Category: អន្តរជាតិ

  • អាម៉េរិក ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង Pfizer និង Moderna ជំនួស Johnson & Johnson

    អាម៉េរិក ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង Pfizer និង Moderna ជំនួស Johnson & Johnson

    CDC របស់ សហរដ្ឋ​អាម៉េរិក បានផ្ដល់​អនុសាសន៍​ដ​ល់​ពលរដ្ឋ​ថា គួរ​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ជំនួស​វ៉ាក់សាំង Johnson & Johnson ព្រោះតែ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​បញ្ហា​ឈាមកក​ដោយសារតែ​វ៉ាក់សាំង​នេះ។

    «អនុសាសន៍​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​ថ្ងៃនេះ សង្កត់ធ្ងន់​ទៅលើ​ការសន្យា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ អាម៉េរិក ស្ដីពី​ការផ្ដល់​ព័ត៌មាន​ប្រកបដោយ​វិទ្យាសាស្ត្រ​ទៅតាម​ពេលវេលា​ជាក់ស្ដែង​ដល់​ប្រជាជន» ប្រធាន CDC របស់ អាម៉េរិក លោកស្រី Rochelle Walensky បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១។

    ក្រុមប្រឹក្សា​វ៉ាក់សាំង​របស់ CDC អាម៉េរិក មុន​នោះបាន​បោះឆ្នោត​យល់ស្រប​ទៅនឹង​អនុសាសន៍​នេះ ដោយសារតែ​ហានិភ័យ​នៃ​បញ្ហា​បង្ក​កំណក​ឈាម​របស់​វ៉ាក់សាំង Johnson & Johnson។ CDC អាម៉េរិក បាន​ណែនាំ​ពលរដ្ឋ ចាក់​វ៉ាក់សាំង​ណា​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បំផុត ដូចជា Pfizer និង Moderna ជាដើម។

    ប្រធាន CDC របស់ អាម៉េរិក លោកស្រី Rochelle Walensky

    គិត​ត្រឹម​ខែកញ្ញា សហរដ្ឋ​អាម៉េរិក មាន​ករណី​ស្លាប់​ចំនួន ៩ នាក់ ដែល​ទាក់ទង​នឹង​បញ្ហា​ឈាមកក បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​របស់ Johnson & Johnson។ ៧ នាក់ ក្នុងចំណោម​នោះ មាន​អាយុ​ចាប់ពី ២៨ ឆ្នាំ ដល់ ៦២ ឆ្នាំ និង​មាន​ជំងឺ​ប្រចាំកាយ ដូចជា ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​លើស​ទម្ងន់។ ចំណែក​មនុស្ស​រាប់សិប​នាក់​ទៀត​ក៏មាន​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​នេះ៕

  • Dubai ក្លាយជា​រាជាណាចក្រ​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​មិន​ប្រើ​ក្រដាស ១០០% ៖ សំច័យ​ប្រា​ក់បាន ៣៥០ លាន​ដុល្លារ និង​ពេលវេលា​ធ្វើការ ១៤ លាន​ម៉ោង

    Dubai ក្លាយជា​រាជាណាចក្រ​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​មិន​ប្រើ​ក្រដាស ១០០% ៖ សំច័យ​ប្រា​ក់បាន ៣៥០ លាន​ដុល្លារ និង​ពេលវេលា​ធ្វើការ ១៤ លាន​ម៉ោង

    ប្រជាជន​នៅក្នុង​ទីក្រុង Dubai ចាប់ពីពេលនេះ​តទៅ នឹងធ្វើ​លិខិតស្នាម​ដែល​ទាក់ទង​នឹង​កិច្ចការរដ្ឋបាល​នៅលើ​កុំព្យូទ័រ ទូរស័ព្ទ ដោយ​មិនចាំបាច់​ប្រើប្រាស់​ក្រដាស​អ្វី​ទាំងអស់។

    យោងតាម Livemint រាជាណាចក្រ Dubai បាន​ក្លាយជា​រដ្ឋាភិបាល​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ធ្វើការ​ផ្នែក​រដ្ឋបាល​ដោយ​មិន​ប្រើប្រាស់​ក្រដាស​ស្នាម។ ព្រះអង្គម្ចាស់ Sheikh Hamdan bin Mohammed bin Rashid Al Maktoum នៃ​រាជាណាចក្រ Dubai ឱ្យដឹងថា រដ្ឋាភិបាល​របស់​ពួកគេ​នឹង​ប្ដូរ​ទៅប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ទាំងស្រុង​នៅក្នុង​ការងាររដ្ឋបាល ហើយ​តាមរយៈ​កំណែទម្រង់​នេះ ពួកគេ​ក៏​សំច័យ​ប្រា​ក់បាន ១.៣ ពាន់​លាន Dirham ដែល​ប្រហាក់ប្រហែល​នឹង ៣៥០ លាន​ដុល្លារ​អាម៉េរិក និង​ពេលវេលា​ធ្វើការ​ចំនួន ១៤ លាន​ម៉ោង​ផងដែរ។

