាប់ផ្ដើម​បំពេញ​ខ្ទង់​វិភាគទាន​ខាងលើ ដែល​ត្រូវបាន​លោក Trump កាត់បន្ថយ​សម្រាប់​ស្ថាប័ន​ខ្លះ​នៃ​​អង្គ​ការ​សហប្រជាជាតិ ទន្ទឹមនឹង​ការសន្យា​ជាថ្មី ចំពោះ​អង្គការ​ពិភពលោក​មួយ​នេះ៕

    ប្រភព​៖ NY Times
    ប្រែសម្រួល​៖ បុត្រា

  • យន្តហោះយោធា ដឹកតំណាងរាស្ត្រ សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ ៖ ពលរដ្ឋចិនខឹងខ្លាំង ខណៈក្រុង​ប៉េកាំង​ ​ប្រតិកម្មដោយប្រុងប្រយ័ត្ន

    យន្តហោះយោធា ដឹកតំណាងរាស្ត្រ សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ ៖ ពលរដ្ឋចិនខឹងខ្លាំង ខណៈក្រុង​ប៉េកាំង​ ​ប្រតិកម្មដោយប្រុងប្រយ័ត្ន

    ប្រជាជន​ចិន បាននាំគ្នា​រិះគន់ និង​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន​ ​រក្សា​ជំហរ​ស្ដីពី «បន្ទាត់​ក្រហម» នៅពេល​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា C-17 ដែល​បាន​ដឹក​ប្រតិភូ​សហរដ្ឋអាមេរិក ចុះចត​លើ​កោះ​តៃវ៉ាន់។

    យន្តហោះ​ដឹកជញ្ជូន C-17 របស់​ទ័ពអាកាស អាមេរិក ដឹក​ប្រតិភូ​មួយក្រុម ដែលមាន​តំណាងរាស្ត្រ​ចំនួន 3រូប មកពី​សភា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក បាន​ចុះចត​នៅឯ​ទីក្រុង តៃប៉ិ នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី6 ខែមិថុនា ហើយ​បាន​ឈប់​នៅទីនេះ​អស់​រយៈពេល 3ម៉ោង។

    តំណាងរាស្ត្រ​អាមេរិក ទាំងនេះ រួមមាន Tammy Duckworth, Chris Coons និង Dan Sulliva បាន​ជួបពិភាក្សា​​ជា​មួយ​នឹង​​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen ព្រមទាំង​បាន​សន្យា​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 750,000ដូ​ស ដល់​កោះ​នេះ​ផងដែរ។

    សារព័ត៌មាន​តៃវ៉ាន់ រាយការណ៍​ថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា C-17 ចុះចត​លើ​កោះ​នេះ រាប់​ចាប់ពី​ឆ្នាំ1995។ ប៉ុន្តែ ភាគី​ចិនដីគោក បញ្ចេញ​ប្រតិកម្ម​ដោយ​ការប្រុងប្រយ័ត្ន។

    សារព័ត៌មាន​ចិន រួមមាន Xinhua ជាដើម មិនបាន​រាយការណ៍​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សហរដ្ឋអាមេរិក នេះ​ទេ ចំណែក​ក្រសួងការបរទេស​ចិន និង​ការិយាល័យ​ទទួលបន្ទុក​បញ្ហា​កោះ​តៃវ៉ាន់ ក៏​មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ព័ត៌មាន​នេះ។

    បញ្ហា​ខាងលើនេះ បានធ្វើឱ្យ​ពលរដ្ឋ​ចិន​ជាច្រើន មានប្រតិកម្ម​យ៉ាងខ្លាំង​ក្លា នៅលើ​បណ្ដាញ​សង្គម Weibo និង​បាន​រំលឹក​អំពី​ទស្សនៈ​របស់​ទីក្រុង​ប៉េកាំង ដែលថា កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន ដែល​កំពុង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ។

    «បន្ទាត់​ក្រហម​របស់​យើង លែង​នៅ​ជា​បន្ទាត់​ក្រហម​ទៀតហើយ។ បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដូច្នេះ តើ​ធ្វើ​ដូចម្ដេច ជនបរទេស​ព្រម​ចាត់ទុក​តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់​ចិន?» ការបញ្ចេញមតិ​នៅលើ​បណ្ដាញ​សង្គម Weibo ដែល​ទទួល​បានការ​ចុច​ចូលចិត្ត​ច្រើនជាងគេ នៅ​ខាងក្រោម​រូបថត​នៃ​យន្តហោះ C-17 ដែល​កំពុង​ចត​នៅលើ​កោះ​តៃវ៉ាន់។