    គិត​មកដល់​បច្ចុប្បន្ន លិខិតស្នាម​ទាំងអស់ ត្រូវបាន​ប្ដូរ​ទៅជា​ឌីជីថល ១០០% ហើយ​ត្រូវបាន​គ្រប់គ្រង​ដោយ​ថ្នាល​សេវា​ឌីជីថល​របស់​រាជាណាចក្រ​នេះ។

    កន្លងមក មាន​ប្រទេស​ជាច្រើន​ដូចជា សហរដ្ឋ​អាម៉េរិក អង់គ្លេស អឺរ៉ុប ឬ កាណាដា ជាដើម ក៏មាន​គម្រោង​ធ្វើ​នវានុវត្តន៍​ឌីជីថល ទៅលើ​សកម្មភាព​រដ្ឋបាល​របស់​រដ្ឋាភិបាល​ជា​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ មនុស្ស​ជាច្រើន​មានការ​បារម្ភ​អំពី​ហានិភ័យ​នៃ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត។

    នៅ​រាជាណាចក្រ Dubai នៃ អារ៉ាប់​រួម (United Arab Emirates) ពលរដ្ឋ​ប្រើប្រាស់​កម្មវិធី (App) «Dubai Now» ដើម្បី​ធ្វើ​អន្តរ​កម្ម​ជាមួយនឹង​កិច្ចការរដ្ឋបាល ឬ​ចូលទៅ​ប្រើប្រាស់​សេវា​ឆ្លាត​វៃ​ជាង ១៣០ ប្រភេទ របស់​កម្មវិធី​នេះ៕

  • ប្រទេស​ចំនួន​ជិត​ពាក់កណ្ដាល​នៅ​តំបន់ អាស៊ីអាគ្នេយ៍ បាន​រកឃើញ អូ​មី​ក្រុង (Omicron)

    ប្រទេស​ចំនួន​ជិត​ពាក់កណ្ដាល​នៅ​តំបន់ អាស៊ីអាគ្នេយ៍ បាន​រកឃើញ អូ​មី​ក្រុង (Omicron)

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ទើបតែ​ត្រូវបាន​រកឃើញ ១ ករណី​ទៀត កាលពី​យប់​ថ្ងៃទី ១៥ ធ្នូ នៅលើ​បុគ្គលិក​ម្នាក់​របស់​មន្ទីរ​ពេទ្យ Wisma Atlet ក្នុង​ទីក្រុង Jakarta ធ្វើឱ្យ​ចំនួន​ប្រទេស​ដែលមាន​វត្តមាន​របស់ វ៉ា​រ្យ៉​ង់ នេះ នៅ​តំបន់ អាស៊ីអាគ្នេយ៍ មានការ​កើនឡើង។

    រដ្ឋមន្ត្រី​ក្រសួង​​សុខាភិបាល​របស់ ឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin ទើបតែ​បានឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដំបូង។ នេះ​បើតាម​ការចុះផ្សាយ​របស់ Reuters។

    រដ្ឋមន្ត្រី​រូបនេះ​បន្ថែមថា ក្រៅពី​ករណី​ឆ្លង​ខាងលើ ក៏មាន​ករណី​សង្ស័យថា​ឆ្លង អូ​មី​ក្រុង ចំនួន ៥ នាក់​ទៀត រួមមាន ជនជាតិ​ឥណ្ឌូនេស៊ី ២ នាក់ ដែល​ទើប​ត្រលប់​ពី សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស រួម​នឹង​ពលរដ្ឋ​ចិន ៣ នាក់​ផងដែរ។ បច្ចុប្បន្ន អ្នក​ទាំងនេះ​កំពុង​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​រង់ចាំ​លទ្ធផល​វិភាគ​បន្ថែម។

    រដ្ឋមន្ត្រី​សុខាភិបាល​របស់ ឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin

    យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស បុ​ត​ស្វា​ណា និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន WHO កាលពី​ខែវិច្ឆិកា បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ជាង ៧០ រួចហើយ ក្នុងនោះ​ក៏មាន​ប្រទេស​មួយចំនួន​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ផងដែរ រួមមាន ម៉ាឡេស៊ី, សិង្ហ​បុរី, ថៃ, កម្ពុជា និង ហ្វ៊ី​លី​ពី​ន។

    កាលពី​ថ្ងៃទី ១៤ ធ្នូ WHO បាន​ព្រមាន​ថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​លឿន​ជាង វ៉ា​រ្យ៉​ង់ ដទៃ ហើយ​វា​ទំនងជា​នឹង​អាច​បង្ហាញ​វត្ត​មាននៅ​គ្រប់​ប្រទេស​ក្នុង​សកលលោក​នាពេលខាងមុខ៕

  • ចិនតៃវ៉ាន់ «ទប់ស្កាត់​ការ​បែកធ្លាយ​បច្ចេកវិទ្យា​សម្ងាត់​» ទៅ ចិនដីគោក

    ចិនតៃវ៉ាន់ «ទប់ស្កាត់​ការ​បែកធ្លាយ​បច្ចេកវិទ្យា​សម្ងាត់​» ទៅ ចិនដីគោក

    កោះ​តៃវ៉ាន់ ត្រៀម​រារាំង​បណ្ដា​ក្រុមហ៊ុន​របស់​កោះ​នេះ លក់​ទ្រព្យ ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ ចិនដីគោក ក្នុង​បំណង​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​ស្ដីពី​បច្ចេកវិទ្យា។

    ស្ថាប័ន​គ្រប់គ្រង​សេដ្ឋកិច្ច​របស់ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ១៥ ខែធ្នូ បានឱ្យដឹងថា កំពុងតែ​កែសម្រួល​ច្បាប់​បច្ចុប្បន្ន ដើម្បី​អាច​តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​នៅលើ​កោះ​នេះ សុំ​ការអនុញ្ញាត បើសិន​ចង់​លក់ ឬ​កាត់បន្ថយ​ទ្រព្យ រោងចក្រ ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅឯ ចិនដីគោក។ ប្រការនេះ​ត្រូវបាន​គេ​យល់ថា​គឺ​ដើម្បី​ទប់ស្កាត់​ការ​បែកធ្លាយ​ព័ត៌មាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់ តៃវ៉ាន់ ទៅ ប្រទេស​ចិន។

    ការកំណត់​ថ្មី ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ការពារ​បច្ចេកវិទ្យា​ឈី​ប​ដ៏​មានតម្លៃ​របស់ កោះ​តៃវ៉ាន់ ត្រូវបាន​បញ្ជូនទៅ​កាន់​សភា កាលពី​ថ្ងៃទី ១៥ ខែធ្នូ​រួចហើយ ដើម្បី​ពិនិត្យ និង​អនុម័ត ហើយ​វា​អាច​ចូល​ជា​ធរមាន​ចាប់ពី​ចុងឆ្នាំ ២០២១ ឬ​ខែមករា ២០២២។

    នាបច្ចុប្បន្ន ខ្ទង់​វិនិយោគ​របស់​បណ្ដា​ក្រុមហ៊ុន​តៃវ៉ាន់ នៅឯ ចិនដីគោក រួមទាំង​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ គឺ​សុទ្ធតែ​ត្រូវបាន​តម្រូវឱ្យ​សុំ​ការអនុញ្ញាត​ពី​កោះ​នេះ។ ប៉ុន្តែ ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ម្ចាស់​កម្មសិទ្ធិ​ក្រោយមក មិន​ត្រូវការ​ការយល់​ព្រម​ពី​មន្ត្រី​នៅ តៃវ៉ាន់ ប្រការនេះ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ចំពោះ​ហានិភ័យ​នៃ​ការ​បែកធ្លាយ​បច្ចេកវិទ្យា នៅក្នុង​គ្រា​ដែល​បងប្អូន​គូសត្រូវ​នេះ ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង ទាក់ទិន​នឹង​ជម្លោះទឹកដី៕

  • ហ្វ៊ី​លី​ពី​ន ប្រកាសអាសន្ន​កម្រិត ៣ នៅ​ចំពោះមុខ​ព្យុះ​កំណាច Rai

    ហ្វ៊ី​លី​ពី​ន ប្រកាសអាសន្ន​កម្រិត ៣ នៅ​ចំពោះមុខ​ព្យុះ​កំណាច Rai

    ប្រទេស​ហ្វ៊ី​លី​ពី​ន បានប្រកាស​អាសន្ន​កម្រិត ៣ នៅក្នុង​កាំ​ប្រកាសអាសន្ន​ដែលមាន ៥ កម្រិត និង​ចាប់ផ្ដើម​ឈ្លៀស​ប្រជាជន​រាប់ពាន់នាក់​ទៅរក​ទី​សុវត្ថិភាព នៅពេល​ព្យុះ​កំណាច Rai បោកបក់​ជិត​មកដល់។

    មជ្ឈមណ្ឌល​ជូនដំណឹង​រួម​អំពី​ព្យុះ​ទី​ហ្វុ​ង (JTWC) បាន​ព្យាករ​ថា ព្យុះ​កំណាច Rai ឬ​ហៅថា Odette នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន នឹងធ្វើ​ដំណើរ​ក្នុង​ល្បឿន ២៦០ គីឡូម៉ែត្រ/ម៉ោង នៅពេល​បោកបក់​ចូលដល់​ដីគោក។ ល្បឿន​នេះ​ធ្វើឱ្យ​ព្យុះ Rai មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ព្យុះ​កម្រិត ៥ ឬ ព្យុះសង្ឃរា។

    ស្ថាប័ន​ឧតុនិយម​របស់ ហ្វ៊ី​លី​ពី​ន បាន​ព្យាករ​ដែរ​ថា ចាប់ពី​ព្រឹក​ថ្ងៃទី ១៦ នេះ រហូតដល់​ថ្ងៃទី ១៧ ធ្នូ ព្យុះ Rai នឹង​បង្កឱ្យមាន​ភ្ញៀ​ង​ធ្លាក់​ខ្លាំង។ ភ្លៀង​ធំ​ត្រូវបាន​អាជ្ញាធរ​ព្រមាន​ថា អាច​បណ្ដាលឱ្យមាន​ទឹក​ជំនន់​ទ្រង់ទ្រាយ​ធំ និង​បំណាក់​ដី។