    ប្រតិភូ​របស់​ សហរដ្ឋ​អាមេរិក​ និង​ក្រុម​មន្ត្រី​កោះ​តៃវ៉ាន់​ នៅ​ព្រលាន​យន្ត​ហោះ​ Songshan នៃ​កោះ​តៃវ៉ាន់

    ពលរដ្ឋ​ចិន​ជាច្រើន បាន​អំពាវនាវ​ឱ្យមាន​ការទប់ស្កាត់ ទង្វើ​ដែល សហរដ្ឋអាមេរិក កំពុង​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ដោយ​មិន​បង្កជម្លោះ​ប្រដាប់អាវុធ។ អត្ថបទ​មួយ​ដែល​ត្រូវបាន​គេ​ចែករំលែក​ច្រើន បាន​អះអាងថា ដំណើរ​ទស្សនកិច្ច​មក​កាន់​តៃវ៉ាន់ របស់​ក្រុមមន្ត្រី សហរដ្ឋអាមេរិក គឺជា​ឥរិយាបថ​ដែល «រុញច្រាន​យើង​ទៅកាន់​បន្ទាត់​ក្រហម​បន្តិចម្ដង»។

    ក្រុម​អ្នកជំនាញ​យល់ថា ប្រតិកម្ម​របស់​ប្រជាជន​ចិន​ខាងលើនេះ កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន រក្សា​តុល្យភាព​អំណាច ក្រោយ​ទីក្រុង​ប៉េកាំង បាន​ប្រឹងប្រែង​រិះគន់​យ៉ាង​ខ្លាំងក្លា និង​បង្កើន​វត្តមាន​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​រារាំង​ទីក្រុង​វ៉ា​ស៊ី​ង​តោន ខិតចូល​ជិត​ទីក្រុង​តៃប៉ិ។

    រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi កាលពី​ខែមីនា បាន​ព្រមាន​ដល់ សហរដ្ឋអាមេរិក ថា «កុំ​ឆ្លង​ផុត​បន្ទាត់​ក្រហម និង​ប្រលែង​លេង​ជាមួយនឹង​ភ្លើង» នៅក្នុង​បញ្ហា​កោះ​តៃវ៉ាន់។

    Natasha Kassam ប្រធាន​កម្មវិធី​គោលនយោបាយ​ការបរទេស និង​សាធារណៈ​របស់​វិទ្យាស្ថាន Lowy នៃ​ប្រទេស​អូស្ត្រាលី ឱ្យដឹងថា៖ «ស្ថានការណ៍​មិនដែល​មាន​ស្ថិរភាព ហើយ​ទាំង​ចិន និង​សហរដ្ឋអាមេរិក សុទ្ធតែ​មានការ​ផ្លាស់​ប្ដូ​រ​គួរឱ្យកត់សម្គាល់ នៅក្នុង​គោលនយោបាយ​សម្រាប់​កោះ​តៃវ៉ាន់។ សហរដ្ឋអាមេរិក កំពុង​ឆ្លង​ចេញពី​ទម្លាប់​ដើម ដែល​នេះ​គឺជា​ការ​ប្រតិកម្ម​នៅ​ចំពោះមុខ​ទស្សនៈ​ដាច់ខាត​របស់​ចិន»។

    Drew Thompson អតីតមន្ត្រី​តាមដាន​ទំនាក់ទំនង​ផ្នែក​ការពារជាតិ របស់​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក អះអាងថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ការធានា​ចំពោះ​មេដឹកនាំ Tsai Ing-wen ថា សហរដ្ឋអាមេរិក យកចិត្តទុកដាក់​លើ​ស្ថិរភាព​នៃ​ឆ្នេរ​ទាំងពីរ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សង្កត់ធ្ងន់ថា កោះ​នេះ​ត្រូវការ​ការគាំទ្រ ដើម្បី​ការ​ពារ​​ខ្លួន»៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី8 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី8 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី8 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 678​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 12​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 35,511​នាក់ ក្នុងនោះ​មាន 278​នាក់​បាន​បាត់​បង់ជីវិត, 28,649​នាក់​បានជា ​និង​ប្រមាណ 6,475​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។
    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 174,379,088​នាក់ ​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 157,640,687​នាក់​បានជា, 3,752,046​នាក់​បាន​ស្លាប់​ និង 12,986,355​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ចិន «ទាត់ចោល» ការទាមទារ​សំណង 10លាន​លាន​ដុល្លារ របស់លោក Trump