    សមត្ថកិច្ច​ឈ្លៀស​ពលរដ្ឋ​ទៅរក​ទី​សុវត្ថិភាព​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ដោយ​សារ​តែ​ព្យុះ​ត្រូពិច

    បច្ចុប្បន្ន អាជ្ញាធរ​របស់ ហ្វ៊ី​លី​ពី​ន កំពុង​ប្រកាសអាសន្ន​កម្រិត ៣ អំពី​ព្យុះ​កំណាច Rai នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រជុំ​កោះ Visayas និង​ភាគ​ខាងជើង​នៃ​កោះ Mindanao។ ក្រោយពី​ព្យុះ​បាន​វាយប្រហារ​លើដី​គោក ស្ថាប័ន​ឧតុនិយម​របស់​ប្រទេស​នេះ អាច​នឹង​បង្កើន​កម្រិត​នៃ​ការប្រកាសអាសន្ន​ឡើងដល់​កម្រិត ៤ ឬ​កម្រិត ៥ ដែលជា​កម្រិត​ខ្ពស់បំផុត​នៅក្នុង​កាំ​ប្រកាសអាសន្ន​អំពី​ព្យុះ។

    ហ្វ៊ី​លី​ពី​ន តែងតែ​រងគ្រោះ​ដោយសារ​ព្យុះ​ត្រូពិច​ជា​មធ្យម ២០ ករណី រៀងរាល់ឆ្នាំ ដែល​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស និង​សេដ្ឋកិច្ច។ កាលពី​ឆ្នាំមុន ប្រទេស​នេះ​ក៏បាន​រងគ្រោះ​ដោយសារ​ព្យុះ Goni ដែលជា​ព្យុះ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០២០ បណ្ដាលឱ្យ​មនុស្ស​រាប់សិប​នាក់​បាត់​បង់ជីវិត រាប់ពាន់នាក់​បាត់បង់​ទីជម្រក ខណៈ​សេដ្ឋកិច្ច​ត្រូវ​ខាតបង់​ប្រាក់​ជាង ៣៧០,០០០ ដុល្លារ​អាម៉េរិក៕

  • ក្រុមប្រឆាំង​វ៉ាក់សាំង មាន​ផែនការ​ធ្វើឃាត​មេដឹកនាំ​រដ្ឋ​របស់ អាល្លឺម៉ង់ នាំឱ្យ Telegram ប្រឈម​នឹង​បញ្ហា

    ក្រុមប្រឆាំង​វ៉ាក់សាំង មាន​ផែនការ​ធ្វើឃាត​មេដឹកនាំ​រដ្ឋ​របស់ អាល្លឺម៉ង់ នាំឱ្យ Telegram ប្រឈម​នឹង​បញ្ហា

    សមាជិក​នៃ​ក្រុមប្រឆាំង​វ៉ាក់សាំង​ជ្រុលនិយម នៅក្នុង​រដ្ឋ Sachsen (Saxony) ត្រូវបាន​ចោទប្រកាន់​ពីបទ​មាន​ផែនការ​វាយប្រហារ​ដោយ​ស្នា និង​ការ​គំរាម​ធ្វើឃាត​លោក​អភិបាល Michael Kretschmer។

    សមត្ថកិច្ច​រដ្ឋ Sachsen កាលពី​ថ្ងៃទី ១៥ ធ្នូ ឱ្យដឹងថា កងកម្លាំង​សន្តិសុខ ក្នុងនោះ​មាន​អង្គភាព​ពិសេស​ប្រឆាំង​អំពើ​ជ្រុលនិយម Soko Rex បាន​ឆ្មក់​ចូល​ទីតាំង​មួយ ដើម្បី​ជាការ​ប្រតិកម្ម​ទៅនឹង​ការ​គំរាម​ធ្វើឃាត​អភិបាលរដ្ឋ Michael Kretschmer ដែល​ផែនការ​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​អាល្លឺម៉ង់ កាលពី​សប្ដាហ៍​មុន។

    ផែនការ​ធ្វើឃាត​អភិបាលរដ្ឋ Sachsen លោក Kretschmer ត្រូវបាន​ក្រុម​អ្នកយកព័ត៌មាន​របស់ អាល្លឺម៉ង់ លាតត្រដាង បន្ទាប់ពី​ពួកគេ​បាន​ជ្រៀត​ចូលក្នុង​ក្រុម​អ្នកប្រឆាំង​វ៉ាក់សាំង មាន​សមាជិក​ប្រមាណ ១០០ នាក់ ដែល​ទាក់ទង​គ្នា​តាមរយៈ​កម្មវិធី​ផ្ញើ​សារ Telegram។

    សមាជិក​ម្នាក់​របស់​ក្រុម​ខាងលើ​បាន​និយាយថា បាន​ត្រៀម​អាវុធ​រួចរាល់​សម្រាប់​ការវាយប្រហារ។ ពួកគេ​បាន​ពិភាក្សា​អំពី​ផែនការ​ធ្វើឃាត​លោក​អភិបាល រួម​នឹង​មន្ត្រី​មួយចំនួន​របស់​រដ្ឋ Sachsen។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​សមត្ថកិច្ច។