    ចិន «ទាត់ចោល» ការទាមទារ​សំណង 10លាន​លាន​ដុល្លារ របស់លោក Trump

    ប្រទេស​ចិន យល់ថា ក្រុម​អ្នកនយោបាយ​ដែល «មើលស្រាល​អាយុជីវិត​របស់​ប្រជាជន» ទើប​ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ​បន្ទាប់​ពី​​លោក Donald Trump ទាមទារ​សំណង 10លាន​លាន (10,000,000,000,000) ដុល្លារ​អាមេរិក ដោយសារតែ​វីរុស​Covid-19។

    «Trump តែងតែ​គេចវេះ​ពី​ការពិត និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ដោយសារតែ​មិន​ទប់​ទល់នឹង​រោគរាតត្បាត តែ​បែរជា​បង្វែរ​ចំណាប់អារម្មណ៍​របស់​គ្រប់គ្នា​ទៅវិញ» អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin ឆ្លើយតប​ដូច្នេះ នៅឯ​រដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី7 ខែមិថុនា នៅពេល​ត្រូវបាន​សួរ​អំពី​បញ្ហា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ទាមទារ​ឱ្យ​ចិន សង​សំណង ព្រោះតែ​ការខាតបង់​ដោយសារ​វីរុស​Covid-19។

    លោក Wang Wenbin ជឿថា ពលរដ្ឋ​អាមេរិកាំង នឹងមាន​ការសម្រេចចិត្ត​ដោយ​យុត្តិធម៌ ចំពោះ​បញ្ហា​ដែលថា អ្នកណា​ត្រូវ​ទទួលខុសត្រូវ​លើ​រោគរាតត្បាត​នេះ។ «អ្នកនយោបាយ​លាក់ពុត ដែល​មិនបាន​យកចិត្តទុកដាក់​លើ​អាយុជីវិត និង​សុខភាព​របស់​ប្រជាជន​ទេតើ ទើប​ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ»។

    អ្នកនាំពាក្យ​ខាងលើ ថែមទាំង​បានន​បញ្ជាក់ថា នៅក្នុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី Trump សហរដ្ឋ​អាមេរិក បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ជាង 24លាន​នាក់ ក្នុងនោះ​មាន​ជាង 410,000នាក់​បាន​ស្លាប់។

    លោក​ Wang Wenbin

    លោក Trump មុន​នោះ បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​បក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Carolina ខាងជើង ថា គ្រប់​ប្រទេស ត្រូវការ​រួបរួមគ្នា «ផ្ញើ​វិក្កយបត្រ​ត្រ​មួយ​ទៅឱ្យ​ចិន ដើម្បី​ទាមទារ​សំណង​យ៉ាងតិច 10លាន​លាន​ដុល្លារ​អាមេរិក សម្រាប់​ការខូចខាត​ដោយសារ Covid-19។ លោក Trump ក៏បាន​ចោទ​ចិន​ថា បានធ្វើឱ្យ​សហរដ្ឋអាមេរិក ខាតបង់​ប្រាក់​ជិត 16លាន​លាន​ដុល្លារ ព្រោះតែ​បាន «បញ្ចេញ» Covid-19 ឱ្យ​ឆ្លង​រាលដាល​ពេញ​ពិភពលោក និង «ឆក់យក​ជីវិត​ពលរដ្ឋ​អាមេរិកាំង​រាប់សែន​នាក់»។

    លោក Trump ក៏បាន​អះអាងថា បើសិនជា​លោក​មិន​ចាត់ចែង​រឿង​វ៉ាក់សាំង​ក្នុងពេល​លោក​កាន់អំណាច​​នោះ​ទេ​ សហរដ្ឋ​​អាមេរិក ​ប្រហែលជា​នឹងត្រូវ​ឆ្លងកាត់​ស្ថានភាព​អាក្រក់​ដូច​សម័យ​មហា​រោគរាតត្បាត ផ្ដាសាយ​អេ​ស្ប៉ា​ញ ដោយមាន​រាប់រយ​លាន​នាក់​ត្រូវ​បាត់បង់​ជីវិត។

    បើទោះជា​បាន​ចាក​ចេញពី​សេត​វិមាន ប៉ុន្តែ លោក Trump នៅតែ​ចោទប្រកាន់​ចិន ជា​បន្តបន្ទាប់ ដោយ​យល់ថា ប្រទេស​ចិន មិនបាន​គ្រប់​វីរុស​ក្នុងស្រុក​ឱ្យបាន​ល្អ បណ្ដោយឱ្យ​វា​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក»។