    ទាក់ទង​នឹង​បញ្ហា កូ​វីដ-១៩ លោក Kretschmer ដំបូង​ឡើយ មានការ​ជំទាស់​ទៅនឹង​វិធានការ​រឹតបន្តឹង​នានា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ ប៉ុន្តែ នៅពេល Sachsen ក្លាយជា​រដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​វីរុស​នេះ លោក Kretschmer ក៏បាន​ផ្លាស់ប្ដូរ​ជំហរ។

    លោក Kretschmer ថ្លែងថា ក្រុមមន្ត្រី​កំពុងតែ​រត់ប្រណាំង​ជាមួយនឹង​ពេលវេលា នៅក្នុង​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន។

    អភិបាលរដ្ឋ Sachsen លោក Kretschmer

    នាយ​រដ្ឋមន្ត្រី នៃ​ ប្រទេស​អាល្លឺម៉ង់ លោក​ Olaf Scholz បាន​គាំទ្រ​សំណើ​ដែល​ទាក់ទិន​នឹង​ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង​ចំពោះ​ពលរដ្ឋ​ពេញវ័យ​នៅ អាល្លឺម៉ង់ ចាប់ពី​ដើមឆ្នាំ ២០២១។

    បាតុកម្ម​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅ អាល្លឺម៉ង់ ដើម្បី​ប្រឆាំងនឹង​បម្រាម​គោចរ។ បាតុករ​ប្រមាណ ៣,៥០០ នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ទីក្រុង Magdeburg ភាគ​ខាងកើត​របស់ ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី ១៣ ធ្នូ។

    យ៉ាងហោចណាស់ មាន​សំបុត្រ​គំរាម​ចំនួន ១០ ច្បាប់ ដែល​ខាងក្នុង​មាន​ផ្ទុក​សាច់​ស្រស់ ត្រូវបាន​ផ្ញើ​ទៅកាន់​អ្នកនយោបាយ អង្គភាព​សារព័ត៌មាន និង​ស្ថាប័ន​រដ្ឋាភិបាល​អាល្លឺម៉ង់។ សារព័ត៌មាន​ប្រទេស​នេះ​យល់ថា នេះ​គឺជា​ការ​គំរាម​អំពី «ការប្រឆាំង​ប្រកបដោយ​ការបង្ហូរ​ឈាម» តបត​នឹង​បទបញ្ជា​តម្រូវឱ្យ​ចាក់​វ៉ាក់សាំង។

    នាយ​រដ្ឋមន្ត្រី Olaf Scholz បាន​ថ្កោលទោស​ចំពោះ​អំពើ​ទាំងឡាយ​របស់​ក្រុម​អ្នកប្រឆាំង​វ៉ាក់សាំង​ខាងលើ។

    Telegram កំពុង​ត្រូវបាន​រិះគន់​នៅ ប្រទេស​អាល្លឺម៉ង់ និង​ត្រូវគេ​ចោទថា កំពុង​បិទបាំង​ទោសកំហុស​របស់​ក្រុម​អ្នក​ជ្រុលនិយម​ប្រឆាំង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

    មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​រដ្ឋ Lower Saxony កាលពី​ថ្ងៃទី ១៤ ធ្នូ ឱ្យដឹងថា ផ្សារ​លក់​កម្មវិធី​រប​ស់ Google និង Apple គួរតែ​លុប Telegram ចេញពី​ថ្នាល​បច្ចេកវិទ្យា​របស់​ពួកគេ បើសិន​ម្ចាស់ Telegram បដិសេធ​ការដោះស្រាយ​ខ្លឹមសារ​ជ្រុលនិយម៕

  • សម្លាប់​មនុស្ស​ដើម្បី​បន្លំ​ខ្លួន​ជា​អ្នកស្លាប់ ក្រោយពី​ត្រូវបាន​ដោះលែង​ពីមន្ទីរ​ឃុំ​ឃាំង​ ព្រោះ​មិន​ចង់​ត្រលប់​ចូល​​ពន្ធនាគារ

    សម្លាប់​មនុស្ស​ដើម្បី​បន្លំ​ខ្លួន​ជា​អ្នកស្លាប់ ក្រោយពី​ត្រូវបាន​ដោះលែង​ពីមន្ទីរ​ឃុំ​ឃាំង​ ព្រោះ​មិន​ចង់​ត្រលប់​ចូល​​ពន្ធនាគារ

    (ឥណ្ឌា)-ជនសង្ស័យ​ឈ្មោះ Sudesh Kumar ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សម្លាប់​កូន​ខ្លួនឯង ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ដោយសារតែ​បញ្ហា កូ​វីដ-១៩ ប៉ុន្តែ បន្ទាប់ពី​បានចេញ​ពី​មន្ទីរឃុំឃាំង ជននេះ​បានសម្លាប់​មនុស្សម្នា​ក់ទៀត ដើម្បីឱ្យ​ខ្លួន​អាច​បន្លំ​ជា​អ្នកស្លាប់។

    Sudesh Kumar ជនសង្ស័យ​ដែល​កំពុង​រង់ចាំ​ការកាត់ក្ដី​នៅ​តុលាការ ព្រោះតែ​បានសម្លាប់​កូន​កាលពី​ឆ្នាំ ២០១៨ ត្រូវបាន​ចាប់ខ្លួន​ជាថ្មី​កាលពី​ថ្ងៃទី ១០ ធ្នូ ក្រោយពី​បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​មួយ​ករណី​បន្ថែមទៀត និង​បាន​ព្យាយាម​បន្លំ​ខ្លួន​ជា​សាកសព​ជនរងគ្រោះ ក្នុង​បំណង​បានរស់នៅ​ក្រៅ​ឃុំ​ដោយ​លាក់បាំង។

    Kumar ត្រូវបាន​ដោះលែង​កាលពី​ឆ្នាំមុន នៅពេល​អាជ្ញាធរ​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់ កូ​វីដ-១៩ ដោយ​ការកាត់បន្ថយ​អ្នកទោស​នៅក្នុង​ពន្ធនាគារ។ សមត្ថកិច្ច​បាន​រកឃើញ​សាកសព​របស់​មនុស្សម្នា​ក់​ដែល​ស្លៀកពាក់​ខោអាវ​របស់ Kumar និង​កាន់​អត្តសញ្ញាណប័ណ្ណរ​បស់ជនស​ង្ស័​យ​នេះ នៅ​តំបន់ Ghaziabad ជាយក្រុង New Delhi កាលពី​ខែ​មុន។

    «សាកសព​ត្រូវគេ​ដុត​មួយផ្នែក មិនអាច​កំណត់​អត្តសញ្ញាណ​នៅលើ​ផ្ទៃមុខ។ យើង​បាន​ទៅដល់​ផ្ទះ​របស់ Kumar ដើម្បីឱ្យ​ភរិយា​ជននេះ​បញ្ជាក់។ ស្ត្រី​ជា​ភរិយា​បាន​អះអាងថា នេះ​គឺជា​សាកសព​ប្ដី​របស់​នាង ប៉ុន្តែ​មិនអាច​ធ្វើឱ្យ​សមត្ថកិច្ច​ទុកចិត្តបាន នេះ​បើតាម មេ​ប៉ូលិស​ប្រចាំ​តំបន់ Ghaziabad លោក Iraj Raja។

    បន្ទាប់មក សមត្ថកិច្ច​ក៏បាន​ទទួល​ព័ត៌មាន​ថា Kumar នៅមាន​ជីវិត។ កាមេរ៉ា​សន្តិសុខ​នៅ​តំបន់​ដែល​ប្ដី​ប្រពន្ធ Kumar រស់នៅ បាន​បង្ហាញថា មនុស្សម្នា​ក់មាន​រូបរាង​ដូច​ជនសង្ស័យ បាន​ដឹក​អ្វីមួយ​ដែល​ដូច​ទៅនឹង​សាកសព ដោយ​ដាក់​នៅលើ​កង់។ ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ខាងក្រៅ​ផ្ទះ​កាលពី​ថ្ងៃទី ១០ ខែធ្នូ។

    «ក្នុងពេល​សួរចម្លើយ ជនសង្ស័យ​បាន​ក៏បាន​សារភាព» លោក Raja និយាយ​ដូច្នេះ និង​បន្ថែមថា Kumar និង​ប្រពន្ធ​សុទ្ធតែ​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត។

    Kumar ឱ្យដឹងថា ព្រោះតែ​ខ្លាច​បទបញ្ជា​ដោះលែង​បណ្ដោះអាសន្ន​ដោយសារ​បញ្ហា​កូ​វីដ-១៩ នឹងត្រូវ​បញ្ចប់ឆាប់ៗ ហើយ​អាច​ត្រូវបាន​ចោទ​ពីបទ​មនុស្សឃាត ទើប​ប្រើ​ល្បិចកល​សម្លាប់​មនុស្ស បន្លំ​ខ្លួន​ជា​អ្នក​ដែល​បាន​ស្លាប់ ដើម្បី​មិនត្រូវ​ត្រលប់​ចូល​ពន្ធនាគារ។ ជនសង្ស័យ​បាន​បង្កើត​ទំនាក់ទំនង​មិត្តភក្ដិ​ជាមួយនឹង​ជាងសំណង់​ម្នាក់ រួច​ក៏​ហៅ​ជនរងគ្រោះ​មក​ផ្ទះ​ដើម្បី​ជួសជុលផ្ទះ និង​បាន​យក​ខោអាវ​ឱ្យ​ជនរងគ្រោះ​ស្លៀកពាក់ ហើយក៏​ធ្វើ​សកម្មភាព​សម្លាប់ ក្រោយពី​ជននេះ​ស្រវឹងស្រា។ បន្ទាប់មក ជនសង្ស័យ​បាន​ដុត​ភ្លើង​លើ​ផ្ទៃមុខ​របស់​សាកសព​ដើម្បី​មិនឱ្យ​សមត្ថកិច្ច​អាច​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ៕