    នៅ​ចំពោះមុខ​ការសង្ស័យ​អំពី​ប្រភព​វីរុស​Covid-19 មកលើ​ចិន ពី​សំណាក់​ប្រទេស​នានា ប្រទេស​ចិន ក៏បាន​ស្នើឱ្យ​​សហរដ្ឋ​អាមេរិក អនុញ្ញាតឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ចូលមក​ស្រាវជ្រាវ​លើ​ប្រភព​របស់​វីរុស ដូច​អ្វីដែល​​ប្រទេស​ចិន បានអនុញ្ញាត​ឱ្យ​ក្រុម​អ្នកជំនាញ​អន្តរជាតិ ចូល​ស្រាវជ្រាវ​នៅ​ទីក្រុង Wuhan នាពេល​កន្លង៕

    ប្រភព៖ NDTV
    ប្រែ​សម្រួល៖ បុត្រា

  • ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! យន្ត​ហោះ​ដ្រោន ចាក់សាំងឱ្យយន្តហោះចម្បាំងអាមេរិក នៅលើអាកាស

    ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ! យន្ត​ហោះ​ដ្រោន ចាក់សាំងឱ្យយន្តហោះចម្បាំងអាមេរិក នៅលើអាកាស

    យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រោ​ន/drone) នេះ បាន​ផ្គត់ផ្គង់​ឥន្ធនៈ​នៅលើ​អាកាស ទៅឱ្យ​យន្តហោះ​ចម្បាំង​មួយគ្រឿង នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ក្រុមហ៊ុន Boeing ចាត់ទុកថា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍។

    ក្រុមហ៊ុន Boeing កាលពី​ថ្ងៃទី7 ខែមិថុនា បានប្រកាសថា យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង បាន​ផ្គត់ផ្គង់​ប្រេង​ដល់​យន្តហោះ​ចម្បាំង​មួយគ្រឿង​ផ្សេងទៀត ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​ដោយ​ជោគជ័យ ទៅលើ​គំរូ​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ពិសេស ជំនាញ​ខាង​ចាក់​ប្រេង​ឱ្យ​យន្តហោះ​ដទៃ ដែល​ត្រូវបាន​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដាក់ឈ្មោះ​ឱ្យ​ថា MQ-25 Stringray។

    យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ បាន​ចាក់​សាំង​ដោយ​ជោគជ័យ ទៅឱ្យ​យន្តហោះ​ចម្បាំង F/A 18 Super Hornet របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក នៅក្នុង​ជើងហោះហើរ​សាកល្បង​កាលពី​ថ្ងៃទី4 ខែមិថុនា ឆ្នាំ2021។

    Leanne Caret ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Boeing Defense បាន​និយាយថា៖ «នេះ​គឺជា​ព្រឹត្តិការណ៍​គួរកត់សម្គាល់ សម្រាប់​ក្រុម​រួម​របស់ Boeing និង​កងទ័ពជើងទឹក​អាមេរិក»។

    ឧ​ត្ត​មនា​វី​ទោ Brian Corey ប្រធានការិយាល័យ​កម្ម​វិធី​អាវុធ​វាយប្រហារ និង​អាកាសចរណ៍​គ្មាន​មនុស្ស​បើក ឱ្យដឹងថា ជើងហោះហើរ​សាកល្បង​នេះ «ជា​គ្រឹះ​សម្រាប់​ការដាក់ឱ្យ​ប្រើប្រាស់​នៅលើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ដែល​លើកកម្ពស់​លទ្ធភាព​សម្រាប់​និយមន័យ “ប្រព័ន្ធ​គ្មាន​មនុស្ស​បើក”»។

    កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន និង​កំពុង​ជំរុញឱ្យមាន​ការបំពាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ច្រើនជាង​មុន ទៅក្នុង​កិច្ចការ​ភ័ស្តុភារ ដើម្បី​កាត់បន្ថយ​កម្លាំង និង​ប្រាក់កាស សម្រាប់​អាទិភាព​ដទៃ។

    អនុសេនីយ៍ឯក Chad Reed ប្រធានការិយាល័យ​នៃ​កម្មវិធី​អាកាសចរណ៍​គ្មាន​មនុស្ស​បើក របស់​កងទ័ពជើងទឹក​សហរដ្ឋ​អាមេរិក បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា​ជា «ព្រឹត្តិការណ៍​សំខាន់ និង​គួរឱ្យ​ចាប់អារម្មណ៍»។