  • WHO បន្ត​ព្រមាន​អំពី «ហានិភ័យ​ខ្ពស់» ពី កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron)

    WHO បន្ត​ព្រមាន​អំពី «ហានិភ័យ​ខ្ពស់» ពី កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron)

    អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា អូ​មី​ក្រុង ធ្វើឱ្យមាន​ហានិភ័យ​ខ្ពស់​ខ្លាំង​នៅ​ទូទាំង​សកលលោក ប៉ុន្តែ ​បញ្ជាក់​ថា នៅ​មាន​កត្តា​មិនទាន់​ច្បាស់លាស់​ជាច្រើន​ទាក់ទង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ។

    «ហានិភ័យ​រួម​ទាក់ទង​នឹង វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ អូ​មី​ក្រុង នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់ ដោយសារតែ​មូលហេតុ​ជាច្រើន» WHO ឱ្យដឹង​ដូច្នេះ​នៅក្នុង​របាយការណ៍​កាល​ពីថ្ងៃ​ទី១២ ខែធ្នូ និង​បាន​សង្កាត់​ធ្ងន់​ថា សញ្ញា​មួយចំនួន​បង្ហាញថា អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ឬ​ធ្លាប់បាន​ឆ្លង​វីរុស​កូ​វីដ-១៩ ទំនងជា​មិនអាច​បង្កើត​អង្គ​ប​ដិ​ប្រាណ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់ អូ​មី​ក្រុង នាំឱ្យ​អត្រា​ឆ្លង​មាន​កម្រិត​ខ្ពស់ និង «ផលវិបាក​ធ្ងន់ធ្ងរ»។

    យ៉ាងណាក៏ដោយ WHO ក៏បាន​ព្រមាន​ថា នៅមាន​ប្រការ​ជាច្រើន​ផ្សេងទៀត​ដែល​មិនទាន់​ច្បាស់លាស់​ទាក់ទង​នឹង អូ​មី​ក្រុង។ ការវាយតម្លៃដំបូងៗ បង្ហាញថា អូ​មី​ក្រុង បង្ក​អាការរោគ​ស្រាល​ជាង ដេ​លតា ប៉ុន្តែ នៅតែ​ត្រូវការ​ទិន្នន័យ​បន្ថែមទៀត​ដើម្បី​បញ្ជាក់ថា វា​បង្ក​គ្រោះថ្នាក់​ក្នុង​កម្រិត​ទាប​ជាង​បណ្ដា​វ៉ា​រ្យ៉​ង់មុនៗដែរ​ឬ​អត់។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Oxford របស់ អង់គ្លេស កាលពី​ម្សិលមិញ​បានប្រកាស​លទ្ធផល​ស្រាវជ្រាវ​មួយ​បង្ហាញថា អត្រា​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​អាច​បន្សាប អូ​មី​ក្រុង បាន​ថយចុះ​គួរឱ្យកត់សម្គាល់ នៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ចំនួន ២ ដូ​ស​រួចហើយ។

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ដល់ WHO កាលពី​ថ្ងៃទី ២៤ វិច្ឆិកា បច្ចុប្បន្ន បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ជាង ៦០ រួចហើយ។ ថ្វីបើ​ត្រូវបាន WHO ចាត់​ចូលទៅក្នុង​ក្រុម​ដែល​គួរឱ្យ​ព្រួយបារម្ភ ប៉ុន្តែ មកដល់ពេលនេះ ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់ និង​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់បាន​នូវ​កម្រិត​នៃ​ការឆ្លង​រាលដាល និង​ភាព​សាហាវ​របស់ អូ​មី​ក្រុង នៅឡើយ៕

     

  • ទិដ្ឋភាព​ដ៏​គួរឱ្យ​ភ័យខ្លាច​ដែល​បង្កឡើង​ដោយ​ខ្យល់កំបុតត្បូង នៅ​សហរដ្ឋ​អាម៉េរិក

    ទិដ្ឋភាព​ដ៏​គួរឱ្យ​ភ័យខ្លាច​ដែល​បង្កឡើង​ដោយ​ខ្យល់កំបុតត្បូង នៅ​សហរដ្ឋ​អាម៉េរិក

    កងកម្លាំង​ជួយសង្គ្រោះ​បន្ទាន់​របស់ សហរដ្ឋ​អាម៉េរិក កំពុង​រត់ប្រណាំង​នឹង​ពេលវេលា​នៅក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​រងគ្រោះ​ដោយសារ​ខ្យល់កំបុតត្បូង ដែល​បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​ជាង ៨០ នាក់ នៅក្នុង​រដ្ឋ​ចំនួន ។

    រដ្ឋ Kentucky គឺជា​កន្លែង​ដែល​រងគ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត បន្ទាប់ពី​មាន​ខ្យល់កំបុតត្បូង​ប្រមាណ ៣០ ករណី បាន​វាយប្រហារ​ទៅលើ​រដ្ឋ​ចំនួន ៦ របស់ អាម៉េរិក ដែល​រួមមាន រដ្ឋ Arkansas, Illinois, Kentucky, Missouri, Tennessee និង​រដ្ឋ Mississippi កាលពី​ចុង​សប្ដាហ៍​មុន។