    យន្តហោះ​គ្មាន​មនុស្ស​បើក​ខាងលើ ប្រើប្រាស់​ប្រព័ន្ធ​ផ្គត់ផ្គង់​ប្រេង​នៅលើ​អាកាស Cobham (ARS) ដែល​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក បំពាក់​នៅលើ​យន្តហោះ Super Hornet មួយចំនួន ដែល​ធ្វើ​សកម្មភាព​ពី​នាវា​ផ្ទុក​យន្តហោះ​របស់​ពួកគេ។ កងទ័ពជើងទឹក​អាមេរិក មាន​គម្រោង​ទិញ​យន្តហោះ​ប្រភេទ​នេះ ជាង 70គ្រឿង​ទៀត ដើម្បី​ផ្ទេរ​យន្តហោះ​ចម្បាំង និង​អ្នកបើកបរ ដែល​កំពុង​ធ្វើ​កិច្ចការ​ផ្គត់ផ្គង់​ប្រេង ទៅ​បំពេញបេសកកម្ម​ប្រយុទ្ធ​វិញ។

    ជើងហោះហើរ​សាកល្បង​ខាងលើ ត្រូវបាន​ចាប់ផ្ដើម​ពី​នាវា​ផ្ទុក​យន្តហោះ MidAmerica នៅ Mascoutah នៃ​រដ្ឋ Illinois ក្បែរ​មូលដ្ឋាន​របស់​ក្រុមហ៊ុន Boeing នៅ St. Louis ក្នុង​រដ្ឋ Missouri៕

    ប្រភព៖ RT
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-រថភ្លើង​បុក​គ្នា​នៅ ប៉ា​គី​ស្ថាន! រាប់សិប​នាក់ បាត់បង់​ជីវិត

    (វីដេអូ)-រថភ្លើង​បុក​គ្នា​នៅ ប៉ា​គី​ស្ថាន! រាប់សិប​នាក់ បាត់បង់​ជីវិត

    រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ ធ្លាក់​ចេញពី​ផ្លូវដែក​នៅក្នុង​ខេត្ត Sindh និង​បាន​បុក​ជាមួយ​រថភ្លើង​មួយ​ខ្សែ​ទៀត​ដែល​នៅក្បែរនោះ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 30នាក់​ត្រូវ​បាត់បង់​ជីវិត និង​រាប់សិប​នាក់ ត្រូវ​រងរបួស និង​ជាប់គាំង​ក្នុង​គំនរ​បាក់បែក។

    រថភ្លើង​ល្បឿន​លឿន Millat Express នា​ព្រឹក​ថ្ងៃទី7 ខែមិថុនា​នេះ បាន​រត់​ធ្លាក់​ពី​ផ្លូវ នៅពេល​កំពុងធ្វើដំណើរ​ឆ្លងកាត់​ខណ្ឌ Ghotko ខេត្ត Sindh ភាគខាងត្បូង​ប្រទេស ប៉ា​គី​ស្ថាន ក្រោយមក​ក៏ត្រូវ​រថភ្លើង Sir Syed Express បុក​ពេញ​មួយ​ទំហឹង។

    គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 30​នាក់ បាន​ស្លាប់ ក្នុងពេលដែល​មនុស្ស​ជាង 20នាក់ កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក។ ក្រុមប៉ូលិស និង​កងកម្លាំង​សង្គ្រោះបន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ជួយសង្គ្រោះ និង​នាំយក​សាកសព​ចេញពី​រថភ្លើង។

    ចំនួន​អ្នកស្លាប់ និង​របួស រួម​នឹង​មូលហេតុ​ពិតប្រាកដ នៃ​គ្រោះថ្នាក់​នេះ មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​នៅឡើយ។ គ្រោះថ្នាក់​រថភ្លើង កើតមាន​ជា​ញឹកញាប់​នៅ​ប្រទេស ប៉ា​គី​ស្ថាន ដោយសារតែ​ប្រព័ន្ធ​ផ្លូវដែក និង​ស្លាក​សញ្ញា​នានា មាន​សភាព​ចាស់​ទ្រុឌទ្រោម មិនសូវ​ទទួល​បានកា​រ​យកចិត្តទុកដាក់​ថែទាំ​ពី​សំណាក់​អាជ្ញាធរ៕

    ប្រភព៖ AP
    ប្រែ​សម្រួល៖ បុត្រា