    ក្រុមមន្ត្រី​អាម៉េរិក បច្ចុប្បន្ន បានឱ្យដឹងថា មនុស្ស​ជាង ៨០ នាក់ បាន​ស្លាប់​ដោយសារ​ខ្យល់កំបុតត្បូង ប៉ុន្តែ តួលេខ​នេះ​អាច​កើន​ឡើងដល់​ជាង ១០០ នាក់ នៅពេល​បញ្ចប់​យុទ្ធនាការ​ជួយសង្គ្រោះ។

    អភិបាលរដ្ឋ Kentucky លោក Andy Beshear បាន​ហៅ​ខ្យល់កំបុតត្បូង​នេះ​ថា​ជា «គ្រោះអាក្រក់​បំផុត សាហាវ​បំផុត និង​បង្ក​ការស្លាប់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ» នេះ។

    ប្រធានាធិបតី ចូ បៃ​ដិ​ន ក៏បាន​ថ្លែងថា នេះ​អាចជា​គ្រោះធម្មជាតិ​ខ្យល់កំបុតត្បូង​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក។

    កងកម្លាំង​ជួយសង្គ្រោះ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ជួយ​ដល់​ប្រជាជន​បន្ទាប់ពី​គ្រោះធម្មជាតិ​នេះ​បានធ្វើឱ្យ​ផ្ទះសម្បែង ឃ្លាំងទំនិញ​ជាដើម ត្រូវ​ខូចខាត​ទាំងស្រុង៕

  • ចិន​អំពាវនាវ​ដល់​ពលរដ្ឋ «កុំ​​ត្រលប់​មក​​ស្រុក​កំណើត»​ ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី

    ចិន​អំពាវនាវ​ដល់​ពលរដ្ឋ «កុំ​​ត្រលប់​មក​​ស្រុក​កំណើត»​ ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី

    នេះ​គឺជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​ពលរដ្ឋ​ចិន ត្រូវបាន​អំពាវនាវ សុំ​មិន​ត្រលប់មក​ស្រុកកំណើត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ-។

    ខណ្ឌ​មួយ​នៅក្នុង​ទីក្រុង Zhangjiakou នៃ ខេត្ត Hebei បាន​អំពាវនាវ​ដល់​មន្ត្រី បុគ្គលិក​រដ្ឋ និង​បក្ខជន «ធ្វើជា​គំរូ» ដោយ​ការទទួល​អំណរ​ឆ្នាំ​ថ្មី​នៅនឹងកន្លែង ជំនួស​ឱ្យ​ការ​ត្រលប់​ទៅ​ស្រុកកំណើត និង​ចៀសវាង​ការធ្វើដំណើរ​ដែល​មិនចាំបាច់។

    អាជ្ញាធរ​ខណ្ឌ​ខាងលើ ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាជន ក្នុងការ​បញ្ចុះបញ្ចូល​ញាតិ​របស់ខ្លួន​ដែល​នៅ​បរទេស ឬ​នៅ​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​កម្រិត​មធ្យម និង​ខ្ពស់ នៅក្នុង​ស្រុក កុំឱ្យ​ពួកគេ​ត្រលប់មក​ចូលឆ្នាំថ្មី​នៅឯ​ស្រុកកំណើត។

    «បើសិន​ជាមាន​តម្រូវការ​ត្រូវធ្វើ​ដំណើរ នោះ​ការធ្វើ​តេស្ត និង​ការអនុញ្ញាត ត្រូវតែ​ធ្វើឡើង​ដោយ​ការប្រុងប្រយ័ត្ន» ប្រកាស​របស់​អាជ្ញាធរ​ខណ្ឌ​ខាងលើ ឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ៩ ធ្នូ។

    នៅក្នុង​ខេត្ត​ក្វាង​ទុង បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​នៅក្នុង​ទីរួមស្រុក Sanxiang នៃ ទីក្រុង Zhongshan ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បញ្ចុះបញ្ចូល​បុគ្គលិក ឱ្យនៅ​ស្ងៀម នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី។ ចំណែក​នៅឯ Pingxiang នៃ​ខេត្ត Quangxi វិញ ហាង​ទំនិញ​ទាំងអស់​ក៏ត្រូវ​បានស្នើ​ឱ្យមាន​ការ​លើកទឹកចិត្ត​ដល់​បុគ្គលិក ដើម្បី​កុំឱ្យ​ពួកគេ​ធ្វើដំណើរ។

    ទន្ទឹមនឹងនេះ អាជ្ញាធរ​តំបន់​នានា​របស់ ប្រទេស​ចិន ក៏​កំពុង​បង្កើន​ការពិន័យ​ទៅលើ​អ្នក​ទាំងឡាយណា​ដែល​លាក់បាំង ឬ​កុហក ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការឆ្លង ក៏ដូចជា​រារាំង​ការខិតខំ​ក្នុងការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ លើ​ករណី​ឆ្លង​នីមួយ៕